យោនិ កំណើត មាន ៤ យ៉ាង គឺ
១. អណ្ឌជយោនិ កំណើតរបស់សត្វដែលកើតក្នុងស៊ុត
២. ជលាពុជយោនិ កំណើតរបស់សត្វដែលកើតក្នុងទឹក
៣. សំសេទជយោនិ កំណើតរបស់សត្វដែលកើតក្នុងទីស្មោកគ្រោក
៤. ឱបបាតិកយោនិ កំណើតរបស់សត្វដែលអណ្ដែតទៅកើតភ្លាម
( បិដកលេខ ១៩ ទំព័រ ១៦៧ )
អធិប្បាយ
ពាក្យថា យោនិ ប្រែថា ចំណែក ។ ពួកសត្វដែលឈ្មោះថា អណ្ឌជ ព្រោះអត្ថថា កើតក្នុងស៊ុត ។ ឈ្មោះថា ជលាពុជ ព្រោះអត្ថថា កើតក្នុងគភ៌ ។ ឈ្មោះថា សំសេទជ ព្រោះអត្ថថា កើតក្នុងញើសក្អែល ។ ពាក្យថា សំសេទជ នេះ ជាឈ្មោះរបស់ពួកសត្វដែលកើតក្នុងទីសើម និងក្នុងទីស្មោកគ្រោក មានត្រីស្អុយ ជាដើម ។ ដែលឈ្មោះថា ឱបបាតិក ព្រោះអត្ថថា ដូចកើតឡើងដោយឆាប់រហ័ស ។
ក្នុងកំណើតទាំង ៤ នោះ មានសេចក្ដីផ្សេងគ្នារវាងសត្វកើតក្នុងញើសក្អែល និងសត្វដែលកើតផុសឡើងក្នុងទេវលោក និងមនុស្សលោក យ៉ាងនេះ៖ សត្វចំពូកសំសេទជ កើតមកមានខ្លួនតូចៗ សិន ។ សត្វចំពូកឱបបាតិក កើតមកប៉ុននឹងមនុស្សអាយុ ១៦ ឆ្នាំភ្លាម ។ ពិតមែន ក្នុងពួកមនុស្ស និងភុម្មទេវតា មានកំណើតគ្រប់ទាំង ៤ ។ មានសត្វតិរច្ឆាន ដូចជា គ្រុឌ និងនាគជាដើមផង ។
សមដូចព្រះតម្រាស់ដែលត្រាស់ទុក ( ក្នុងសំយុត្តនិកាយ ខន្ធវារវគ្គ ) ថា
“ម្នាលភិក្ខុទាំងឡាយ បណ្ដាគ្រុឌ និងនាគនោះ ពួកគ្រុឌដែលជាសត្វកើតចាកស៊ុត រមែងប្រហារពួកនាគ ដែលជាសត្វកើតចាកស៊ុតដូចគ្នា តែមិនអាចប្រហារសត្វចំពូកជលាពុជ ( សត្វកើតចាកគភ៌ ) សំសេទជ ( សត្វកើតពីញើសក្អែល ) ឱបបាតិក ( សត្វផុសមកកើត ) បានទេ” ។
ទេវតាជាន់ខ្ពស់ៗ ឡើងទៅ ចាប់ពីចាតុម្មហារាជិកា ចាត់ក្នុងចំពូកឱបបាតិក ទាំងអស់ ។ សត្វនរក ក៏ ( ជាឱបបាតិក ) ដូចគ្នា ។ ក្នុងពពួកប្រេត ក៏មានកំណើតគ្រប់ទាំង ៤ ៕