ត្រកូលប្រកបដោយអង្គ ៩ ដែលភិក្ខុមិនគួរចូលទៅរក
ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៩ ដែលភិក្ខុមិនទាន់ចូលទៅ ក៏មិនគួរចូលទៅ បើភិក្ខុចូលជ្រុលទៅហើយ ក៏មិនគួរអង្គុយ ។
ត្រកូលប្រកបដោយអង្គ ៩ តើដូចម្ដេចខ្លះ?
គឺ
១. ន មនាបេន បច្ចុដ្ឋេន្តិ គេមិនក្រោកទទួល ដោយសេចក្ដីពេញចិត្ត
២. ន មនាបេន អភិវាទេន្តិ មិនថ្វាយបង្គំ ដោយសេចក្ដីពេញចិត្ត
៣. ន មនាបេន អាសនំ ទេន្តិ មិនឱ្យអាសនៈ ដោយសេចក្ដីពេញចិត្ត
៤. សន្តមស្ស បរិគុយ្ហន្តិ លាក់របស់ដែលមាន
៥. ពហុកម្បិ ថោកំ ទេន្តិ របស់មានច្រើនឱ្យតិច
៦. បណីតម្បិ លូខំ ទេន្តិ មានរបស់ដែលថ្លៃថ្លា ឱ្យរបស់សៅហ្មង
៧. អសក្កច្ចំ ទេន្តិ នោ សក្កច្ចំ ឱ្យដោយមិនគោរព មិនឱ្យ ដោយគោរព
៨. ន ឧបនិសីទន្តិ ធម្មស្សវនាយ មិនចូលទៅអង្គុយជិត ដើម្បីស្ដាប់ធម៌ដោយគោរព
៩. ភាសិតមស្ស ន រមិស្សន្តិ មិនត្រេកអរនឹងភាសិតរបស់ភិក្ខុនោះ
ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៩ នេះឯង ដែលភិក្ខុមិនធ្លាប់ចូលទៅ ក៏មិនគួរចូលទៅ ឬចូលជ្រុលទៅហើយ ក៏មិនគួរអង្គុយ ។
ត្រកូលប្រកបដោយអង្គ ៩ ដែលភិក្ខុគួរចូលទៅរក
ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៩ ដែលភិក្ខុមិនទាន់ចូលទៅ ក៏គួរចូលទៅបាន ឬ ចូលទៅហើយ ក៏គួរអង្គុយបាន ។
ត្រកូលប្រកបដោយអង្គ ៩ តើដូចម្ដេចខ្លះ?
គឺ
១. មនាបេន បច្ចុដ្ឋេន្តិ គេក្រោកទទួល ដោយសេចក្ដីពេញចិត្ត
២. មនាបេន អភិវាទេន្តិ ថ្វាយបង្គំ ដោយសេចក្ដីពេញចិត្ត
៣. មនាបេន អាសនំ ទេន្តិ ឱ្យអាសនៈ ដោយសេចក្ដីពេញចិត្ត
៤. សន្តមស្ស ន បរិគុយ្ហន្តិ មិនលាក់របស់ដែលមាន
៥. ពហុកម្បិ ពហុកំ ទេន្តិ របស់ដែលមានច្រើនឱ្យច្រើន
៦. បណីតម្បិ បណីតំ ទេន្តិ របស់ដែលថ្លៃថ្លា ឱ្យរបស់ថ្លៃថ្លា
៧. សក្កច្ចំ ទេន្តិ នោ អសក្កច្ចំ ឱ្យដោយគោរព មិនឱ្យ ដោយមិនគោរព
៨. ឧបនិសីទន្តិ ធម្មស្សវនាយ ចូលទៅអង្គុយជិត ដើម្បីស្ដាប់ធម៌
៩. ភាសិតមស្ស រមិស្សន្តិ ត្រេកអរនឹងភាសិតរបស់ភិក្ខុនោះ
ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៩ នេះឯង ដែលភិក្ខុមិនទាន់ចូលទៅ ក៏គួរចូលទៅបាន ឬចូលទៅហើយ ក៏គួរអង្គុយបាន ។
( អង្គុត្តរនិកាយ នវកនិបាត កុលសូត្រ បិដកលេខ ៤៩ ទំព័រ ៧០-៧១ )
អដ្ឋកថាកុលសូត្រទី ៧
បទថា ន មនាបេន បច្ចុបដ្ឋេន្តិ សេចក្ដីថា ក្រោកចាកអាសនៈហើយ រមែងមិនធ្វើការទទួលដោយការចម្រើនចិត្ត គឺដោយអាការជាប់ចិត្ត ។ បទថា ន មនាបេន អភិវាទេន្តិ សេចក្ដីថា រមែងមិនថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាន ។ បទថា អសក្កច្ចំ ទេន្តិ សេចក្ដីថា រមែងឱ្យដោយសេចក្ដីមិនរាប់អាន ។ បទថា នោ សក្កច្ចំ សេចក្ដីថា រមែងមិនឱ្យដោយដៃរបស់ខ្លួន ។ បទថា ន ឧបនិសីទន្តិ ធម្មស្សវនាយ សេចក្ដីថា រមែងមិនអង្គុយក្នុងទីជិតដោយគិតថា យើងទាំងឡាយនឹងស្ដាប់ធម៌ ។ បទថា ន រសិយន្តិ [ រមិស្សន្តិ ] សេចក្ដីថា រមែងមិនត្រេកអរ គឺរមែងទៅមិនត្រឡប់ ដូចទឹកដែលគេចាក់លើគូទឆ្នាំងធំ ដូច្នោះ ៕