តិស្សោ វិជ្ជា វិជ្ជា ៣ យ៉ាង គឺ៖
១. បុព្វេនិវាសានុស្សតិញ្ញាណំ វិជ្ជា ញាណជាគ្រឿងរលឹកឃើញនូវខន្ធបញ្ចកៈដែលធ្លាប់នៅអាស្រ័យក្នុងកាលមុន ជាវិជ្ជា ១
២. សត្តានំ ចុតូបបាតេ ញាណំ វិជ្ជា សេចក្តីដឹងក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាវិជ្ជា ១
៣. អាសវានំ ខយេ ញាណំ វិជ្ជា សេចក្តីដឹងក្នុងធម៌ជាគ្រឿងអស់ទៅនៃអាសវៈទាំងឡាយ ជាវិជ្ជា ១
( បិដកលេខ ១៩ ទំព័រ ១៤៥ )
អធិប្បាយ
បទថា វិជ្ជា សេចក្តីថា ឈ្មោះថា វិជ្ជា ព្រោះអត្ថថា ទម្លាយនូវងងឹត ( តមវិជ្ឈនដ្ឋេន វិជ្ជា )។ ឈ្មោះថា វិជ្ជា ព្រោះអត្ថថា ធ្វើឲ្យជាក់ច្បាស់ក៏បាន ( វិទិតករណដ្ឋេនាបិ វិជ្ជា ) ។
ក៏បុព្វេនិវាសានុស្សតិញ្ញាណដែលកើតឡើង ឈ្មោះថា វិជ្ជា ព្រោះអត្ថថា ទម្លាយនូវងងឹត ដែលបិទបាំងខន្ធដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន និងធ្វើខន្ធដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន ឲ្យដឹងច្បាស់ ។
ចុតូបបាតញ្ញាណ ឈ្មោះថា វិជ្ជា ព្រោះអត្ថថា ទម្លាយនូវងងឹតដែលបិទបាំងចុតិ និងធ្វើចុតិ បដិសន្ធិនោះឲ្យជាក់ច្បាស់ ។
ញាណ សេចក្តីដឹងក្នុងការអស់ទៅនៃអាសវៈទាំងឡាយ ឈ្មោះថា វិជ្ជា ព្រោះអត្ថថា ទម្លាយងងឹតដែលបិទបាំងសច្ចៈ ៤ និងធ្វើសច្ចធម៌ទាំង ៤ ឲ្យជាក់ច្បាស់ ។