តីណិ អនុត្តរិយានិ អនុត្តរិយៈ ៣ យ៉ាង គឺ៖
១. ទស្សនានុត្តរិយំ ទស្សនានុត្តរិយៈ [ បានដល់ វិបស្សនា ]
២. បដិបទានុត្តរិយំ បដិបទានុត្តរិយៈ [ បានដល់ មគ្គ ]
៣. វិមុត្តានុត្តរិយំ វិមុត្តានុត្តរិយៈ [ បានដល់ ផល ]
( បិដកលេខ ១៩ ទំព័រ ១៤៣ )
អធិប្បាយ
គប្បីជ្រាបវិនិច្ឆ័យក្នុងអនុត្តរិយៈតទៅ៖
វិបស្សនាចាត់ជាទស្សនានុត្តរិយៈ មគ្គចាត់ជាបដិបទានុត្តរិយៈ ផលចាត់ជាវិមុត្តានុត្តរិយៈ ។ ឬម្យ៉ាងទៀត ផលជាទស្សនានុត្តរិយៈ មគ្គជាបដិបទានុត្តរិយៈ ព្រះនិព្វានជាវិមុត្តានុត្តរិយៈ ។ មួយវិញទៀត និព្វានចាត់ជាទស្សនានុត្តរិយៈ ព្រោះថា ធម្មតាវត្ថុដែលគប្បីឃើញក្រៃលែងជាងព្រះនិព្វាននោះ រមែងមិនមាន មគ្គចាត់ជាបដិបទានុត្តរិយៈ ផលចាត់ជាវិមុត្តានុត្តរិយៈ ។ ពាក្យថា អនុត្តរិយំ ប្រែថា ខ្ពង់ខ្ពស់ ប្រសើរចម្បង ។