តីណាធិបតេយ្យានិ អធិបតេយ្យ ៣ យ៉ាង គឺ៖
១. អត្តាធិបតេយ្យំ អត្តាធិបតេយ្យ [ ការធ្វើខ្លួនឲ្យជាធំហើយមិនធ្វើបាប ]
២. លោកាធិបតេយ្យំ លោកាធិបតេយ្យ [ ការធ្វើលោកឲ្យជាធំហើយមិនធ្វើបាប ]
៣. ធម្មាធិបតេយ្យំ ធម្មាធិបតេយ្យ [ ការធ្វើលោកុត្តរធម៌ឲ្យជាធំហើយមិនធ្វើបាប ]
( បិដកលេខ ១៩ ទំព័រ ១៤៤ )
អធិប្បាយ
គប្បីជ្រាបវិនិច្ឆ័យក្នុងអធិបតេយ្យ ( ភាពជាធំ ) ដូចតទៅ៖
គុណជាតិដែលមកហើយចាកភាពជាធំ ឈ្មោះថា អាធិបតេយ្យ ( អធិបតិតោ អាគតំ អាធិបតេយ្យំ ) ។ ការធ្វើខ្លួនឲ្យជាធំ គឺឲ្យជាប្រមុខ យ៉ាងនេះថា អាត្មាអញជាអ្នកមានសីល សមាធិ បញ្ញា វិមុត្តិ មានប្រមាណប៉ុណ្ណេះ ការនោះ ( អំពើបាប ) មិនសមគួរដល់អាត្មាអញ ដូច្នេះហើយ មិនធ្វើអំពើអាក្រក់ ឈ្មោះថា អត្តាធិបតេយ្យ ។
ការធ្វើនូវលោកឲ្យជាធំហើយ មិនធ្វើអំពើអាក្រក់ ឈ្មោះថា លោកាធិបតេយ្យ ។ ការធ្វើលោកុត្តរធម៌ឲ្យជាធំហើយ មិនធ្វើអំពើអាក្រក់ ឈ្មោះថា ធម្មាធិបតេយ្យ ។