Search

Loading

Content

17 February 2012

តិរច្ឆានកថា

ពាក្យនិយាយដែលគ្មានប្រយោជន៍, ជំទាស់នឹងផ្លូវសួគ៌និព្វាន លោកហៅថា តិរច្ឆានកថា ដូច​មាន​វចនត្ថ​សម្តែង​ថា៖ សគ្គមោក្ខានំ តិរច្ឆានភូតា កថាតិ​ តិរច្ឆានកថា​ “ពាក្យ​និយាយ​ដែល​ជំទាស់​នឹង​សួគ៌មគ្គផល និងនិព្វាន ហៅថា តិរច្ឆានកថា” តិរច្ឆានកថាទាំងនោះ មានមកក្នុងព្រះបាលី ( ព្រះ​ត្រៃ​បិដក ) ដូចតទៅនេះ ៖

រាជកថា        ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងព្រះរាជា

ចោរកថា       ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងចោរ

មហាមត្តកថា  ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងមហាមាត្យ

សេនាកថា      ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងកងទ័ព

ភយកថា         ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងភយន្តរាយ

យុទ្ធកថា         ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងចម្បាំង [ មាន​ចម្បាំង​របស់​មហាភារតៈ​ជា​ដើម ]

អន្នកថា          ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងអាហារ

បានកថា         ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងទឹកបាន

វត្ថកថា            ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងសំពត់

សយនកថា     ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងទីដេក

មាលាកថា       ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងផ្កាកម្រង

គន្ធកថា          ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងគ្រឿងក្រអូប

ញាតិកថា        ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងសាច់ញាតិបងប្អូន

យានកថា        ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងយានពាហនៈ

គាមកថា         ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងស្រុក

និគមកថា       ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងនិគម

នគរកថា        ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងនគរ

ជនបទកថា    ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងរដ្ឋ ឬប្រទេស

ឥត្ថិកថា          ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងស្ត្រី

( បុរិសកថា     ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងបុរស )

សូរកថា          ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងវីរបុរស ( អ្នកក្លាហាន )

វិសិខាកថា      ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងថ្នល់, ច្រក, ផ្លូវបំបែក

កុម្ភដ្ឋានកថា   ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងអណ្តូងទឹក កំពង់ទឹក ឬនាងកុម្ភទាសី

បុព្វបេតកថា   ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងញាតិដែលបាត់បង់ជីវិតទៅហើយ

នានត្តកថា      ពាក្យនិយាយដែលគ្មានប្រយោជន៍មានប្រការផ្សេងៗ

លោកក្ខាយិកំ  ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងលោក

សមុទ្ទក្ខាយិកំ  ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងសមុទ្រ

ឥតិភវាភវកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងលោកចម្រើន ព្រោះហេតុនេះ និង​លោក​​វិនាសព្រោះហេតុនេះ

ពន្យល់

រាជកថា
ពាក្យនិយាយគ្មានប្រយោជន៍ទាក់ទងនឹងព្រះរាជា ដូចជានិយាយថា “ព្រះរាជាអង្គនោះទ្រង់មានរូប​ស្អាត” បើជា​ការនិយាយដើម្បីឲ្យកើតសេចក្តីសង្វេគតក់ស្លុត ក៏អាចនិយាយបាន ដូច​ជា​និយាយ​ថា​ “សូម្បីព្រះរាជាអង្គនោះ ជាអ្នកមានអំណាចលើប្រឹថពី តែក្នុងទីបំផុតក៏មិនអាចគេចផុតពីសេចក្តីស្លាប់” សូម្បីក្នុងតិរច្ឆានកថាក្រៅពីនេះ ក៏មានន័យដូចគ្នា ។

អន្នកថា…
ចាប់ពី អន្នកថា ដល់ គន្ធកថា គប្បីជ្រាបថា បើជាការនិយាយដល់ការធ្វើបុណ្យទាន ដោយវត្ថុទាំងនោះ រមែង​សម​គួរ ។

ញាតិកថា
បើជាការនិយាយលើកសរសើរសាច់ញាតិបងប្អូនរបស់ខ្លួន រមែងមិនសមគួរ តែ​បើ​ជា​ការ​និយាយ​ដែល​នាំ​មក​នូវ​សេចក្តីសង្វេគតក់ស្លុត រមែងសមគួរ ។

គាមកថា
បើជាពាក្យនិយាយលើកសរសើរ ឬតិះដៀលអ្នកស្រុកក្នុងស្រុកឯណោះ ឬអ្នកស្រុកឯណេះ រមែង​មិន​គួរ​ តែបើជា​ការនិយាយអំពីគុណធម៌ ដូច អ្នកស្រុកក្នុងស្រុកនេះមានសទ្ធា ជាដើម រមែងគួរ ។

និគម សំដៅដល់ ទីប្រជុំជនដែលមានផ្សារ តែមិនមានកំពែង

នគរ សំដៅដល់ ទីប្រជុំជនដែលមានផ្សារ មានកំពែងព័ទ្ធជុំវិញ ។

ឥត្ថិកថា
បើជាការពោលសរសើរគុណធម៌ សេចក្តីល្អ ដូច ស្រីជាអ្នកមានសីល មានសទ្ធា ជាដើម រមែងគួរ ។

បុរិសកថា
បទថា បុរិសកថា គប្បីជ្រាបថា មិនមានក្នុងព្រះត្រៃបិដកច្បាប់ឆដ្ឋសង្គាយនា ព្រោះ​លោក​សង្គ្រោះ​ចូល​ក្នុង​បទ​ថា សូរកថា ហើយ ទោះជាយ៉ាងណាក៏ដោយ ព្រោះច្បាប់ខ្លះមានបទនេះ ទើប​ដាក់​នៅ​ក្នុង​រង្វង់​ក្រចក​ទុក ។

វិសិខាកថា
វិសិខាកថា សំដៅរួមដល់ ការសរសើរមនុស្សដែលនៅតាមថ្នល់, ច្រក, ផ្លូវ ថាជាមនុស្សពូកែ មាន​សមត្ថភាព​ជា​ដើមផង ។

តិរច្ឆានកថា ៣២

ក្នុងគម្ពីរអដ្ឋកថា ដូច អដ្ឋកថានៃមជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក ប្រាប់ថា តិរច្ឆានកថា មាន ៣២ កថា ដោយ​ចែកឥតិភវាភវកថា ចេញជា ៦ កថា គឺ

១. ឥតិសស្សតភវកថា           ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកទៀង ព្រោះហេតុនេះ

២. ឥតិឧច្ឆេទអភវកថា          ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកដាច់សូន្យ ព្រោះហេតុនេះ

៣. ឥតិវុឌ្ឍិកថា                     ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកចម្រើន ព្រោះហេតុនេះ

៤. ឥតិហានិកថា                    ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកវិនាស ព្រោះហេតុនេះ

៥. ឥតិកាមសុខកថា               ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកជាសុខ ព្រោះហេតុនេះ

៦. ឥតិអត្តកិលមថកថា           ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកជាទុក្ខ ព្រោះហេតុនេះ

រួមនឹងតិរច្ឆានកថាដែលមកក្នុងព្រះបាលី ២៦ កថាទៀត ជា ៣២ កថា

ក្នុងសីលក្ខន្ធវគ្គ អភិនវដីកា ចែកតិរច្ឆានកថា ៣២ ទុកជា ២ ន័យ គឺ ន័យដំបូង ត្រូវ​នឹង​មតិ​អដ្ឋកថា​ខាង​ដើម ចំណែកន័យទី ២ ចែកទុកដោយចែកឥតិភវាភវកថា​ ចេញជា ២ កថាប៉ុណ្ណោះ គឺ ឥតិភវកថា និង​ឥតិអភវកថា ហើយបន្ថែមកថាដែលមិនមានក្នុងព្រះបាលីដោយត្រង់ ៤ កថាទៀត គឺ

១. អរញ្ញកថា                         ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងព្រៃ

២. បព្វតកថា                         ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងភ្នំ

៣. នទីកថា                            ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងស្ទឹង

៤. ទីបកថា                             ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងកោះ

រួមនឹងតិរច្ឆានកថាដែលមកក្នុងព្រះបាលី ២៦ កថាទៀត ជា ៣២ កថា ទាំងគម្ពីរអដ្ឋកថា និងដីកា មិន​បាន​​សម្តែងបុរិសកថា ទុកក្នុងកថាទាំង ៣២ នេះ ៕

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ