អនាគាមិបុគ្គល ៥ ពួក គឺ
១. អន្តរាបរិនិព្វាយី លោកដែលបរិនិព្វានក្នុងពាក់កណ្ដាលអាយុ
២. ឧបហច្ចបរិនិព្វាយី លោកដែលបរិនិព្វានដោយកន្លងហួសពាក់កណ្ដាលអាយុ
៣. អសង្ខារបរិនិព្វាយី លោកដែលបរិនិព្វានដោយមិនមានសេចក្ដីព្យាយាម
៤. សសង្ខារបរិនិព្វាយី លោកដែលបរិនិព្វានដោយសេចក្ដីព្យាយាមយ៉ាងខ្លាំង
៥. ឧទ្ធំសោតោ អកនិដ្ឋគាមី លោកដែលមានខ្សែខាងលើហើយទៅកាន់អកនិដ្ឋភព
( បិដកលេខ ១៩ ទំព័រ ១៨២ )
អធិប្បាយ
ព្រះអនាគាមី នៅមិនទាន់កន្លងពាក់កណ្ដាលអាយុ ហើយដល់នូវព្រះអរហត្ត ជាទីរំលត់នូវកិលេសក្នុងពាក់កណ្ដាលអាយុ ឈ្មោះថា អន្តរាបរិនិព្វាយី ( លោកដែលបរិនិព្វានក្នុងពាក់កណ្ដាលអាយុ ) ។ ព្រះអនាគាមី ដែលកន្លងពាក់កណ្ដាលអាយុហើយ ដល់នូវព្រះអរហត្ត ជាទីរំលត់នូវកិលេស ឈ្មោះថា ឧបហច្ចបរិនិព្វាយី ( លោកដែលបរិនិព្វានដោយកន្លងហួសពាក់កណ្ដាលអាយុ ) ។ ព្រះអនាគាមីដែលមិនលំបាកព្រោះមិនបាច់ប្រកបសេចក្ដីព្យាយាម ដោយមិនមានសង្ខារ ( គ្រឿងឧបត្ថម្ភជ្រោមជ្រែង ) ដល់នូវព្រះអរហត្តបានដោយងាយ ឈ្មោះថា អសង្ខារបរិនិព្វាយី ( លោកដែលបរិនិព្វានដោយមិនមានសេចក្ដីព្យាយាម ) ។ ព្រះអនាគាមីដែលលំបាក ព្រោះត្រូវប្រកបសេចក្ដីព្យាយាម ព្រមទាំងសង្ខារ ដល់នូវព្រះអរហត្តបានដោយលំបាក ឈ្មោះថា សសង្ខារបរិនិព្វាយី ( លោកដែលបរិនិព្វានដោយសេចក្ដីព្យាយាមយ៉ាងខ្លាំង ) ។ ព្រះអនាគាមី ទាំង ៤ ពួកនេះ មិនបាននៅក្នុងសុទ្ធាវាសទាំង ៥ ជាន់ទេ ។ បណ្ឌិតគប្បីជ្រាបពួក ៤ ក្នុងខថា ឧទ្ធំសោតោ អកនិដ្ឋគាមី នេះដូចតទៅ ៖
ក៏ព្រះអនាគាមីណា ធ្វើចិត្តឱ្យបរិសុទ្ធ ( ចាកកិលេស ) ក្នុងទេវលោកទាំង ៤ ជាន់ តាំងពីជាន់អវិហាទៅ ៗ កាន់អកនិដ្ឋភពហើយបរិនិព្វាន ព្រះអនាគាមីនេះ ឈ្មោះថា មានខ្សែខាងលើ ហើយទៅកាន់អកនិដ្ឋភព ។ ព្រះអនាគាមីណា ចាកជាន់អវិហាហើយទៅកើតក្នុងទេវលោកជាន់ទី ២ ទី ៣ ឬទី ៤ ហើយបរិនិព្វាន ព្រះអនាគាមីនេះ ឈ្មោះថា មានខ្សែខាងលើ មិនទៅកាន់អកនិដ្ឋភព ។ ព្រះអនាគាមីណា ចាកកាមភព ហើយកើតក្នុងអកនិដ្ឋភពតែម្ដងហើយបរិនិព្វាន ព្រះអនាគាមីនេះ ឈ្មោះថា មិនមានខ្សែខាងលើ ហើយទៅកាន់អកនិដ្ឋភព ។ ព្រះអនាគាមីណា កើតក្នុងទេវលោកទាំង ៤ ជាន់ខាងក្រោម ហើយបរិនិព្វានក្នុងទេវលោកទាំង ៤ ជាន់នុ៎ះឯង ព្រះអនាគាមីនេះ ឈ្មោះថា មិនមានខ្សែខាងលើ ហើយមិនទៅកាន់អកនិដ្ឋភព ៕