សម្បទា សេចក្ដីបរិបូណ៌ មាន ៥ យ៉ាង គឺ
១. ញាតិសម្បទា បរិបូណ៌ដោយញាតិ
២. ភោគសម្បទា បរិបូណ៌ដោយភោគៈ
៣. អារោគ្យសម្បទា បរិបូណ៌ដោយភាពមិនមានរោគ
៤. សីលសម្បទា បរិបូណ៌ដោយសីល
៥. ទិដ្ឋិសម្បទា បរិបូណ៌ដោយទិដ្ឋិ
ម្នាលអាវុសោទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្ដីស្លាប់ទៅ មិនទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ព្រោះហេតុតែបរិបូណ៌ដោយញាតិក្ដី ព្រោះហេតុតែបរិបូណ៌ដោយភោគៈក្ដី ព្រោះហេតុតែបរិបូណ៌ដោយភាពមិនមានរោគក្ដី នោះទេ ។
ម្នាលអាវុសោទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្ដីស្លាប់ទៅ តែងបានទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ព្រោះហេតុតែបរិបូណ៌ដោយសីល ឬ ព្រោះហេតុតែបរិបូណ៌ដោយទិដ្ឋិ ។
( បិដកលេខ ១៩ ទំព័រ ១៧៦-៧៧ )
អធិប្បាយ
ពាក្យថា ញាតិសម្បទា ( ការបរិបូណ៌ដោយញាតិ ) បានដល់ ការដល់ព្រម បរិបូណ៌ មានញាតិច្រើន ។ សូម្បីការបរិបូណ៌ដោយភោគៈជាដើមក៏មានន័យដូចគ្នានេះ ។ ការដល់ព្រមដោយភាពមិនមានរោគ ឈ្មោះថា អារោគ្យសម្បទា ( ការបរិបូណ៌ដោយភាពមិនមានរោគ ) បានដល់ ភាពជាអ្នកមិនមានរោគអស់កាលជានិច្ច ។ សូម្បីក្នុងការបរិបូណ៌ដោយសីល និងទិដ្ឋិជាដើម ក៏មានន័យដូចគ្នានេះ ។ សូម្បីក្នុងធម៌ខនេះ ការបរិបូណ៌ដោយញាតិជាដើម មិនមែនជាកុសល ទាំងមិនទម្លាយលក្ខណៈ ៣ ។ ការបរិបូណ៌ដោយសីល និងទិដ្ឋិ ជាកុសល ទាំងមិនទម្លាយលក្ខណៈ ៣ ។ ព្រោះហេតុនោះនុ៎ះឯង លោកទើបពោលពាក្យជាដើមថា “ម្នាលអាវុសោទាំងឡាយ ព្រោះហេតុតែបរិបូណ៌ដោយញាតិក្ដី” ៕