តយោ សង្ខារា សង្ខារ ៣ យ៉ាង គឺ៖
១. បុញ្ញាភិសង្ខារោ បុញ្ញាភិសង្ខារ១
២. អបុញ្ញាភិសង្ខារោ អបុញ្ញាភិសង្ខារ២
៣. អានេញ្ជាភិសង្ខារោ អានេញ្ជាភិសង្ខារ៣
( បិដកលេខ ១៩ ទំព័រ ១៤០ )
អធិប្បាយ
ពាក្យថា តយោ សង្ខារា មានវចនត្ថសម្តែងថា ឈ្មោះថា សង្ខារ ព្រោះតាក់តែង គឺធ្វើឲ្យជាក្រុមឡើង នូវសហជាតធម៌ ( ធម៌ដែលកើតរួមគ្នា ) និងសម្បរាយផលធម៌ ( ធម៌ដែលមានផលក្នុងកាលតទៅ ) [ សហជាតធម្មេ ចេវ សម្បរាយេ ផលធម្មេ ច សង្ខរោន្តិ រាសី ករោន្តីតិ សង្ខារា ] ។ ឈ្មោះថា អភិសង្ខារ ព្រោះតាក់តែងឡើងយ៉ាងក្រៃលែង ។ អភិសង្ខារគឺបុណ្យ ឈ្មោះថា បុញ្ញាភិសង្ខារ ។
ពាក្យថា បុញ្ញាភិសង្ខារនោះ ជាឈ្មោះរបស់មហាចិត្តចេតនា ដែលជាកាមាវចរកុសល ៨ ដួង និងចេតនាដែលជារូបាវចរកុសល ៥ ដួង ដែលលោកពោលទុកយ៉ាងនេះថា “តត្ថ កតមោ បុញ្ញាភិសង្ខារោ? កុសលា ចេតនា កាមាវចរា រូបាវចរា ទានមយា សីលមយា ភាវនាមយា បណ្តាអភិសង្ខារទាំងនោះ បុញ្ញាភិសង្ខារតើដូចម្តេច? គឺកុសលចេតនា ជាកាមាវចរ រូបាវចរ សម្រេចដោយទាន សម្រេចដោយសីល សម្រេចដោយភាវនា” ។ បណ្តាចេតនាទាំងនោះ ចេតនា ៨ ដួង សម្រេចដោយទាន សម្រេចដោយសីល ។ ទាំង ១៣ ដួង សម្រេចដោយភាវនា ។ ឧបមាដូចបុគ្គលស្វាធ្យាយធម៌ដែលខ្លួនទន្ទេញ សូម្បីតែ ១ ឬ ២ មាតិកាហើយ ក៏មិនយល់ ខាងក្រោយរំលឹកឡើងវិញ ទើបយល់ យ៉ាងណា យោគាវចរជាអ្នកធ្វើកសិណបរិកម្ម ពិចារណាឈានដែលខ្លួនចម្រើន កាលកំពុងភាវនាក៏រមែងជាញាណ-វិប្បយុត្ត ( មិនប្រកបដោយញាណ ) បានខ្លះ យ៉ាងនោះដូចគ្នាៗ ដោយហេតុនោះ ទើបពោលថា “ទាំង ១៣ ដួង សម្រេចដោយភាវនា” ។ បណ្តាបុញ្ញាភិសង្ខារដែលសម្រេចដោយទានជាដើមនោះ ចេតនា ការតាំងចិត្ត បំណងប្រាថ្នាដែលប្រារព្ធនូវទាន កើតឡើង មានទានជាទីអាស្រ័យ នេះលោកហៅថា បុញ្ញាភិសង្ខារដែលសម្រេចដោយទាន ចេតនា ការតាំងចិត្ត បំណងប្រាថ្នា ដែលប្រារព្ធនូវសីល ប្រារព្ធភាវនាកើតឡើង មានភាវនាជាធំ នេះលោកហៅថា បុញ្ញាភិសង្ខារដែលសម្រេចដោយភាវនា ។ ពាក្យដែលពោលមកទាំងនេះ ជាសង្ខេប-ទេសនា ( ការសម្តែងដោយសង្ខេប ) ។
ចេតនាដែលប្រព្រឹត្តទៅក្នុងកាលទាំង ៣ របស់អ្នកឲ្យរបស់នោះៗ ក្នុងពពួកបច្ច័យ ៤ មានចីវរជាដើម អារម្មណ៍ ៦ មានរូបារម្មណ៍ជាដើម ឬទានវត្ថុ ១០ មានបាយជាដើម គឺក្នុងកាលខាងដើម តាំងពីញ៉ាំងវត្ថុទាំងនោះឲ្យកើតឡើង ១ ក្នុងខណៈកំពុងបរិច្ចាគ ១ ក្នុងខណៈដែលនឹកឃើញក្នុងកាលជាខាងក្រោយដោយចិត្តសោមនស្ស ១ ដូច្នេះ ឈ្មោះថា ទានមយ-ចេតនា ( ចេតនាដែលសម្រេចដោយទាន ) ។ ចំណែកចេតនាដែលប្រព្រឹត្តទៅហើយ របស់អ្នកទៅវត្តដោយតាំងចិត្តថា “នឹងបួស ដើម្បីបំពេញសីលឲ្យបរិបូណ៌” របស់អ្នកកំពុងបួស របស់អ្នកញ៉ាំងមនោរថ ឲ្យដល់ទីបំផុតហើយ បែរមករលឹកថា “អញបួសហើយហ្ន៎ សម្រេចប្រយោជន៍ដោយភាពជាអ្នកសង្រួមក្នុងបាតិមោក្ខ របស់អ្នកពិចារណាបច្ច័យទាំងឡាយ មានចីវរជាដើម របស់អ្នកសង្រួមក្នុងទ្វារទាំងឡាយ មានចក្ខុទ្វារជាដើមក្នុងអារម្មណ៍ មានរូបជាដើម ដែលមកដល់ និងរបស់អ្នកជម្រះអាជីវៈឲ្យបរិសុទ្ធ ( ដូច្នេះ ) ឈ្មោះថាសីលមយចេតនា ( ចេតនាដែលសម្រេចដោយសីល ) ។ ចេតនាដែលប្រព្រឹត្តទៅហើយ របស់អ្នកអប់រំចក្ខុ ដោយភាពមិនទៀង ជាទុក្ខ ជាអនត្តា ដោយវិបស្សនាមគ្គ ដែលពោលទុកក្នុងបដិសម្ភិទា របស់អ្នកអប់រំចិត្ត។ល។របស់អ្នកអប់រំចក្ខុវិញ្ញាណ មនោវិញ្ញាណ ចក្ខុសម្ផស្ស មនោសម្ផស្ស វេទនាដែលកើតអំពីចក្ខុសម្ផស្ស វេទនាដែលកើតអំពីមនោសម្ផស្ស ក្នុងរូបារម្មណ៍ ក្នុងធម្មារម្មណ៍, របស់អ្នកអប់រំរូបសញ្ញា ។ល។ ជរាមរណៈ ដោយភាពមិនទៀង ជាទុក្ខ ជាអនត្តា ឈ្មោះថា ភាវនាមយចេតនា ( ចេតនាដែលសម្រេចដោយភាវនា ), ពាក្យដូចពោលមកនេះ ជាវិត្ថារកថា ( ការសម្តែងដោយពិស្តារ ) ។
អភិសង្ខារនោះផង មិនមែនបុណ្យ ( ជាបាប ) ដោយហេតុនោះ ទើបឈ្មោះថា អបុញ្ញាភិសង្ខារ ( អភិសង្ខារដែលជាបាប ) ។ ពាក្យថា អបុញ្ញាភិសង្ខារនេះ ជាឈ្មោះរបស់ចេតនា ដែលសម្បយុត្តដោយអកុសលចិត្ត ។ សមដូចពាក្យដែលលោកពោលទុកយ៉ាងនេះថា “តត្ថ កតមោ អបុញ្ញាភិសង្ខារោ? អកុសលចេតនា កាមាវចរា, អយំ វុច្ចតិ អបុញ្ញាភិសង្ខារោ បណ្តាអភិសង្ខារទាំងនោះ អបុញ្ញាភិសង្ខារតើដូចម្តេច? គឺអកុសលចេតនាដែលជាកាមាវចរ នេះហៅថា អបុញ្ញាភិសង្ខារ” ។
ដែលឈ្មោះថា អានេញ្ជាភិសង្ខារ ព្រោះតាក់តែងយ៉ាងក្រៃលែង នូវអរូបនុ៎ះឯង ដែលជាវិបាក មិនញាប់ញ័រ មិនរំជើបរំជួល ស្ងប់ ។ ពាក្យថា អានេញ្ជាភិសង្ខារនេះ ជាឈ្មោះរបស់ចេតនាដែលជាអរូបាវចរ ៤ ដួង ។ សមដូចពាក្យដែលលោកពោលទុកថា “តត្ថ កតមោ អានេញ្ជាភិសង្ខារោ? កុសលចេតនា អរូបាវចរា, អយំ វុច្ចតិ អានេញ្ជាភិសង្ខារោ បណ្តាអភិសង្ខារទាំងនោះ អានេញ្ជាភិសង្ខារតើដូចម្តេច? គឺកុសលចេតនា ដែលជាអរូបាវចរ នេះហៅថា អានេញ្ជាភិសង្ខារ” ។