ឧបាទាន ធម្មជាតជាគ្រឿងប្រកាន់មាំ ៤ យ៉ាង គឺ
១. កាមុបាទាន កាមជាគ្រឿងប្រកាន់មាំ
២. ទិដ្ឋុបាទាន មិច្ឆាទិដ្ឋិជាគ្រឿងប្រកាន់មាំ
៣. សីលព្វតុបាទាន ការប្រកាន់មាំដោយសីល និងវ័ត
៤. អត្តវាទុបាទាន ការប្រកាន់មាំដោយពោលថាខ្លួន
( បិដកលេខ ១៩ ទំព័រ ១៦៧ )
អធិប្បាយ
ពាក្យថា ឧបាទាន បានដល់ ការប្រកាន់មាំ ។ តម្រេក ឈ្មោះថា កាម ។ កាមនោះនុ៎ះឯង ឈ្មោះថា កាមុបាទាន ព្រោះអត្ថថា ប្រកាន់ ដោយអត្ថថា ប្រកាន់មាំ ។ ពាក្យថា ទិដ្ឋិ សំដៅដល់ មិច្ឆាទិដ្ឋិ ។ ទិដ្ឋិក៏ឈ្មោះថា ទិដ្ឋុបាទាន ព្រោះអត្ថថា ប្រកាន់ ដោយអត្ថថា ប្រកាន់មាំ ។ ការប្រកាន់មាំក្នុងសីល និងវ័តយ៉ាងនេះថា “សេចក្ដីបរិសុទ្ធបានដោយសីល និងវ័តនេះ” ឈ្មោះថា សីលព្វតុបាទាន ។ ឈ្មោះថា អត្តវាទុបាទាន ព្រោះអត្ថថា ជាហេតុឱ្យហៅថា ខ្លួន និងជាហេតុនៃការប្រកាន់មាំ ៕