តយោ មទា សេចក្តីស្រវឹង ៣ យ៉ាង គឺ៖
១. អារោគ្យមទោ ស្រវឹងដោយការមិនមានរោគ
២. យោព្វនមទោ ស្រវឹងដោយវ័យ
៣. ជាតិមទោ ស្រវឹងដោយជាតិត្រកូល [ ក្នុងអដ្ឋកថា៖ ជីវិតមទោ ស្រវឹងក្នុងជីវិត ]
( បិដកលេខ ១៩ ទំព័រ ១៤៤ )
អធិប្បាយ
បទថា មទា ប្រែថា ប្រព្រឹត្តទៅដោយអំណាចនៃអាការស្រវឹង ។ ក្នុងសេចក្តីស្រវឹងទាំងនោះ ការមានមានះយ៉ាងនេះថា អញជាមនុស្សដែលមិនមានរោគ តាំងពី ៦០ ឬ ៧០ ឆ្នាំកន្លងមកហើយ សូម្បីតែចំណិតផ្លែសម៉ក៏អញមិនដែលទំពាស៊ី ចំណែកជនដទៃដើរនិយាយយ៉ាងនេះថា ទីឯណោះ ត្រូវរោគបៀតបៀន អ្នកទាំងឡាយ ចូរលេបថ្នាំ ជនណាហ្ន៎ ឈ្មោះថា មិនមានរោគដូចជាអាត្មាអញសោត ដូច្នេះ ឈ្មោះថា ស្រវឹងដោយការមិនមានរោគ ។
ការនៅក្នុងវ័យកំលោះក្រមុំ ហើយមានមានះយ៉ាងនេះថា ពួកយើងនឹងធ្វើបុណ្យក្នុងវ័យចាស់ជរា ពេលនេះពួកយើងជាកំលោះក្រមុំនៅឡើយ ដូច្នេះ ឈ្មោះថា ស្រវឹងក្នុងវ័យជាកំលោះក្រមុំ ។
ការមានមានះយ៉ាងនេះថា អាត្មាអញរស់នៅយូរហើយ នឹងរស់នៅយូរអង្វែងតទៅទៀត រស់នៅជាសុខមកហើយ កំពុងរស់នៅជាសុខ នឹងរស់នៅជាសុខ ( តទៅទៀត ) ដូច្នេះ ឈ្មោះថា ស្រវឹងក្នុងជីវិត ។