ព្រះបរមសាស្តា កាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកមានភណ្ឌៈច្រើន ទើបត្រាស់ព្រះធម៌ទេសនានេះ មានពាក្យផ្តើមថា ហិរិឱត្តប្បសម្បន្នា ដូច្នេះ ។
រឿងរ៉ាវក្នុងបច្ចុប្បន្ន
បានឮថា កុដុម្ពិក៍ក្នុងក្រុងសាវត្ថីម្នាក់ កាលភរិយារបស់ខ្លួនធ្វើមរណកាលហើយ ក៏បានចូលបួស កុដុម្ពិក៍នោះកាលបួសហើយ បានឲ្យគេធ្វើបរិវេណ រោងភ្លើង និងបន្ទប់ដាក់សម្ភារៈ ធ្វើបន្ទប់ដាក់សម្ភារៈឲ្យពេញដោយទឹកដោះថ្លា និងអង្ករជាដើម សម្រាប់ខ្លួនហើយទើបបួស កាលបួសហើយ ឱ្យគេហៅអ្នកបម្រើរបស់ខ្លួនមក ចម្អិនអាហារតាមចំណង់ ហើយទើបបរិភោគ ថែមទាំងជាអ្នកបរិក្ខារច្រើន ក្នុងវេលាយប់ មានសំពត់ស្លៀក និងសំពត់ដណ្តប់មួយសម្រាប់ វេលាថ្ងៃ មានមួយសម្រាប់ទៀត ស្នាក់នៅខាងចុងបំផុតនៃវិហារ ។ ថ្ងៃមួយ កាលភិក្ខុនោះនាំចីវរ និងកម្រាលជាដើម យកមកហាលក្នុងបរិវេណ ភិក្ខុអ្នកនៅក្នុងជនបទជាច្រើនរូប ត្រាច់ចារិកតាមសេនាសនៈរហូតទៅដល់បរិវេណ ឃើញចីវរជាដើម ទើបសួរថា ចីវរជាដើមទាំងនោះ ជារបស់អង្គណា? ភិក្ខុនោះពោលថា អ្នកមានអាយុ របស់ខ្ញុំករុណា ។ ភិក្ខុទាំងនោះ សួរថា ចីវរក្តី ស្បង់នេះក្តី កម្រាលក្តី ទាំងអស់នេះជារបស់លោកមួយអង្គឯងប៉ុណ្ណោះឬ? ភិក្ខុនោះឆ្លើយថា ពិតមែនហើយ លោកម្ចាស់ វាជារបស់ខ្ញុំករុណាមួយអង្គឯងប៉ុណ្ណោះ ។ ភិក្ខុទាំងឡាយពោលថា លោកដ៏មានអាយុ ព្រះមានព្រះភាគទ្រង់អនុញ្ញាតត្រៃចីវរមិនមែនទេឬ លោកបួសក្នុងសាសនារបស់ព្រះពុទ្ធទ្រង់ប្រាថ្នាតិចយ៉ាងនេះ លោកបែរជាអ្នកមានបរិវារច្រើនយ៉ាងនេះ មក ពួកយើងនាំលោកទៅកាន់សម្នាក់របស់ព្រះទសពល ហើយបាននាំភិក្ខុនោះទៅកាន់សម្នាក់របស់ព្រះសាស្តា ពេលទតឃើញភិក្ខុនោះប៉ុណ្ណោះទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយនាំភិក្ខុអ្នកមិនមានសេចក្តីប្រាថ្នានោះមកហើយឬ? ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះមានភណ្ឌៈច្រើន មានបរិក្ខារច្រើន ព្រះអង្គ ។ ព្រះសាស្តាត្រាស់សួរថា ម្នាលភិក្ខុ បានឮថា អ្នកមានភណ្ឌៈច្រើនពិតមែនឬ? ភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពិតមែន ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ តើព្រោះហេតុអ្វី អ្នកទើបជាអ្នកមានភណ្ឌៈច្រើន តថាគតពោលសរសើរគុណនៃសេចក្តីប្រាថ្នាតិច សេចក្តីសន្ដោស សេចក្តីស្ងប់ស្ងាត់ និងការប្រារព្ធនូវសេចក្តីព្យាយាម មិនមែនឬ? ភិក្ខុនោះ បានស្តាប់ព្រះតម្រាស់របស់ព្រះសាស្តាហើយក៏ក្រោធខឹងថា ឥឡុវនេះ អញនឹងត្រាច់ទៅដោយទំនងនេះ ទើបចោលសំពត់ដណ្តប់ មានចីវរតែមួយផ្ទាំង ឈរនៅកណ្តាលបរិស័ទ ។ លំដាប់នោះ ព្រះសាស្តាកាលទ្រង់ដាស់តឿនភិក្ខុនោះទើបត្រាស់ថា ម្នាលភិក្ខុ ក្នុងកាលមុន គឺក្នុងកាលដែលអ្នកកើតជាអារក្សទឹកបានស្វែងរកហិរិ ឱត្តប្បៈ អ្នកកាលស្វែងរកហិរិ ឱត្តប្បៈ អស់ ១២ ឆ្នាំ កាលបើដូច្នោះ ព្រោះហេតុអ្វី ក្នុងកាលឥឡូវនេះ អ្នកបួសក្នុងព្រះពុទ្ធសាសនាដ៏ជាទីគោរពឲ្យត្រឡាំង បែរជាចោលសំពត់ដណ្តប់ក្នុងកណ្ដាលបរិស័ទ លះបង់ហិរិ ឱត្តប្បៈឈរនៅសោត? ភិក្ខុនោះបានស្តាប់ព្រះតម្រាស់របស់ព្រះសាស្តា បានញ៉ាំងហិរិ ឱត្តប្បៈឲ្យត្រឡប់តាំងឡើង ។ ទើបដណ្តប់ចីវរនោះហើយថ្វាយបង្គំព្រះសាស្តា អង្គុយក្នុងទីដ៏សមគួរ ភិក្ខុទាំងឡាយទូលអារាធនាព្រះមានព្រះភាគដើម្បីឲ្យទ្រង់ធ្វើរឿងនោះឲ្យជាក់ច្បាស់ ។ ព្រះមានព្រះភាគទ្រង់បានធ្វើហេតុដែលចន្លោះនៃភពបិទបាំងទុកឲ្យប្រាកដ ដូចតទៅនេះ៖
អតីតនិទាន
ក្នុងអតីតកាល មានព្រះរាជាមួយអង្គទ្រង់ព្រះនាមថា ព្រហ្មទត្ត ក្នុងនគរពារាណសី ក្នុងដែនកាសី ។ ក្នុងកាលនោះ ព្រះពោធិសត្វចាប់បដិសន្ធិក្នុងព្រះគភ៌របស់ព្រះអគ្គមហេសីនៃព្រះបាទព្រហ្មទត្តនោះ ។ កាលគម្រប់ទសមាស ព្រះនាងប្រសូតព្រះឱរស ។ ក្នុងថ្ងៃថ្វាយព្រះនាមព្រះឱរសនោះ ពពួកញាតិបានថ្វាយព្រះនាមថា មហិសសាសកុមារ ក្នុងកាលដែលព្រះកុមារទ្រង់រត់លេងបាន ព្រះឱរសអង្គដទៃក៏ប្រសូតមកដែរ ពពួកញាតិថ្វាយព្រះនាមព្រះឱរសនោះថា ចន្ទកុមារ ។ ក្នុងកាលដែលចន្ទកុមារនោះទ្រង់រត់លេងបាន ព្រះមាតារបស់ព្រះពោធិសត្វក៏សោយទិវង្គត ព្រះរាជាទ្រង់តែងតាំងស្នំដទៃទុកក្នុងតំណែងព្រះអគ្គមហេសី ។ ព្រះអគ្គមហេសីបានជាទីស្រឡាញ់ ជាទីប្រោសប្រាណរបស់ព្រះរាជា ។ ព្រះអគ្គមហេសីនោះទ្រង់អាស្រ័យការនៅរួមគ្នា ក៏ប្រសូតព្រះឱរសមួយអង្គ ។ ពពួកញាតិទាំងឡាយ បានដាក់ព្រះនាមថ្វាយព្រះឱរសនោះថា សុរិយកុមារ ។ ព្រះរាជាទ្រង់ទតឃើញព្រះឱរសហើយមានព្រះហឫទ័យត្រេកអរ ត្រាស់ថា នែនាងដ៏ចម្រើន យើងឲ្យពរដល់បុត្ររបស់នាង ។ ព្រះទេវីទ្រង់រក្សាទុក នឹងទទួលយកក្នុងវេលាដែលត្រូវការពរនុ៎ះ ។ កាលព្រះឱរសចម្រើនវ័យហើយ ព្រះនាងក្រាបទូលព្រះរាជាថា បពិត្រព្រះសម្មតិទេព ក្នុងកាលដែលព្រះឱរសរបស់ខ្ញុំព្រះអង្គប្រសូត ព្រះអង្គទ្រង់ប្រទានពរទុកមិនមែនឬ សូមព្រះអង្គទ្រង់ប្រទានរាជសម្បត្តិដល់ព្រះឱរសរបស់ខ្ញុំព្រះអង្គ ។ ព្រះរាជាទ្រង់ហាមថា ព្រះឱរសពីរព្រះអង្គរបស់យើង រុងរឿងដូចគំនរភ្លើង យើងមិនអាចឲ្យរាជសម្បត្តិដល់ឱរសរបស់នាងបានទេ ទ្រង់ឃើញនាងទូលអង្វរជារឿយៗ ទ្រង់ព្រះតម្រិះថា នាងនេះនឹងគិតធ្វើកម្មដ៏លាមកដល់ឱរសរបស់យើង ទើបឲ្យគេហៅព្រះឱរសទាំងពីរមកហើយត្រាស់ថា បាទាំងពីរ ក្នុងវេលាដែលសុរិយកុមារប្រសូត បិតាបានឲ្យពរគេ ឥឡូវនេះ មាតារបស់សុរិយកុមារនោះទូលសុំរាជសម្បត្តិ បិតាមិនប្រាថ្នានឹងឲ្យដល់សុរិយកុមារនោះ ធម្មតាមាតុគ្រាមជាមនុស្សលាមក នឹងគិតធ្វើតែកម្មដ៏លាមកដល់ពួកបុត្រ បាទាំងពីរត្រូវចូលទៅក្នុងព្រៃ ចាំពេលវេលាកន្លងផុតទៅ ចូរគ្រងរាជសម្បត្តិក្នុងនគរដែលជារបស់មាននៅក្នុងត្រកូល ហើយទ្រង់ព្រះកន្សែង ពិលាបសោយសោក ថើបសិរ្សបុត្រហើយទ្រង់បញ្ជូនទៅ ។ សុរិយកុមារទ្រង់លេងនៅត្រង់ព្រះលានហ្លួង ឃើញព្រះឱរសទាំងនោះថ្វាយបង្គំព្រះបិតាហើយចុះចាកប្រាសាទ ទ្រង់ឃើញហេតុនោះ ទើបគិតថា សូម្បីអញក៏នឹងទៅជាមួយនឹងម្ចាស់បងទាំងពីរ ទើបចេញទៅជាមួយព្រះឱរសទាំងពីរនោះឯង ព្រះឱរសទាំងនោះស្តេចយាងចូលទៅកាន់ព្រៃហិមពាន្ត ។
ព្រះពោធិសត្វគេចចេញពីផ្លូវ ប្រថាប់នៅក្បែរគល់ឈើ ហៅសុរិយកុមារថា ប្អូនសុរិយៈ ឯងចូរទៅកាន់ស្រះនោះ ងូត និងផឹកហើយ ចូរយកស្លឹកឈូកខ្ចប់ទឹកមក ដើម្បីយើងទាំងពីរ ក៏ស្រះនោះជាស្រះដែលមានអារក្សទឹកម្នាក់ ទទួលពរអំពីសំណាក់ស្តេចវេស្សវ័ណ ៗ ត្រាស់នឹងអារក្សទឹកនោះថា ឯងអាចស៊ីមនុស្សដែលចុះមកកាន់ស្រះនេះ វៀរលែងតែមនុស្សដែលចេះទេវធម៌ប៉ុណ្ណោះ ឯងមិនអាចស៊ីមនុស្សដែលមិនបានចុះ តាំងពីពេលនោះមក អារក្សទឹកនោះទើបសួរទេវធម៌នឹងមនុស្សដែលចុះស្រះនោះ ហើយស៊ីមនុស្សដែលមិនចេះទេវធម៌ លំដាប់នោះឯង សុរិយកុមារទៅកាន់ស្រះនោះមិនបានពិចារណា ហើយទើបចុះតែម្តង លំដាប់នោះ អារក្សទឹកនោះចាប់សុរិយកុមារនោះហើយសួរថា អ្នកឯងចេះទេវធម៌ដែរឬទេ? សុរិយកុមារនោះពោលថា អើ ខ្ញុំចេះ ព្រះចន្ទ និងព្រះអាទិត្យ ឈ្មោះថា ទេវធម៌ លំដាប់នោះ អារក្សទឹកនោះទើបពោលនឹងសុរិយកុមារនោះថា អ្នកឯងមិនចេះទេវធម៌ទេ ហើយទាញចូលទៅក្នុងលំនៅរបស់ខ្លួន ចំណែកព្រះពោធិសត្វឃើញសុរិយកុមារនោះទៅយូរពេក ទើបបញ្ជូនចន្ទកុមារទៅម្នាក់ទៀត សូម្បីអារក្សទឹកក៏ចាប់ចន្ទកុមារនោះហើយសួរថា អ្នកឯងចេះទេវធម៌ទេ? ចន្ទកុមារពោលថា អើ ខ្ញុំចេះ ទិសទាំង ៤ ឈ្មោះថា ទេវធម៌ អារក្សទឹកពោលថា អ្នកឯងមិនចេះទេវធម៌ទេ ហើយទាញចន្ទកុមារនោះទៅកាន់លំនៅរបស់ខ្លួនទៀត ។ កាលចន្ទកុមារទៅយូរពេក ព្រះពោធិសត្វគិតថា គ្រោះថ្នាក់ណានីមួយនឹងគប្បីកើតមានឡើង ទើបយាងទៅកាន់ស្រះនោះដោយព្រះអង្គឯង ឃើញស្នាមជើងរបស់ព្រះអនុជទាំងពីរអង្គ ទើបព្រះតម្រិះថា ស្រះនេះប្រាកដជាមានអារក្សទឹកហួងហែង ទើបបានឈរកាន់ព្រះខ័ន និងធ្នូ ។ អារក្សទឹកឃើញព្រះពោធិសត្វមិនចុះទឹក ទើបប្លែងភេទជាបុរសអ្នកធ្វើការក្នុងព្រៃ ពោលនឹងព្រះពោធិសត្វថា នែបុរសដ៏ចម្រើន អ្នកហត់នឿយដោយការធ្វើដំណើរតាមផ្លូវ ព្រោះហេតុអ្វី ទើបមិនចុះក្នុងស្រះនេះ ងូត ផឹក ទំពាក្រអៅឈូក ប្រដាប់កាយដោយផ្កាឈូកតាមសប្បាយ ព្រះពោធិសត្វឃើញដូច្នោះដឹងថា នេះជាយក្ស ទើបពោលថា “អ្នកឯងចាប់ប្អូនប្រុសរបស់យើងមកឬ?” អារក្សទឹកពោលថា “អើ ពិតមែន យើងចាប់មក” ព្រះពោធិសត្វសួរថា “ព្រោះហេតុអ្វី?” អារក្សទឹកពោលថា “យើងអាចចាប់មនុស្សដែលចុះមកកាន់ស្រះនេះ” ព្រះពោធិសត្វសួរថា “អ្នកអាចចាប់ទាំងអស់តែម្តងឬ?” អារក្សទឹកពោលថា “អាចចាប់បានទាំងអស់ លើកលែងតែអ្នកដែលចេះទេវធម៌” ។ ព្រះពោធិសត្វត្រាស់សួរថា “អ្នកមានសេចក្តីត្រូវការដោយទេវធម៌ឬ?” អារក្សទឹកពោលថា “អើ មានសេចក្តីត្រូវការ” ។ ព្រះពោធិសត្វត្រាស់ថា “កាលបើយ៉ាងនោះ យើងនឹងប្រាប់ទេវធម៌ដល់អ្នក” ។ អារក្សទឹកពោលថា “បើដូច្នោះ អ្នកចូរប្រាប់ យើងនឹងស្តាប់ទេវធម៌” ។ ព្រះពោធិសត្វត្រាស់ថា តែយើងមានខ្លួនស្មោកគ្រោក” យក្សទើបឱ្យព្រះពោធិសត្វងូតទឹក ឱ្យផឹកទឹក ឱ្យប្រដាប់ផ្កា ឱ្យលាបលនដោយគ្រឿងក្រអូប បានក្រាលបល្ល័ង្កកណ្ដាលបារាំដែលប្រដាប់តាក់តែងហើយ ។ ព្រះពោធិសត្វប្រថាប់អង្គុយលើអាសនៈ ឱ្យយក្សអង្គុយជិតព្រះបាទហើយត្រាស់ថា បើដូច្នោះ អ្នកចូរផ្ទៀងត្រចៀកស្តាប់ព្រះធម៌ដោយគោរព ហើយត្រាស់ព្រះគាថានេះថា៖
ហិរិឱត្តប្បសម្បន្នា សុក្កធម្មសមាហិតា
សន្តោ សប្បុរិសា លោកេ ទេវធម្មាតិ វុច្ចរេ ។
ពួកសប្បុរសជាអ្នកមានចិត្តស្ងប់រម្ងាប់ បរិបូណ៌ដោយហិរិ និងឱត្តប្បៈ តាំងមាំហើយក្នុងអាមិស លោកពោលថា មានទេវធម៌ ក្នុងលោក ។
( បិដកលេខ ៥៨ ទំព័រ ៣ )
បណ្តាបទទាំងនោះ បទថា ហិរិឱត្តប្បសម្បន្នា ប្រែថា អ្នកដែលប្រកបដោយហិរិ និងឱត្តប្ប ។ បណ្តាហិរិ និងឱត្តប្បទាំងឡាយនោះ ដែលឈ្មោះថា ហិរិ ព្រោះខ្មាសចំពោះកាយទុច្ចរិត ជាដើម ពាក្យថា ហិរិ នេះ ជាឈ្មោះនៃសេចក្តីខ្មាស ។ ដែលឈ្មោះថា ឱត្តប្ប ព្រោះខ្លាចចំពោះកាយទុច្ចរិតជាដើមនុ៎ះឯង ពាក្យថា ឱត្តប្ប នេះ ជាឈ្មោះនៃសេចក្ដីខ្លាចបាប ។ បណ្តាហិរិ និងឱត្តប្បនោះ ហិរិមានសមុដ្ឋានដែលតាំងឡើងខាងក្នុង ឱត្តប្បមានសមុដ្ឋានដែលតាំងឡើងខាងក្រៅ ។ ហិរិ មានខ្លួនជាធំ ( អត្តាធិបតេយ្យ ) ឱត្តប្បមានលោកជាធំ ( លោកាធិបតេយ្យ ) ហិរិតាំងនៅក្នងសភាវៈដែលគួរខ្មាស ឱត្តប្បតាំងនៅក្នុងសភាវៈដែលគួរខ្លាច ហិរិមានលក្ខណៈកោតក្រែង ឱត្តប្បមានលក្ខណៈឃើញទោស និងឃើញភ័យ។
បណ្តាហិរិ និងឱត្តប្បទាំងនោះ បុគ្គលរមែងញ៉ាំងហិរិដែលមានសមុដ្ឋានខាងក្នុង ឱ្យតាំងឡើងដោយហេតុ ៤ ប្រការ គឺ៖
១. ជាតឹ បច្ចវេក្ខិត្វា ព្រោះពិចារណាដល់ជាតិកំណើត
២. វយំ បច្ចវេក្ខិត្វា ពិចារណាដល់វ័យ
៣. សូរភាវំ បច្ចវេក្ខិត្វា ពិចារណាដល់ភាពជាអ្នកក្លាហាន
៤. ពាហុសច្ចំ បច្ចវេក្ខិត្វា ពិចារណាដល់ភាពជាពហូសូត
ហេតុទាំង ៤ ប្រការនោះ តើដូចម្តេច? បុគ្គលពិចារណាដល់ជាតិកំណើតយ៉ាងនេះថា “ដែលឈ្មោះថា ការធ្វើបាបនេះ មិនមែនជាកម្មរបស់អ្នកដែលបរិបូណ៌ដោយជាតិ ជាកម្មរបស់អ្នកមានជាតិកំណើតថោកទាបមានអ្នកនេសាទជាដើម បុគ្គលដែលបរិបូណ៌ដោយជាតិដូចជាអាត្មាអញមិនសមគួរនឹងធ្វើកម្មនេះ” ហើយមិនធ្វើបាបមានបាណាតិបាតជាដើម ឈ្មោះថា ញ៉ាំងហិរិឱ្យតាំងឡើង មួយទៀត បុគ្គលពិចារណាដល់វ័យយ៉ាងនេះថា “ឈ្មោះថាការធ្វើបាបនេះជាកម្មដែលពួកកំលោះៗ គប្បីធ្វើ កម្មនេះដែលមនុស្សតាំងនៅក្នុងវ័យដូចយើងមិនគួរធ្វើ” ហើយមិនធ្វើបាប មានបាណាតិបាតជាដើម ឈ្មោះថា ញ៉ាំងហិរិឱ្យតាំងឡើង ម្យ៉ាងវិញទៀត បុគ្គលពិចារណាដល់ភាពជាអ្នកក្លាហានយ៉ាងនេះថា “ឈ្មោះថាការធ្វើបាបនេះ ជាកម្មរបស់មនុស្សដែលមានជាតិអន់ថយ កម្មនេះបុគ្គលដែលបរិបូណ៌ដោយភាពជាក្លៀវក្លាដូចយើង មិនគួរធ្វើឡើយ” ហើយមិនធ្វើបាបមានបាណាតិបាតជាដើម ឈ្មោះថា ញ៉ាំងហិរិឱ្យតាំងឡើង ម្យ៉ាងវិញទៀត បុគ្គលពិចារណាភាពជាពហូសូត យ៉ាងនេះថា “ឈ្មោះថាការធ្វើបាបនេះជាកម្មរបស់ជនអន្ធពាល ល្ងង់ខ្លៅ កម្មនេះដែលជនជាពហូសូត ជាបណ្ឌិតដូចជាយើង មិនគួរធ្វើទេ” ហើយមិនធ្វើបាប មានបាណាតិបាតជាដើម ឈ្មោះថា ញ៉ាំងហិរិឱ្យតាំងឡើង បុគ្គលឈ្មោះថា ញ៉ាំងហិរិដែលមានសមុដ្ឋានខាងក្នុងឱ្យតាំងឡើងដោយហេតុ ៤ ប្រការនេះ ។ ក៏កាលឱ្យតាំងឡើងហើយ ញ៉ាំងហិរិឱ្យចូលទៅក្នុងចិត្តរបស់ខ្លួន ហើយមិនធ្វើបាប ហិរិរមែងឈ្មោះថា មានសមុដ្ឋានខាងក្នុងយ៉ាងនេះ ។
ឱត្តប្បឈ្មោះថា មានសមុដ្ឋានខាងក្រៅ តើដូចម្តេច? បុគ្គលពិចារណាថា “បើយើងនឹងធ្វើបាបសោត យើងនឹងត្រូវគេតិះដៀលក្នុងកណ្ដាលបរិស័ទ ៤ ហើយនិងថា
គរហិស្សន្តិ តំ វិញ្ញូ អសុចឹ នាគរិកោ យថា
វិវជ្ជិតោ សីលវន្តេហិ កថំ ភិក្ខុ ករិស្សសិ ។
វិញ្ញូជនទាំងឡាយនឹងតិះដៀលអ្នកដូចអ្នកនគរ តិះដៀលរបស់មិនស្អាត ម្នាលភិក្ខុ លោកអ្នកដែលមានសីលទាំងឡាយវៀរចាកហើយ តើអ្នកនឹងធ្វើអ្វី ។
រមែងមិនធ្វើបាបកម្ម ព្រោះឧត្តប្បដែលតាំងឡើងខាងក្រៅ ឱត្តប្បរមែងឈ្មោះថា មានសមុដ្ឋានខាងក្រៅយ៉ាងនេះ ។
ហិរិ ឈ្មោះថា មានខ្លួនជាធំ តើដូចម្តេច? កុលបុត្រពួកខ្លះក្នុងលោកនេះ ធ្វើខ្លួនឱ្យជាធំ ឱ្យជាប្រធាន មិនធ្វើបាប ដោយគិតថា បុគ្គលដែលបួសដោយសទ្ធា ជាពហូសូត មានវាទៈ ( គឺពាក្យប្រៀនប្រដៅ ) ក្នុងការកម្ចាត់កិលេសដូចអ្នក មិនគួរធ្វើបាបកម្ម ហិរិ រមែងឈ្មោះថា មានខ្លួនជាធំយ៉ាងនេះ ព្រោះហេតុនោះ ព្រះមានព្រះភាគទើបត្រាស់ថា៖
សោ អត្តានំយេវ អធិបតឹ កត្វា អកុសលំ បជហតិ, កុសលំ ភាវេតិ។ សាវជ្ជំ បជហតិ, អនវជ្ជំ ភាវេតិ ។ សុទ្ធមត្តានំ បរិហតិ ។
បុគ្គលនោះធ្វើខ្លួនឯងឱ្យជាអធិបតីហើយ រមែងលះបង់អកុសល ចម្រើនកុសល លះបង់អំពើដែលប្រកបដោយទោស ចម្រើនតែអំពើដែលមិនមានទោស រក្សាខ្លួនឱ្យស្អាត ។
ឱត្តប្ប ឈ្មោះថា មានលោកជាធំ តើដូចម្តេច? កុលបុត្រពួកខ្លះក្នុងលោកនេះ ធ្វើលោកឱ្យជាធំ ឱ្យជាប្រធាន ហើយមិនធ្វើបាបកម្ម សមដូចព្រះតម្រាស់ថា៖
មហា ខោ បនាយំ លោកសន្និវាសោ ។ មហន្តស្មឹ ខោ បន លោកសន្និវាសេ សន្តិ សមណព្រាហ្មណា ឥទ្ធិមន្តោ ទិព្វចក្ខុកា បរចិត្តវិទុនោ, តេ ទូរតោបិ បស្សន្តិ, អាសន្នាបិ ន ទិស្សន្តិ, ចេតសាបិ ចិត្តំ ជានន្តិ, តេបិ មំ ឯវំ ជានិស្សន្តិ បស្សថ កោ ឥមំ កុលបុត្តំ, សទ្ធា អគារស្មា អនគារិយំ បព្វជិតោ សមានោ វោកិណ្ណោ វិហរតិ បាបកេហិ អកុសលេហិ ធម្មេហីតិ ។
សន្តិ ទេវា ឥទ្ធិមន្តិយោ ទិព្វចក្ខុកា បរចិត្តវិទុនិយោ, តា ទូរតោបិ បស្សន្តិ, អាសន្នាបិ ន ទិស្សន្តិ, ចេតសាបិ ចិត្តំ ជានន្តិ, តាបិ មំ ឯវំ ជានិស្សន្តិ បស្សថ ភោ ឥមំ កុលបុត្តំ, សទ្ធា អគារស្មា អនគារិយំ បព្វជិតោ សមានោ វោកិណ្ណោ វិហរតិ បាបកេហិ អកុសលេហិ ធម្មេហីតិ ។
លោកសន្និវាសនេះសោតក៏ធំ ទោះក្នុងលោកសន្និវាសធំមែន ក៏គង់មានសមណព្រាហ្មណ៍ជាអ្នកមានឫទ្ធិ មានទិព្វចក្ខុ ដឹងចិត្តបុគ្គលដទៃ ពួកសមណព្រាហ្មណ៍ទាំងនោះ រមែងឃើញអំពីចម្ងាយ ទោះនៅជិតក៏មិនប្រាកដ រមែងដឹងច្បាស់នូវចិត្តដោយចិត្ត ពួកសមណព្រាហ្មណ៍ទាំងនោះ គង់ដឹងអាត្មាអញយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន សូមអ្នកមើលកុលបុត្រនេះចេញចាកផ្ទះមកបួស ដោយសទ្ធាហើយ នៅតែច្របូកច្របល់ ដោយធម៌ជាអកុសលដ៏លាមក ។
ម្យ៉ាងទៀត គង់មានពួកទេវតាដែលមានឫទ្ធិ មានទិព្វចក្ខុដឹងចិត្តបុគ្គលដទៃ ពួកទេវតាទាំងនោះ តែងឃើញអំពីចម្ងាយ ទោះនៅជិតក៏មិនប្រាកដ រមែងដឹងចិត្តដោយចិត្ត ពួកទេវតាទាំងនោះ គង់ដឹងអាត្មាអញយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន សូមអ្នកមើលកុលបុត្រនេះ ចេញចាកផ្ទះមកបួសដោយសទ្ធាហើយ នៅតែច្របូកច្របល់ដោយអកុសលដ៏លាមក ។
សោ លោកំយេវ អធិបតឹ ជេដ្ឋកំ ករិត្វា អកុសលំ បជហតិ, កុសលំ ភាវេតិ ។ សាវជ្ជំ បជហតិ, អនវជ្ជំ ភាវេតិ ។ សុទ្ធមត្តានំ បរិហរតិ ។
លុះបុគ្គលនោះប្រារព្ធលោកឱ្យជាអធិបតីហើយ តែងលះបង់អកុសល ចម្រើនកុសល លះបង់អំពើដែលប្រកបដោយទោស ចម្រើនតែអំពើដែលមិនមានទោស រក្សាខ្លួនឱ្យស្អាត ។
ឱត្តប្ប រមែងឈ្មោះថា មានលោកជាធំយ៉ាងនេះ ។
ក៏ក្នុងពាក្យថា ហិរិតាំងនៅក្នុងសភាវៈអៀនខ្មាស ឱត្តប្បតាំងនៅក្នុងសភាវៈគួរខ្លាច នេះ មានវិនិច្ឆ័យដូចតទៅនេះ៖
អាការអៀនខ្មាស ឈ្មោះថា សេចក្តីអៀនខ្មាស ហិរិតាំងនៅក្នុងសភាវៈនោះ សេចក្តីខ្លាចចំពោះអបាយ ឈ្មោះថា ភ័យ ឱត្តប្បតាំងនៅក្នុងសភាវៈនោះ ។ ហិរិ និងឱត្តប្បទាំងពីរនោះ រមែងប្រាកដក្នុងការវៀរចាកបាបទាំងអស់ ពិតមែន បុគ្គលពួកខ្លះឈានចុះកាន់ធម៌ គឺសេចក្តីអៀនខ្មាសដែលជាខាងក្នុង មិនធ្វើបាបកម្ម ដូចកុលបុត្រកាលបន្ទោបង់ឧច្ចារៈ បស្សាវៈ ជាដើម ឃើញមនុស្សដែលគួរខ្មាស គប្បីជាអ្នកដល់អាការខ្មាស ត្រូវឧច្ចារៈ បស្សាវៈបៀតបៀន ក៏បន្ទោបង់ឧច្ចារៈ បស្សាវៈមិនបាន ហេតុនោះ បុគ្គលពួកខ្លះភ័យខ្លាចអបាយភូមិទើបមិនធ្វើបាបកម្ម ក្នុងសេចក្តីនោះ មានសេចក្តីឧបមាដូចតទៅនេះ៖
ដូចក្នុងដុំដែក ២ ដុំ មួយដុំត្រជាក់ តែប្រឡាក់លាមក មួយដុំក្តៅ ភ្លើងឆេះសន្ធោសន្ធៅ ។ ក្នុងដុំដែកទាំង ២ ដុំនោះ បណ្ឌិតខ្ពើមមិនចាប់ដុំដែកត្រជាក់ ព្រោះដុំដែកត្រជាក់ប្រឡាក់លាមក មិនចាប់ដុំដែកក្តៅ ព្រោះខ្លាចភ្លើងឆេះ យ៉ាងណា ។ ក្នុងពាក្យថា ហិរិ និងឱត្តប្បនោះក៏យ៉ាងនោះដែរ គប្បីជ្រាបការចុះកាន់លជ្ជីធម៌ ដែលជាខាងក្នុងហើយ មិនធ្វើបាបកម្ម ដូចបណ្ឌិតខ្ពើមដុំដែកត្រជាក់ដែលប្រឡាក់លាមក ទើបមិនចាប់ គប្បីជ្រាបការមិនធ្វើបាបព្រោះភ័យខ្លាចក្នុងអបាយ ដូចការបណ្ឌិតមិនចាប់ដុំដែកក្តៅ ព្រោះខ្លាចរលាក ដូច្នោះ ។
សូម្បីបទទាំងពីរនេះថា ហិរិ មានលក្ខណៈកោតក្រែង ឱត្តប្ប មានលក្ខណៈខ្លាចទោស និងឃើញភ័យ ដូច្នេះ រមែងប្រាកដចំពោះក្នុងការវៀរចាកបាបប៉ុណ្ណោះ ។ ពិតមែន បុគ្គលពួកខ្លះញ៉ាំងហិរិ ដែលមានលក្ខណៈកោតក្រែងឱ្យកើតឡើង ដោយហេតុ ៤ ប្រការ គឺ
១. ជាតិមហត្តបច្ចវេក្ខណា ពិចារណាដល់ភាពជាធំដោយជាតិ
២. សត្ថុមហត្តបច្ចវេក្ខណា ពិចារណាដល់ភាពជាធំរបស់ព្រះសាស្តា
៣. ទាយជ្ជមហត្តបច្ចវេក្ខណា ពិចារណាដល់ភាពជាធំដោយភាពជាអ្នកស្នងទ្រព្យមរតក
៤. សព្រហ្មចារិមហត្តបច្ចវេក្ខណា ពិចារណាដល់ភាពជាធំនៃសព្រហ្មចារី
ហើយមិនធ្វើបាប ។
បុគ្គលខ្លះញ៉ាំងឱត្តប្បដែលមានលក្ខណៈខ្លាចទោស និងច្រើនឃើញភ័យ ឱ្យតាំងឡើង ដោយហេតុ ៤ ប្រការ គឺ៖
១. អត្តានុវាទភយំ ភ័យក្នុងការតិះដៀលខ្លួនឯង
២. បរានុវាទភយំ ភ័យក្នុងការតិះដៀលអ្នកដទៃ
៣. ទណ្ឌភយំ ភ័យគឺអាជ្ញា
៤. ទុគ្គតិភយំ ភ័យក្នុងទុគ្គតិ
ហើយមិនធ្វើបាប ក្នុងពាក្យថា ដោយហិរិ និងឱត្តប្បនោះ គប្បីពោលការពិចារណាភាពជាធំដោយជាតិជាដើម និងភ័យក្នុងការតិះដៀលខ្លួនឯងជាដើម ឱ្យពិស្តារ សេចក្តីពិស្តារនៃការពិចារណាភាពជាធំដោយជាតិជាដើមទាំងនោះ មានពោលទុកក្នុងអដ្ឋកថាអង្គុត្តរនិកាយ ។
បទថា សុក្កធម្មសមាហិតា សេចក្តីថា កុសលធម៌ដែលគួរធ្វើមានហិរិឱត្តប្បនេះឯងជាខាងដើម ឈ្មោះថា សុក្កធម៌ ធម៌ស កាលពោលសព្វសង្គាហិកន័យ ន័យដែលរួមយកទាំងអស់ សុក្កធម៌នោះ ក៏គឺធម៌ដែលជាលោកិយ និងលោកុត្តរដែលប្រព្រឹត្តទៅក្នុងភូមិ ៤ ដែលប្រកបហើយ ប្រកបព្រមហើយ ដោយហិរិ និងឱត្តប្បទាំងពីរនោះ ។ បទថា សន្តោ សប្បុរិសា លោកេ សេចក្តីថា ឈ្មោះថា អ្នកស្ងប់រម្ងាប់ ព្រោះកាយកម្មជាដើមស្ងប់រម្ងាប់ហើយ ឈ្មោះថា ជាសប្បុរស ព្រោះជាបុរសលំអដោយកតញ្ញូកតវេទី ។ ក៏ក្នុងបទថា លោកេ នេះ លោកមានច្រើន លោក គឺ សង្ខារលោក សត្វលោក ឱកាសលោក ខន្ធលោក អាយតនលោក និងធាតុលោក ។ ក្នុងបណ្តាលោកទាំងអស់នោះ សង្ខារលោក លោកពោលទុកក្នុងប្រយោគនេះថា “ឯកោ លោកោ សព្វេ សត្តា អាហារដ្ឋិតិកា ។បេ។ អដ្ឋារស លោកា អដ្ឋារស ធាតុយោ លោកមួយ គឺ សត្វទាំងឡាយតាំងនៅបានដោយសារអាហារ ។ល។ លោក ១៨ គឺធាតុ ១៨” ។ លោកមានខន្ធលោកជាដើម រួមនៅក្នុងសង្ខារលោកនុ៎ះឯង ។ ចំណែកសត្វលោក លោកពោលទុកក្នុងប្រយោគជាដើមថា “អយំ លោកោ បរលោកោ, ទេវលោកោ មនុស្សលោកោ លោកនេះ លោកខាងមុខ ទេវលោក មនុស្សលោក” ។
ឱកាសលោកលោកពោលទុកក្នុងប្រយោគនេះថា ៖
យាវតា ចន្ទិមសូរិយា បរិហរន្តិ ទិសា ភន្តិ វិរោចនា
តាវ សហស្សធា លោកោ ឯត្ថ តេ វត្តតេ វសោ ។
ពាន់នៃលោកធាតុមានប្រមាណដូចព្រះចន្ទ និងព្រះអាទិត្យវិល បញ្ចេញរស្មីទៅគ្រប់ទិស អំណាចរបស់ព្រះអង្គផ្សាយទៅក្នុងមួយពាន់លោកធាតុនោះ ។
បណ្តាលោកទាំងអស់នោះ ក្នុងទីនេះ សំដៅយកសត្វលោក ពិតណាស់ ក្នុងសត្វលោកប៉ុណ្ណោះ មានសប្បុរសមានសភាពយ៉ាងនេះ សប្បុរសទាំងនោះ លោកពោលថា មានទេវធម៌ ។ បទថា ទេវ ក្នុងបទថា ទេវធម្មា នោះ ទេវ មាន ៣ ប្រភេទ គឺ សម្មុតិទេវា សម្មតិទេព ១ ឧប្បត្តិទេវា ឧប្បត្តិទេព ១ វិសុទ្ធិទេវា វិសុទ្ធិទេព ១ ។ បណ្តាទេវទាំងនោះ ព្រះរាជា និងរាជកុមារជាដើម ឈ្មោះថា សម្មតិទេព ព្រោះសត្វលោកនាំគ្នាសន្មតថា ជាទេវតា ចាប់ផ្តើមពីកាលជាព្រះមហាសម្មតិរាជ ។ ទេវតាដែលឧប្បត្តិកក្នុងទេវលោក ឈ្មោះថា ឧប្បត្តិទេព ។ ព្រះខីណាស្រព ឈ្មោះថា វិសុទ្ធិទេព ។
សមដូចព្រះតម្រាស់ថា៖
សម្មុតិទេវា នាម រាជានោ ច ទេវិយោ ច រាជកុមារា ច ។ ឧបបត្តិទេវា នាម ភុម្មទេវេ ឧបាយទាយ តទុត្តរិ ទេវា ។ វិសុទ្ធិទេវា នាម ពុទ្ធបច្ចេកពុទ្ធខីណាសវា ។
ព្រះរាជា ព្រះទេវី ព្រះរាជកុមារ ឈ្មោះថា សម្មតិទេព ។ ទេវតាជាន់ខ្ពស់ ចាប់ពីភុម្មទេវតាឡើងទៅ ឈ្មោះថា ឧប្បត្តិទេព ។ ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះខីណាស្រព ឈ្មោះថា វិសុទ្ធិទេព ។
ធម៌របស់ទេវទាំងនេះ ឈ្មោះថា ទេវធម៌ ។
បទថា វុច្ចរេ ប្រែថា រមែងពោល ពិតណាស់ កុសលធម៌ទាំងឡាយ មានហិរិ ឱត្តប្បជាមូល ឈ្មោះថា ជាធម៌របស់ទេពទាំង ៣ ប្រភេទនេះ ព្រោះអត្ថថា ជាហេតុនៃកុសលសម្បទា នៃការកើតក្នុងទេវលោក និងសេចក្តីបរិសុទ្ធ ព្រោះហេតុនោះ ទើបឈ្មោះថា ទេវធម៌ សូម្បីបុគ្គលដែលប្រកបដោយទេវធម៌ទាំងនោះ ក៏ជាអ្នកមានទេវធម៌ ព្រោះហេតុនោះ ព្រះមានព្រះភាគកាលនឹងទ្រង់សម្តែងធម៌ទាំងនោះ ដោយទេសនាដែលជាបុគ្គលាធិដ្ឋាន ទើបត្រាស់ថា “សន្តោ សប្បុរិសា លោកេ ទេវធម្មាតិ វុច្ចរេ សប្បុរសអ្នកមានចិត្តស្ងប់រម្ងាប់ លោកពោលថា មានទេវធម៌ក្នុងលោក” ។
យក្សកាលបានស្តាប់ធម្មទេសនានេះ មានសេចក្តីជ្រះថ្លា ទើបពោលនឹងព្រះពោធិសត្វថា “នែបណ្ឌិត យើងជ្រះថ្លានឹងលោក នឹងឱ្យប្អូនប្រុសម្នាក់ លោកនឹងឱ្យនាំអ្នកណាមក?” ព្រះពោធិសត្វត្រាស់ថា “អ្នកចូរនាំប្អូនប្រុសពៅមក” ។ យក្សពោលថា “នែបណ្ឌិត លោកចេះតែទេវធម៌ប៉ុណ្ណោះ តែមិនប្រព្រឹត្តក្នុងទេវធម៌ទាំងនោះ” ។ ព្រះពោធិសត្វសួរថា “ព្រោះហេតុអ្វី?” យក្សពោលថា “ព្រោះហេតុដែលលោកវៀរបងប្រុសចេញ ឱ្យនាំប្អូនប្រុសមក ឈ្មោះថា មិនធ្វើជេដ្ឋាបចាយិកកម្ម ( ការគោរពដល់រៀមច្បង )” ។ ព្រះពោធិសត្វត្រាស់ថា ម្នាលយក្ស យើងចេះទេវធម៌ ហើយប្រព្រឹត្តក្នុងទេវធម៌ទាំងនោះ ព្រោះថា យើងទាំងឡាយចូលស្រុក ព្រោះអាស្រ័យប្អូនប្រុសនេះ ដោយថាព្រះមាតារបស់ប្អូនប្រុសនេះ ទូលសុំរាជសម្បត្តិនឹងព្រះបិតារបស់ពួកយើង ដើម្បីប្រយោជន៍ដល់ប្អូនប្រុសនេះ តែបិតារបស់យើងមិនឱ្យពរនោះ ទ្រង់ដើម្បីការពារពួកយើង ទើបទ្រង់អនុញ្ញាតឱ្យយើងនៅក្នុងព្រៃ ក្មេងនោះមកតាមពួកយើង ទោះបីយើងពោលថា យក្សក្នុងព្រៃស៊ីកុមារនោះហើយ តើមាននរណានឹងជឿយើង ព្រោះហេតុនោះ យើងខ្លាចភ័យគឺពាក្យដំណៀល ទើបឱ្យនាំប្អូនប្រុសពៅនោះនុ៎ះឯងមក” យក្សមានចិត្តជ្រះថ្លាថ្វាយសាធុការដល់ព្រះពោធិសត្វថា “សាធុ សាធុ បណ្ឌិត លោកចេះទេវធម៌ថែមទាំងបដិបត្តិក្នុងទេវធម៌ទាំងនោះ” ដូច្នេះហើយ ទើបបាននាំប្អូនប្រុសទាំងពីរនាក់មកថ្វាយ ។ លំដាប់នោះ ព្រះពោធិសត្វត្រាស់នឹងយក្សនោះថា “សម្លាញ់ អ្នកកើតជាយក្សមានសាច់ និងឈាមរបស់អ្នកដទៃជាអាហារ ព្រោះបាបកម្មដែលខ្លួនធ្វើទុកក្នុងជាតិមុន ឥឡូវនេះ អ្នកនៅធ្វើបាបនោះទៀត ព្រោះថា បាបកម្មនឹងមិនឱ្យអ្នករួចផុតចាកនរកជាដើមបានទេ ព្រោះហេតុនោះ ចាប់ពីពេលនេះទៅ អ្នកចូរលះបង់អំពើបាបចេញ ធ្វើតែកុសល” កាលទូន្មានយក្សនោះហើយ យក្សក៏បានធ្វើតាម ហើយបានចាត់ចែងរក្សាការពារនៅក្នុងទីនោះនុ៎ះឯង ។ ថ្ងៃមួយ បានមើលនក្ខត្តឫក្ស ដឹងថា ព្រះជនកសោយទិវង្គត ទើបនាំយក្សទៅកាន់ក្រុងពារាណសី គ្រប់គ្រងរាជសម្បត្តិ ប្រទានតំណែងឧបរាជដល់ចន្ទកុមារ ប្រទានតំណែងសេនាបតីដល់សុរិយកុមារ ឱ្យគេកសាងលំនៅគួរជាទីរីករាយឱ្យដល់យក្ស ទ្រង់បានធ្វើដោយប្រការដែលយក្សនោះបានការបូជាដ៏លើស ផ្កាដ៏លើស គ្រឿងក្រអូបដ៏លើស ផ្លែឈើដ៏លើស និងភត្តដ៏លើស ។ ព្រះពោធិសត្វគ្រងរាជសម្បត្តិដោយធម៌ ទ្រង់បានយាងទៅតាមយថាកម្មហើយ ។
ប្រជុំជាតក
ព្រះសាស្តាគ្រាទ្រង់នាំព្រះធម៌ទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ ក្នុងវេលាចប់សច្ចៈ ភិក្ខុនោះតាំងនៅក្នុងសោតាបត្តិផល ។ សូម្បីព្រះសម្មាសម្ពុទ្ធ ក៏ត្រាស់រឿង ២ រឿង ភ្ជាប់អនុសន្ធិតទៅ ហើយទ្រង់ប្រជុំជាតកថា អារក្សក្នុងកាលណោះ បានមកជាភិក្ខុអ្នកមានភណ្ឌៈច្រើនក្នុងកាលឥឡូវនេះ សុរិយកុមារបានមកជាព្រះអានន្ទ ចន្ទកុមារបានមកជាព្រះសារីបុត្រ ចំណែកមហិសសាសកុមារជាព្រះជេដ្ឋា បានមកជាតថាគតនេះឯង ។