ចេតោខីលៈ សេចក្ដីរឹងត្អឹងរបស់ចិត្ត មាន ៥ យ៉ាង គឺ
១. ឥធាវុសោ ភិក្ខុ សត្ថរិ កង្ខតិ វិចិកិច្ឆតិ នាធិមុច្ចតិ ន សម្បសីទតិ ។ យោ សោ អាវុសោ ភិក្ខុ សត្ថរិ កង្ខតិ វិចិកិច្ឆតិ នាធិមុច្ឆតិ ន សម្បសីទតិ តស្ស ចិត្តំ ន នមតិ អាតប្បាយ អនុយោគាយ សាតច្ចាយ បធានាយ យស្ស ចិត្តំ ន នមតិ អាតប្បាយ អនុយោគាយ សាតច្ចាយ បធានាយ អយំ បឋមោ ចេតោខីលោ ។
ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្ដា ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណា សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្ដា ចិត្តរបស់ភិក្ខុនោះ មិនឱនទៅ ដើម្បីព្យាយាមដុតកម្ដៅកិលេស ដើម្បីព្យាយាមជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ ចិត្តរបស់ភិក្ខុណា មិនឱនទៅ ដើម្បីព្យាយាមដុតកម្ដៅកិលេស ដើម្បីព្យាយាមជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ នេះជាសេចក្ដីរឹងត្អឹងនៃចិត្តទី ១ របស់ភិក្ខុនោះ ។
២. បុន ចបរំ អាវុសោ ភិក្ខុ ធម្មេ កង្ខតិ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុសង្ស័យ ក្នុងព្រះធម៌
៣. សង្ឃេ កង្ខតិ ភិក្ខុសង្ស័យ ក្នុងព្រះសង្ឃ
៤. សិក្ខាយ កង្ខតិ វិចិកិច្ឆតិ សង្ស័យ ងឿងឆ្ងល់ ក្នុងសិក្ខា
៥. សព្រហ្មចារីសុ កុបិតោ ហោតិ អនត្តមនោ អាហតចិត្តោ ខីលជាតោ ។ យោ សោ អាវុសោ ភិក្ខុ សព្រហ្មចារីសុ កុបិតោ ហោតិ អនត្តមនោ អាហតចិត្តោ ខីលជាតោ តស្ស ចិត្តំ ន នមតិ អាតប្បាយ អនុយោគាយ សាតច្ចាយ បធានាយ យស្ស ចិត្តំ ន នមតិ អាតប្បាយ អនុយោគាយ សាតច្ចាយ បធានាយ អយំ បញ្ចមោ ចេតោខីលោ ។
ភិក្ខុក្រោធ អាក់អន់ចិត្ត មានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មានចិត្តរឹងត្អឹងក្នុងសព្រហ្មចារីបុគ្គលទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណាជាបុគ្គលក្រោធ អាក់អន់ចិត្ត មានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មានចិត្តរឹងត្អឹង ក្នុងសព្រហ្មចារីបុគ្គលទាំងឡាយ ចិត្តរបស់ភិក្ខុនោះ រមែងមិនឱនទៅ ដើម្បីព្យាយាមដុតកម្ដៅកិលេស ដើម្បីព្យាយាមជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ ចិត្តរបស់ភិក្ខុណា មិនឱនទៅ ដើម្បីព្យាយាមដុតកម្ដៅកិលេស ដើម្បីព្យាយាមជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ នេះជាសេចក្ដីរឹងត្អឹងនៃចិត្តទី ៥ របស់ភិក្ខុនោះ ។
( បិដកលេខ ១៩ ទំព័រ ១៨២-៨៤ )
អធិប្បាយ
ពាក្យថា ចេតោខីលា ( សេចក្ដីរឹងត្អឹងរបស់ចិត្ត ) សេចក្ដីថា ភាវៈនៃចិត្តដែលរឹងត្អឹង ។ ពាក្យថា សត្ថរិ កង្ខតិ ( សង្ស័យក្នុងព្រះសាស្ដា ) សេចក្ដីថា រមែងសង្ស័យក្នុងព្រះសរីរៈ ឬក្នុងព្រះគុណរបស់ព្រះសាស្ដា ។ កាលសង្ស័យក្នុងព្រះសរីរៈ រមែងសង្ស័យថា “ដែលឈ្មោះថា សរីរៈដែលប្រកបដោយមហាបុរិសលក្ខណៈដ៏ប្រសើរ ៣២ ប្រការ មានឬទេហ្ន៎?” សង្ស័យក្នុងព្រះគុណ រមែងសង្ស័យថា “សព្វញ្ញុតញ្ញាណដែលអាចដឹងអតីត អនាគត និងបច្ចុប្បន្ន មានឬទេហ្ន៎?” ។ ពាក្យថា អាតប្បាយ ( ដើម្បីព្យាយាមដុតកម្ដៅកិលេស ) សេចក្ដីថា ដើម្បីបំពេញសេចក្ដីព្យាយាម ។ ពាក្យថា អនុយោគាយ ( ដើម្បីព្យាយាមជាគ្រឿងប្រកបរឿយៗ ) សេចក្ដីថា ដោយការប្រកបរឿយៗ ។ ពាក្យថា សាតច្ចាយ ( ដើម្បីព្យាយាមជាប់តទៅ ) សេចក្ដីថា ដោយធ្វើជាប់មិនដាច់ ។ ពាក្យថា បធានាយ ( ដើម្បីព្យាយាម ) សេចក្ដីថា ដើម្បីការតាំងទុក ។ ពាក្យថា អយំ បឋមោ ចេតោខីលោ ( នេះជាសេចក្ដីរឹងត្អឹងនៃចិត្តទី ១ ) នេះ សេចក្ដីថា ភាវៈនៃចិត្តរឹងត្អឹង ពោលគឺសេចក្ដីសង្ស័យ ក្នុងព្រះសាស្ដា នេះជាខដំបូង ។
ពាក្យថា ធម្មេ ( ក្នុងព្រះធម៌ ) សេចក្ដីថា ក្នុងបរិយត្តិធម៌ និងបដិវេធធម៌ ។ បុគ្គលកាលសង្ស័យក្នុងបរិយត្តិធម៌ រមែងសង្ស័យថា “ជនទាំងឡាយ នាំគ្នានិយាយថា ព្រះពុទ្ធវចនៈគឺព្រះត្រៃបិដក មាន ៨៤,០០០ ព្រះធម្មក្ខន្ធ ព្រះពុទ្ធវចនៈនោះមានឬទេហ្ន៎?” ។ កាលសង្ស័យក្នុងបដិវេធធម៌ រមែងសង្ស័យថា “ជនទាំងឡាយ នាំគ្នានិយាយថា ផលរបស់វិបស្សនា ឈ្មោះថា មគ្គ ផលរបស់មគ្គ ឈ្មោះថា ផល ការលះសង្ខារទាំងពួងបាន ឈ្មោះថា និព្វាន និព្វាននោះមានឬទេហ្ន៎?” ។ ពាក្យថា សង្ឃេ កង្ខតិ ( រមែងសង្ស័យក្នុងព្រះសង្ឃ ) សេចក្ដីថា រមែងសង្ស័យថា “ប្រជុំនៃបុគ្គលអ្នកបដិបត្តិបដិបទាយ៉ាងនេះ ដោយអំណាចនៃបទជាដើមថា ឧជុបដិបន្នោ មាន ៨ ពួក គឺ ភិក្ខុតាំងនៅក្នុងមគ្គ ៤ ភិក្ខុតាំងនៅក្នុងផល ៤ ឈ្មោះថា ព្រះសង្ឃ ៗ នោះ មានឬទេហ្ន៎?” ។ កាលសង្ស័យក្នុងសិក្ខា រមែងសង្ស័យថា “ជនទាំងឡាយ នាំគ្នានិយាយថា ឈ្មោះថា អធិសីលសិក្ខា ឈ្មោះថា អធិចិត្តសិក្ខា ឈ្មោះថា អធិប្បញ្ញាសិក្ខា សិក្ខានោះមានឬទេហ្ន៎?” ។ ពាក្យថា អយំ បញ្ចមោ ( នេះជាខទី ៥ ) នេះ សេចក្ដីថា ភាវៈនៃចិត្តរឹងត្អឹង ភាវៈនៃចិត្តដូចជាគំនរសំរាម ភាវៈនៃចិត្តដូចជាដង្គត់ ពោលគឺសេចក្ដីក្រោធខឹងក្នុងព្រហ្មចារីទាំងឡាយ នេះជាខទី ៥ ៕