( អាធិបតេយ្យ ៣ )
( សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត អធិបតេយ្យសូត្រ លេខ ៤១ ទំព័រ ១១៣-១១៩ )
ម្នាលភិក្ខុទាំងឡាយ អាធិបតេយ្យ ( ភាពជាធំ ) នេះ មាន ៣ យ៉ាង ។ អាធិបតេយ្យ ៣ យ៉ាង តើអ្វីខ្លះ ។ គឺ អត្តាធិបតេយ្យ ១ លោកាធិបតេយ្យ ១ ធម្មាធិបតេយ្យ ១ ។
អត្តាធិបតេយ្យ
ម្នាលភិក្ខុទាំងឡាយ អត្តាធិបតេយ្យ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះនៅក្នុងព្រៃក្តី នៅជិតគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី រមែងពិចារណាឃើញច្បាស់យ៉ាងនេះថា អាត្មាអញមិនមែនចេញចាកផ្ទះមកបួស ព្រោះហេតុតែចីវរទេ មិនមែនព្រោះហេតុតែបិណ្ឌបាតទេ មិនមែនព្រោះហេតុតែសេនាសនៈទេ មិនមែនចេញចាកផ្ទះមកបួស ព្រោះហេតុតែភពតូចភពធំទេ [ សំដៅយករបស់ដែលថ្លៃថ្លាយ៉ាងល្មម និងថ្លៃថ្លាយ៉ាងវិសេស ] ក៏អាត្មាអញជាបុគ្គលដែលជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខទោមនស្ស ចង្អៀតចង្អល់ គ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ មានទុក្ខប្រព្រឹត្តទៅខាងមុខ ធ្វើម្តេចហ្ន៎ គប្បីធ្វើទីបំផុតគំនរទុក្ខទាំងអស់នេះ ឱ្យប្រាកដបាន ។ អាត្មាអញសោត បានលះបង់កាមបែបណាហើយ ចេញចាកផ្ទះមកបួស គប្បីស្វែងរកនូវកាមបែបនោះក្តី នូវអំពើអាក្រក់ខ្លាំងជាងកាមទាំងនោះក្តី ការនោះមិនសមគួរដល់អាត្មាអញទេ ។ ភិក្ខុនោះ តែងពិចារណាដូច្នេះថា អាត្មាអញនឹងប្រារព្ធព្យាយាមមិនឱ្យធូរថយ នឹងប្រុងស្មារតី មិនឱ្យវង្វេងភ្លាត់ឱ្យកាយ [ នាមកាយនិងករជកាយ ] ស្ងប់រម្ងាប់ មិនឱ្យរសាប់រសល់ ឱ្យចិត្តតម្កល់មាំមានអារម្មណ៍តែមួយ ។ ភិក្ខុនេះធ្វើខ្លួនឯងឱ្យជាអធិបតីហើយ រមែងលះបង់អកុសល ចម្រើនកុសល លះបង់អំពើដែលប្រកបដោយទោស ចម្រើនតែអំពើដែលមិនមានទោស រក្សាខ្លួនឱ្យស្អាត ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អត្តាធិបតេយ្យ ។
លោកាធិបតេយ្យ
ម្នាលភិក្ខុទាំងឡាយ លោកាធិបតេយ្យ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅជិតគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី រមែងពិចារណាដូច្នេះថា អាត្មាអញមិនមែនចេញចាកផ្ទះមកបួស ព្រោះហេតុតែចីវរទេ មិនមែនព្រោះហេតុតែបិណ្ឌបាតទេ មិនមែនព្រោះហេតុតែសេនាសនៈទេ មិនមែនចេញចាកផ្ទះមកបួស ព្រោះហេតុតែភពតូចភពធំទេ ក៏អាត្មាអញ ជាបុគ្គលដែលជាតិ ជរា មរណៈ សោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់គ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ មានសេចក្តីទុក្ខប្រព្រឹត្តទៅខាងមុខ ធ្វើដូចម្តេចហ្ន៎ គប្បិធ្វើទីបំផុតគំនរទុក្ខទាំងអស់នេះ ឱ្យប្រាកដបាន ។ អាត្មាអញ បួសយ៉ាងនេះហើយ ត្រិះរិះកាមវិតក្កក្តី ត្រិះរិះព្យាបាទវិតក្កក្តី ត្រិះរិះវិហឹសាវិតក្កក្តី លោកសន្និវាសនេះសោតក៏ធំ ទោះក្នុងលោកសន្និវាសធំមែន ក៏គង់មានសមណព្រាហ្មណ៍ជាអ្នកមានឫទ្ធិ មានទិព្វចក្ខុ ដឹងចិត្តបុគ្គលដទៃ ពួកសមណព្រាហ្មណ៍ទាំងនោះ រមែងឃើញអំពីចម្ងាយ ទោះនៅជិតក៏មិនប្រាកដ រមែងដឹងច្បាស់នូវចិត្តដោយចិត្ត ពួកសមណព្រាហ្មណ៍ទាំងនោះ គង់ដឹងអាត្មាអញយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន សូមអ្នកមើលកុលបុត្រនេះចេញចាកផ្ទះមកបួស ដោយសទ្ធាហើយ នៅតែច្របូកច្របល់ ដោយធម៌ជាអកុសលដ៏លាមក ។ ម្យ៉ាងទៀត គង់មានពួកទេវតាដែលមានឫទ្ធិ មានទិព្វចក្ខុ ដឹងចិត្តបុគ្គលដទៃ ពួកទេវតាទាំងនោះ តែងឃើញអំពីចម្ងាយ ទោះនៅជិតក៏មិនប្រាកដ រមែងដឹងច្បាស់នូវចិត្តដោយចិត្ត ពួកទេវតាទាំងនោះ គង់ដឹងអាត្មាអញយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន សូមអ្នកមើលកុលបុត្រនេះចេញចាកផ្ទះមកបួស ដោយសទ្ធាហើយ នៅតែច្របូកច្របល់ ដោយធម៌ជាអកុសលដ៏លាមក ។ ភិក្ខុនោះពិចារណាដូច្នេះថា អាត្មាអញនឹងប្រារព្ធព្យាយាម មិនឱ្យធូរថយ នឹងប្រុងសតិ មិនឱ្យវង្វេងភ្លេច ឱ្យកាយស្ងប់រម្ងាប់ មិនឱ្យធូរថយ ឱ្យចិត្តតម្កល់មាំ មានអារម្មណ៍តែមួយ ។ លុះភិក្ខុនោះប្រារព្ធលោកឱ្យជាអធិបតីហើយ តែងលះបង់អកុសល ចម្រើនកុសល លះបង់អំពើដែលប្រកបដោយទោស ចម្រើនតែអំពើដែលមិនមានទោស រក្សាខ្លួនឱ្យស្អាត ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា លោកាធិបតេយ្យ ។
ធម្មាធិបតេយ្យ
ម្នាលភិក្ខុទាំងឡាយ ធម្មាធិបតេយ្យ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅជិតគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី តែងពិចារណាដូច្នេះថា អាត្មាអញមិនមែនចេញចាកផ្ទះមកបួស ព្រោះហេតុតែចីវរទេ មិនមែនព្រោះហេតុតែបិណ្ឌបាតទេ មិនមែនព្រោះហេតុតែសេនាសនៈទេ មិនមែនចេញចាកផ្ទះមកបួស ព្រោះហេតុតែភពតូចភពធំទេ ក៏អាត្មាអញជាបុគ្គលដែលជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ គ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ មានទុក្ខប្រព្រឹត្តទៅខាងមុខ ធ្វើម្ដេចហ្ន៎ គប្បីធ្វើទីបំផុតគំនរទុក្ខទាំងអស់នេះឱ្យប្រាកដបាន ។ ធម៌ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ល្អហើយ ជាធម៌ដែលអរិយបុគ្គលឃើញច្បាស់ដោយខ្លួនឯង ឱ្យផលមិនរង់ចាំកាល គួរនឹងហៅបុគ្គលដទៃឱ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនគប្បីដឹងច្បាស់ចំពោះខ្លួន ។ គង់មានសព្រហ្មចារីបុគ្គលដឹង ឬឃើញដែរ ។ អាត្មាអញបួសក្នុងធម៌វិន័យ ដែលព្រះមានព្រះភាគ ទ្រង់សម្តែងល្អហើយយ៉ាងនេះត្រឡាំង ទៅជាអ្នកខ្ជិលប្រហែសធ្វេស ហេតុនោះមិនសមគួរទេ ។ ភិក្ខុនោះតែងពិចារណាដូច្នេះថា អាត្មាអញនឹងប្រារព្ធព្យាយាម មិនឱ្យធូរថយ នឹងប្រុងស្មារតី មិនឱ្យវង្វេងភ្លេច ឱ្យកាយស្ងប់រម្ងាប់ មិនឱ្យរសាប់រសល់ ឱ្យចិត្តតម្កល់មាំ មានអារម្មណ៍តែមួយ ។ ភិក្ខុនោះ ប្រារព្ធធម៌ហ្នឹងឯងឱ្យជាអធិបតី ហើយលះបង់អកុសល ចម្រើនតែកុសល លះបង់អំពើប្រកបដោយទោស ចម្រើនអំពើដែលមិនមានទោស រក្សាខ្លួនឱ្យស្អាត ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម្មាធិបតេយ្យ ។
ម្នាលភិក្ខុទាំងឡាយ អាធិបតេយ្យ មាន ៣ យ៉ាងនេះឯង ។
នត្ថិ លោកេ រហោ នាម
បាបកម្មំ បកុព្វតោ
អត្តា តេ បុរិស ជានាតិ
សច្ចំ វា យទិ វា មុសា
កល្យាណំ វត ភោ សក្ខិ
អត្តានំ អតិមញ្ញសិ
យោ សន្តំ អត្តនី បាបំ
អថ នំ បរិគូហសិ
បស្សន្តិ ទេវា ច តថាគតា ច
លោកស្មឹ ពាលំ វិសមំ ចរន្តំ
តស្មា ហិ អត្តាធិបកោ សតោ ចរេ
លោកាធិបោ ច និបកោ ច ឈាយី
ធម្មាធិបោ ច អនុធម្មចារី
ន ហីយតិ សច្ចបរក្កមា មុនិ
បសយ្ហ មារំ អភិភុយ្យ អន្តកំ
យោ ច ផុសី ជាតិខយំ បធានវា
សោ តាទិសោ លោកវិទូ សុមេធោ
សព្វេសុ ធម្មេសុ អតម្មយោ មុនីតិ ។
ធម្មតាបុគ្គលអ្នកធ្វើអំពើអាក្រក់ ក្នុងលោក មិនដែលកំបាំងទេ ម្នាលបុរស ខ្លួនអ្នកឯង រមែងដឹងថាពិតឬមិនពិត ( ខ្លួនឯង ) ម្នាលអ្នកដ៏ចម្រើន អ្នកឯងជាសាក្សីចំពោះខ្លួនយ៉ាងល្អ អ្នកឯងផ្ទញ់ផ្ទាល់ខ្លួនឯង បើអ្នកឯងបិទបាំងអំពើអាក្រក់ ដែលមានក្នុងខ្លួននោះឯងហើយ ទេវតាទាំងឡាយ និងព្រះតថាគតទាំងឡាយ រមែងឃើញបុគ្គលពាល ដែលប្រព្រឹត្តខុសក្នុងលោក ហេតុនោះបុគ្គលត្រូវមានខ្លួនជាធំ ប្រុងស្មារតីប្រព្រឹត្តផង មានលោកជាធំ ទាំងមានប្រាជ្ញាចាស់ មានឈានផង មានធម៌ជាធំទាំងប្រព្រឹត្តតាមធម៌ផង ជាអ្នកប្រាជ្ញ មានព្យាយាមទៀងទាត់ រមែងមិនថោកថយ បុគ្គលណា មានព្យាយាមញាំញីគ្របសង្កត់មារជាអ្នកបំផ្លាញ រមែងសម្រេចនូវព្រះនិព្វានជាទីអស់ទៅនៃជាតិ បុគ្គលបែបនោះ ជាអ្នកជ្រាបច្បាស់នូវលោក មានប្រាជ្ញាល្អ ជាអ្នកប្រាជ្ញ មិនមានចំណង់ ក្នុងធម៌ទាំងអស់ ។
អដ្ឋកថាអធិបតេយ្យសូត្រ
អធិបតេយ្យកើតអំពីហេតុដ៏សំខាន់បំផុត ឈ្មោះថា អធិបតេយ្យ ។ ក្នុងបទថា អត្តាធិប-តេយ្យ ជាដើម ។ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ៖
គុណជាតដែលកើតដោយធ្វើខ្លួនឱ្យជាធំ ឈ្មោះថា អត្តាធិបតេយ្យ ។ គុណជាតដែលកើតដោយធ្វើសត្វលោកឱ្យជាធំ ឈ្មោះថា លោកាធិបតេយ្យ ។ គុណជាតដែលកើតដោយធ្វើលោកុត្តរធម៌ ៩ ឱ្យជាធំ ឈ្មោះថា ធម្មាធិបតេយ្យ ។
បទថា ឥតិភវោ ក្នុងពាក្យថា ន ឥតិភវាភវហេតុ ( មិនមែន [ ចេញចាកផ្ទះមកបួស ] ព្រោះហេតុតែភពតូចភពធំទេ ) សំដៅដល់ ខាងក្នុងអនាគតយ៉ាងនេះ ( អាត្មាអញចេញមកបួស ជាបុគ្គលមិនមានផ្ទះ ) មិនមែនព្រោះហេតុនៃភពក្នុងអនាគតនោះទេ ។ មិនមែនព្រោះហេតុនៃបច្ចុប្បន្នភពនោះទេ ។ បទថា ឱតិណ្ណោ ( គ្របសង្កត់ ) គឺ ជ្រៀតជ្រែក ។ ក៏ជាតិជ្រៀតជ្រែកនៅខាងក្នុងបុគ្គលណា បុគ្គលនោះ ឈ្មោះថា ត្រូវជាតិគ្របសង្កត់ ។ សូម្បីក្នុងជរាជាដើមក៏មានន័យនេះឯង ។ បទថា កេវលស្ស ទុក្ខក្ខន្ធស្ស បានដល់ កងនៃវដ្តទុក្ខទាំងអស់។ បទថា អន្តកិរិយា បញ្ញាយេថ ( គប្បីធ្វើទីបំផុត [ គំនរទុក្ខទាំងអស់នេះ ] ឱ្យប្រាកដបាន ) សេចក្តីថា ការធ្វើទីបំផុត គឺ ការធ្វើផ្លូវ ជុំវិញឱ្យដាច់ គប្បីប្រាកដ ។ ពាក្យថា ឱហាយ ប្រែថា លះបង់ ។ បទថា បាបិដ្ឋតរេ ប្រែថា ថោកថយជាង ។
បទថា អារទ្ធំ សេចក្តីថា ( សេចក្តីព្យាយាម ) ដែលផ្គងទុកហើយ គឺឱ្យបរិបូណ៌ហើយ និងឈ្មោះថា មិនធូរថយ ព្រោះប្រារព្ធហើយ ។ បទថា ឧបដ្ឋិតា ( ប្រុងស្មារតី ) សេចក្តីថា សតិឈ្មោះថា តាំងមាំ និងមិនវង្វេងភ្លេច ព្រោះតាំងមាំដោយអំណាចសតិបដ្ឋាន ៤ ។ បទថា បស្សទ្ធោ កាយោ ( ឱ្យកាយស្ងប់រម្ងាប់ ) សេចក្តីថា នាមកាយ និងករជកាយស្ងប់ គឺ មានសេចក្តីក្រវល់ក្រវាយរម្ងាប់ហើយ និងព្រោះរម្ងាប់ហើយ ទើបឈ្មោះថា មិនរសាប់រសល់ ។ បទថា សមាហិតំ ចិត្តំ ( ឱ្យចិត្តតម្កល់មាំ ) សេចក្តីថា ចិត្តដែលតាំងមាំដោយប្រពៃ គឺ តាំងទុកដោយល្អក្នុងអារម្មណ៍ ( និង ) ព្រោះតាំងទុកដោយប្រពៃនុ៎ះឯង ទើបឈ្មោះថា មានអារម្មណ៍តែមួយ ( ឯកគ្គំ ) ។
បទថា អធិបតឹ ករិត្វា ( ធ្វើឱ្យជាអធិបតី ) បានដល់ ធ្វើធម៌ឱ្យជាធំ ( សំខាន់ ) ។ បទថា សុទ្ធមត្តានំ បរិហរតិ ( រក្សាខ្លួនឱ្យបរិសុទ្ធ ) បានដល់ បរិហារ សេចក្តីថា បដិបត្តិ គឺ ឃុំគ្រងខ្លួនឱ្យបរិសុទ្ធ គឺ ឱ្យបរិសុទ្ធ ប្រាសចាកមន្ទិល ។ ក៏ភិក្ខុនេះឈ្មោះថា រក្សាខ្លួនឱ្យបរិសុទ្ធដោយអម រហូតដល់អរហត្តមគ្គ ។ ចំណែកភិក្ខុដែលបានសម្រេចអរហត្តផលហើយ ឈ្មោះថា រក្សាខ្លួនឱ្យបរិសុទ្ធដោយត្រង់ ។ បទទាំងឡាយមានបទថា ស្វាក្ខាតោ ជាដើម បានអធិប្បាយទុកដោយពិស្តារក្នុងវិសុទ្ធិមគ្គ ។
បទថា ជានំ បស្សំ វិហរន្តិ ( គង់មានសព្រហ្មចារីបុគ្គលដឹង ឬឃើញដែរ ) សេចក្តីថា មិត្តសព្រហ្មចារីទាំងឡាយដឹង ឬឃើញនូវធម៌នោះ ។ ក៏ក្នុងបទថា ឥមានិ ខោ ភិក្ខវេ តីណិ អធិបតេយ្យានិ ( ម្នាលភិក្ខុទាំងឡាយ អធិបតេយ្យមាន ៣ យ៉ាងនេះឯង ) នេះ មានសេចក្តីថា អធិបតេយ្យទាំង ៣ យ៉ាងនោះ ព្រះដ៏មានព្រះភាគត្រាស់ដោយឡែកពីគ្នា ទាំងលោកិយ ទាំងលោកុត្តរ ។
បទថា បកុព្វតោ សេចក្តីថា កាលធ្វើ ។ បទថា អត្តា តេ បុរិស ជានាតិ សច្ចំ វា យទិ វា មុសា សេចក្តីថា អ្នកធ្វើអំពើណាទុក អំពើនោះនឹងមានសភាពពិត ឬមានសភាពមិនពិតក៏ដោយ ខ្លួនអ្នកឯងរមែងដឹងនូវអំពើនោះ អ្នកសិក្សាគប្បីជ្រាបតាមហេតុ ។ ឈ្មោះថា ទីដែលកំបាំងសម្រាប់អ្នកធ្វើបាបកម្មមិនមានក្នុងលោក ។ បទថា កល្យាណំ ប្រែថា ល្អ ។ បទថា អតិមញ្ញសិ គឺ លោកជាសាក្សី ( គឺដឹងខ្លួនឯង ) ។ បទថា អថ នំ បរិគុយ្ហសិ សេចក្ដីថា លោកកាលព្យាយាមដោយគំនិតថា អញនឹងបិទបាំងទុកដោយសូម្បីតែខ្លួនឯងក៏មិនដឹង ។
បទថា អត្តាធិបកោ បានដល់ មានខ្លួនជាអធិបតី គឺ មានខ្លួនជាធំ ។ បទថា លោកាធិបោ បានដល់ មានលោកជាធំ ។ បទថា និបកោ ប្រែថា មានបញ្ញា ។ បទថា ឈាយី ប្រែថា កាលសម្លឹងពិនិត្យ ។ បទថា ធម្មាធិបោ បានដល់ មានធម៌ជាធំ ។ បទថា សច្ចបរក្កមោ បានដល់ មានសេចក្តីព្យាយាមទៀងទាត់ គឺ មានសេចក្តីព្យាយាមដោយពិតប្រាកដ ។ បទថា បសយ្ហ មារំ ប្រែថា គ្របសង្កត់មារ ។ បទថា អភិយ្យ អន្តកំ នេះជាវេវចនៈរបស់បទថា បសយ្ហ មារំ នោះនុ៎ះឯង ។
បទថា យោ ច ផុសី ជាតិក្ខយំ បធានវា សេចក្តីថា បុគ្គលណាមានប្រក្រតីសម្លឹងពិនិត្យ មានសេចក្តីព្យាយាមគ្របសង្កត់មារ ហើយពាល់ត្រូវនូវអរហត្តផលជាសភាវៈអស់ទៅនៃជាតិ ។ បទថា សោ តាទិសោ បានដល់ បុគ្គលបែបនោះ គឺ តាំងនៅដោយអាការយ៉ាងនោះ ។ បទថា លោកវិទូ គឺ ធ្វើលោក ៣ ឱ្យជាក់ច្បាស់ គឺ ឱ្យប្រាកដហើយ ។ បទថា សុមេធោ ប្រែថា អ្នកមានបញ្ញាល្អ ។ បទថា សព្វេសុ ធម្មេសុ អតម្មយោ មុនិ សេចក្តីថា មុនី គឺ ព្រះខីណាស្រព ឈ្មោះថា អតម្មយ ព្រោះមិនមានតម្មយ ពោលគឺតណ្ហាក្នុងធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ទាំងអស់ ។ មានពាក្យអធិប្បាយថា លោកមិនវិនាស មិនសូន្យទៅ ក្នុងកាលណានីមួយ ក្នុងទីណានីមួយឡើយ ។