កាមាវចរកុសលចិត្តសូម្បីទាំងអស់ បណ្ឌិតគប្បីសម្ដែងដោយបុញ្ញកិរិយាវត្ថុ ១០ ប្រការ ។ សួរថា សម្ដែងយ៉ាងដូចម្ដេច? ឆ្លើយថា គប្បីសម្ដែងឈ្មោះបុញ្ញកិរិយាវត្ថុទាំង ១០ នេះ គឺ៖
១. ទានមយ បុញ្ញកិរិយាវត្ថុសម្រេចដោយទាន
២. សីលមយ បុញ្ញកិរិយាវត្ថុសម្រេចដោយសីល
៣. ភាវនាមយ បុញ្ញកិរិយាវត្ថុសម្រេចដោយភាវនា
៤. អបចិតិសហគត បុណ្យដែលសហគតៈដោយការឱនលំទោន
៥. វេយ្យាវច្ចសហគត បុណ្យដែលសហគតៈដោយការខ្វល់ខ្វាយ
៦. បត្តានុបទានមយ បុណ្យសម្រេចដោយការផ្សាយចំណែកបុណ្យ
៧. អព្ភានុមោទនមយ បុណ្យសម្រេចដោយការអនុមោទនា
៨. ទេសនាមយ បុណ្យសម្រេចដោយការសម្ដែងធម៌
៩. សវនមយ បុណ្យសម្រេចដោយការស្ដាប់ធម៌
១០. ទិដ្ឋុជុកម្ម បុណ្យដែលសម្រេចអំពីការយល់ត្រូវ
បណ្ដាបុញ្ញកិរិយាវត្ថុទាំងនោះ ទាននុ៎ះឯង ឈ្មោះថា ទានមយ ជាការធ្វើបុណ្យ ( បុញ្ញកិរិយា ) ការធ្វើបុណ្យនោះផង ជាវត្ថុ ( គឺទីតាំង ) នៃអានិសង្សទាំងឡាយនោះៗ ផង ព្រោះហេតុនោះ ទើបឈ្មោះថា បុញ្ញកិរិយាវត្ថុ ។ ក្នុងបុញ្ញកិរិយាវត្ថុដទៃទៀត ក៏មានន័យនេះដូចគ្នា ។
បណ្ដាបុញ្ញកិរិយាវត្ថុទាំងនោះ កាលបុគ្គលឱ្យបច្ច័យជាដើម ក្នុងបណ្ដាបច្ច័យ ៤ មានចីវរជាដើម ឬក្នុងបណ្ដាអារម្មណ៍ ៦ មានរូបជាដើម ឬទានវត្ថុ ១០ មានការឱ្យបាយជាដើមនោះ ចេតនាដែលប្រព្រឹត្តទៅក្នុងកាលទាំង ៣ គឺ ក្នុងកាលខាងដើម ១ ក្នុងការបរិច្ចាគ ១ ក្នុងការតាមរលឹកដោយចិត្តសោមនស្សក្នុងកាលជាខាងក្រោយ ១ ចាប់ផ្ដើមពីការកើតឡើងនៃបច្ច័យជាដើមនោះៗ ឈ្មោះថា ជាបុញ្ញកិរិយាវត្ថុសម្រេចដោយការឱ្យ ( ទានមយំ ) ។
ចេតនាដែលប្រព្រឹត្តទៅរបស់បុគ្គលអ្នកសមាទានសីល ៥ សីល ៨ ឬសីល ១០ ឬរបស់អ្នកដែលចូលទៅកាន់វិហារ ដោយគិតថា អញនឹងបួសក្ដី កំពុងបួសក្ដី ញ៉ាំងមនោរថឱ្យដល់ទីបំផុតហើយ រំពឹងថា យើងបួសហើយ ជាការល្អប្រសើរហ្ន៎ ដូច្នេះក្ដី អ្នកសង្រួមក្នុងបាតិមោក្ខក្ដី អ្នកពិចារណាបច្ច័យទាំងឡាយ មានចីវរជាដើមក្ដី អ្នកសង្រួមទ្វារមានចក្ខុទ្វារជាដើម ក្នុងរូបជាដើម ដែលមកកាន់គន្លងក្ដី អ្នកជម្រះអាជីវៈឱ្យបរិសុទ្ធក្ដី ឈ្មោះថា បុញ្ញកិរិយាវត្ថុ សម្រេចដោយសីល ( សីលមយំ ) ។
ចេតនាដែលប្រព្រឹត្តទៅរបស់បុគ្គលដែលពិចារណាអំពីចក្ខុ ដោយភាពជារបស់មិនទៀង ជាទុក្ខ ជាអនត្តា ពិចារណាសោត ។ល។ ពិចារណាមនៈ ។ល។ ពិចារណារូបទាំងឡាយ ។ល។ ពិចារណាធម៌ទាំងឡាយ ពិចារណាចក្ខុវិញ្ញាណ ។ល។ ពិចារណាមនោវិញ្ញាណ ពិចារណាចក្ខុសម្ផស្ស ។ល។ ពិចារណាមនោសម្ផស្ស ពិចារណាវេទនាដែលកើតអំពីចក្ខុសម្ផស្ស ។ល។ ពិចារណាវេទនាដែលកើតអំពីមនោសម្ផស្ស ពិចារណារូបសញ្ញា ។ល។ ពិចារណាជរាមរណៈ ដោយភាពជារបស់មិនទៀង ជាទុក្ខ ជាអនត្តា ដោយឧបាយនៃវិបស្សនា ( វិបស្សនាមគ្គេន ) ដែលព្រះសារីបុត្តត្ថេរពោលទុកក្នុងបដិសម្ភិទាមគ្គ ឬថាចេតនាសូម្បីទាំងអស់ដែលមិនដល់អប្បនាក្នុងអារម្មណ៍ ៣៨ ឈ្មោះថា បុញ្ញកិរិយាវត្ថុ សម្រេចដោយភាវនា ( ភាវនាមយំ ) ។
គប្បីជ្រាបបុញ្ញកិរិយាវត្ថុដែលសហគតៈដោយឃើញអ្នកធំហើយ ធ្វើការទទួលបដិសណ្ឋារៈ មានការទទួលបាត្រ ចីវរ ថ្វាយបង្គំ និងការឱ្យ ឬប្រគេនផ្លូវជាដើម ។
គប្បីជ្រាបបុញ្ញកិរិយាវត្ថុដែលសហគតៈដោយការខ្វល់ខ្វាយ ក្នុងកាលខ្វល់ខ្វាយតាមផ្លូវកាយ ដោយអំណាចការធ្វើវត្ត និងធ្វើវត្តបដិបត្តិដល់ភិក្ខុដែលចម្រើនជាងខ្លួនក្ដី ដោយឃើញភិក្ខុដែលចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត ហើយទទួលបាត្រ និមន្តឱ្យចូលទៅទទួលភិក្ខាក្នុងផ្ទះក្ដី ដោយបានឮពាក្យថា “អ្នកចូរទៅ ចូរនាំបាត្រមកប្រគេនភិក្ខុទាំងឡាយ” ហើយប្រញាប់ទៅនាំបាត្រមកឱ្យជាដើមក្ដី ។
កាលបុគ្គលឱ្យទាន ធ្វើការបូជាដោយរបស់ក្រអូបជាដើម ហើយឱ្យចំណែកបុណ្យថា “សូមចំណែកបុណ្យ ចូរមានដល់បុគ្គលឈ្មោះឯណោះ ឬថា សូមចំណែកបុណ្យចូរមានដល់សព្វសត្វទាំងឡាយ” ដូច្នេះ គប្បីជ្រាបថា ជាបុញ្ញកិរិយាវត្ថុដែលកើតអំពីការឱ្យចំណែកបុណ្យ ។
សួរថា ក៏កាលបុគ្គលឱ្យចំណែកបុណ្យនេះ បុណ្យរមែងមិនអស់ទៅទេឬ?
ឆ្លើយថា រមែងមិនអស់ទៅទេ ឧទាហរណ៍ដូចបុគ្គលអុជប្រទីបឱ្យភ្លឺតែមួយដួង ហើយក៏ញ៉ាំងប្រទីបមួយពាន់ដួង ឱ្យភ្លឺព្រោងព្រាតបាន ព្រោះប្រទីបមួយដួងនោះ នរណាៗ មិនអាចនិយាយបានថា ប្រទីបដួងដំបូងអស់ទៅហើយ ប៉ុន្តែពន្លឺនៃប្រទីបដួងក្រោយៗ ជាមួយនឹងប្រទីបដួងដំបូងរួមគ្នាហើយ ក៏ជាពន្លឺភ្លឺក្រៃលែងឡើង យ៉ាងណា កាលបុគ្គលឱ្យនូវចំណែកបុណ្យ ក៏យ៉ាងនោះដូចគ្នាដែរ ឈ្មោះថា បុណ្យទាំងឡាយនឹងថយចុះ រមែងមិនមាន គប្បីជ្រាបថា រមែងមានតែចម្រើនឡើងប៉ុណ្ណោះ ។
គប្បីជ្រាបបុញ្ញកិរិយាវត្ថុ ដែលកើតអំពីការអនុមោទនា ដោយអំណាចនៃការអនុមោទនាចំណែកបុណ្យ ដែលបុគ្គលដទៃឱ្យហើយ ឬដោយបុញ្ញកិរិយាវត្ថុដទៃៗ ដោយការបន្លឺថា សាធុ ( ល្អ ) សុដ្ឋុ ( ប្រពៃ ) ដូច្នេះ ។
ភិក្ខុមួយរូប តាំងនៅក្នុងសេចក្ដីប្រាថ្នាចង់បាន ដោយគិតថា ជនទាំងឡាយនឹងស្គាល់អញថា ជាធម្មកថិក ដូច្នេះ ហើយជាអ្នកធ្ងន់ក្នុងលាភ សម្ដែងធម៌ ការសម្ដែងធម៌នោះមិនមានផលច្រើនទេ ។ ចំណែកភិក្ខុមួយរូប មិនប្រាថ្នាផលតបស្នង សម្ដែងធម៌ដែលខ្លួនជំនាញដល់ជនទាំងនោះ ដោយឧបាយដែលនឹងឱ្យដល់វិមុត្តិ ការសម្ដែងនេះ ឈ្មោះថា បុញ្ញកិរិយាវត្ថុ សម្រេចដោយការសម្ដែង ( ទេសនាមយ ) ។
ភិក្ខុមួយរូប កាលស្ដាប់ធម៌ រមែងស្ដាប់ដោយគិតថា “ជនទាំងឡាយនឹងដឹងថា យើងជាអ្នកមានសទ្ធា” ការស្ដាប់នោះ មិនមានផលច្រើនទេ ។ ចំណែកភិក្ខុមួយរូប រមែងស្ដាប់ធម៌ ដោយចិត្តទោរទន់ ដោយការផ្សាយទៅនូវប្រយោជន៍ថា ផលច្រើននឹងមានដល់យើង ដោយអាការៈយ៉ាងនេះ ការស្ដាប់ធម៌នោះ ឈ្មោះថា បុញ្ញកិរិយាវត្ថុ សម្រេចដោយការស្ដាប់ ( សវនមយ ) ។
កាលបុគ្គលធ្វើសេចក្ដីយល់ឃើញត្រង់ ឈ្មោះថា បុញ្ញកិរិយាវត្ថុ ដែលកើតអំពីការធ្វើសេចក្ដីយល់ឃើញឱ្យត្រង់ ។ តែអាចារ្យអ្នកពោលទីឃនិកាយ ( ទីឃភាណកៈ ) ពោលថា ទិដ្ឋុជុកម្ម ជាលក្ខណនិយម ( គឺគ្រឿងសម្គាល់នៃសេចក្ដីបរិបូណ៌ ) របស់បុញ្ញកិរិយាវត្ថុទាំងអស់ ព្រោះថា កាលបុគ្គលនឹងធ្វើបុណ្យយ៉ាងណានីមួយ រមែងជាបុណ្យមានផលច្រើន ព្រោះសេចក្ដីយល់ឃើញត្រង់នុ៎ះឯង ដូច្នេះ ។
ក៏បណ្ដាបុញ្ញកិរិយាវត្ថុទាំងនោះ បុញ្ញកិរិយាវត្ថុដែលជាទានមយ រមែងកើតឡើងដល់បុគ្គលដែលកាលគិតថា យើងនឹងឱ្យទានមុន កាលបុគ្គលកំពុងឱ្យទាន បុញ្ញកិរិយាវត្ថុ ដែលជាទានមយក៏កើតឡើង កាលបុគ្គលពិចារណាថា ទានដែលយើងឱ្យហើយ ដូច្នេះ បុញ្ញកិរិយាវត្ថុដែលជាទានមយ ក៏កើតឡើង ធម្មតាបុញ្ញកិរិយាវត្ថុដែលជាទានមយ នឹងកើតមានបាន ក៏ព្រោះចេតនាទាំង ៣ គឺ បុព្វចេតនា មុញ្ចនចេតនា អបរចេតនា ឱ្យជាមួយគ្នា ។ សូម្បីសីលមយ ក៏រមែងកើតដល់បុគ្គលកាលគិតថា យើងនឹងបំពេញសីលមយ ក៏រមែងកើតឡើង ក្នុងវេលាដែលកំពុងបំពេញសីលឱ្យបរិបូណ៌ សីលមយ ក៏កើតឡើង កាលពិចារណាថា យើងបានបំពេញសីលហើយ សីលមយក៏រមែងកើតឡើង ធម្មតាបុញ្ញកិរិយាវត្ថុដែលជាសីលមយ នឹងកើតមានបាន ក៏ព្រោះចេតនាទាំងអស់នោះ ក៏ជាមួយគ្នា ។ល។ សូម្បីបុញ្ញកិរិយាវត្ថុ ដែលជាទិដ្ឋុជុកម្ម កាលកើតក៏រមែងកើតដល់បុគ្គលដែលគិតថា យើងនឹងធ្វើសេចក្ដីយល់ឃើញឱ្យត្រង់ ដូច្នេះ កាលបុគ្គលកំពុងធ្វើសេចក្ដីយល់ឃើញឱ្យត្រង់ ទិដ្ឋុជុកម្មក៏រមែងកើតឡើង កាលបុគ្គលពិចារណាថា សេចក្ដីយល់ឃើញដែលយើងធ្វើឱ្យត្រង់ហើយ ដូច្នេះ ទិដ្ឋុជុកម្មក៏រមែងកើតឡើង ធម្មតាបុញ្ញកិរិយាវត្ថុដែលជាទិដ្ឋុជុកម្ម នឹងកើតមានបាន ក៏ព្រោះចេតនាទាំងអស់នោះ ឱ្យជាមួយគ្នា ក៏បុញ្ញកិរិយាវត្ថុក្នុងព្រះសូត្រ មានត្រឹមតែ ៣ ប៉ុណ្ណោះ ។
គប្បីជ្រាបការសង្គ្រោះបុញ្ញកិរិយាវត្ថុក្រៅពីនេះ ចូលក្នុងបុញ្ញកិរិយាវត្ថុទាំង ៣ នោះ ពិតមែន ការប្រព្រឹត្តឱនលំទោន និងការខ្វល់ខ្វាយ រមែងសង្គ្រោះជាសីលមយប៉ុណ្ណោះ ។ ការឱ្យចំណែកបុណ្យ និងការអនុមោទនាចំណែកបុណ្យសង្គ្រោះចូលក្នុងទានមយ ។ ការសម្ដែងធម៌ ការស្ដាប់ និងទិដ្ឋុជុកម្ម សង្គ្រោះចូលក្នុងភាវនាមយ ចំណែកជនទាំងឡាយណាពោលថា ទិដ្ឋុជុកម្មជាលក្ខណៈនៃសេចក្ដីបរិបូណ៌ជាងបុញ្ញកិរិយាវត្ថុទាំងអស់ ទិដ្ឋុជុកម្មរបស់ជនទាំងឡាយនោះ រមែងដល់ការសង្គ្រោះចូលក្នុងបុញ្ញកិរិយាវត្ថុទាំង ៣ ។ បុញ្ញកិរិយាវត្ថុទាំងអស់នេះ ដោយសង្ខេបមាន ៣ ដោយពិស្ដារមាន ១០ ដោយប្រការដូច្នេះ ។
បណ្ដាបុញ្ញកិរិយាវត្ថុទាំងនោះ កាលបុគ្គលគិតថា យើងនឹងឱ្យទាន ដូច្នេះ រមែងគីតដោយកាមាវចរកុសលចិត្ត ៨ ដួង ដួងណាមួយដោយពិត ។ សូម្បីកាលឱ្យ ក៏រមែងឱ្យដោយកាមាវចរកុសលចិត្ត ៨ ដួង ដួងណាមួយនុ៎ះឯង សូម្បីកាលពិចារណាថា ទានដែលយើងឱ្យហើយ ដូច្នេះ ក៏រមែងពិចារណា ដោយកាមាវចរកុសលចិត្ត ៨ ដួង ដួងណាមួយដូចគ្នា សូម្បីកាលគិតថា យើងនឹងបំពេញសីលឱ្យបរិបូណ៌ ដូច្នេះ ក៏រមែងគិតដោយកាមាវចរកុសលចិត្ត ៨ ដួង ដួងណានីមួយនុ៎ះឯង សូម្បីកំពុងបំពេញសីល ក៏បំពេញដោយកាមាវចរកុសលចិត្ត ៨ ដួង ដួងណានីមួយនុ៎ះឯង សូម្បីពិចារណាថា សីលយើងបំពេញហើយ ក៏រមែងពិចារណាដោយកាមាវចរកុសលចិត្ត ៨ ដួង ដួងណានីមួយដូចគ្នា សូម្បីកាលគិតថា យើងនឹងចម្រើនភាវនា ដូច្នេះ ក៏រមែងពិចារណា ដោយកាមាវចរកុសលចិត្ត ៨ ដួង ដួងណានីមួយនុ៎ះឯង សូម្បីកាលចម្រើនភាវនា ក៏រមែងចម្រើនភាវនា ក៏រមែងចម្រើនដោយកាមាវចរកុសលចិត្ត ៨ ដួង ដួងណានីមួយនុ៎ះឯង សូម្បីកាលពិចារណាថា ភាវនាអាត្មាអញចម្រើនហើយ ដូច្នេះ ក៏រមែងពិចារណាដោយកាមាវចរកុសល ៨ ដួង ដួងណានីមួយដូចគ្នា ។
សូម្បីកាលគិតថា យើងនឹងធ្វើសេចក្ដីឱនលំទោនចំពោះអ្នកធំ ក៏រមែងគិតដោយកាមាវចរកុសលចិត្ត ៨ ដួង ដួងណានីមួយនុ៎ះឯង សូម្បីកាលនឹងធ្វើ ក៏រមែងធ្វើដោយកាមាវចរកុសលចិត្ត ៨ ដួងទាំងនោះ ដួងណានីមួយ សូម្បីកាលពិចារណាថា សេចក្ដីឱនលំទោន អាត្មាអញបានធ្វើហើយ ដូច្នេះ ក៏រមែងពិចារណាដោយកាមាវចរកុសលទាំង ៨ ដួងនោះ ដួងណាមួយ សូម្បីកាលគិតថា អាត្មាអញនឹងធ្វើកម្ម គឺការខ្វល់ខ្វាយតាមផ្លូវកាយ សូម្បីកាលនឹងធ្វើ សូម្បីកាលពិចារណាថា អាត្មាអញធ្វើការខ្វល់ខ្វាយហើយ ក៏រមែងពិចារណាដោយកាមាវចរកុសល ៨ ដួងនោះ ដួងណានីមួយ សូម្បីកាលគិតថា អាត្មាអញនឹងឱ្យចំណែកបុណ្យ ដូច្នេះ ក្នុងកាលកំពុងឱ្យ សូម្បីកាលពិចារណាថា ចំណែកបុណ្យដែលអាត្មាអញឱ្យហើយ សូម្បីគិតថា អាត្មាអញនឹងអនុមោទនាចំណែកបុណ្យ ឬកុសលដទៃទៀត ដូច្នេះ ក៏គិតដោយកាមាវចរកុសលចិត្តទាំង ៨ ដួងនោះ ដួងណានីមួយ សូម្បីកាលនឹងអនុមោទនា ក៏រមែងអនុមោទនាដោយកាមាវចរកុសលទាំង ៨ ដួងនោះ ដួងណានីមួយ សូម្បីកាលពិចារណាថា ពាក្យអនុមោទនា អាត្មាអញអនុមោទនាហើយ ដូច្នេះ ក៏រមែងពិចារណាដោយកាមាវចរកុសលទាំង ៨ ដួងនោះ ដួងណានីមួយ សូម្បីកាលគិតថា អញនឹងសម្ដែងធម៌ ក៏គិតដោយកាមាវចរកុសលទាំង ៨ ដួងនោះ ដួងណាមួយ សូម្បីកាលពិចារណាថា អញសម្ដែងហើយ ដូច្នេះ ក៏រមែងពិចារណាដោយកាមាវចរកុសលទាំង ៨ ដួងនោះ ដួងណានីមួយ សូម្បីកាលគិតថា អញនឹងស្ដាប់ធម៌ ដូច្នេះ ក៏រមែងគិតដោយកាមាវចរកុសលទាំង ៨ ដួងនោះ ដួងណានីមួយ សូម្បីកាលស្ដាប់ ក៏រមែងស្ដាប់ដោយកាមាវចរកុសលចិត្តទាំង ៨ នោះ ដួងណានីមួយ សូម្បីកាលពិចារណាថា អញស្ដាប់ធម៌ហើយ ដូច្នេះ ក៏រមែងពិចារណាដោយកាមាវចរកុសលទាំង ៨ ដួងនោះ ដួងណានីមួយ សូម្បីកាលគិតថា អញនឹងធ្វើទិដ្ឋិឱ្យត្រង់ ដូច្នេះ ក៏រមែងគិតដោយកាមាវចរកុសលចិត្តទាំង ៨ ដួងនោះ ដួងណានីមួយ ក៏កាលនឹងធ្វើសេចក្ដីយល់ឃើញឱ្យត្រង់ ក៏រមែងធ្វើដោយញាណសម្បយុត្ត ៤ ដួង ដួងណាមួយ កាលពិចារណាថា ទិដ្ឋិដ៏ត្រង់ អញធ្វើហើយ ដូច្នេះ ក៏រមែងពិចារណាដោយកាមាវចរកុសលចិត្តទាំង ៨ ដួងនោះ ដួងណានីមួយ ។
( អដ្ឋសាលិនី ចិត្តុប្បាទកណ្ឌវណ្ណនា )