តិស្សោ តណ្ហា តណ្ហា ៣ យ៉ាង គឺ៖
១. កាមតណ្ហា កាមតណ្ហា [ បានដល់តម្រេកដែលប្រព្រឹត្តទៅក្នុងកាមគុណទាំង ៥ ]
២. ភវតណ្ហា ភវតណ្ហា [ សេចក្តីអាល័យក្នុងឈាន ក្នុងរូបភព និងអរូបភព ឬតម្រេកប្រកបដោយសស្សតទិដ្ឋិ ]
៣. វិភវតណ្ហា វិភវតណ្ហា [ តម្រេកប្រកបដោយឧច្ឆេទទិដ្ឋិ ]
( បិដកលេខ ១៩ ទំព័រ ១៣៦ )
អធិប្បាយ
ពាក្យថា កាមតណ្ហា បានដល់ រាគៈដែលប្រកបដោយកាមគុណ ៥ ។ ចំណែករាគៈក្នុងរូបភព និងអរូបភព ចាត់ជាឈាននិកន្តិ ( ការជាប់ជំពាក់ក្នុងឈាន ), រាគៈដែលប្រកបដោយសស្សតទិដ្ឋិ គឺការប្រាថ្នាដោយអំណាចភព ឈ្មោះថា ភវតណ្ហា ។ រាគៈដែលប្រកបដោយឧច្ឆេទទិដ្ឋិ ឈ្មោះថា វិភវតណ្ហា ។ ម្យ៉ាងទៀត វៀរលែងតែតណ្ហា ២ យ៉ាងខាងក្រោយ ( គឺភវតណ្ហា និងវិភវតណ្ហា ) តណ្ហាដ៏សេស ឈ្មោះថា កាមតណ្ហា, សមដូចពាក្យដែលលោកពោលទុកថា “តត្ថ កតមា ភវតណ្ហា? ភវទិដ្ឋិសហគតោ រាគោ សារាគោ ចិត្តស្ស សារាគោ។ អយំ វុច្ចតិ ភវតណ្ហា។ តត្ថ កតមា វិភវតណ្ហា? ឧច្ឆេទទិដ្ឋិសហគតោ រាគោ សារាគោ ចិត្តស្ស សារាគោ, អយំ វុច្ចតិ វិភវតណ្ហា។ អវសេសា តណ្ហា កាមតណ្ហា បណ្តាតណ្ហាទាំងនោះ ភវតណ្ហា តើដូចម្តេច? គឺរាគៈដែលប្រកបដោយសស្សតទិដ្ឋិ, តម្រេកខ្លាំង តម្រេកខ្លាំងនៃចិត្ត នេះហៅថា ភវតណ្ហា, បណ្តាតណ្ហាទាំងនោះ វិភវតណ្ហា តើដូចម្តេច? គឺរាគៈដែលប្រកបដោយឧច្ឆេទទិដ្ឋិ, តម្រេក តម្រេកខ្លាំងនៃចិត្ត នេះហៅថា វិភវតណ្ហា ។ តណ្ហាដ៏សេស ឈ្មោះថា កាមតណ្ហា” គប្បីជ្រាបវិនិច្ឆ័យក្នុងកាមតណ្ហាជាដើមមួយពួកទៀត ។