ព្យសនៈ សេចក្ដីវិនាស មាន ៥ យ៉ាង គឺ
១. ញាតិព្យសនៈ សេចក្ដីវិនាសញាតិ
២. ភោគព្យសនៈ សេចក្ដីវិនាសភោគសម្បត្តិ
៣. រោគព្យសនៈ សេចក្ដីវិនាសព្រោះរោគ
៤. សីលព្យសនៈ សេចក្ដីវិនាសសីល
៥. ទិដ្ឋិព្យសនៈ សេចក្ដីវិនាសទិដ្ឋិ
ម្នាលអាវុសោទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្ដីស្លាប់ទៅ មិនទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែសេចក្ដីវិនាសញាតិក្ដី ព្រោះហេតុតែសេចក្ដីវិនាសភោគៈក្ដី ព្រោះហេតុតែសេចក្ដីវិនាសដោយរោគក្ដី ( នោះទេ ) ។
ម្នាលអាវុសោទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្ដីស្លាប់ទៅ ៗ កើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែសេចក្ដីវិនាសសីល ឬ ព្រោះហេតុតែសេចក្ដីវិនាសទិដ្ឋិ ។
( បិដកលេខ ១៩ ទំព័រ ១៧៦ )
អធិប្បាយ
ពាក្យថា ព្យសនៈ ព្រោះអត្ថថា វិនាស ។ អធិប្បាយថា ខូចខាត គឺកម្ចាត់បង់នូវប្រយោជន៍ សេចក្ដីចម្រើន និងសេចក្ដីសុខ ។ សេចក្ដីវិនាសនៃញាតិ ឈ្មោះថា ញាតិព្យសនៈ ។ អធិប្បាយថា បាត់បង់សាច់ញាតិ ព្រោះចោរភ័យ និងរោគភ័យជាដើម ។ សេចក្ដីវិនាសនៃភោគៈ ឈ្មោះថា ភោគព្យសនៈ ។ បានដល់ ការខូចខាតទ្រព្យសម្បត្តិ ដោយអំណាចព្រះរាជា និងចោរជាដើម ។ សេចក្ដីវិនាសព្រោះរោគ ឈ្មោះថា រោគព្យសនៈ ។ រោគរមែងទម្លាយ គឺធ្វើឱ្យភាពមិនមានរោគវិនាសទៅ ព្រោះហេតុនោះ ទើបឈ្មោះថា វិនាស ។ សេចក្ដីវិនាសសីល ឈ្មោះថា សីលព្យសនៈ ។ ពាក្យនេះជាឈ្មោះនៃភាពជាអ្នកទ្រុស្ដសីល ។ សេចក្ដីវិនាសទិដ្ឋិ ដែលកើតឡើងទម្លាយសម្មាទិដ្ឋិ ឈ្មោះថា ទិដ្ឋិព្យសនៈ ។ ក៏ក្នុងសេចក្ដីវិនាសទាំង ៥ យ៉ាងនេះ សេចក្ដីវិនាស ៣ យ៉ាង ខាងដើម មានសេចក្ដីវិនាសនៃញាតិជាដើម មិនមែនជាអកុសល ទាំងមិនទម្លាយលក្ខណៈ ៣ ទៀតផង ។ សេចក្ដីវិនាសសីល និងទិដ្ឋិទាំង ២ យ៉ាង ជាអកុសល មិនទម្លាយលក្ខណៈ ៣ ។ ព្រោះហេតុនោះនុ៎ះឯង លោកទើបពោលថា “ម្នាលអាវុសោទាំងឡាយ …ព្រោះហេតុតែសេចក្ដីវិនាសញាតិក្ដី” ៕