ញាណ គឺសេចក្ដីដឹង ៤ យ៉ាងដទៃទៀត គឺ៖
១. ទុក្ខេ ញាណំ សេចក្ដីដឹងក្នុងទុក្ខ
២. ទុក្ខសមុទយេ ញាណំ សេចក្ដីដឹងក្នុងទុក្ខសមុទយ
៣. ទុក្ខនិរោធេ ញាណំ សេចក្ដីដឹងក្នុងទុក្ខនិរោធ
៤. ទុក្ខនិរោធគាមិនិយា បដិបទាយ ញាណំ សេចក្ដីដឹងក្នុងទុក្ខនិរោធគាមិនីបដិបទា
( បិដកលេខ ១៩ ទំព័រ ១៥៩ )
អធិប្បាយ
កម្មដ្ឋានក្នុងសច្ចៈ ៤ លោកពោលសរុបទុកសម្រាប់ភិក្ខុមួយរូប ដែលសម្រេចអរហត្តដោយញាណក្នុងទុក្ខសច្ចៈ ជាដើម ។ បណ្ដាសច្ចៈទាំង ៤ នោះ សច្ចៈ ២ ខជាវដ្ដៈ ២ ខទៀតជាវិវដ្ដៈ ។ អភិនិវេសៈ ( សេចក្ដីប្រកាន់មាំ ) រមែងមានក្នុងវដ្ដៈ តែមិនមានក្នុងវិវដ្ដៈទេ ។ ភិក្ខុរៀនព្រះបរិយត្តិក្នុងសំណាក់អាចារ្យ ឈ្មោះថា រមែងធ្វើការងារក្នុងសច្ចៈ ២ ។ ភិក្ខុរមែងធ្វើការងារក្នុងសច្ចៈ ២ ដោយអំណាចការស្ដាប់ថា “និរោធសច្ចៈជាធម៌ល្អ គួរប្រាថ្នា គួរចង់បាន គួរពេញចិត្ត មគ្គសច្ចៈ ជាធម៌គួរប្រាថ្នា គួរចង់បាន គួរពេញចិត្ត” ។ សច្ចៈ ២ គួរធ្វើការចាក់ធ្លុះដោយអំណាចការរៀន ការសាកសួរ ការស្ដាប់ ការទ្រទ្រង់ចាំ ការពិចារណា ។ សច្ចៈ ២ ទៀត គួរធ្វើការចាក់ធ្លុះដោយអំណាចការស្ដាប់ ។ លោករមែងចាក់ធ្លុះសច្ចៈ ៣ ដោយអំណាចកិច្ច ។ រមែងចាក់ធ្លុះសច្ចៈ ១ ដោយអំណាចភាពជាអារម្មណ៍ ។ សច្ចៈ ២ ជាសភាវៈជ្រាលជ្រៅ ព្រោះឃើញបានដោយក្រ ។ សច្ចៈ ២ ឈ្មោះថា ឃើញបានដោយក្រ ព្រោះមានសភាវៈជ្រាលជ្រៅ ៕