បធាន ការព្យាយាមជាគ្រឿងតម្កល់មាំ មាន ៤ យ៉ាង គឺ៖
១. សំវរប្បធានំ ការព្យាយាមក្នុងសេចក្ដីសង្រួម
២. បហានប្បធានំ ការព្យាយាមក្នុងការលះ
៣. ភាវនាបធានំ ការព្យាយាមក្នុងការចម្រើន
៤. អនុរក្ខនាបធានំ ការព្យាយាមក្នុងការរក្សារឿយៗ
ម្នាលអាវុសោទាំងឡាយ ចុះការព្យាយាមក្នុងសេចក្ដីសង្រួម តើដូចម្ដេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ហើយមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមបុគ្គលដែលមិនសង្រួមចក្ខុន្ទ្រិយនុ៎ះ ព្រោះហេតុមិនសង្រួមចក្ខុន្ទ្រិយណា ប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្ទ្រិយដល់នូវការសង្រួមក្នុងចក្ខុន្ទ្រិយ ។ ឮសំឡេងដោយត្រចៀក ។ ធុំក្លិនដោយច្រមុះ ។ ទទួលរសដោយអណ្ដាត ។ ពាល់ត្រូវសម្ផស្សដោយកាយ ។ ដឹងធម្មារម្មណ៍ដោយចិត្ត ហើយមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមបុគ្គលដែលមិនសង្រួមមនិន្ទ្រិយនុ៎ះ ព្រោះហេតុមិនសង្រួមនូវមនិន្ទ្រិយណា ប្រតិបត្តិដើម្បីសង្រួមនូវមនិន្ទ្រិយនោះរក្សានូវមនិន្ទ្រិយ ដល់នូវការសង្រួមក្នុងមនិន្ទ្រិយ ម្នាលអាវុសោទាំងឡាយ នេះព្រះមានព្រះភាគត្រាស់ហៅថា ការព្យាយាមក្នុងសេចក្ដីសង្រួម ។
ម្នាលអាវុសោទាំងឡាយ ចុះការព្យាយាមក្នុងការលះ តើដូចម្ដេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបណ្ដោយឱ្យកាមវិតក្កដែលកើតឡើងហើយឱ្យអាស្រ័យនៅបាន គឺលះបង់ បន្ទោបង់ ធ្វើឱ្យវិនាស មិនឱ្យកើតមាន មិនបណ្ដោយឱ្យព្យាបាទវិតក្កដែលកើតឡើងហើយ ។ល។ មិនបណ្ដោយឱ្យវិហឹសាវិតក្កដែលកើតឡើងហើយអាស្រ័យនៅបាន គឺលះបង់ ។ល។ មិនបណ្ដោយឱ្យអកុសលធម៌ទាំងឡាយដ៏អាក្រក់ ដែលកើតឡើងហើយរឿយៗ អាស្រ័យនៅបាន គឺលះបង់ បន្ទោបង់ ធ្វើឱ្យវិនាស មិនឱ្យកើតមាន ម្នាលអាវុសោទាំងឡាយ នេះព្រះមានព្រះភាគត្រាស់ហៅថា ការព្យាយាមក្នុងការលះ ។
ម្នាលអាវុសោទាំងឡាយ ចុះការព្យាយាមក្នុងការចម្រើន តើដូចម្ដេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេកធម៌ អាស្រ័យនូវវិរាគធម៌ អាស្រ័យនូវនិរោធធម៌ ជាធម៌បង្អោនទៅ ដើម្បីការលះកិលេស ។ ចម្រើនធម្មវិចយសម្ពោជ្ឈង្គ ។ ចម្រើនវីរិយសម្ពោជ្ឈង្គ ។ ចម្រើនបីតិសម្ពោជ្ឈង្គ ។ ចម្រើនបស្សទ្ធិសម្ពោជ្ឈង្គ ។ ចម្រើនសមាធិសម្ពោជ្ឈង្គ ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេកធម៌ អាស្រ័យនូវវិរាគធម៌ ចម្រើននូវនិរោធធម៌ ជាធម៌បង្អោនទៅ ដើម្បីលះកិលេស ម្នាលអាវុសោទាំងឡាយ នេះព្រះមានព្រះភាគត្រាស់ហៅថា ការព្យាយាមក្នុងការចម្រើន ។
ម្នាលអាវុសោទាំងឡាយ ចុះការព្យាយាមក្នុងការរក្សារឿយៗ តើដូចម្ដេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ រក្សារឿយៗ នូវសមាធិនិមិត្តដ៏ល្អ ដែលកើតឡើងហើយ គឺអដ្ឋិកសញ្ញា1 បុឡុវកសញ្ញា2 វិនីលកសញ្ញា3 វិច្ឆិទ្ទកសញ្ញា4 ឧទ្ធុមាតកសញ្ញា5ម្នាលអាវុសោទាំងឡាយ នេះព្រះមានព្រះភាគត្រាស់ហៅថា ការព្យាយាមក្នុងការរក្សារឿយៗ ។
អធិប្បាយ
ពាក្យថា បធានានិ ( សេចក្ដីព្យាយាម ) បានដល់ សេចក្ដីព្យាយាមដ៏ខ្ពង់ខ្ពស់ ។ ពាក្យថា សំវរបធានំ ( ការព្យាយាមក្នុងសេចក្ដីសង្រួម ) បានដល់ សេចក្ដីព្យាយាមដែលកើតឡើងដល់ភិក្ខុសង្រួមអាយតនៈ មានចក្ខុជាដើម ។ ពាក្យថា បហានបធានំ ( ការព្យាយាមក្នុងការលះ ) បានដល់ សេចក្ដីព្យាយាមដែលកើតឡើងដល់ភិក្ខុអ្នកលះកាមវិតក្កជាដើម ។ ពាក្យថា ភាវនាបធានំ ( ព្យាយាមក្នុងការចម្រើន ) បានដល់ សេចក្ដីព្យាយាមដែលកើតឡើងដល់ភិក្ខុដែលចម្រើនពោជ្ឈង្គ ។ ពាក្យថា អនុរក្ខនាបធានំ ( ព្យាយាមក្នុងការរក្សារឿយៗ ) បានដល់ សេចក្ដីព្យាយាមដែលកើតឡើងដល់ភិក្ខុដែលតាមរក្សាសមាធិនិមិត្ត ។
ក្នុងពាក្យថា វិវេកនិស្សិតំ ( អាស្រ័យនូវវិវេកធម៌ ) ជាដើម សេចក្ដីថា ពាក្យទាំង ៣ គឺ វិវេក វិរាគៈ និរោធ ជាឈ្មោះរបស់ព្រះនិព្វានទាំងអស់ ។ ពិតណាស់ ព្រះនិព្វាន ឈ្មោះថា វិវេក ព្រោះស្ងាត់ចាកឧបធិក្កិលេស ឈ្មោះថា វិរាគៈ ព្រោះអត្ថថា កិលេសមានរាគៈជាដើមមកដល់ព្រះនិព្វាននោះរមែងអស់ទៅ ឈ្មោះថា និរោធ ព្រោះអត្ថថា រលត់ ព្រោះហេតុនោះ ក្នុងពាក្យថា អាស្រ័យនូវវិវេកធម៌ ជាដើម ទើបមានអធិប្បាយថា អាស្រ័យព្រះនិព្វាន ដោយអំណាចភាពជាអារម្មណ៍ ឬដោយអំណាចការបន្លុះ ។ ក្នុងពាក្យថា វោស្សគ្គបរិណាមឹ ( ជាធម៌បង្អោនទៅដើម្បីការលះកិលេស ) នេះ សេចក្ដីថា ការលះ មាន ២ យ៉ាង គឺ ការលះគឺការបរិច្ចាគ ១ ការលះគឺការស្ទុះទៅ ១ ។ ក្នុងការលះទាំង ២ យ៉ាងនោះ វិបស្សនា ឈ្មោះថា ការលះគឺការបរិច្ចាគ ព្រោះអត្ថថា លះកិលេស និងខន្ធបានដោយអង្គនោះ ។ មគ្គ ឈ្មោះថា ការលះគឺការបន្សាត់ ព្រោះអត្ថថា ស្ទុះទៅកាន់ព្រះនិព្វាន ដោយភាពជាអារម្មណ៍ ។ ព្រោះហេតុនោះ ក្នុងពាក្យថា ជាធម៌បង្អោនទៅដើម្បីការលះកិលេស នេះ ទើបមានអធិប្បាយយ៉ាងនេះថា សតិសម្ពោជ្ឈង្គដែលភិក្ខុកំពុងចម្រើន រមែងបង្អោនទៅដើម្បីការលះ លោករមែងដល់វិបស្សនាភាវនា និងមគ្គភាវនា យ៉ាងណា លោករមែងចម្រើនវោស្សគ្គៈយ៉ាងនោះ” ។ សូម្បីក្នុងបទដែលនៅសល់ ក៏មានន័យនេះដូចគ្នា ។
សមាធិនិមិត្តដែលចម្រើន លោកហៅថា ដែលជាក់ច្បាស់ បានដល់ សមាធិដែលភិក្ខុបន្លុះហើយដោយអំណាចអដ្ឋិកសញ្ញាជាដើមនុ៎ះឯង ។ ពាក្យថា អនុរក្ខតិ ( រក្សារឿយៗ ) សេចក្ដីថា កាលភិក្ខុជម្រះរាគៈ ទោសៈ មោហៈ ដែលជាសឹកសត្រូវ រមែងឈ្មោះថា រក្សាសមាធិទុកបាន ។ ក៏ក្នុងទីនេះ លោកពោលសញ្ញាទុក ៥ ប្រការ មានអដ្ឋិកសញ្ញាជាដើមដោយសព្វគ្រប់ ។ ក្នុងទីនេះ លោកពោលអសុភទុកគ្រប់ទាំង ១០ ដោយពិស្ដារ ។ សេចក្ដីពិស្ដារក្នុងអសុភទាំងនោះ លោកពោលទុកហើយក្នុងវិសុទ្ធិមគ្គដូចគ្នា ៕
1. សេចក្ដីសម្គាល់ក្នុងអដ្ឋិកអសុភ គឺអសុភដែលនៅតែរាងឆ្អឹង
2. សេចក្ដីសម្គាល់ក្នុងបុឡុវកអសុភ គឺអសុភដែលមានដង្កូវចុះ
3. សេចក្ដីសម្គាល់ក្នុងវិនីលកអសុភ គឺអសុភដែលមានសម្បុរខៀវ
4. សេចក្ដីសម្គាល់ក្នុងវិច្ឆិទ្ទកអសុភ គឺអសុភដែលដាច់ពាក់កណ្ដាលខ្លួន
5. សេចក្ដីសម្គាល់ក្នុងឧទ្ធុមាតកអសុភ គឺអសុភដែលហើមប៉ោង