កម្មមាន ៤ យ៉ាង គឺ
១. កម្មំ កណ្ហំ កណ្ហវិបាកំ កម្មខ្មៅ ឱ្យផលខ្មៅ
២. កម្មំ សុក្កំ សុក្កវិបាកំ កម្មស ឱ្យផលស
៣. កម្មំ កណ្ហសុក្កំ កណ្ហសុក្កវិបាកំ កម្មទាំងខ្មៅទាំងស ឱ្យផលទាំងខ្មៅទាំងស
៤. កម្មំ អកណ្ហអសុក្កំ អកណ្ហអសុក្កវិបាកំ កម្មក្ខយាយ សំវត្តតិ កម្មមិនខ្មៅមិនស ឱ្យផលទាំងមិនខ្មៅទាំងមិនស តែងប្រព្រឹត្តទៅដើម្បីអស់កម្ម
( បិដកលេខ ១៩ ទំព័រ ១៦៥ )
អធិប្បាយ
ពាក្យថា កណ្ហំ ( កម្មខ្មៅ ) បានដល់ អកុសលកម្មបថ ១០ ជាកម្មខ្មៅ ។ ពាក្យថា កណ្ហវិបាកំ ( មានផលខ្មៅ ) បានដល់ ឈ្មោះថា មានផលខ្មៅ ព្រោះធ្វើឱ្យសត្វកើតក្នុងអបាយ ។ ពាក្យថា សុក្កំ ( កម្មស ) បានដល់ កុសលកម្មបថ ១០ ជាកម្មស ។ ពាក្យថា សុក្កវិបាកំ ( មានផលស ) បានដល់ ឈ្មោះថា មានផលស ព្រោះធ្វើឱ្យសត្វកើតក្នុងឋានសួគ៌ ។ ពាក្យថា កណ្ហសុក្កំ ( ទាំងខ្មៅទាំងស ) បានដល់ កម្មដែលលាយឡំគ្នា ។ ពាក្យថា កណ្ហសុក្កវិបាកំ ( ឱ្យផលទាំងខ្មៅទាំងស ) បានដល់ ផលដែលជាសុខនិងជាទុក្ខ ។ ព្រោះធ្វើកម្មដែលលាយឡំគ្នា ខាងអកុសល កើតក្នុងកំណើតសត្វតិរច្ឆាន ក៏កើតជាដំរីមង្គល ខាងកុសល ធ្វើឱ្យបានសោយសុខក្នុងបច្ចុប្បន្ន បុគ្គលដែលកើតសូម្បីក្នុងរាជត្រកូល ព្រោះកុសល រមែងសោយទុក្ខក្នុងបច្ចុប្បន្នព្រោះអកុសល ។ ដោយពាក្យថា អកណ្ហអសុក្កំ ( មិនខ្មៅមិនស ) សេចក្ដីថា លោកប្រាថ្នាយកញាណក្នុងមគ្គ ៤ ដែលធ្វើឱ្យអស់កម្ម ។ ព្រោះកម្មនោះ បើជាកម្មខ្មៅ ( អកុសល ) ក៏គប្បីឱ្យផលខ្មៅ បើជាកម្មស ( កុសល ) ក៏គប្បីឱ្យផលស ។ កម្មដែលឈ្មោះថា មិនខ្មៅមិនស ព្រោះមិនឱ្យផលទាំងពីរយ៉ាង ព្រោះមានផលមិនខ្មៅមិនស ៕