តយោ អកុសលវិតក្កា សេចក្តីត្រិះរិះជាអកុសល ៣ យ៉ាង គឺ៖
១. កាមវិតក្កោ សេចក្តីត្រិះរិះប្រកបដោយកាម
២. ព្យាបាទវិតក្កោ សេចក្តីត្រិះរិះប្រកបដោយព្យាបាទ
៣. វិហឹសាវិតក្កោ សេចក្តីត្រិះរិះប្រកបដោយការបៀតបៀន
អធិប្បាយ
វិតក្កដែលប្រកបដោយកាម ឈ្មោះថា កាមវិតក្ក ។ វិតក្កដែលប្រកបដោយព្យាបាទ ឈ្មោះថា ព្យាបាទវិតក្ក ។ វិតក្កដែលប្រកបដោយវិហឹសា ( ការបៀតបៀន ) ឈ្មោះថា វិហឹសាវិតក្ក ។
បណ្តាវិតក្កទាំងឡាយនេះ វិតក្ក ២ យ៉ាង រមែងកើតឡើង ទាំងក្នុងសត្វ ទាំងក្នុងសង្ខារ ។ ជាការពិតណាស់ កាលដែលគិតដល់សត្វក៏ដោយ សង្ខារក៏ដោយ ដែលគួរជាទីប្រាថ្នា ជាទីពេញចិត្ត កាមវិតក្ករមែងកើតឡើង ។ តាំងពីវេលាដែលក្រោធ ហើយសម្លឹងមើលសត្វក៏ដោយ សង្ខារក៏ដោយ ដែលមិនជាស្រឡាញ់ មិនជាទីពេញចិត្ត រហូតដល់ ( ឃើញសត្វ ឬសង្ខារនោះ ) វិនាសទៅ ព្យាបាទវិតក្ករមែងកើតឡើង ។ វិហឹសាវិតក្ករមែងមិនកើតឡើងក្នុងសង្ខារ ។ ព្រោះសង្ខារដែលឈ្មោះថាគួរនឹងធ្វើឲ្យដល់សេចក្តីលំបាក រមែងមិនមាន ។ តែវិហឹសាវិតក្ករមែងកើតឡើង ក្នុងសត្វក្នុងវេលាដែលគិតថា សត្វពួកនេះ ចូរត្រូវគេសម្លាប់ ចូរដាច់សូន្យ ចូរវិនាស ឬចូរកុំមាន ។