សោតាបត្តិយង្គ អង្គនៃសោតាបត្តិមគ្គ មាន ៤ យ៉ាង គឺ៖
១. សប្បុរិសសំសេវោ ការសេពគប់នូវសប្បុរស
២. សទ្ធម្មស្សវនំ ការស្ដាប់ធម៌របស់សប្បុរស
៣. យោនិសោមនសិការោ ការធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញា
៤. ធម្មានុធម្មប្បដិបត្តិ សេចក្ដីប្រតិបត្តិធម៌សមគួរដល់លោកុត្តរធម៌
( បិដកលេខ ១៩ ទំព័រ ១៦០ )
អធិប្បាយ
ពាក្យថា សោតាបត្តិយង្គានិ ( អង្គនៃការសម្រេចសោតាបត្តិមគ្គ ) បានដល់ អង្គនៃការដល់នូវក្រសែ ។ អធិប្បាយថា ហេតុនៃការបានសោតាបត្តិមគ្គ ។ ពាក្យថា សប្បុរិសសំសេវោ ( ការសេពគប់នូវសប្បុរស ) សេចក្ដីថា ការចូលទៅគប់រកសប្បុរសមានព្រះពុទ្ធ ជាដើម ។ ពាក្យថា សទ្ធម្មស្សវនំ ( ការស្ដាប់ធម៌របស់សប្បុរស ) បានដល់ ការស្ដាប់ធម៌គឺព្រះត្រៃបិដក ដ៏ជាទីសប្បាយ ។ ពាក្យថា យោនិសោមនសិការោ ( ការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ) បានដល់ ការធ្វើទុកក្នុងចិត្តដោយអំណាចអនិច្ចលក្ខណៈ ជាដើម ។ ពាក្យថា ធម្មានុធម្មប្បដិបត្តិ ( សេចក្ដីប្រតិបត្តិធម៌សមគួរដល់លោកុត្តរធម៌ ) សេចក្ដីថា បដិបត្តិកិច្ចបដិបត្តិជាខាងដើមដែលជាចំណែកតូចនៃលោកុត្តរធម៌ ៕