តីណិ កថាវត្ថូនិ កថាវត្ថុ ៣ យ៉ាង គឺ៖
១. អតីតំ វា អទ្ធានំ អារព្ភ កថំ កថេយ្យ ឯវំ អហោសិ អតីតមទ្ធានន្តិ បុគ្គលប្រារព្ធអតីតកាល និយាយពាក្យថា រឿងយ៉ាងនេះ កើតមានក្នុងអតីតកាលហើយ
២. អនាគតំ វា អទ្ធានំ កថំ កថេយ្យ ឯវំ ភវិស្សតិ អនាគតមទ្ធានន្តិ បុគ្គលប្រារព្ធអនាគតកាលនិយាយពាក្យថា រឿងយ៉ាងនេះនឹងមានក្នុងអនាគតកាល
៣. ឯតរហិ វា បច្ចុប្បន្នំ អទ្ធានំ អារព្ភ កថំ កថេយ្យ ឯវំ ឯតរហិ បច្ចុប្បន្នន្តិ បុគ្គលប្រារព្ធបច្ចុប្បន្នកាលក្នុងកាលឥឡូវនេះ និយាយពាក្យថា រឿងយ៉ាងនេះកើតឡើងក្នុងកាលឥឡូវនេះ
( បិដកលេខ ១៩ ១៤៤ )
អធិប្បាយ
ហេតុនៃពាក្យពោល ឬសម្តី ឈ្មោះថា កថាវត្ថុ ។ ពីរបទថា អតីតំ វា អទ្ធានំ ប្រែថា គតិធម៌ ដែលកន្លងទៅហើយ អធិប្បាយថា ខន្ធដែលជាអតីត ។ ម្យ៉ាងទៀត គប្បីសម្តែងសេចក្តីក្នុងពាក្យថា អតីតំ វា អទ្ធានំ នេះ ដោយនិរុត្តិបថសូត្រ ( សូត្រដែលពោលដោយគោលភាសា ) ដែលមានអាគតស្ថានយ៉ាងនេះថា
យំ ភិក្ខវេ រូបំ អតីតំ និរុទ្ធំ វិបរិណតំ អហោសីតិ តស្ស សង្ខា, អហោសីតិ តស្ស បញ្ញត្តិ អហោសីតិ តស្ស សមញ្ញា, ន តស្ស សង្ខា អត្ថីតិ, ន តស្ស សង្ខា ភវិស្សតិ ។
ម្នាលភិក្ខុទាំងឡាយ រូបណាដែលកន្លងទៅហើយ រលត់ទៅហើយ ប្រែប្រួលហើយ ការរាប់រូបនោះថា បានមានហើយ ការបញ្ញត្តរូបនោះថា បានមានហើយ ការឲ្យឈ្មោះរូបនោះថា បានមានហើយ រូបនោះមិនរាប់ថា នឹងមាន រូបនោះមិនរាប់ថា កំពុងមាន ។