ទក្ខិណាវិសុទ្ធិ សេចក្ដីបរិសុទ្ធិរបស់ទក្ខិណា មាន ៤ យ៉ាង គឺ
១. ទក្ខិណា ទាយកតោ វិសុជ្ឈតិ នោ បដិគ្គាហកតោ ទក្ខិណាបរិសុទ្ធអំពីទាយក ( អ្នកឱ្យ ) មិនបរិសុទ្ធអំពីបដិគ្គាហក ( អ្នក
ទទួល )
២. ទក្ខិណា បដិគ្គាហកតោ វិសុជ្ឈតិ នោ ទាយកតោ ទក្ខិណាបរិសុទ្ធអំពីបដិគ្គាហក មិនបរិសុទ្ធអំពីទាយក
៣. ទក្ខិណា នេវ ទាយកតោ វិសុជ្ឈតិ នោ បដិគ្គាហកតោ ទក្ខិណាមិនបរិសុទ្ធអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហក
៤. ទក្ខិណា ទាយកតោ ចេវ វិសុជ្ឈតិ បដិគ្គាហកតោ ច ទក្ខិណាបរិសុទ្ធអំពីទាយកផង អំពីបដិគ្គាហកផង
( បិដកលេខ ១៩ ទំព័រ ១៦៩ )
អធិប្បាយ
ក្នុងពាក្យថា ទក្ខិណាវិសុទ្ធិ មានវិគ្រោះថា ដែលឈ្មោះថា ទក្ខិណាវិសុទ្ធិ ព្រោះអត្ថថា ជាហេតុឱ្យទក្ខិណា ពោលគឺ ទានដ៏បរិសុទ្ធ មានផល
ច្រើន ។ ពាក្យថា ទក្ខិណាបរិសុទ្ធអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហក ( ទាយកតោ វិសុជ្ឈតិ នោ បដិគ្គាហកតោ ) សេចក្ដីថា ក្នុងទក្ខិណាណា ទាយក ( អ្នកឱ្យ ) ជាអ្នកមានសីល ឱ្យទេយ្យធម៌ដែលបានមកដោយធម៌ តែបដិគ្គាហក ( អ្នកទទួល ) ជាមនុស្សទ្រុស្ដសីល ទក្ខិណានេះដូចនឹងទក្ខិណារបស់ព្រះវេស្សន្តរមហារាជ ។ ពាក្យថា បដិគ្គាហកតោ វិសុជ្ឈតិ នោ ទាយកតោ ( បរិសុទ្ធអំពីបដិគ្គាហក មិនបរិសុទ្ធអំពីទាយក ) សេចក្ដីថា ក្នុងទក្ខិណាណា បដិគ្គាហកជាអ្នកមានសីល តែទាយកជាមនុស្សមិនមានសីល ឱ្យទេយ្យធម៌ដែលបានមកដោយមិនប្រកបដោយធម៌ ទក្ខិណានេះដូចនឹងទក្ខិណារបស់អ្នកសម្លាប់ចោរ ។ ពាក្យថា នេវ ទាយកតោ វិសុជ្ឈតិ នោ បដិគ្គាហកតោ ( មិនបរិសុទ្ធអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហក ) សេចក្ដីថា ក្នុងទក្ខិណាណា ទាំងសងខាងជាមនុស្សមិនមានសីល សូម្បីទេយ្យធម៌ក៏បានមកដោយមិនត្រឹមត្រូវតាមធម៌ ។ ទក្ខិណាទី ៤ គប្បីជ្រាបដោយបរិយាយដែលផ្ទុយគ្នា ៕