ញាណ គឺសេចក្ដីដឹង មាន ៤ យ៉ាង គឺ៖
១. ធម្មេ ញាណំ សេចក្ដីដឹងក្នុងធម៌ គឺមគ្គផល
២. អន្វយេ ញាណំ សេចក្ដីដឹងក្នុងលំនាំរបស់ញាណនោះ
៣. បរិច្ឆេទេ ញាណំ សេចក្ដីដឹងក្នុងកិរិយាកំណត់ចិត្តរបស់បុគ្គលដទៃ
៤. សម្មតិញ្ញាណំ សេចក្ដីដឹងក្នុងការសន្មតិ
អធិប្បាយ
ពាក្យថា ធម្មេ ញាណំ ( សេចក្ដីដឹងក្នុងធម៌ ) បានដល់ ញាណក្នុងសច្ចធម៌ ៤ និងញាណក្នុងនិរោធធម៌ក្នុងសច្ចៈ ៤ ដោយអំណាចការចាក់ធ្លុះជាមួយគ្នា ។ ដូចដែលលោកពោលទុកថា “សួរថា ក្នុងញាណទាំង ២ នោះ ញាណក្នុងធម៌ តើដូចម្ដេច? ឆ្លើយថា បានដល់ ញាណក្នុងមគ្គ ៤ ផល ៤” ។ ពាក្យថា អន្វយេ ញាណំ ( សេចក្ដីដឹងក្នុងលំនាំរបស់ញាណនោះ ) បានដល់ ញាណដែលប្រព្រឹត្តទៅតាមញាណនោះយ៉ាងនេះថា “ភិក្ខុឃើញសច្ចៈ ៤ ដោយប្រចក្សក្នុងបច្ចុប្បន្នយ៉ាងណា ទោះក្នុងអតីត ទោះក្នុងអនាគតក៏យ៉ាងនោះ ខន្ធទាំង ៥ នេះនុ៎ះឯង ឈ្មោះថា ទុក្ខសច្ចៈ តណ្ហានេះនុ៎ះឯង ឈ្មោះថា ទុក្ខសមុទយសច្ចៈ និរោធនេះឯង ឈ្មោះថា និរោធសច្ចៈ មគ្គនេះប៉ុណ្ណោះ ឈ្មោះថា មគ្គសច្ចៈ ព្រោះហេតុនោះ លោកទើបពោលថា លោករមែងនាំន័យទៅក្នុងអតីត និងអនាគត ដោយការដឹង ការឃើញ ការបន្លុះ ការដឹងច្បាស់ ការរកឃើញ តាមធម៌នេះ” ។ ពាក្យថា បរិច្ឆេទេ ញាណំ ( សេចក្ដីដឹងក្នុងកិរិយាកំណត់ចិត្តរបស់បុគ្គលដទៃ ) បានដល់ ញាណក្នុងការកំណត់ចិត្តរបស់បុគ្គលដទៃ ។ ដូចដែលលោកពោលទុកថា “ក្នុងញាណនោះ ញាណក្នុងការកំណត់ចិត្ត តើដូចម្ដេច? ភិក្ខុក្នុងសាសនានេះ កំណត់ចិត្តរបស់សត្វដទៃ បុគ្គលដទៃដោយចិត្ត ក៏រមែងដឹងបាន” ជាដើម គប្បីពង្រីកសេចក្ដីដោយខ្លួនឯង ( ដូចន័យមុន ) ។ ក៏ញាណដ៏សេសចាកញាណទាំង ៣ នេះ ឈ្មោះថា សម្មតិញ្ញាណ ។ ដូចដែលលោកពោលទុកថា “ក្នុងញាណទាំងនោះ សម្មតិញ្ញាណតើដូចម្ដេច? ញាណដ៏សេស ក្រៅពីញាណក្នុងធម៌ ក្រៅពីញាណដឹងក្នុងលំនាំរបស់ញាណ ក្រៅពីញាណក្នុងការកំណត់ចិត្តរបស់បុគ្គលដទៃ ឈ្មោះថា សម្មតិញ្ញាណ ។