តីណិ សុចរិតានិ សុចរិត ៣ យ៉ាង គឺ៖
១. កាយសុចរិតំ សុចរិតដោយកាយ
២. វចីសុចរិតំ សុចរិតដោយវាចា
៣. មនោសុចរិតំ សុចរិតដោយចិត្ត
( បិដកលេខ ១៩ ទំព័រ ១៣៥ )
អធិប្បាយ
ការប្រព្រឹត្តត្រឹមត្រូវ ឬការប្រព្រឹត្តល្អ ហេតុនោះ ទើបឈ្មោះថា សុចរិត ( សុដ្ឋុ ចរិតានិ, សុន្ទរានិ វា ចរិតានីតិ សុចរិតានិ ) ។ ធម៌ទាំង ២ ពួកនេះ
( ទុច្ចរិត និងសុចរិត ) គួរពោលដោយន័យបញ្ញត្តិមួយ ដោយកម្មបថមួយ ។
ពោលដោយបញ្ញត្តិមុន ៖ ការប្រព្រឹត្តកន្លងល្មើសសិក្ខាបទដែលបញ្ញត្តទុកហើយ ក្នុងកាយទ្វារ ឈ្មោះថា កាយទុច្ចរិត, ការមិនប្រព្រឹត្តកន្លងល្មើស ឈ្មោះថា កាយសុចរិត ។ ការប្រព្រឹត្តកន្លងល្មើសសិក្ខាបទដែលបញ្ញត្តទុកហើយក្នុងវចីទ្វារ ឈ្មោះថា វចីទុច្ចរិត, ការមិនប្រព្រឹត្តល្មើស ឈ្មោះថា វចីសុចរិត ។ ការប្រព្រឹត្តកន្លងល្មើសសិក្ខាបទដែលទ្រង់បញ្ញត្តទុកហើយ ក្នុងទ្វារទាំង ២ នុ៎ះឯង ឈ្មោះថា មនោទុច្ចរិត, ការមិនប្រព្រឹត្តកន្លងល្មើស ឈ្មោះថា មនោសុចរិត ។ នេះពោលដោយបញ្ញត្តិ ។
ចំណែកចេតនា ៣ មានបាណាតិបាតជាដើម ដែលកើតឡើង ទាំងក្នុងកាយទ្វារ ទាំងក្នុងវចីទ្វារ ឈ្មោះថា កាយទុច្ចរិត ។ ចេតនា ៤ មានមុសាវាទជាដើម ឈ្មោះថា វចីទុច្ចរិត ។ ធម៌ ៣ ដែលប្រកបដោយចេតនា គឺ អភិជ្ឈា ( ការសម្លឹងរំពៃចង់បានទ្រព្យអ្នកដទៃ ) ព្យាបាទ ( ប៉ុនប៉ងអាក្រក់លើអ្នកដទៃ ) មិច្ឆាទិដ្ឋិ ( យល់ខុស ) ឈ្មោះថា មនោទុច្ចរិត ។ ចេតនាក្តី វិរតិក្តី ទាំង ៣ យ៉ាង ដែលកើតឡើងដល់អ្នកដែលវៀរចាកបាណាតិបាតជាដើម ឈ្មោះថា កាយសុចរិត, ចេតនាក្តី វិរតិក្តី ទាំង ៤ យ៉ាង ដែលកើតឡើងដល់អ្នកដែលវៀរចាកមុសាវាទជាដើម ឈ្មោះថា វចីសុចរិត ។ ធម៌ ៣ យ៉ាងដែលប្រកបដោយចេតនា គឺ អនភិជ្ឈា ( មិនសម្លឹងរំពៃចង់បានទ្រព្យអ្នកដទៃ ) អព្យាបាទ ( មិនប៉ុនប៉ងអាក្រក់លើអ្នកដទៃ ) សម្មាទិដ្ឋិ ( យល់ត្រូវ ) ឈ្មោះថា មនោសុចរិត នេះពោលដោយកម្មបថ ។