សម្មប្បធាន មាន ៤ យ៉ាង គឺ
១. ឥធាវុសោ ភិក្ខុ អនុប្បន្នានំ បាបកានំ អកុសលានំ ធម្មានំ អនុប្បាទាយ ឆន្ទំ ជនេតិ វាយមតិ វីរិយំ អារភតិ ចិត្តំ បគ្គណ្ហាតិ បទហតិ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញ៉ាំងឆន្ទៈ [ សេចក្តីប្រាថ្នា ឬថាសេចក្តីពេញចិត្តក្នុងកុសលធម៌ ] ឲ្យកើតឡើង សង្វាត ប្រារព្ធ ព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត មិនឲ្យកើតឡើងបាន
២. ឧប្បន្នានំ បាបកានំ អកុសលានំ ធម្មានំ បហានាយ ឆន្ទំ ជនេតិ វាយមតិ វីរិយំ អារភតិ ចិត្តំ បគ្គណ្ហាតិ បទហតិ ញ៉ាំងឆន្ទៈឲ្យកើតឡើង សង្វាត ប្រារព្ធនូវសេចក្តីព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីលះបង់នូវអកុសលធម៌ទាំងឡាយដ៏លាមក ដែលកើតឡើងហើយ
៣. អនុប្បន្នានំ កុសលានំ ធម្មានំ ឧប្បាទាយ ឆន្ទំ ជនេតិ វាយមតិ វីរិយំ អារភតិ ចិត្តំ បគ្គណ្ហាតិ បទហតិ ញ៉ាំងឆន្ទៈឲ្យកើតឡើង សង្វាត ប្រារព្ធនូវសេចក្តីព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីបណ្តុះបណ្ដាលកុសលធម៌ទាំងឡាយដែលមិនទាន់កើតឲ្យកើតឡើង
៤. ឧប្បន្នានំ កុសលានំ ធម្មានំ ឋិតិយា អសម្មោសាយ ភិយ្យោភាវាយ វេបុល្លាយ ភាវនាយ បារិបូរិយា ឆន្ទំ ជនេតិ វាយមតិ វីរិយំ អារភតិ ចិត្តំ បគ្គណ្ហាតិ បទហតិ ញ៉ាំងឆន្ទៈឲ្យកើតឡើង សង្វាតប្រារព្ធនូវសេចក្តីព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីឲ្យកុសលធម៌ទាំងឡាយដែលកើតហើយ ឲ្យឋិតនៅមិនឲ្យវិនាសទៅ ឲ្យរឹងរឹតតែចម្រើនឡើង ធំទូលាយ ចម្រើពេញលេញ
អធិប្បាយ
ពាក្យថា ឆន្ទំ ជនេតិ ( ញ៉ាំងឆន្ទៈឲ្យកើត ) សេចក្តីថា ញ៉ាំងកត្តុកម្យតាឆន្ទៈឲ្យកើត ដែលលោកពោលទុកយ៉ាងនេះថា “យោ ឆន្ទោ ឆន្ទិកតា កត្តុកម្យតា កុសលោ ធម្មច្ឆន្ទោ សេចក្តីពេញចិត្ត ភាពជាអ្នកមានសេចក្តីពេញចិត្ត ភាពជាអ្នកមានសេចក្តីប្រាថ្នានឹងធ្វើ” នុ៎ះចាត់ជាកុសល គឺភាពជាអ្នកមានសេចក្តីពេញចិត្តក្នុងធម៌ ។
ពាក្យថា វាយមតិ សេចក្តីថា ធ្វើសេចក្តីព្យាយាម ។ ពាក្យថា វីរិយំ អារភតិ សេចក្តីថា ធ្វើសេចក្តីព្យាយាមឲ្យកើតឡើង ។ ពាក្យថា ចិត្តំ បគ្គណ្ហតិ សេចក្តីថា ផ្គងចិត្ត ។
នេះជាសេចក្តីសង្ខេបក្នុងទីនេះ, ចំណែកសេចក្តីពិស្តារ មានសម្ដែងក្នុងសម្មប្បធានវិភង្គ ។