តយោ កុសលវិតក្កា សេចក្តីត្រិះរិះជាកុសល ៣ យ៉ាង គឺ៖
១. នេក្ខម្មវិតក្កោ សេចក្តីត្រិះរិះប្រកបដោយការចេញចាកកាម
២. អព្យាបាទវិតក្កោ សេចក្តីត្រិះរិះប្រកបដោយការមិនព្យាបាទ
៣. អវិហឹសាវិតក្កោ សេចក្តីត្រិះរិះប្រកបដោយការមិនបៀតបៀន
អធិប្បាយ
វិតក្កដែលប្រកបដោយនេក្ខម្ម ( ការចេញចាកកាម ) ឈ្មោះថា នេក្ខម្មវិតក្ក ។ នេក្ខម្មវិតក្កនោះ ចាត់ជាកាមាវចរ ក្នុងបុព្វភាគនៃអសុភជ្ឈាន, ចាត់ជារូបាវចរក្នុងអសុភជ្ឈាន, ចាត់ជា
លោកុត្តរក្នុងវេលាដែលធ្វើឈាននោះឲ្យជាបាទហើយកើតមគ្គផល ។ វិតក្កដែលប្រកបដោយអព្យាបាទ ឈ្មោះថា អព្យាបាទវិតក្ក ។ អព្យាបាទវិតក្កនោះ ចាត់ជាកាមាវចរ ក្នុងបុព្វភាគនៃមេត្តាឈាន, ចាត់ជារូបាចវរ ក្នុងមេត្តាឈាន, ចាត់ជាលោកុត្តរក្នុងវេលាដែលធ្វើឈានឲ្យជាបាទហើយកើតមគ្គផល ។ វិតក្កដែលប្រកបដោយអវិហឹសា ឈ្មោះថា អវិហឹសាវិតក្ក ។ អវិហឹសាវិតក្កនោះ ចាត់ជាកាមាវចរក្នុងបុព្វភាគនៃករុណា, ចាត់ជារូបាវចរក្នុងករុណាឈាន, ចាត់ជាលោកុត្តរក្នុងវេលាដែលធ្វើឈាននោះឲ្យជាបាទហើយកើតមគ្គផល ។ កាលណា អលោភៈជាប្រធាន, កាលនោះ ធម៌ ២ យ៉ាងក្រៅពីនេះ ក៏រមែងជាធម៌ដើរតាម។ កាលណា មេត្តាជាប្រធាន, កាលនោះ ធម៌ ២ យ៉ាងក្រៅពីនេះ ក៏រមែងដើរតាម។ កាលណា ករុណាជាប្រធាន, កាលនោះ ធម៌ ២ យ៉ាងក្រៅពីនេះ ក៏រមែងដើរតាម ដោយប្រការដូច្នេះ ។