អភព្វដ្ឋាន ហេតុដែលមិនគួរ ៥ យ៉ាង គឺ
១. អភព្វោ អាវុសោ ខីណាសវោ ភិក្ខុ សញ្ចិច្ច បាណំ ជីវិតា វោរាបេតុំ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាខីណាស្រពមិនគួរ ដើម្បីក្លែងញ៉ាំងសត្វឱ្យធ្លាក់ចុះចាកជីវិត
២. អភព្វោ ខីណាសវោ ភិក្ខុ អទិន្នំ ថេយ្យសង្ខាតំ អាទាតុំ ភិក្ខុជាខីណាស្រពមិនគួរ ដើម្បីកាន់យកទ្រព្យដែលគេមិនឱ្យដោយចំណែកគឺចិត្តលួច
៣. អភព្វោ ខីណាសវោ ភិក្ខុ មេថុនំ ធម្មំ បដិសេវិតុំ ភិក្ខុជាខីណាស្រពមិនគួរ ដើម្បីសេពមេថុនធម្ម
៤. អភព្វោ ខីណាសវោ ភិក្ខុ សម្បជានមុសា ភាសិតុំ ភិក្ខុជាខីណាស្រពមិនគួរពោលសម្បជានមុសាវាទ
៥. អភព្វោ ខីណាសវោ ភិក្ខុ សន្និធិការកំ កាមេ បរិភុញ្ជិតុំ សេយ្យថាបិ បុព្វេ អាគារិកភូតោ ភិក្ខុជាខីណាស្រពមិនគួរបរិភោគនូវរបស់ដែលខ្លួនធ្វើសេចក្ដីសន្សំទុក និងកាមទាំងឡាយ ដូចកាលខ្លួននៅជាគ្រហស្ថក្នុងកាលពីដើម
( បិដកលេខ ១៩ ទំព័រ ១៧៥-៧៦ )
អធិប្បាយ
ពាក្យជាដើមថា អភព្វោ អាវុសោ ខីណាសវោ ភិក្ខុ សញ្ចិច្ច បាណំ ( ម្នាលអាវុសោទាំងឡាយ ភិក្ខុជាខីណាស្រពមិនគួរដើម្បីក្លែងញ៉ាំងសត្វ
[ ឱ្យធ្លាក់ចុះចាកជីវិត ] ) ជាប្រធាននៃទេសនាប៉ុណ្ណោះ ។ ទោះបីជាព្រះសោតាបន្នជាដើម ក៏មិនអាចក្លែងសម្លាប់សត្វ ។ លោកពោលទុកយ៉ាងនេះ ដើម្បីតិះដៀលបុថុជ្ជន លើកតម្កើងព្រះខីណាស្រព ។ ព្រោះបុថុជ្ជនជាមនុស្សថោកទាប រមែងធ្វើការសម្លាប់មាតាក៏បាន ។ ចំណែកព្រះខីណាស្រព ជាមនុស្សខ្ពង់ខ្ពស់ មិនសម្លាប់សូម្បីតែស្រមោចខ្មៅ ស្រមោចក្រហមជាដើម ៕