តីណិ បុញ្ញកិរិយាវត្ថូនិ បុញ្ញកិរិយាវត្ថុ ៣ គឺ៖
១. ទានមយំ បុញ្ញកិរិយាវត្ថុ បុញ្ញកិរិយាវត្ថុសម្រេចដោយទាន
២. សីលមយំ បុញ្ញកិរិយាវត្ថុ បុញ្ញកិរិយាវត្ថុសម្រេចដោយសីល
៣. ភាវនាមយំ បុញ្ញកិរិយាវត្ថុ បុញ្ញកិរិយាវត្ថុសម្រេចដោយភាវនា
( បិដកលេខ ១៩ ទំព័រ ១៤០ )
អធិប្បាយ
គប្បីជ្រាបវិនិច្ឆ័យក្នុងបុញ្ញកិរិយាវត្ថុដូចតទៅនេះ៖
ទាននុ៎ះឯង ឈ្មោះថា ទានមយ ។ ការធ្វើបុណ្យនោះផង វត្ថុ ( គឺទីតាំង ) នៃបុញ្ញានិសង្សទាំងនោះផង ហេតុនោះ ទើបឈ្មោះថា បុញ្ញកិរិយាវត្ថុ ( ហេតុជាទីតាំងនៃបុណ្យ ) សូម្បីក្នុងបុញ្ញកិរិយាវត្ថុដទៃទៀត ក៏មានន័យនេះដូចគ្នា ។ តែដោយអត្ថ គប្បីជ្រាបបុញ្ញកិរិយាវត្ថុទាំង ៣ យ៉ាងនេះ ព្រមទាំងបុព្វភាគចេតនា ( ការតាំងចិត្តមុននឹងធ្វើ ) និងអបរភាគចេតនា ( ការតាំងចិត្តក្រោយពីធ្វើហើយ ) ដោយអំណាចនៃចេតនាដែលសម្រេចដោយទានជាដើម ដែលបានពោលទុកហើយខាងដើម ។ និងក្នុងរឿងនេះ បុគ្គលធ្វើកម្មយ៉ាងណានីមួយ ដោយកាយ ចាប់តាំងពីបុព្វភាគចេតនា ក៏ចាត់ជាកាយកម្ម ។ កាលបន្លឺវាចាដែលមានសេចក្តីយ៉ាងនោះ ចាត់ជាវចីកម្ម ។ កាលមិនបានញ៉ាំងអង្គនៃកាយ និងអង្គនៃវាចាឲ្យកម្រើក គិតដោយចិត្ត
( តែម្យ៉ាង ) ក៏ចាត់ជាមនោកម្ម ម្យ៉ាងទៀត សម្រាប់អ្នកឲ្យទានវត្ថុមានបាយជាដើម ( ក្នុងវេលាដែលពោលថា ) ខ្ញុំឲ្យបាយជាទាន ជាដើមក្តី ក្នុងវេលាដែលរលឹកឃើញដល់ទានបារមីហើយ ឲ្យក្តី ចាត់ជាបុញ្ញកិរិយាវត្ថុ សម្រេចដោយទាន ។ តាំងនៅក្នុងវ័ត និងសីលហើយឲ្យ ចាត់ជាបុញ្ញកិរិយាវត្ថុសម្រេចដោយសីល ។ ផ្តើមពិចារណាដោយការអស់ទៅ សូន្យទៅហើយឲ្យ ចាត់ជាបុញ្ញកិរិយាវត្ថុ សម្រេចដោយភាវនា ។ បុញ្ញកិរិយាវត្ថុដទៃទៀត ៧ យ៉ាង គឺបុញ្ញកិរិយាវត្ថុដែលប្រកបដោយការគោរពកោតក្រែង ប្រកបដោយការខ្វល់ខ្វាយ ( ជួយធ្វើកិច្ចរបស់អ្នកដទៃ ) ការចែកចំណែកបុណ្យ ការអនុមោទនាចំណែកបុណ្យ ដែលសម្រេចដោយការសម្តែងធម៌ ដែលសម្រេចដោយការស្តាប់ធម៌ បុញ្ញកិរិយាវត្ថុគឺ សេចក្តីយល់ឃើញត្រូវ ដូច្នេះ ។ បណ្តាបុញ្ញកិរិយាវត្ថុទាំង ៧ នោះ ការគោរពកោតក្រែង គប្បីជ្រាបដោយអាការដូច ឃើញភិក្ខុជាថេរៈហើយ ក្រោកឡើង ទទួលបាត្រ ចីវរ ថ្វាយបង្គំ ប្រគេនផ្លូវជាដើម ។ ការខ្វល់ខ្វាយ គប្បីជ្រាបដោយការធ្វើវត្តបដិបត្តិដល់ព្រះភិក្ខុអ្នកចាស់ជាងខ្លួន ដោយការដែលឃើញភិក្ខុចូលស្រុកដើម្បីបិណ្ឌបាតហើយ កាន់បាត្រទៅបបួលដឹកនាំគេ ប្រមូលភិក្ខាក្នុងស្រុក និងដោយការបានស្តាប់ថា “ទៅយកបាត្ររបស់ពួកភិក្ខុមក” ដូច្នេះហើយ ប្រញាប់ទៅនាំបាត្រមកជាដើម ។ ការឲ្យចំណែកបុណ្យ គប្បីជ្រាបដោយការថ្វាយបច្ច័យ ៤ ហើយ ( តាំងចិត្តឧទ្ទិស ) ឲ្យប្រព្រឹត្តទៅថា “ចំណែកបុណ្យចូរមានដល់សព្វសត្វ” ។ ការអនុមោទនាចំណែកបុណ្យ គប្បីជ្រាបដោយការអនុមោទនាចំណែកបុណ្យដែលអ្នកដទៃឲ្យថា “សាធុ ប្រពៃណាស់” ។ ភិក្ខុមួយរូបតាំងនៅក្នុងសេចក្តីប្រាថ្នាថា “ជនទាំងឡាយនឹងស្គាល់យើងជាធម្មកថិក ដោយឧបាយយ៉ាងនេះ” ជាអ្នកធ្ងន់ក្នុងលាភ សម្តែងធម៌ ទង្វើនោះមិនមានផលច្រើនទេ ។ ភិក្ខុមួយរូបទៀត សម្តែងធម៌ដែលខ្លួនស្ទាត់ដល់ជនដទៃៗ ដោយមិនបានសង្ឃឹមផលតបស្នង នេះឈ្មោះថា បុញ្ញកិរិយាវត្ថុ សម្រេចដោយការសម្តែងធម៌ ។ បុគ្គលម្នាក់ កាលនឹងស្តាប់ធម៌ ក៏ស្តាប់ដោយបំណងថា “ជនទាំងឡាយ នឹងស្គាល់យើងថា ជាអ្នកមានសទ្ធាដោយអាការយ៉ាងនេះ” ទង្វើនោះមិនមានផលច្រើនទេ ។ បុគ្គលម្នាក់ ស្តាប់ធម៌ដោយចិត្តបង្អោនទៅរកប្រយោជន៍ថា “នឹងមានផលច្រើនដល់អាត្មាអញដោយអាការយ៉ាងនេះ” នេះឈ្មោះថា បុញ្ញកិរិយាវត្ថុ សម្រេចដោយការស្តាប់ធម៌ ចំណែកការធ្វើសេចក្តីយល់ឃើញត្រូវ ជាលក្ខណៈកំណត់សម្រាប់បុញ្ញកិរិយាវត្ថុគ្រប់យ៉ាង ។ តាមពិត ជនធ្វើបុណ្យយ៉ាងណានីមួយក៏ដោយ មានផលច្រើនបាន ក៏ដោយសេចក្តីយល់ឃើញត្រូវនុ៎ះឯង។ បុញ្ញកិរិយាវត្ថុទាំង ៧ យ៉ាងនេះ គប្បីជ្រាបថា សង្គ្រោះចូលនឹងបុញ្ញកិរិយាវត្ថុ ៣ យ៉ាងខាងដើម នុ៎ះឯង ដោយប្រការដូច្នេះ ។ ក្នុងទីនេះ ការគោរពកោតក្រែង និងការខ្វល់ខ្វាយ ( ជួយធ្វើកិច្ចរបស់អ្នកដទៃ ) សង្គ្រោះចូលក្នុងសីលមយបុញ្ញកិរិយាវត្ថុ, ការឲ្យចំណែកបុណ្យ និងការអនុមោទនាចំណែកបុណ្យ សង្គ្រោះចូលក្នុងទានមយបុញ្ញកិរិយាវត្ថុ, ការសម្តែងធម៌ និងការស្តាប់ធម៌ សង្គ្រោះចូលក្នុងភាវនាមយបុញ្ញកិរិយាវត្ថុ, ការយល់ឃើញត្រូវ សង្គ្រោះចូលក្នុងបុញ្ញកិរិយាវត្ថុទាំង ៣ ។