អាឃាតវត្ថុ គឺហេតុនៃគំនុំ មាន ១០, ហេតុទាំង ១០ នោះ គឺ ៖
១. អនត្ថំ មេ អចរីតិ អាឃាតំ ពន្ធតិ បុគ្គលចងគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញហើយ
២. អនត្ថំ មេ ចរតីតិ អាឃាតំ ពន្ធតិ ចងគំនុំ ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ
៣. អនត្ថំ មេ ចរិស្សតីតិ អាឃាតំ ពន្ធតិ ចងគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើ មិនជាប្រយោជន៍ ដល់អាត្មាអញ
៤. បិយស្ស មេ មនាបស្ស អនត្ថំ អចរិ … ចងគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់អាត្មាអញហើយ …
៥. អនត្ថំ ចរតិ … កំពុងប្រព្រឹត្តនូវអំពើ មិនជាប្រយោជន៍ …
៦. អនត្ថំ ចរិស្សតិ នឹងប្រព្រឹត្តនូវអំពើ មិនជាប្រយោជន៍
៧. អប្បិយស្ស មេ អមនាបស្ស អត្ថំ អចរិ … ចងគំនុំដោយគិតថា ជនឯណោះបានប្រព្រឹត្តនូវអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញហើយ …
៨. អត្ថំ ចរតិ … កំពុងប្រព្រឹត្តនូវអំពើជាប្រយោជន៍ …
៩. អត្ថំ ចរិស្សតីតិ អាឃាតំ ពន្ធតិ នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍
១០. អដ្ឋានេ ច កុប្បតិ ក្រោធក្នុងទីដែលមិនគួរ
( បិដកខ្មែរ លេខ ៥០ ទំព័រ ៣២៦-៣២៧ )
អដ្ឋកថាពន្យល់ថា បទថា អដ្ឋានេ ( ក្រោធក្នុងទីមិនគួរ ) គឺ ក្រោធក្នុងវត្ថុដែលមានចិត្តជាដើមថា គេបានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អញ ឬក្នុងវត្ថុដែលមិនមានចិត្ត មានដុំថ្ម ដុំដី ជាដើម ( ពេលដើរទង្គិចត្រូវវា ) ។