តីណិ កោសល្លានិ សេចក្តីឈ្លាស ៣ យ៉ាង គឺ៖
១. អាយកោសល្លំ សេចក្តីឈ្លាសក្នុងការចម្រើន
២. អបាយកោសល្លំ សេចក្តីឈ្លាសក្នុងការវិនាស
៣. ឧបាយកោសល្លំ សេចក្តីឈ្លាសក្នុងឧបាយ [ ហេតុរបស់ផលនោះៗ ]
( បិដកលេខ ១៩ ទំព័រ ១៤៤ )
អធិប្បាយ
គប្បីជ្រាបវិនិច្ឆ័យក្នុងសេចក្តីឈ្លាសដូចតទៅ៖
សេចក្តីចម្រើន ឈ្មោះថា អាយ ។ សេចក្តីមិនចម្រើន គឺវិនាស ឈ្មោះថា អបាយ ហេតុនៃសេចក្តីចម្រើន និងវិនាសនោះៗ ជាឧបាយ ។ ការដឹងច្បាស់នូវសេចក្តីចម្រើន សេចក្តីមិនចម្រើន និងហេតុនៃសេចក្តីចម្រើន និងមិនចម្រើនទាំងឡាយនោះ ជាកោសល្ល ( ភាពជាអ្នកឈ្លាស ) ។ សេចក្តីពិស្តារព្រះអង្គទ្រង់ត្រាស់ទុកក្នុងវិភង្គនុ៎ះឯង ។
សមដូចព្រះតម្រាស់ដែលត្រាស់ទុកថា ៖
តត្ថ កតមំ អាយកោសល្លំ? ឥមេ ធម្មេ មនសិករោតោ អនុប្បន្នា ចេវ អកុសលា ធម្មា នុប្បជ្ជន្តិ, ឧប្បន្នា ច អកុសលា ធម្មា និរុជ្ឈន្តិ ។ ឥមេ វា បន មេ ធម្មេ មនសិករោតោ អនុប្បន្នា ចេវ កុសលា ធម្មា ឧប្បជ្ជន្តិ, ឧប្បន្នា ច កុសលា ធម្មា ភិយ្យោភាវាយ វេបុល្លាយ ភាវនាយ បារិបូរិយា សំវត្តន្តីតិ,យា តត្ថ បញ្ញា បជាននា។បេ។សម្មាទិដ្ឋិ។ ឥទំ វុច្ចតិ អាយកោសល្លំ ។
ក្នុងសេចក្តីឈ្លាសទាំងនោះ សេចក្តីឈ្លាសក្នុងការចម្រើន តើដូចម្តេច? បញ្ញា ការដឹងទូទៅ ។ល។ សេចក្តីយល់ឃើញត្រូវ ក្នុងសេចក្តីចម្រើននោះថា កាលអាត្មាអញធ្វើទុកក្នុងចិត្តនូវធម៌ទាំងនេះ អកុសលធម៌ដែលនៅមិនទាន់កើត រមែងមិនកើតឡើង អកុសលធម៌ដែលកើតឡើងហើយ រមែងស្ងប់រម្ងាប់ ឬកាលអាត្មាអញធ្វើទុកក្នុងចិត្តនូវធម៌ទាំងនេះ កុសលធម៌ដែលនៅមិនទាន់កើតរមែងកើតឡើង កុសលធម៌ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅជាភិយ្យោភាព ពេញលេញ ចម្រើន បរិបូណ៌ នេះហៅថា សេចក្តីឈ្លាសក្នុងការចម្រើន ។
តត្ថ កតមំ អបាយកោសល្លំ? ឥមេ ធម្មេ មនសិករោតោ អនុប្បន្នា ចេវ កុសលា ធម្មា ន ឧប្បជ្ជន្តិ, ឧប្បន្នា ច កុសលា ធម្មា និរុជ្ឈន្តិ។ ឥមេ វា បន មេ ធម្មេ មនសិករោតោ អនុប្បន្នា ចេវ អកុសលា ធម្មា ឧប្បជ្ជន្តិ, ឧប្បន្នា ច អកុសលា ធម្មា ភិយ្យោភាវាយ វេបុល្លាយ ភាវនាយ បារិបូរិយា សំវត្តន្តីតិ,យា តត្ថ បញ្ញា បជាននា។បេ។សម្មាទិដ្ឋិ។ ឥទំ វុច្ចតិ អបាយកោសល្លំ ។
ក្នុងសេចក្តីឈ្លាសទាំងនោះ សេចក្តីឈ្លាសក្នុងការវិនាស តើដូចម្តេច? បញ្ញា ការដឹងទូទៅ ។ល។ ការយល់ឃើញត្រូវ ក្នុងសេចក្តីវិនាសនោះ ថា កាលអាត្មាអញមនសិការនូវធម៌ទាំងនេះ កុសលធម៌ដែលនៅមិនទាន់កើតឡើង និងកុសលធម៌ដែលកើតឡើងហើយ រមែងរលត់ទៅ ឬកាលអាត្មាអញមនសិការនូវធម៌ទាំងនេះ អកុសលធម៌ដែលនៅមិនទាន់កើតឡើង រមែងកើតឡើង អកុសលធម៌ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅជាភិយ្យោភាព ពេញលេញ ចម្រើន បរិបូណ៌ នេះហៅថា សេចក្តីឈ្លាសក្នុងការវិនាស ។
សព្វាបិ តត្រុបាយា បញ្ញា ឧបាយកោសល្លំ ។ បញ្ញាដែលជាឧបាយ ក្នុងការចម្រើន និងការវិនាសទាំងអស់នោះ ជាសេចក្តីឈ្លាសក្នុងឧបាយ ។
ក៏សេចក្តីឈ្លាសក្នុងឧបាយនេះ គប្បីជ្រាបដោយអំណាចការដឹងហេតុនៃឋានៈដែលកើតឡើង ដើម្បីដោះស្រាយកិច្ចប្រញាប់ ឬពេលដែលមានភ័យ កើតឡើង ។