( កិរិយាអាក្រាតកាយជាដើម មិនអាចធ្វើឱ្យបុគ្គលឆ្លងផុតសេចក្តីសង្ស័យបានទេ )
ព្រះសាស្តា កាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកមានបរិក្ខារច្រើនមួយរូប ត្រាស់ព្រះធម៌ទេសនានេះថា ន នគ្គចរិយា ដូច្នេះជាដើម ។
កុដុម្ពីក៍ត្រៀមគ្រឿងប្រើប្រាស់មុននឹងបួស
បានឮថា កុដុម្ពិក៍ក្នុងក្រុងសាវត្ថីម្នាក់ កាលភរិយារបស់ខ្លួនធ្វើមរណកាលហើយ ក៏បានចូលបួស កុដុម្ពិក៍នោះកាលបួសហើយ បានឲ្យគេធ្វើបរិវេណ រោងភ្លើង និងបន្ទប់ដាក់សម្ភារៈ ធ្វើបន្ទប់ដាក់សម្ភារៈឲ្យពេញដោយទឹកដោះថ្លា និងអង្ករជាដើម សម្រាប់ខ្លួនហើយទើបបួស កាលបួសហើយ ឱ្យគេហៅអ្នកបម្រើរបស់ខ្លួនមក ចម្អិនអាហារតាមចំណង់ ហើយទើបបរិភោគ ថែមទាំងជាអ្នកបរិក្ខារច្រើន ក្នុងវេលាយប់ មានសំពត់ស្លៀក និងសំពត់ដណ្តប់មួយសម្រាប់ វេលាថ្ងៃ មានមួយសម្រាប់ទៀត ស្នាក់នៅខាងចុងបំផុតនៃវិហារ ។
ត្រូវពួកភិក្ខុតិះដៀល ហើយនាំទៅគាល់ព្រះសាស្ដា
ថ្ងៃមួយ កាលភិក្ខុនោះ យកចីវរ និងកម្រាលជាដើម មកហាលសំដិល ភិក្ខុទាំងឡាយដែលត្រាច់ទៅកាន់សេនាសនចារិកបានឃើញហើយ សួរថា “ម្នាលអាវុសោ បរិក្ខារទាំងអស់នេះ ជារបស់លោកឬ?” ភិក្ខុនោះឆ្លើយថា “ជារបស់ខ្ញុំករុណា” ភិក្ខុទាំងឡាយទើបពោលថា “ម្នាលអាវុសោ ក្រែងព្រះមានព្រះភាគទ្រង់អនុញ្ញាតចីវរ ៣ លោកចូលមកបួសក្នុងសាសនារបស់ព្រះពុទ្ធដែលមានសេចក្តីប្រាថ្នាតិចយ៉ាងនេះ ហេតុអ្វីទើបក្លាយទៅជាអ្នកមានបរិក្ខារច្រើន?” រួចទើបនាំភិក្ខុនោះទៅកាន់សម្នាក់ព្រះសាស្តា ក្រាបបង្គំទូលថា “បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះជាអ្នកមានបរិក្ខារច្រើនលើសប្រមាណ” ។ ព្រះសាស្តាត្រាស់សួរថា “ម្នាលភិក្ខុ បានឮថា អ្នកមានបរិក្ខារច្រើន ពិតមែនឬ?” ភិក្ខុនោះក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន ពិតមែន” ព្រះអង្គត្រាស់សួរទៀតថា “ម្នាលភិក្ខុ តថាគតសម្តែងធម៌ដើម្បីប្រយោជន៍ដល់សេចក្តីប្រាថ្នាតិច តើហេតុអ្វី អ្នកបែរជាអ្នកមានភណ្ឌៈច្រើនទៅវិញ?” ។
ភិក្ខុនោះក្រោធខឹងហើយ ដោយត្រឹមតែហេតុប៉ុណ្ណេះ គិតថា “ឥឡូវនេះ អញនឹងត្រាច់ទៅដោយទំនងនេះ” ដូច្នេះហើយ ដោះសំពត់ដណ្តប់មានចីវរតែមួយផ្ទាំង បានឈរនៅកណ្ដាលបរិស័ទ ។
ព្រះសាស្ដាធ្វើឱ្យលោកមានហិរិ និងឱត្តប្ប
លំដាប់នោះ ព្រះសាស្ដាកាលនឹងទ្រង់ជំរុញភិក្ខុរូបនោះ ទើបត្រាស់ថា “ម្នាលភិក្ខុ ក្នុងកាលមុន អ្នកឯងស្វែងរកហិរិ និងឱត្តប្ប សូម្បីក្នុងកាលជាអារក្សទឹក កាលស្វែងរកហិរិឱត្តប្បអស់ ១២ ឆ្នាំ មិនមែនឬ? ( ប៉ុន្តែ ) ឥឡូវនេះ អ្នកបួសក្នុងព្រះពុទ្ធសាសនាជាទីគោរពយ៉ាងនេះហើយ ដោះសំពត់ដណ្ដប់ លះបង់ហិរិ និងឱត្តប្ប ឈរនៅកណ្ដាលបរិស័ទ ៤ តើព្រោះមូលហេតុអ្វី?” ។
ភិក្ខុនោះស្ដាប់ព្រះតម្រាស់របស់ព្រះសាស្ដាហើយ ត្រឡប់ជាមានហិរិ និងឱត្តប្បតាំងឡើង ដណ្ដប់ចីវរនោះ ថ្វាយបង្គំព្រះសាស្ដាហើយអង្គុយក្នុងទីដ៏សមគួរ ។
ភិក្ខុទាំងឡាយក្រាបទូលអារាធនាព្រះមានព្រះភាគ ដើម្បីឱ្យទ្រង់ប្រកាសសេចក្ដីនោះ ។ ពេលនេះ ព្រះមានព្រះភាគទ្រង់នាំអតីតនិទានមកត្រាស់សម្ដែង៖
បុព្វកម្មរបស់ភិក្ខុនោះ
បានឮថា ក្នុងអតីតកាល ព្រះពោធិសត្វចាប់បដិសន្ធិក្នុងព្រះគភ៌របស់ព្រះអគ្គមហេសីរបស់ព្រះបាទពារាណសី ។ ក្នុងថ្ងៃថ្វាយព្រះនាមរបស់ព្រះពោធិសត្វនោះ ជនទាំងឡាយថ្វាយព្រះនាមរបស់ព្រះអង្គថា “មហិសសាសកុមារ” ។ ព្រះកនិដ្ឋភាតារបស់ព្រះអង្គ មានព្រះនាមថា ចន្ទកុមារ ។ កាលព្រះជននីរបស់ព្រះរាជកុមារទាំងពីរអង្គនោះ អស់ព្រះជន្មហើយ ព្រះរាជាក៏ទ្រង់តែងតាំងស្ត្រីដទៃទុកក្នុងតំណែងជាអគ្គមហេសី ។
ព្រះនាងនោះប្រសូតព្រះរាជឱរស ( មួយអង្គ ) ។ ជនទាំងឡាយថ្វាយព្រះនាមរបស់ព្រះឱរសនោះថា “សុរិយកុមារ” ព្រះរាជាទតឃើញសុរិយកុមារនោះហើយ ក៏ទ្រង់សព្វព្រះទ័យ ត្រាស់ ( ព្រះរាជទានពរ ) ថា “យើងឱ្យពរដល់បុត្ររបស់នាង” ។ ចំណែកព្រះទេវីនោះក្រាបទូលថា “ខ្ញុំព្រះអង្គនឹងទទួលយក ក្នុងវេលាដែលត្រូវការ” ដូច្នេះហើយ ក្នុងកាលដែលព្រះរាជឱរសចម្រើនវ័យហើយ ទើបក្រាបទូលព្រះរាជាថា “បពិត្រព្រះសម្មតិទេព ព្រះអង្គបានព្រះរាជទានពរទុកហើយ ក្នុងពេលដែលបុត្ររបស់ខ្ញុំព្រះអង្គប្រសូត សូមព្រះអង្គប្រោសប្រទានរាជសម្បត្តិដល់បុត្ររបស់ទូលបង្គំជាខ្ញុំ” ។
ព្រះពោធិសត្វចូលទៅព្រៃ
ព្រះរាជាសូម្បីហាមឃាត់ថា “បុត្រទាំងពីរអង្គរបស់យើង កំពុងរុងរឿងដូចគំនរភ្លើង ត្រាច់ទៅ យើងមិនអាចឱ្យរាជសម្បត្តិដល់សុរិយកុមារនោះបាន” ( ប៉ុន្តែ ) ទ្រង់ឃើញព្រះនាងទទូចអង្វររឿយៗ ទើបទ្រង់ព្រះតម្រិះថា “នាងនេះនឹងគប្បីធ្វើសេចក្តីវិនាសដល់បុត្ររបស់យើង” ដូច្នេះហើយ ទើបទ្រង់ឱ្យគេហៅព្រះរាជឱរសទាំងពីរអង្គមក ហើយត្រាស់ថា “បាទាំងពីរ បិតាបានឱ្យពរក្នុងពេលដែលសុរិយកុមារប្រសូត ឥឡូវនេះ មាតារបស់យើង ទូលសុំរាជសម្បត្តិ បិតាមិនចង់ឱ្យគេឡើយ មាតារបស់គេ នឹងគប្បីធ្វើសូម្បីសេចក្តីវិនាសដល់បាទាំងពីរ បាចូរទៅនៅក្នុងព្រៃហើយ ចាំត្រឡប់មកទទួលរាជសម្បត្តិពេលអស់ពីបិតាទៅ” ដូច្នេះហើយ ទើបបញ្ជូនទៅ ។
សុរិយកុមារលេងនៅត្រង់ព្រះលានហ្លួង ឃើញព្រះរាជកុមារទាំងពីរនោះ ថ្វាយបង្គំព្រះរាជបិតាហើយចុះអំពីប្រាសាទ ដឹងហេតុនោះហើយទើបចេញទៅជាមួយនឹងព្រះរាជកុមារទាំងនោះដែរ ។
ព្រះរាជកុមារទាំងពីរអង្គត្រូវអារក្សទឺកចាប់
ក្នុងកាលដែលព្រះរាជកុមារទាំងនោះ ចូលទៅកាន់ហិមវន្តប្បទេស ព្រះពោធិសត្វស្ដេចយាងចេញពីផ្លូវ អង្គុយនៅក្បែរគល់ឈើមួយហើយត្រាស់នឹងសុរិយកុមារថា “នែបា ចូរឯងទៅកាន់ស្រះនុ៎ះ ងូតទឹក និងផឹកទឹកហើយ ចូរយកស្លឹកឈូកដួសទឹកនាំមកដើម្បីយើងទាំងពីរខ្លះ” ។ ក៏ស្រះនោះ ជាស្រះដែលអារក្សទឹកម្នាក់បានមកអំពីសម្នាក់នៃស្ដេចវេស្សវ័ណ ។ ស្ដេចវេស្សវ័ណបញ្ជាអារក្សទឹកនោះថា “វៀរលែងតែអ្នកដែលចេះទេវធម៌ប៉ុណ្ណោះ អ្នកដទៃទាំងអស់ចុះកាន់ស្រះនេះ ឯងអាចចាប់អ្នកទាំងនោះស៊ីបាន” ។ តាំងពីពេលនោះមក អារក្សទឹកនោះសួរទេវធម៌នឹងមនុស្សដែលចុះកាន់ស្រះនោះហើយស៊ីមនុស្សដែលមិនចេះទេវធម៌។
ចំណែកសុរិយកុមារ មិនទាន់បានពិចារណាអំពីស្រះនោះ ទើបចុះទៅ ។ ត្រូវអារក្សទឹកនោះ សួរថា “អ្នកឯងចេះទេវធម៌ដែរឬទេ?” ក៏ឆ្លើយថា “ព្រះចន្ទ និងព្រះអាទិត្យ ឈ្មោះថា ទេវធម៌” ។ លំដាប់នោះ អារក្សទឹកពោលនឹងសុរិយកុមារនោះថា “អ្នកមិនចេះទេវធម៌ទេ” ។ ហើយក៏ទាញចុះក្នុងទឹកនាំទៅក្នុងភពរបស់ខ្លួន ។
ចំណែកព្រះពោធិសត្វ បាត់សុរិយកុមារនោះយូរពេក ទើបបញ្ជូនចន្ទកុមារទៅទៀត សូម្បីចន្ទកុមារនោះ ត្រូវអារក្សទឹកនោះសួរថា”អ្នកឯងចេះទេវធម៌ដែរឬទេ?” ក៏ឆ្លើយថា “ទិសទាំង ៤ ឈ្មោះថា ទេវធម៌” ។ អារក្សទឹកក៏ទាញចន្ទកុមារនោះចូលទឹកនាំទៅកាន់ភពរបស់ខ្លួនដូចគ្នា ។
ព្រះពោធិសត្វសម្តែងទេវធម៌ដល់អារក្សទឹក
ព្រះពោធិសត្វសូម្បីកាលចន្ទកុមារនោះបាត់យូរពេក ទើបគិតថា “អន្តរាយនឹងគប្បីកើតមាន” ដូច្នេះហើយ ទើបយាងទៅដោយខ្លួនឯង ឃើញស្នាម ( ជើង ) ចុះនៃរាជកុមារទាំងពីរអង្គហើយ ក៏ដឹងថា “ស្រះនេះមានអារក្សហួងហែងរក្សា” ទើបកាន់ព្រះខ័ន កាន់ធ្នូបានឈរនៅហើយ ។ អារក្សទឹកឃើញព្រះពោធិសត្វនោះមិនចុះ ( កាន់ស្រះ ) ទើបប្លែងភេទជាបុរសធ្វើការក្នុងព្រៃ មកពោលប្រាស្រ័យថា “នែបុរសដ៏ចម្រើន អ្នកធ្វើដំណើរមកអស់កម្លាំង ហេតុអ្វី ទើបមិនចុះកាន់ស្រះនេះ ងូតទឹក ផឹកទឹក ទំពាស៊ីក្រអៅឈូក ប្រដាប់ផ្កាឈូកហើយ ទើបទៅ?” ។
ព្រះពោធិសត្វពេលឃើញបុរសនោះភ្លាមក៏ដឹងថា “បុរសនេះជាយក្ស” ទើបពោលថា “អ្នកចាប់ប្អូនប្រុសទាំងពីររបស់ខ្ញុំមែនទេ?”
អារក្សទឹក៖ អើ ខ្ញុំចាប់មែន ។
ព្រះពោធិសត្វ៖ ចាប់ធ្វើអ្វី?
អារក្សទឹក៖ ខ្ញុំអាចស៊ីមនុស្សដែលចុះមកកាន់ស្រះនេះ ។
ព្រះពោធិសត្វ៖ អ្នកអាចស៊ីមនុស្សគ្រប់គ្នាបានឬ?
អារក្សទឺក៖ វៀរលែងតែអ្នកដែលចេះទេវធម៌ មនុស្សក្រៅពីនេះ ខ្ញុំអាចស៊ីទាំងអស់ ។
ព្រះពោធិសត្វ៖ អ្នកមានសេចក្តីត្រូវការដោយទេវធម៌ឬ?
អារក្សទឹក៖ ខ្ញុំមានសេចក្តីត្រូវការ ។
ព្រះពោធិសត្វ៖ ខ្ញុំនឹងសម្ដែងឱ្យអ្នកស្ដាប់ ។
អារក្សទឹក៖ បើដូច្នោះ អ្នកចូរសម្ដែងមកចុះ ។
ព្រះពោធិសត្វ៖ ខ្ញុំមានខ្លួនប្រាណស្មោកគ្រោក មិនអាចសម្ដែងបានទេ ។
យក្សបានឱ្យព្រះពោធិសត្វងូតទឹក ឱ្យផឹកទឹកដែលគួរផឹក តុបតែងហើយ អារាធនាឱ្យឡើងកាន់បល្ល័ង្ក ក្នុងកណ្ដាលមណ្ឌបដែលតាក់តែងទុក ខ្លួនឯងក្រាបទៀបបាទមូលរបស់ព្រះពោធិសត្វនោះ ។
លំដាប់នោះ ព្រះពោធិសត្វពោលនឹងយក្សនោះថា “អ្នកចូរតាំងចិត្តស្ដាប់ដោយគោរព” ដូច្នេះហើយ ទើបត្រាស់ព្រះគាថានេះថា
ហិរិឱត្តប្បសម្បន្នា សុក្កធម្មសមាហិតា
សន្តោ សប្បុរិសា លោកេ ទេវធម្មាតិ វុច្ចរេ ។
ពួកសប្បុរសជាអ្នកមានចិត្តស្ងប់រម្ងាប់ បរិបូណ៌ដោយហិរិ និងឱត្តប្បៈ តាំងមាំហើយក្នុងអាមិស លោកពោលថា មានទេវធម៌ ក្នុងលោក ។
យក្សស្តាប់ធម៌ទេសនានេះហើយជ្រះថ្លា ពោលនឹងព្រះពោធិសត្វថា “នែបណ្ឌិត ខ្ញុំមានសេចក្តីជ្រះថ្លាចំពោះលោកហើយ នឹងឱ្យប្អូនប្រុសម្នាក់ លោកនឹងជនណាមក?” ។
ព្រះពោធិសត្វ៖ ចូរនាំប្អូនប្រុសពៅមក ។
អារក្សទឹក៖ នែបណ្ឌិត លោកចេះទេវធម៌តែម្យ៉ាងប៉ុណ្ណោះ តែលោកមិនប្រព្រឹត្តក្នុងទេវធម៌ទាំងនោះ ។
ព្រះពោធិសត្វ៖ ព្រោះហេតុអ្វី?
អារក្សទឹក៖ ព្រោះលោកឱ្យប្អូនប្រុសពៅមក វៀររៀមច្បងចេញ រមែងមិនឈ្មោះថា ជេដ្ឋាបចាយិកកម្ម ( ការគោរពឱនលំទោនចំពោះរៀមច្បង ) ។
ព្រះពោធិសត្វត្រាស់ថា “ម្នាលយក្ស យើងចេះទេវធម៌ ទាំងប្រព្រឹត្តក្នុងទេវធម៌នោះ ព្រោះយើងអាស្រ័យប្អនប្រុសពៅនោះ ពួកយើងទើបត្រូវចូលព្រៃនេះ ព្រោះមាតារបស់ប្អូនប្រុសយើងនោះ ទូលសុំរាជសម្បត្តិនឹងព្រះរាជបិតារបស់យើងទាំងពីរ ដើម្បីប្រយោជន៍ប្អូនប្រុសនោះ ព្រះបិតារបស់យើងមិនប្រទានពរនោះ ទ្រង់អនុញ្ញាតការនៅក្នុងព្រៃ ដើម្បីប្រយោជន៍ដល់ការរក្សាយើងទាំងពីរ កុមារនោះមិនត្រឡប់មកជាមួយនឹងពួកយើង សូម្បីកាលយើងនឹងពោលថា យក្សក្នុងព្រៃស៊ីប្អូនប្រុសពៅនោះ ដូច្នេះ តើមាននរណានឹងជឿពាក្យយើង ព្រោះហេតុនោះ យើងខ្លាចចំពោះភ័យគឺពាក្យនិន្ទា ទើបឱ្យនាំប្អូនប្រុសពៅនោះមក” ។
យក្សជ្រះថ្លាចំពោះព្រះពោធិសត្វ សរសើរថា “សាធុ បណ្ឌិត លោកចេះទាំងទេវធម៌ ទាំងប្រព្រឹត្តក្នុងទេវធម៌” ដូច្នេះហើយ ទើបបាននាំយកប្អូនប្រុសទាំងពីរនាក់មកឱ្យ ។
លំដាប់នោះ ព្រះពោធិសត្វត្រាស់ពណ៌នាទោសក្នុងភាពជាយក្សហើយ ឱ្យយក្សនោះតាំងនៅក្នុងសីល ៥ ។ ព្រះពោធិសត្វនោះ ជាអ្នកមានសេចក្ដីរក្សាដែលយក្សនោះចាត់ចែងដោយល្អហើយ នៅក្នុងព្រៃនោះ ។ កាលព្រះរាជបិតាសុគតហើយ នាំយក្សទៅកាន់ក្រុងពារាណសី គ្រប់គ្រងរាជសម្បត្តិហើយ ប្រទានតំណែងឧបរាជដល់ចន្ទកុមារ ប្រទានតំណែងសេនាបតីដល់សុរិយកុមារ ឱ្យគេសាងសង់លំនៅក្នុងរមណីយដ្ឋានដល់យក្ស ។ ហើយទ្រង់បានធ្វើដោយប្រការដែលយក្សនោះនឹងដល់នូវភាពជាអ្នកប្រសើរដោយលាភ ។
ព្រះសាស្តាទ្រង់ប្រជុំជាតក
ព្រះសាស្ដាគ្រាទ្រង់នាំព្រះធម៌ទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា “អារក្សទឹកនោះ ក្នុងកាលណោះ បានជាភិក្ខុអ្នកមានភណ្ឌៈច្រើន សុរិយកុមារ ជាព្រះអានន្ទ ចន្ទកុមារ ជាព្រះសារីបុត្ត មហិសសាសកុមារ បានមកជាតថាគតនេះឯង” ។
ព្រះសាស្ដាគ្រាទ្រង់សម្ដែងជាតកយ៉ាងនេះហើយ ទើបត្រាស់ថា “ម្នាលភិក្ខុ ក្នុងកាលមុន អ្នកស្វែងទេវធម៌ ដល់ព្រមដោយហិរិ និងឱត្តប្បត្រាច់ទៅយ៉ាងនោះ ឥឡូវនេះ អ្នកកាលឈរដោយទំនងនេះ ក្នុងកណ្ដាលបរិស័ទ ៤ ពោលនៅចំពោះមុខតថាគតថា ខ្ញុំករុណាមានសេចក្តីប្រាថ្នាតិច ដូច្នេះ ឈ្មោះថា បានធ្វើកម្មដែលមិនសមគួរហើយ ព្រោះថា បុគ្គលនឹងឈ្មោះថា ជាសមណៈ ដោយហេតុត្រឹមតែថាហាមសំពត់សាដកជាដើមបានទេ” ដូច្នេះហើយ កាលនឹងទ្រង់បន្តអនុសន្ធិសម្ដែងធម៌ ទើបត្រាស់ព្រះគាថានេះថា៖
ន នគ្គចរិយា ន ជដា ន បង្កា
នានាសកា តណ្ឌិលសាយិកា វា
រជោជល្លំ ឧក្កុដិកប្បធានំ
សោធេន្តិ មច្ចំ អវិតិណ្ណកង្ខំ ។
ការប្រព្រឹត្តអាក្រាតកាយ ទុកសក់ ដេកលើភក់ មិនបរិភោគបាយ ដេកលើផែនដី ប្រឡាក់ខ្លួនដោយធូលី ព្យាយាមអង្គុយច្រហោង មិនជម្រះសត្វដែលមិនទាន់ឆ្លង ផុតសេចក្ដីសង្ស័យបានទេ ។
អធិប្បាយព្រះគាថា
បណ្តាបទទាំងនោះ បទថា នានាសកា កាត់បទថា ន អនាសកា មានសេចក្ដីថា ការហាមភត្ត ។ ការដេកលើផែនដី ឈ្មោះថា តណ្ឌិលសាយិកា ធូលីដែលប្រឡាក់ជាប់ក្នុងសរីរៈ ដោយអាការបូកលាបដោយភក់ ឈ្មោះថា រជោជល្លំ, សេចក្ដីព្យាយាមដែលប្រារព្ធហើយ ដោយការអង្គុយច្រហោង ឈ្មោះថា ឧក្កុដិកប្បធានំ ព្រះដ៏មានព្រះភាគត្រាស់អធិប្បាយពាក្យនេះថា “សត្វណាយល់ថា អញនឹងដល់នូវសេចក្តីបរិសុទ្ធ ពោលគឺការចេញចាកលោក ដោយការបដិបត្តិយ៉ាងនេះ” ដូច្នេះហើយ គប្បីសមាទានប្រព្រឹត្តវត្តយ៉ាងណានីមួយ មានការប្រព្រឹត្តជាអ្នកអាក្រាតកាយជាដើមទាំងនេះ សត្វនោះ គប្បីឈ្មោះថា ចម្រើនសេចក្តីយល់ឃើញខុស និងគប្បីជាអ្នកមានចំណែកនៃសេចក្ដីលំបាកដោយចំណែកមួយ ។ ព្រោះថា វត្តទាំងនោះ ដែលសត្វសមាទានល្អហើយ រមែងញ៉ាំងសត្វដែលឈ្មោះថា អ្នកនៅមិនទាន់ឆ្លងផុតសេចក្តីសង្ស័យដែលមានវត្ថុ ៨ ដែលខ្លួនមិនទាន់ឆ្លងផុតឱ្យបរិសុទ្ធបានទេ” ។
ក្នុងកាលចប់ព្រះធម៌ទេសនា ជនជាច្រើនសម្រេចអរិយផលទាំងឡាយមានសោតាបត្តិផលជាដើម ដូច្នេះឯង ។