អរិយវង្ស គឺប្រវេណីនៃព្រះអរិយបុគ្គលមានព្រះពុទ្ធជាដើម មាន ៤ យ៉ាង គឺ៖
១. ឥធាវុសោ ភិក្ខុ សន្តុដ្ឋោ ហោតិ ឥតរីតរេន ចីវរេន ឥតរីតរចីវរសន្តុដ្ឋិយា ច វណ្ណវាទី ន ច ចីវរហេតុ អនេសនំ អប្បដិរូបំ អាបជ្ជតិ អលទ្ធា ច ចីវរំ ន បរិតស្សតិ លទ្ធា ច ចីវរំ អគធិតោ អមុច្ឆិតោ អនជ្ឈាបន្នោ អាទីនវទស្សាវី និស្សរណប្បញ្ញា បរិភុញ្ជតិ តាយ ច បន ឥតរីតរចីវរសន្តុដ្ឋិយា នេវត្តានុក្កំសេតិ ន បរំ វម្ភេតិ យោ ហិ តត្ថ ទក្ខោ អនលសោ សម្បជានោ បដិស្សតោ អយំ វុច្ចតាវុសោ ភិក្ខុ បោរាណេ អគ្គញ្ញេ អរិយវំសេ ឋិតោ ។
ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោស ដោយចីវរណានីមួយ តែងសរសើរគុណនៃសេចក្តីសន្តោស ដោយចីវរណានីមួយ មិនដល់នូវការស្វែងរកដែលមិនសមគួរ ព្រោះហេតុតែចីវរ មិនអន្ទះអន្ទែង ព្រោះមិនបានចីវរ បានចីវរហើយមិនរីករាយ មិនជ្រុលជ្រប់ មិនបានឲ្យតណ្ហាគ្របសង្កត់ ជាអ្នកមានសេចក្តីយល់ឃើញទោសជាប្រក្រតី មានប្រាជ្ញាជាគ្រឿងរលាស់ចេញហើយបរិភោគ មិនលើកតម្កើងខ្លួនឯង មិនបង្អាប់អ្នកដទៃ ព្រោះសេចក្តីសន្តោស ដោយចីវរណានីមួយនោះឯង មួយទៀត ភិក្ខុណា ជាអ្នកឈ្លាសវៃ ជាបុគ្គលមិនខ្ជិលច្រអូស មានសម្បជញ្ញៈ មានសតិតាំងនៅមាំ ក្នុងសេចក្តីសន្តោសនោះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ព្រះមានព្រះភាគត្រាស់ហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាច្បាប់ទម្លាប់ចាស់ ។
២. បុន ចបរំ អាវុសោ ភិក្ខុ សន្តុដ្ឋោ ហោតិ ឥតរីតរេន បិណ្ឌបាតេន ឥតរីតរបិណ្ឌបាតសន្តុដ្ឋិយា ច វណ្ណវាទី ន ច បិណ្ឌបាតហេតុ អនេសនំ អប្បដិរូបំ អាបជ្ជតិ អលទ្ធា ច បិណ្ឌបាតំ ន បរិតស្សតិ លទ្ធា ច បិណ្ឌបាតំ អគធិតោ អមុច្ឆិតោ អនជ្ឈាបន្នោ អាទីនវទស្សាវី និស្សរណប្បញ្ញា បរិភុញ្ជតិ តាយ ច បន ឥតរីតរបិណ្ឌបាតសន្តុដ្ឋិយា នេវត្តានុក្កំសេតិ ន បរំ វម្ភេតិ យោ ហិ តត្ថ ទក្ខោ អនលសោ សម្បជានោ បដិស្សតោ អយំ វុច្ចតាវុសោ ភិក្ខុ បោរាណេ អគ្គញ្ញេ អរិយវំសេ ឋិតោ ។
ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោស ដោយបិណ្ឌបាតណានីមួយ តែងសរសើរគុណនៃសេចក្តីសន្តោស ដោយបិណ្ឌបាតណានីមួយ មិនដល់នូវការស្វែងរកដែលមិនសមគួរ ព្រោះហេតុតែបិណ្ឌបាត មិនអន្ទះអន្ទែងព្រោះមិនបានបិណ្ឌបាត បានបិណ្ឌបាតហើយ មិនរីករាយ មិនជ្រុលជ្រប់ មិនបានឲ្យតណ្ហាគ្របសង្កត់ ជាអ្នកមានសេចក្តីយល់ឃើញទោសជាប្រក្រតី មានប្រាជ្ញាជាគ្រឿងរលាស់ចេញហើយបរិភោគ មិនលើកតម្កើងខ្លួនឯង មិនបង្អាប់អ្នកដទៃ ព្រោះសេចក្តីសន្តោស ដោយបិណ្ឌបាតណានីមួយនោះឯង ភិក្ខុណា ជាអ្នកឈ្លាសវៃ ជាបុគ្គលមិនខ្ជិលច្រអូស មានសម្បជញ្ញៈ មានសតិតាំងនៅមាំក្នុងសេចក្ដីសន្ដោសនោះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ព្រះមានព្រះភាគត្រាស់ហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាច្បាប់ទម្លាប់ចាស់ ។
៣. បុន ចបរំ អាវុសោ ភិក្ខុ សន្តុដ្ឋោ ហោតិ ឥតរីតរេន សេនាសនេន ឥតរីតរសេនាសនសន្តុដ្ឋិយា ច វណ្ណវាទី ន ច សេនាសនហេតុ អនេសនំ អប្បដិរូបំ អាបជ្ជតិ អលទ្ធា ច សេនាសនំ ន បរិតស្សតិ លទ្ធា ច សេនាសនំ អគធិតោ អមុច្ឆិតោ អនជ្ឈាបន្នោ អាទីនវទស្សាវី និស្សរណប្បញ្ញា បរិភុញ្ជតិ តាយ ច បន ឥតរីតរសេនាសនសន្តុដ្ឋិយា នេវត្តានុក្កំសេតិ ន បរំ វម្ភេតិ យោ ហិ តត្ថ ទក្ខោ អនលសោ សម្បជានោ បដិស្សតោ អយំ វុច្ចតាវុសោ ភិក្ខុ បោរាណេ អគ្គញ្ញេ អរិយវំសេ ឋិតោ ។
ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោស ដោយសេនាសនៈណានីមួយ តែងសរសើរគុណនៃសេចក្តីសន្តោស ដោយសេនាសនៈណានីមួយ មិនដល់នូវការស្វែងរកដែលមិនសមគួរ ព្រោះហេតុតែសេនាសនៈ មិនអន្ទះអន្ទែងព្រោះមិនបានសេនាសនៈ បានសេនាសនៈហើយ មិនរីករាយ មិនជ្រុលជ្រប់ មិនបានឲ្យតណ្ហាគ្របសង្កត់ ជាអ្នកមានសេចក្តីឃើញទោសជាប្រក្រតី មានប្រាជ្ញាជាគ្រឿងរលាស់ចេញហើយបរិភោគ មិនលើកតម្កើងខ្លួនឯង មិនបង្អាប់អ្នកដទៃ ព្រោះសេចក្តីសន្តោស ដោយសេនាសនៈណានីមួយនោះឯង មួយទៀត ភិក្ខុណាជាអ្នកឈ្លាសវៃ ជាបុគ្គលមិនខ្ជិលច្រអូស មានសម្បជញ្ញៈ មានសតិតាំងនៅមាំក្នុងសេចក្តីសន្តោសនោះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ព្រះមានព្រះភាគត្រាស់ហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាច្បាប់ទម្លាប់ចាស់ ។
៤. បុន ចបរំ អាវុសោ ភិក្ខុ បហានារាមោ ហោតិ បហានរតោ ភាវនារាមោ ហោតិ ភាវនារតោ តាយ ច បន បហានរាមតាយ បហានរតិយា ភាវនារាមតាយ ភាវនារតិយា នេវត្តានុក្កំសេតិ ន បរំ វម្ភេតិ យោ ហិ តត្ថ ទក្ខោ អនលសោ សម្បជានោ បដិស្សតោ អយំ វុច្ចតាវុសោ ភិក្ខុ បោរាណេ អគ្គញ្ញេ អរិយវំសេ ឋិតោ ។
ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ភិក្ខុជាអ្នកមានការលះកិលេសទាំងពួង ជាទីត្រេកអរ ជាអ្នកត្រេកអរហើយក្នុងការលះ មានការចម្រើន
[ ចម្រើនគុណធម៌មាននេក្ខម្មជាដើម មានអរហត្តមគ្គជាទីបំផុត ] ជាទីត្រេកអរ ជាអ្នកត្រេកអរហើយក្នុងការចម្រើន មិនលើកតម្កើងខ្លួនឯង មិនបង្អាប់អ្នកដទៃ ព្រោះតែខ្លួនមានការលះជាទីត្រេកអរ ជាអ្នកត្រេកអរហើយក្នុងការលះ មានការចម្រើនជាទីត្រេកអរ ត្រេកអរហើយក្នុងការចម្រើននោះឯង មួយវិញទៀត ភិក្ខុណាជាអ្នកឈ្លាសវៃ ជាបុគ្គលមិនខ្ជិលច្រអូស មានសម្បជញ្ញៈ មានសតិតាំងនៅមាំក្នុងការត្រេកអរនោះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ព្រះមានព្រះភាគត្រាស់ហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាច្បាប់ទម្លាប់ចាស់ ។
អធិប្បាយ
ពាក្យថា អរិយវំសា សេចក្តីថា វង្សរបស់ព្រះអរិយៈ ដូចជាវង្សក្សត្រិយ៍ វង្សព្រាហ្មណ៍ វង្សវេស្សៈ វង្សសូទ្រៈ វង្សសមណៈ វង្សព្រះរាជា យ៉ាងណា វង្សព្រះអរិយៈ បែបផែនព្រះអរិយៈទី ៨ នេះ ក៏ឈ្មោះថា ប្រពៃណីរបស់ព្រះអរិយៈ យ៉ាងនោះ ។ ក៏អរិយវង្សនេះ លោកពោលថា ប្រសើរលើសវង្សទាំងអស់ ដូចក្លិនមានក្លិនក្លាំពាក់ជាដើម ប្រសើរលើសក្លិនដែលកើតអំពីឫសជាដើម យ៉ាងនោះដែរ ។ វង្សទាំងនេះមានដល់ពួកព្រះអរិយៈណា ពួកព្រះអរិយៈនោះ បានដល់មនុស្សចំពូកណា? បានដល់ ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងសាវ័ករបស់ព្រះពុទ្ធ ដែលលោកហៅថា ព្រះអរិយៈ ។ វង្សរបស់ព្រះអរិយៈទាំងនេះ ព្រោះហេតុនោះ ទើបឈ្មោះថា អរិយវង្ស ។ ពិតណាស់ ក្នុងកាលមុន មានព្រះពុទ្ធ ៤ ព្រះអង្គ គឺ ព្រះតណ្ហង្ករ ព្រះមេធង្ករ ព្រះសរណង្ករ ព្រះទីបង្ករ ទ្រង់ឧប្បត្តិកឡើងហើយ ក្នុងទីបំផុតបួនអសង្ខេយ្យមួយសែនកប្ប ព្រះពុទ្ធទាំងនោះ ឈ្មោះថា ព្រះអរិយវង្សរបស់ព្រះអរិយៈទាំងនោះ ព្រោះហេតុនោះ ទើបឈ្មោះថា អរិយវង្ស ។ ក្នុងកាលមុនការបរិនិព្វាននៃព្រះពុទ្ធទាំងនោះ កន្លងទៅមួយអសង្ខេយ្យ ព្រះពុទ្ធទ្រង់ព្រះនាមថា កោណ្ឌញ្ញៈ ទ្រង់ឧប្បត្តិកឡើងហើយ ។ល។ ក្នុងកប្បនេះ មានព្រះពុទ្ធកើតឡើង ៤ ព្រះអង្គគឺ ព្រះកកុសន្ធៈ ព្រះកោនាគមនៈ ព្រះកស្សបៈ ព្រះមានព្រះភាគរបស់ពួកយើងទាំងឡាយ ព្រះនាមថា គោតម វង្សរបស់ព្រះអរិយៈទាំងនោះ ព្រោះហេតុនោះ ទើបឈ្មោះថា អរិយវង្ស ។ ម្យ៉ាងទៀត វង្សរបស់ព្រះអរិយៈ គឺព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងសាវ័ករបស់ព្រះពុទ្ធទាំងអស់ ទាំងក្នុងអតីត ទាំងក្នុងអនាគត ទាំងក្នុងបច្ចុប្បន្ន ព្រោះហេតុនោះ ទើបឈ្មោះថា អរិយវង្ស ។ ក៏អរិយវង្សទាំងនេះ គប្បីជ្រាបថា ជាវង្សដ៏ឆ្នើម ព្រោះគេស្គាល់ថា ជាវង្សដ៏ប្រសើរលើស គប្បីជ្រាបថា ប្រព្រឹត្តទៅអស់កាលយូរ ព្រោះគេស្គាល់មកយូរ គប្បីជ្រាបថាជាវង្ស ព្រោះដឹងថាជាវង្ស ។
ពាក្យថា ប្រសើរ ( អគ្គញ្ញ ) សេចក្តីថា ដែលគេដឹងថា ជាវង្សដ៏ប្រសើរ ។ [ ពាក្យថា រត្តញ្ញា សេចក្តីថា ដែលគេដឹងថា ប្រព្រឹត្តទៅអស់កាលដ៏យូរ ។ ពាក្យថា វំសញ្ញា សេចក្តីថា ដែលគេស្គាល់ថា ជាវង្ស ។ ( ពាក្យទាំងនេះ មិនមានក្នុងព្រះបាលី មានតែក្នុងអដ្ឋកថា ) ]
ពាក្យថា ជាវង្សចាស់ ( បោរាណា ) សេចក្តីថា មិនមែនគ្រាន់តែកើតឡើងក្នុងកាលឥឡូវនេះទេ ។ [ ពាក្យថា មិនខ្ចាត់ខ្ចាយ ( អសំកិណ្ណា ) សេចក្តីថា មិនច្របូកច្របល់ គឺ មិនត្រូវនាំចេញទៅ ។ ពាក្យថា អសំកិណ្ណបុព្វា សេចក្តីថា ជាវង្សមិនធ្លាប់ត្រូវនាំចេញទៅ ព្រោះអត្ថថា ជាវង្សដែលមិនធ្លាប់ច្រឡូកច្រឡំជាមួយនឹងអតីតពុទ្ធទាំងឡាយ នឹងច្រឡូកច្រឡំជាមួយនឹងព្រះពុទ្ធទាំងឡាយនេះបានយ៉ាងដូចម្តេច ។ ពាក្យថា ន សំកិយន្តិ សេចក្តីថា ទោះបីក្នុងកាលឥឡូវនេះ ក៏មិនត្រូវបាននាំចេញ ។ ពាក្យថា ន សំកិយិស្សន្តិ សេចក្តីថា សូម្បីព្រះពុទ្ធក្នុងអនាគតទាំងឡាយ ក៏នឹងមិនត្រូវនាំចេញ។] សមណៈ និងព្រាហ្មណ៍ ជាវិញ្ញូជនពួកណា ក្នុងលោកក៏មិនត្រូវសមណៈនិងព្រាហ្មណ៍ ជាវិញ្ញូជនពួកនោះ លើកទោស និន្ទា តិះដៀល។
សន្ដោសក្នុងចីវរ
ពាក្យថា សន្តុដ្ឋោ ហោតិ សេចក្តីថា ជាអ្នកសន្តោសដោយអំណាចសេចក្តីសន្តោសក្នុងបច្ច័យ ។ ពាក្យថា ឥតរីតរេន ចីវរេន សេចក្តីថា ( ជាអ្នកសន្តោស ) ដោយចីវរ មានចីវរគ្រោតគ្រាត ល្អិត សៅហ្មង ប្រណីត មាំ ចាស់ណានីមួយក៏ទេ តាមពិត ជាអ្នកសន្តោសដោយចីវរតាមមានតាមបានជាដើម ណានីមួយតាមតែលោកទទួលបាន ។ ក៏ក្នុងចីវរមានសន្តោស ៣ គឺ យថាលាភសន្តោស សន្តោសតាមមានតាមបាន យថាពលសន្ដោស សន្ដោសតាមកម្លាំង យថាសារុប្បសន្ដោស សន្តោសតាមសេចក្តីសមគួរ ។ សូម្បីក្នុងបិណ្ឌបាតជាដើម ក៏មានន័យនេះដូចគ្នា ។ សេចក្តីពិស្តារនៃសន្តោសទាំងនោះ គប្បីជ្រាបតាមន័យដែលពោលហើយក្នុងសាមញ្ញផលសូត្រនុ៎ះឯង ។ ពាក្យថា ជាអ្នកសន្ដោសដោយចីវរតាមមានតាមបានជាដើម ណានីមួយ លោកពោលសំដៅយកសន្តោសទាំង ៣ នេះ ដោយប្រការដូច្នេះ ។ ក៏ក្នុងសេចក្តីនេះ គប្បីស្គាល់ចីវរ គប្បីស្គាល់ខេត្តនៃចីវរ គប្បីស្គាល់បំសុកូលចីវរ គប្បីស្គាល់សេចក្តីសន្ដោសក្នុងចីវរ គប្បីជ្រាបធុតង្គដែលជាប់ទាក់ទងនឹងចីវរ។
ពាក្យថា គប្បីស្គាល់ចីវរ សេចក្តីថា គប្បីស្គាល់ចីវរ ៦ ប្រភេទ មានចីវរធ្វើពីសំបកឈើជាដើម អនុលោមចីវរ ៦ ប្រភេទ មានសំពត់ពីរជាន់ជាដើម ចីវរទាំង ១២ ប្រភេទនេះ ឈ្មោះថា កប្បិយចីវរ ( ចីវរដែលគួរ អាចប្រើប្រាស់បាន ) ។ ចំណែកចីវរធ្វើពីស្បូវភ្លាំង សម្បកធ្មៃ សំពត់ធ្វើពីផែនក្តារ សំពត់កម្ពលត្បាញដោយសក់មនុស្ស សំពត់កម្ពលត្បាញដោយរោមកន្ទុយសត្វ សម្បកក្រចៅ ស្បែកខ្លា ស្បែកសត្វ ស្លាបមៀម សំពត់ចងដោយដើមឈើ សំពត់ដែលក្រងដោយវល្លិ៍ សំពត់ដែលធ្វើពីរៃទឹក សំពត់ដែលធ្វើពីស្រទបចេក សំពត់ដែលធ្វើពីផ្កាឫស្សី ជាដើម ឈ្មោះថា អកប្បិយចីវរ ( ចីវរដែលមិនគួរប្រើប្រាស់ ) ។
ពាក្យថា ខេត្តនៃចីវរ សេចក្តីថា ឈ្មោះថា ខេត្តមាន ៦ ព្រោះកើតឡើងយ៉ាងនេះ គឺ កើតអំពីសង្ឃ គណៈ ញាតិ មិត្ត ទ្រព្យរបស់ខ្លួន ឬជាសំពត់បង្សុកូល ។ ចំណែកខេត្ត ៨ គប្បីជ្រាបដោយអំណាចមាតិកា ៨ ។
[ មាតិកា ៨ នោះ គឺ៖
១. សីមាយ ទេតិ គេឲ្យចីវរក្នុងសីមា
២. កតិកាយ ទេតិ គេឲ្យចីវរដោយសេចក្តីប្តេជ្ញា
៣. ភិក្ខាបញ្ញត្តិយា ទេតិ គេឲ្យចីវរដោយសេចក្តីបញ្ញត្តិនៃភិក្ខា ( ទីបរិច្ចាគទានរបស់ខ្លួន )
៤. សង្ឃស្ស ទេតិ គេឲ្យចីវរចំពោះសង្ឃ
៥. ឧភតោសង្ឃស្ស ទេតិ គេឲ្យចីវរចំពោះឧភតោសង្ឃ
៦. វស្សំ វុត្ថស្ស សង្ឃស្ស ទេតិ គេឲ្យចីវរចំពោះសង្ឃដែលនៅចាំវស្សា
៧. អាទិស្ស ទេតិ គេចំពោះវត្ថុ ឬកំណត់វត្ថុហើយទើបឱ្យចីវរ
៨. បុគ្គលស្ស ទេតិ គេឱ្យចីវរចំពោះបុគ្គល ។ ]
សំពត់បំសុកូល ២៣ ប្រភេទ
ពាក្យថា បំសុកូល សេចក្តីថា គប្បីជ្រាបសំពត់បំសុកូល ២៣ ប្រភេទ គឺ៖
១. សោសានិក ( សំពត់ដែលគេបោះចោលក្នុងព្រៃខ្មោច )
២. បាបណិក ( សំពត់ដែលគេចោលនៅតាមច្រករានផ្សារ )
៣. រថិក ( សំពត់ដែលគេចោលនៅតាមច្រក )
៤. សង្ការចោឡក ( សំពត់ដែលគេចោលនៅលើគំនរសំរាម )
៥. សោត្ថិយ ( សំពត់ដែលគេជូតមន្ទិលនៃគភ៌ហើយបោះចោល )
៦. សិនាន ( សំពត់ដែលគេផ្លាស់ងូតទឹកមន្តហើយបោះចោល )
៧. តិត្ថ ( សំពត់ដែលគេបោះចោលក្បែរកំពង់ទឹក )
៨. គតបច្ចាគត ( សំពត់ដែលគេយកគ្របសពហែទៅព្រៃខ្មោច ហើយយកមកបោះចោល )
៩. អគ្គិទិឌ្ឍ ( សំពត់ត្រូវភ្លើងឆេះហើយគេបោះចោល )
១០. គោខាយិត ( សំពត់ដែលគោខាំហើយបោះចោល )
១១. ឧបចិក្ខាយិត ( សំពត់ដែលកណ្ដៀរកាត់ហើយគេបោះចោល )
១២. ឧន្ធូរខាយិត ( សំពត់ដែលកណ្ដុរកាត់ហើយគេបោះចោល )
១៣. អន្តច្ឆិន្ន ( សំពត់ដាច់រឹមហើយគេបោះចោល )
១៤. ទសាច្ឆិន្ន ( សំពត់ដាច់ជាយហើយគេបោះចោល )
១៥. ធជាហដ ( សំពត់ដែលគេលើកជាទង់ហើយគេបោះចោល )
១៦. ថូប ( សំពត់ដែលគេបូជាដំបូកហើយបោះចោល )
១៧. សមណចីវរ ( សំពត់ចីវររបស់ភិក្ខុផងគ្នា )
១៨. សាមុទ្ទិយ ( សំពត់ដែលរលកសមុទ្របន្សាត់ឡើងច្រាំង )
១៩. អាភិសេកិក ( សំពត់ដែលគេចោលក្នុងទីរាជាភិសេក )
២០. បន្ថិក ( សំពត់ដែលធ្លាក់នៅតាមដងផ្លូវ មិនមានម្ចាស់ )
២១. វាតាហដ ( សំពត់ដែលខ្យល់បក់ទៅ មិនមានម្ចាស់តាមរក )
២២. ឥទ្ធិមយ ( សំពត់កើតអំពីឫទ្ធិ សម្រាប់ឯហិភិក្ខុ )
២៣. ទេវទត្តិយ ( សំពត់ដែលទេវតាឱ្យ )
បណ្តាសំពត់ទាំងអស់នេះ សំពត់ដែលឈ្មោះថា សោត្ថិយ បានដល់ សំពត់សម្រាប់ជូតមន្ទិលនៃគភ៌ ។ សំពត់ដែលឈ្មោះថា គតបច្ចាគត បានដល់ សំពត់ដែលគេរុំសាកសពទៅព្រៃខ្មោចហើយយកត្រឡប់មកវិញ ។ សំពត់ដែលឈ្មោះថា ធជាហដ បានដល់ សំពត់ដែលគេលើកជាទង់ហើយ ភិក្ខុនាំមកពីទីនោះ ។ សំពត់ដែលឈ្មោះថា ថូប បានដល់ សំពត់ដែលគេបូជាដំបូក ។ សំពត់ដែលឈ្មោះថា សាមុទ្ទិយ បានដល់ សំពត់ដែលត្រូវរលកសមុទ្របន្សាត់ឡើងគោក ។ សំពត់ដែលឈ្មោះថា បន្ថិក បានដល់ សំពត់ដែលអ្នកធ្វើដំណើរប្រើដុំថ្មវាយហើយយកមកដណ្តប់ ព្រោះខ្លាចចោរលួច ។ សំពត់ដែលឈ្មោះថា ឥទ្ធិមយ បានដល់ សំពត់របស់ឯហិភិក្ខុ ។ សំពត់ក្រៅពីនេះ ប្រាកដជាក់ច្បាស់ហើយ ។
ពាក្យថា ចីវរសន្តោសោ បានដល់ សេចក្តីសន្ដោសក្នុងចីវរ មាន ២០ ។ ក៏ក្នុងចីវរមានសន្ដោស ២០ គឺ៖
វិតក្កសន្តោសោ សន្ដោសក្នុងការត្រិះរិះ
គមនសន្តោសោ សន្ដោសក្នុងការទៅ
បរិយេសនសន្តោសោ សន្តោសក្នុងការស្វែងរក
បដិលាភសន្តោសោ សន្ដោសក្នុងការបាន
មត្តប្បដិគ្គហណសន្តោសោ សន្ដោសក្នុងការទទួលល្មមប្រមាណ
លោលុប្បវិវជ្ជនសន្តោសោ សន្ដោសក្នុងការវៀរចាកសេចក្តីលោភ
យថាលាភសន្តោសោ សន្ដោសតាមមានតាមបាន
យថាពលសន្តោសោ សន្តោសតាមកម្លាំង
យថាសារុប្បសន្តោសោ សន្តោសតាមសេចក្តីសមគួរ
ឧទកសន្តោសោ សន្តោសក្នុងទឹក ( សម្រាប់បោកគក់ )
ធោវនសន្តោសោ សន្ដោសក្នុងការបោកគក់
ករណសន្តោសោ សន្ដោសក្នុងការធ្វើ
បរិមាណសន្តោសោ សន្តោសក្នុងបរិមាណ
សុត្តសន្តោសោ សន្ដោសក្នុងអំបោះ
សិព្វនសន្តោសោ សន្តោសក្នុងការដេរ
រជនសន្តោសោ សន្តោសក្នុងការជ្រលក់
កប្បសន្តោសោ សន្ដោសក្នុងការធ្វើកប្ប
បរិភោគសន្តោសោ សន្ដោសក្នុងការប្រើប្រាស់
សន្និធិបរិវជ្ជនសន្តោសោ សន្ដោសក្នុងការវៀរចាកការសន្សំ
វិស្សជ្ជនសន្តោសោ សន្ដោសក្នុងការលះ
បណ្តាសន្ដោសទាំងនោះ ភិក្ខុអ្នកត្រេកអរនៅចាំវស្សាជាប់ជានិច្ចគម្រប់ត្រៃមាស នឹងត្រិះរិះត្រឹមតែមួយខែ ក៏គួរ ។ ក៏ភិក្ខុនោះបវារណាហើយ រមែងធ្វើចីវរក្នុងខែដែលធ្វើចីវរ ។ ភិក្ខុអ្នកទ្រទ្រង់សំពត់បំសុកូល រមែងធ្វើតែកន្លះខែប៉ុណ្ណោះ ។ ការត្រិះរិះត្រឹមតែមួយខែ ឬកន្លះខែ ឈ្មោះថា សន្ដោសក្នុងការត្រិះរិះ ដោយប្រការដូច្នេះ ។ ក៏ភិក្ខុដែលសន្ដោសដោយការសន្ដោសក្នុងការត្រិះរិះ គប្បីធ្វើដូចបំសុកូលត្ថេរ ដែលនៅចាំវស្សាក្នុងបាចីនខណ្ឌរាជីវិហារចុះ ។
មានរឿងតំណាលមកថា ព្រះថេរៈមកដោយបំណងថា នឹងថ្វាយបង្គំព្រះចេតិយ ក្នុងចេតិយបព៌តវិហារ កាលថ្វាយបង្គំព្រះចេតិយហើយ ក៏គិតថា ចីវររបស់អាត្មាអញចាស់ហើយ អញនឹងបានវាក្នុងសម្នាក់ភិក្ខុច្រើនរូប ។ លោកទើបទៅកាន់មហាវិហារ ជួបព្រះសង្ឃត្ថេរហើយសួររកទីស្នាក់នៅ ហើយក៏នៅក្នុងទីនោះ ថ្ងៃស្អែកឡើង ទើបកាន់យកចីវរមកថ្វាយបង្គំព្រះថេរៈ ។ ព្រះថេរៈសួរថា មានការអ្វី ។ ក៏ឆ្លើយថា បពិត្រលោកម្ចាស់ ខ្ញុំករុណានឹងទៅទ្វារស្រុក ។ ព្រះថេរៈទើបពោលថា ខ្ញុំករុណានឹងទៅដែរ ។ ទើបពោលថា ល្អណាស់ លោកម្ចាស់ កាលទៅបានឈរទៀបស៊ុមទ្វារមហាពោធិ គិតថា អញនឹងបានចីវរជាទីពេញចិត្ត ក្នុងលំនៅរបស់អ្នកមានបុណ្យ ហើយទើបបែរជាគិតថា សេចក្តីត្រិះរិះរបស់អញមិនបរិសុទ្ធ ត្រឡប់អំពីទីនោះភ្លាម ស្អែកឡើងទើបទៅកាន់ទីជិតទួលស្វាយ ស្អែកឡើងទៀតក៏ត្រឡប់អំពីទ្វារទិសខាងជើងរបស់មហាចេតិយដូចគ្នា សូម្បីក្នុងថ្ងៃទី ៤ ក៏បានទៅកាន់សំណាក់របស់ព្រះថេរៈ ។ ព្រះថេរៈដឹងថា ភិក្ខុនេះនឹងមានសេចក្តីត្រិះរិះមិនបរិសុទ្ធ ទើបកាន់យកចីវរ សួរបញ្ហាបណ្តើរ ចូលទៅកាន់ស្រុកជាមួយនឹងលោកបណ្តើរតែម្តង ។ ក៏ក្នុងយប់នោះ មនុស្សម្នាក់ត្រូវឧច្ចារៈ ( ឈឺបត់ជើងធំ ) បៀតបៀន ទើបបន្ទោបង់ឧច្ចារៈដាក់សំពត់សាដកនោះ ហើយបោះសំពត់សាដកនោះលើគំនរសំរាម ។ បំសុកូលិកត្ថេរឃើញសំពត់សាដកនោះ មានរុយក្បាលខៀវរោមជុំជិត ទើបផ្គងអញ្ជលី ។ ព្រះមហាថេរៈទើបសួរថា ហេតុអ្វីលោកទើបផ្គងអញ្ជលីចំពោះគំនរសំរាម? លោកក៏ឆ្លើយថា បពិត្រលោកម្ចាស់ ខ្ញុំករុណាមិនបានផ្គងអញ្ជលីចំពោះគំនរសំរាមទេ ខ្ញុំករុណាផ្គងអញ្ជលីចំពោះព្រះទសពលជាព្រះបិតារបស់ខ្ញុំករុណាទេតើ ការដែលភិក្ខុកាន់យកសំពត់បំសុកូលដែលគេរុំសាកសពរបស់នាងបុណ្ណទាសីហើយយកទៅបោះចោល បណ្តេញបាណកសត្វ ( សត្វល្អិត ) ប្រមាណមួយនាឡិ ចេញអំពីព្រៃខ្មោច ជាកម្មធ្វើបានដោយលំបាក ។ ព្រះមហាថេរៈគិតថា សេចក្តីត្រិះរិះរបស់ភិក្ខុអ្នកទ្រទ្រង់សំពត់បំសុកូលបរិសុទ្ធហើយ ។ សូម្បីព្រះថេរៈអ្នកទ្រទ្រង់សំពត់បំសុកូលឈរនៅក្នុងទីនោះនុ៎ះឯង ចម្រើនវិស្សនា រហូតសម្រេចផល ៣ កាន់យកសំពត់សាដកមួយផ្ទាំងនោះ ធ្វើជាចីវរដណ្តប់ទៅកាន់បាចីនខណ្ឌរាជីវិហារ សម្រេចព្រះអរហត្តដែលជាផលដ៏ប្រសើរ ។
ក៏ការដែលភិក្ខុកាលទៅដើម្បីប្រាថ្នាចីវរ មិនត្រូវគិតថា នឹងបានមកពីណា ហើយទៅដោយបំណងយកកម្មដ្ឋានជាធំតែម្យ៉ាង ឈ្មោះថា សន្ដោសក្នុងការទៅ ។ ក៏ការដែលភិក្ខុស្វែងរក កុំស្វែងរកនឹងជនណានីមួយបញ្ជូនទៅ នាំយកភិក្ខុជាលជ្ជី មានសីលជាទីស្រឡាញ់ ទៅស្វែករក ឈ្មោះថា សន្ដោសក្នុងការស្វែងរក ។ ការដែលភិក្ខុកាលស្វែងរកយ៉ាងនេះ ឃើញមនុស្សនាំចីវរមកអំពីចម្ងាយ កុំត្រិះរិះយ៉ាងនេះថា ចីវរនុ៎ះ នឹងជារបស់គួរជាទីពេញចិត្ត ចីវរនុ៎ះជារបស់មិនជាទីពេញចិត្ត ដូច្នេះហើយ ត្រេកអរក្នុងចីវរដែលមានសាច់គ្រោតគ្រាត និងល្អិត ជាដើមតាមដែលខ្លួនបាន ឈ្មោះថា សន្ដោសក្នុងការបាន ។ ការដែលភិក្ខុសូម្បីទទួលយកចីវរដែលបានហើយយ៉ាងនេះ ត្រេកអរដោយល្មមប្រមាណដល់ខ្លួនប៉ុណ្ណោះថា សំពត់ប៉ុណ្ណេះនឹងមានដើម្បីចីវរ ២ ជាន់ សំពត់ប៉ុណ្ណេះនឹងមានដើម្បីចីវរមួយជាន់ ឈ្មោះថា សន្ដោសក្នុងការទទួលល្មមប្រមាណ ។ ក៏ការដែលភិក្ខុកាលស្វែងរកចីវរ មិនត្រូវគិតថា អញនឹងបានចីវរដែលគួរពេញចិត្តត្រង់ទ្វារផ្ទះរបស់ជនឯណោះ ដូច្នេះហើយត្រាច់ទៅតាមលំដាប់ទ្វារ ឈ្មោះថា សន្ដោសក្នុងការវៀរចាកសេចក្តីលោភ ។ ការដែលភិក្ខុកាលអាចនឹងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយចីវរដែលសៅហ្មង ឬប្រណីតយ៉ាងណានីមួយ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយចីវរតាមដែលបានមកហើយនុ៎ះឯង ឈ្មោះថាសន្ដោសតាមមានតាមបាន។ ការដែលភិក្ខុដឹងកម្លាំងរបស់ខ្លួនហើយ អាចនឹងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយចីវរប្រភេទណា ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយចីវរប្រភេទនោះ ឈ្មោះថា សន្ដោសតាមកម្លាំង ។ ភិក្ខុឲ្យចីវរដែលខ្លួនពេញចិត្តដល់ភិក្ខុដទៃ ខ្លួនឯងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយចីវរយ៉ាងណានីមួយ ឈ្មោះថា សន្ដោសតាមសេចក្តីសមគួរ ។ ភិក្ខុមិនរើសថា ទឹកនៅទីណាគួរជាទីពេញចិត្ត នៅទីណាមិនគួរជាទីពេញចិត្ត ដូច្នេះហើយ បោកគក់ដោយទឹកដែលអាចនឹងបោកគក់បាន ឈ្មោះថា សន្ដោសក្នុងទឹក ។ ភិក្ខុវៀរទឹកដែលល្អក់ដោយដីពណ៌លឿង ដីស និងសៅស្អុយចេញ ក៏គួរ ។
ភិក្ខុកាលបោកមិនប្រើអន្លូងជាដើមវាយ ប្រើតែដៃបោកគក់ ឈ្មោះថា សន្ដោសក្នុងការបោកគក់ ។ ភិក្ខុដាក់ស្លឹកឈើហើយបោកគក់ចីវរដែលមិនស្អាតយ៉ាងនោះ សូម្បីដោយទឹកក្តៅក៏គួរ ។ ភិក្ខុកាលធ្វើការបោកគក់យ៉ាងនេះ មិនឲ្យចិត្តកម្រើកថា សំពត់មួយផ្ទាំងនេះមានសាច់គ្រោតគ្រាត សំពត់មួយផ្ទាំងនេះមានសាច់ល្អិត ធ្វើតាមទំនងល្មមប្រមាណនុ៎ះឯង ឈ្មោះថា សន្ដោសក្នុងការធ្វើ ។ ការធ្វើចីវរដែលល្មមនឹងអាចបិទបាំងមណ្ឌល ៣ បាននុ៎ះឯង ឈ្មោះថា សន្ដោសក្នុងបរិមាណ ។ ដើម្បីធ្វើចីវរ ភិក្ខុមិនកំណត់ថា អញនឹងស្វែងរកឱ្យត្រូវចិត្ត ដូច្នេះ ហើយនាំយកអំបោះក្នុងទីមានច្រកផ្លូវជាដើម ឬក្នុងទេវស្ថានមក ឬក៏កាន់យកអំបោះយ៉ាងណានីមួយនោះឯង ដែលគេដាក់ជិតជើងយកមកធ្វើ ឈ្មោះថា សន្ដោសដោយសរសៃអំបោះ ។ ក្នុងគ្រាដែលដេរកុសិ គប្បីដេរបាន ៧ ដង ឆ្ងាយពីគ្នាប្រមាណ ១ ធ្នាប់ ។ កាលភិក្ខុធ្វើយ៉ាងនេះ ភិក្ខុអង្គណាមិនមានសម្លាញ់ សូម្បីវត្តភេទក៏មិនមានដល់ភិក្ខុនោះដែរ ។ តែគប្បីដេរ ៧ ដង ប្រមាណ ៣ ធ្នាប់ ។ ភិក្ខុធ្វើយ៉ាងនេះ គប្បីមានសម្លាញ់ធ្វើដំណើររួមគ្នាផងចុះ ។ ភិក្ខុណាមិនមានសម្លាញ់ ជាវត្តភេទដល់ភិក្ខុនោះ ។ នេះឈ្មោះថា សេចក្ដីសន្ដោសក្នុងការដេរ ។ ភិក្ខុកាលជ្រលក់មិនគប្បីត្រាច់ស្វែងរកមក្លឿជាដើមទេ បានរបស់ណា មានសម្បកឈើពណ៌ខ្មៅជាដើម គប្បីជ្រលក់ដោយសម្បកឈើនោះ ។ កាលមិនបាន គប្បីកាន់យកទឹកជ្រលក់ដែលពួកមនុស្ស កាន់យកធ្មៃក្នុងព្រៃហើយបោះចោល ឬកាកសំណល់ដែលពួកភិក្ខុស្លហើយចោល ជ្រលក់ចុះ ។ នេះឈ្មោះថា សេចក្ដីសន្ដោសក្នុងការជ្រលក់ ។ ភិក្ខុកាន់យកបណ្ដាវត្ថុមានពណ៌ខៀវ ភក់ ពណ៌ខ្មៅ និងពណ៌ផ្ទៃមេឃចាស់ណាមួយ ធ្វើកប្បស្មើនឹងមនុស្សអង្គុយលើខ្នងដំរីសម្លឹងមើល ឈ្មោះថា សន្ដោសក្នុងការធ្វើកប្ប ។ ការប្រើប្រាស់ត្រឹមតែដើម្បីបិទបាំងអវយវៈ ដែលនឹងញ៉ាំងសេចក្ដីខ្មាសឱ្យកម្រើក ឈ្មោះថា សន្ដោសក្នុងការបរិភោគប្រើប្រាស់ ។ ភិក្ខុបានកំណាត់សំពត់ហើយ តែនៅមិនទាន់បានអំបោះ ម្ជុល ឬអ្នក ( ជួយ ) ធ្វើ នឹងរក្សាទុកសិនក៏គួរ ។ កាលបានហើយ នឹងរក្សាទុកបន្តទៀតមិនគួរ ។ បើប្រាថ្នានឹងឱ្យចីវរដែលធ្វើស្រេចហើយ ដល់ពួកអន្តេវាសិកជាដើម តែពួកអន្តេវាសិកនោះមិននៅ គួរនឹងរក្សាទុករហូតដល់ពួកគេមក កាលពួកអន្តេវាសិកមកដល់ គប្បីឱ្យគេចុះ កាលមិនអាចនឹងឱ្យបាន ក៏គប្បីអធិដ្ឋានទុក កាលមានចីវរដទៃ នឹងអធិដ្ឋានជាសំពត់ក្រាលផ្ទៃដីក៏គួរ ក៏ចីវរដែលមិនបានអធិដ្ឋានប៉ុណ្ណោះ ទើបជាសន្និធិ ចីវរដែលអធិដ្ឋានហើយមិនមែនជាសន្និធិទេ ព្រះមហាសិវត្ថេរពោលទុកដូច្នេះ ។ នេះឈ្មោះថា សន្ដោសក្នុងការវៀរចាកការសន្សំ ។ ភិក្ខុកាលលះ មិនគប្បីឱ្យក្នុងទីចំពោះមុខ ។ គប្បីតាំងនៅក្នុងសារាណីយធម៌ហើយ លះចុះ ។ នេះឈ្មោះថា សន្ដោសក្នុងការលះ ។
បំសុកូលិកធុតង្គ និងតេចីវរិកង្គធុតង្គ ឈ្មោះថា ធុតង្គដែលជាប់ទាក់ទងដោយចីវរ ។ វិត្ថារកថានៃធុតង្គទាំង ២ នោះ គប្បីជ្រាបចាកគម្ពីរវិសុទ្ធិមគ្គ ។ ភិក្ខុអ្នកបំពេញមហាអរិយវង្សត្រង់ការសន្ដោសដោយចីវរ រមែងរក្សាធុតង្គ ២ នេះទុកបាន ដោយប្រការដូច្នេះ ។ ភិក្ខុកាលរក្សាធុតង្គ ២ នេះបាន រមែងជាអ្នកឈ្មោះថា សន្ដោសតាមអរិយវង្សត្រង់ចំណុចការសន្ដោសដោយចីវរ ។
បទថា វណ្ណវាទី គប្បីជ្រាបអធិប្បាយដូចតទៅនេះ៖ ភិក្ខុមួយរូបជាអ្នកសន្ដោស ពិតមែនតែមិនពណ៌នាសរសើរសេចក្ដីសន្ដោសទេ ។ មួយរូបទៀត មិនមែនជាអ្នកសន្ដោស តែត្រឡប់ជាអ្នកពណ៌នាសរសើរសេចក្ដីសន្ដោស ។ ចំណែកមួយរូបទៀត ទាំងមិនមែនជាអ្នកសន្ដោស ទាំងមិនពណ៌នាសរសើរសេចក្ដីសន្ដោស ។ ឯមួយរូបទៀត ទាំងជាអ្នកសន្ដោស ទាំងពណ៌នាសរសើរសេចក្ដីសន្ដោស ។ ដើម្បីសម្ដែងហេតុផលនោះ លោកទើបពោលពាក្យថា ជាអ្នកមានប្រក្រតីសរសើរគុណនៃសេចក្ដីសន្ដោសក្នុងចីវរតាមមានតាមបាន ។ បទថា អនេសនំ សេចក្ដីថា ការស្វែងរកដែលមិនសមគួរ មានការរត់ការសំបុត្រ ទូតកម្ម និងការតាមប្រកបក្នុងកម្មទាំង ២ នោះ ដែលជាកិច្ចការរបស់ទូត ។ បទថា អប្បដិរូបំ សេចក្ដីថា មិនសមគួរ ។ បទថា អលទ្ធា ច ប្រែថា មិនបាន ។ ភិក្ខុជាអ្នកសន្ដោស ទោះបីមិនបានចីវរ ក៏មិនក្ដៅក្រហាយដូចភិក្ខុរូបខ្លះគិតថា អញនឹងបានចីវរយ៉ាងណាហ្ន៎? ហើយចូលជាមួយនឹងភិក្ខុអ្នកមានបុណ្យ ធ្វើការបោកប្រាស់ រមែងតក់ស្លុត រមែងក្ដៅក្រហាយយ៉ាងនោះក៏ទេ ។ បទថា លទ្ធា ច សេចក្ដីថា បានមកដោយធម៌ ។ បទថា អគធិតោ សេចក្ដីថា មិនត្រូវសេចក្ដីលោភចងរួបរឹត ។ បទថា អមុច្ឆិតោ សេចក្ដីថា មិនដល់នូវការសុបសៅ ព្រោះចំណង់ហួសហេតុ ។ បទថា អនជ្ឈាបន្នោ សេចក្ដីថា មិនត្រូវតណ្ហាគ្របសង្កត់ គឺ រួបរឹត ។ បទថា អាទីនវទស្សាវី សេចក្ដីថា ឃើញទោសក្នុងអាបត្តិដែលត្រូវព្រោះការស្វែងរកដែលមិនសមគួរ និងក្នុងការបរិភោគលាភ ដែលត្រូវចំណង់រួបរឹតទុក ។ បទថា និស្សរណបញ្ញោ សេចក្ដីថា អ្នកដឹងដល់ការរលាស់ចេញ ដែលលោកពោលទុកថា “យាវទេវ សីតស្ស បដិឃាតាយ ដើម្បីកម្ចាត់បង់នូវត្រជាក់” ជាដើម ។ បទថា ឥតរីតរចីវរសន្តុដ្ឋិយា សេចក្ដីថា ដោយការសន្ដោសដោយចីវរ យ៉ាងណាមួយ ។ បទថា នេវត្តានុក្កំសេតិ សេចក្ដីថា មិនលើកតម្កើងខ្លួនឯងថា “អាត្មាអញជាអ្នកទ្រទ្រង់សំពត់បង្សុកូល អញសមាទានបំសុកូលិកង្គធុតង្គ តាំងពីឧបសម្បទមករហូត មិនមានភិក្ខុដទៃដូចអាត្មាអញទេ” ដូច្នេះ ។ បទថា ន បរំ វម្ភេតិ សេចក្ដីថា មិនបង្អាប់អ្នកដទៃយ៉ាងនេះថា “ពួកភិក្ខុដទៃទាំងនេះ មិនជាអ្នកទ្រទ្រង់សំពត់បង្សុកូលទេ” ឬថា “ពួកភិក្ខុទាំងនេះ មិនមានសូម្បីត្រឹមតែបំសុកូលិកង្គធុតង្គ” ដូច្នេះ ។ ច្រើនបទថា យោ ហិ តត្ថ ទក្ខោ សេចក្ដីថា អ្នកណាមិនខ្ជិលច្រអូស ឈ្លាសវៃ ក្នុងការសន្ដោសដោយចីវរនោះ ឬក្នុងគុណមានភាពជាអ្នកពោលសរសើរជាដើម ។ បទថា អនលសោ សេចក្ដីថា វៀរចាកសេចក្ដីខ្ជិលច្រអូស ដោយការធ្វើមិនដាច់ ។ ពីរបទថា សម្បជានោ បដិស្សតោ សេចក្ដីថា ប្រកបដោយបញ្ញាក្នុងការដឹងខ្លួន និងដោយការរលឹក ។ ពីរបទថា អរិយវំសេ ឋិតោ សេចក្ដីថា តាំងនៅក្នុងអរិយវង្ស ។
សន្ដោសក្នុងបិណ្ឌបាត
ពាក្យថា ឥតរីតរេន បិណ្ឌបាតេន សេចក្ដីថា ដោយបិណ្ឌបាតយ៉ាងណានីមួយ ។ សូម្បីក្នុងពាក្យនេះ បណ្ឌិតគប្បីជ្រាបបិណ្ឌបាត ខេត្តក្នុងការត្រាច់បិណ្ឌបាត សេចក្ដីសន្ដោសក្នុងបិណ្ឌបាត ធុតង្គដែលទាក់ទងនឹងបិណ្ឌបាត ។
បណ្ដាខទាំង ៤ នោះ ខថា បិណ្ឌបាត ១៦ យ៉ាង គឺ បាយ នំកុម្មាស សដូវ ត្រី សាច់ ទឹកដោះស្រស់ ទឹកដោះជូរ ទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ បបរ របស់គួរទំពាស៊ី របស់គួរលិទ្ធ របស់គួរភ្លក្ស ។
ពាក្យថា បិណ្ឌបាតក្ខេត្តំ សេចក្ដីថា ខេត្តនៃការត្រាច់បិណ្ឌបាត មាន ១៥ គឺ ភត្តដែលគេប្រគេនចំពោះសង្ឃ ( សង្ឃភត្ត ) ភត្តដែលគេប្រគេនចំពោះ ( ឧទ្ទេសភត្ត ) ភត្តដែលគេបាននិមន្ត ( និមន្តនភត្ត ) ភត្តដែលគេប្រគេនជាមួយនឹងស្លាក ( សលាកភត្ត ) ភត្តដែលគេប្រគេនប្រចាំបក្ខ
( បក្ខិកភត្ត ) ភត្តដែលគេប្រគេនក្នុងថ្ងៃឧបោសថ ( ឧបោសថិកភត្ត ) ភត្តដែលគេប្រគេនក្នុងថ្ងៃបាដិបទ [ គឺថ្ងៃមួយរោច ឬមួយកើត ] ( បាដិបទិកភត្ត ) ភត្តដែលគេប្រគេនដល់ភិក្ខុមកដល់ថ្មី ( អាគន្តុកភត្ត ) ភត្តដែលគេប្រគេនដល់ភិក្ខុអ្នកត្រៀមនឹងធ្វើដំណើរ ( គមិកភត្ត ) ភត្តដែលគេប្រគេនដល់ភិក្ខុមានជំងឺ ( គិលានភត្ត ) ភត្តដែលគេប្រគេនដល់ភិក្ខុបម្រើអ្នកជំងឺ ( គិលានុបដ្ឋាកភត្ត ) ភត្តដែលគេប្រគេនក្នុងវិហារជិត ( ធុរភត្ត ) ភត្តដែលគេប្រគេនដល់ភិក្ខុនៅក្នុងកុដិ ( កុដិភត្ត ) ភត្តដែលគេប្រគេនតាមវេន ( វារភត្ត ) ភត្តដែលគេប្រគេនដល់ភិក្ខុអ្នកនៅក្នុងវិហារ ( វិហារភត្ត ) ។
ពាក្យថា បិណ្ឌបាតសន្ដោសោ សេចក្ដីថា សន្ដោស មាន ១៥ គឺ សន្ដោសក្នុងការត្រិះរិះក្នុងបិណ្ឌបាត សន្ដោសក្នុងការត្រាច់ទៅ សន្ដោសក្នុងការស្វែងរក សន្ដោសក្នុងការបាន សន្ដោសក្នុងការទទួល សន្ដោសក្នុងការទទួលល្មមប្រមាណ សន្ដោសក្នុងការវៀរចាកការចង់បាន សន្ដោសតាមមានតាមបាន សន្ដោសតាមកម្លាំង សន្ដោសតាមសេចក្ដីសមគួរ សន្ដោសក្នុងការទំនុកបម្រុង សន្ដោសក្នុងការកំណត់ សន្ដោសក្នុងការបរិភោគ សន្ដោសក្នុងការវៀរចាកការសន្សំ សន្ដោសក្នុងការលះ ។
បណ្ដាសេចក្ដីសន្ដោសទាំងនោះ ភិក្ខុអ្នកត្រេកអរ លុបមុខហើយ រមែងត្រិះរិះ ក៏ភិក្ខុអ្នកត្រាច់ទៅជាមួយនឹងគណៈ ភិក្ខុអ្នកត្រាច់ចរបិណ្ឌបាតជាវត្ត ក្នុងវេលាបម្រើព្រះថេរៈក្នុងវេលាល្ងាច ត្រូវសួរថា ស្អែកនេះពួកយើងនឹងទៅបិណ្ឌបាតក្នុងទីណា? ឆ្លើយថា ក្នុងស្រុកឈ្មោះឯណោះ លោកម្ចាស់ គិតត្រឹមតែប៉ុណ្ណេះចុះ ក្រៅពីនោះទៅ ក៏មិនគប្បីត្រិះរិះ ( ទៀត ) ។ ភិក្ខុដែលត្រាច់ទៅតែឯង គប្បីឈរត្រិះរិះក្នុងរោងសម្រាប់ត្រិះរិះចុះ ។ ភិក្ខុដែលត្រិះរិះលើសពីនោះ រមែងជាអ្នកឃ្លាតឆ្ងាយពីអរិយវង្ស ។ ពាក្យដែលពោលមកនេះ ឈ្មោះថា សន្ដោសក្នុងសេចក្ដីត្រិះរិះ ។ ក៏ភិក្ខុដែលនឹងចូលទៅបិណ្ឌបាត មិនត្រូវគិតថា នឹងបានក្នុងទីណា គប្បីទៅដោយមានកម្មដ្ឋានជាធំចុះ ។ នេះជាការសន្ដោសក្នុងការទៅ ។ ភិក្ខុកាលស្វែងរក មិនត្រូវកំណត់ថា ជាអ្វី គប្បីនាំយកភិក្ខុជាលជ្ជី មានសីលជាទីស្រឡាញ់ប៉ុណ្ណើ ទៅស្វែងរកចុះ ។ នេះឈ្មោះថា សន្ដោសក្នុងការស្វែងរក ។ ភិក្ខុឃើញមនុស្សនាំអាហារមកអំពីចម្ងាយ មិនគប្បីមានគំនិតយ៉ាងនេះថា របស់នោះគួរជាទីពេញចិត្ត របស់នោះមិនគួរជាទីពេញចិត្ត ដូច្នេះ ។ នេះឈ្មោះថា សន្ដោសក្នុងការបានចំពោះ ។ ភិក្ខុមិនគប្បីគិតថា របស់ដែលគាប់ចិត្តទើបយើងទទួល របស់មិនគាប់ចិត្តយើងនឹងមិនទទួលទេ ទទួលយកតែអាហារល្មមញ៉ាំងអត្តភាពឱ្យប្រព្រឹត្តទៅណានីមួយប៉ុណ្ណោះ ។ នេះ ឈ្មោះថា សន្ដោសក្នុងការទទួល ។
ក៏ក្នុងការសន្ដោសនេះ ( បើ ) ទេយ្យធម៌មានច្រើន តែទាយកត្រូវការប្រគេនតិច ក៏គប្បីទទួលយកតែបន្តិច បើទេយ្យធម៌មានច្រើន ទាយកក៏ត្រូវការនឹងប្រគេនច្រើន គប្បីទទួលយកតែល្មមប្រមាណប៉ុណ្ណោះ ។ ទេយ្យធម៌មានមិនច្រើន តែទាយកត្រូវការប្រគេនតិច គប្បីទទួលយកតែបន្ដិច ។ ទេយ្យធម៌មានមិនច្រើន តែទាយកត្រូវការប្រគេនច្រើន ក៏គប្បីទទួលយកតែល្មមប្រមាណប៉ុណ្ណោះ ។ ភិក្ខុមិនស្គាល់មិនស្គាល់ប្រមាណក្នុងការទទួល ឈ្មោះថា ធ្វើសេចក្ដីជ្រះថ្លារបស់ពពួកជនឱ្យអន់ថយ ធ្វើសទ្ធាទេយ្យឱ្យធ្លាក់ចុះ មិនជឿស្ដាប់ពាក្យប្រៀនប្រដៅ មិនអាចយកចិត្តមាតាបង្កើតបាន ។ ភិក្ខុគប្បីទទួលដោយស្គាល់ប្រមាណដូចពោលមក នេះឈ្មោះថា សន្ដោសក្នុងការទទួលតែល្មមប្រមាណ ។
ភិក្ខុមិនទៅ ( បិណ្ឌបាត ) តាមត្រកូលដែលស្ដុកស្ដម្ភប៉ុណ្ណោះ ទៅតាមលំដាប់ទ្វារ ( ផ្ទះ ) ។ នេះឈ្មោះថា សន្ដោសក្នុងការវៀរចាកការចង់បាន ។ សន្ដោសតាមដែលបានមកជាដើម មានន័យដូចពោលហើយក្នុងចីវរនោះឯង ។
ការដែលភិក្ខុយល់ប្រយោជន៍យ៉ាងនេះថា “អាត្មាអញឆាន់បិណ្ឌបាត ទើបអាចរក្សាសមណធម៌បាន” ហើយឆាន់ ឈ្មោះថា សន្ដោសក្នុងការទំនុកបម្រុង ។
ភិក្ខុមិនទទួលបាត្រដែលគេដាក់អាហារពេញ នាំមក ( ប្រគេន ) កាលបើមានអនុបសម្បន្ន ( កូនសិស្ស ) គប្បីឱ្យអនុបសម្បន្ននោះកាន់បាត្រមក កាលមិនមានក៏ឱ្យអ្នកដទៃនាំមក ហើយទទួលល្មមតែប្រមាណដែលអាចទទួលបាន ។ នេះឈ្មោះថា សន្ដោសក្នុងបរិមាណ ( ការកំណត់ ) ។ ការដែលភិក្ខុឆាន់ដោយធ្វើទុកក្នុងចិត្តយ៉ាងនេះថា “ការឆាន់នេះបន្ទោបង់សេចក្ដីស្រេកឃ្លានបាន ការចេញចាកភពអាចនឹងមានបានក្នុងការឆាន់នេះ” ឈ្មោះថា សន្ដោសក្នុងការបរិភោគ ។
ភិក្ខុមិនគប្បីសន្សំរបស់ទុកឆាន់ ។ នេះឈ្មោះថា សន្ដោសក្នុងការវៀរចាកការសន្សំ ។
ភិក្ខុមិនគប្បីយល់មុខ តាំងនៅក្នុងសារាណីយធម៌ លះបង់ ។ នេះឈ្មោះថា សន្ដោសក្នុងការលះ ។
ក៏ធុតង្គ ៥ នេះគឺ បិណ្ឌបាតិកង្គ សបទានចរិកង្គ ឯកាសនិកង្គ បត្តបិណ្ឌិកង្គ ខលុបច្ឆាភត្តិកង្គ ជាប់ទាក់ទងនឹងបិណ្ឌបាត ។ រឿងពិស្ដារក្នុងធុតង្គទាំង ៥ នោះ ពោលទុកក្នុងវិសុទ្ធិមគ្គ ។ ភិក្ខុជាអ្នកបំពេញមហាអរិយវង្ស ក្នុងកិច្ចសន្ដោសក្នុងបិណ្ឌបាតដូចពោលមកនេះ ឈ្មោះថា រមែងរក្សាធុតង្គទាំង ៥ នេះទុកបាន ។ ភិក្ខុកាលរក្សាធុតង្គទាំង ៥ នេះ ក៏ឈ្មោះថា ជាអ្នកសន្ដោសតាមមហាអរិយវង្ស ក្នុងកិច្ចពោលដោយការសន្ដោសដោយបិណ្ឌបាតដូចគ្នាដែរ ។ ពាក្យថា វណ្ណវាទី ( មានប្រក្រតីពោលសរសើរ ) ជាដើម គប្បីជ្រាបតាមន័យដែលពោលហើយនោះឯង ។
សន្ដោសក្នុងសេនាសនៈ
ក្នុងពាក្យថា សេនាសនេន ( ដោយសេនាសនៈ ) នេះ បណ្ឌិតគប្បីជ្រាបសេនាសនៈ ខេត្តនៃសេនាសនៈ សេចក្ដីសន្ដោសក្នុងសេនាសនៈ ធុតង្គដែលទាក់ទងនឹងសេនាសនៈ ។
ក្នុងពាក្យទាំងនោះ ពាក្យថា សេនាសនៈ អធិប្បាយថា សេនាសនៈមាន ១៥ ប្រភេទ គឺ គ្រែ តាំង ពូក ខ្នើយ វិហារ បង្ហា ប្រាសាទ ប្រាសាទត្រងោល គុហា ទីពួន ( លេណដ្ឋាន ) ប៉ម ផ្ទះមានកំពូលមួយ គុម្ពឫស្សី គល់ឈើ ឬទីដែលសមគួរដល់ភិក្ខុ ។
ពាក្យថា ខេត្តនៃសេនាសនៈ អធិប្បាយថា ខេត្តមាន ៦ គឺ ( សេនាសនៈដែលបានមក ) ពីសង្ឃ ពីគណៈ ពីញាតិ ពីមិត្រ ពីទ្រព្យរបស់ខ្លួន ឬខេត្តដែលជារបស់បង្សុកូល ។
ពាក្យថា សន្ដោសក្នុងសេនាសនៈ អធិប្បាយថា ក្នុងសេនាសនៈមានសន្ដោស ១៥ យ៉ាង មានសន្ដោសក្នុងការត្រិះរិះជាដើម ។ សន្ដោសទាំងអស់នោះ គប្បីជ្រាបតាមន័យដែលពោលមកហើយក្នុងបិណ្ឌបាតនោះឯង ។
ក៏ធុតង្គ ៥ យ៉ាង គឺ អារញ្ញិកង្គ រុក្ខមូលិកង្គ អព្ភោកាសិកង្គ សោសានិកង្គ យថាសន្ថតិកង្គ ជាប់ទាក់ទងនឹងសេនាសនៈ រឿងពិស្ដាររបស់ធុតង្គ ៥ យ៉ាងនោះ ពោលទុកហើយក្នុងវិសុទ្ធិមគ្គ ។ ភិក្ខុជាអ្នកបំពេញមហាអរិយវង្ស ត្រង់សេចក្ដីសន្ដោសក្នុងសេនាសនៈដូចពោលមកនេះ ឈ្មោះថា រក្សាធុតង្គ ៥ យ៉ាងនេះទុកបាន ។ កាលរក្សាធុតង្គ ៥ យ៉ាងនេះបាន ចាត់ទុកថា ជាអ្នកសន្ដោសតាមមហាអរិយវង្សក្នុងសេចក្ដីសន្ដោសក្នុងសេនាសនៈដូចគ្នា ។
ក៏គិលានប្បច្ច័យរួមនៅក្នុងបិណ្ឌបាតនោះឯង ។ ក្នុងគិលានប្បច្ច័យនោះ ភិក្ខុគប្បីជាអ្នកសន្ដោសដោយសេចក្ដីសន្ដោសតាមមានតាមបាន សន្ដោសតាមកម្លាំង និងសន្ដោសតាមសមគួរ ។ ភិក្ខុ ( កាលសមាទាន ) នេសជ្ជិកង្គធុតង្គ ឈ្មោះថា រមែងគប់អរិយវង្សក្នុងខថា ត្រេកអរក្នុងភាវនា ។ សមដូចពាក្យដែលលោកពោលទុកថា
ក្នុងសេនាសនៈ លោកពោលធុតង្គ ៥ យ៉ាង ធុតង្គ ៥ យ៉ាងជាប់ទាក់ទងនឹងអាហារ ធុតង្គមួយជាប់ទាក់ទងនឹងសេចក្ដីព្យាយាម និង ធុតង្គ ២ យ៉ាងទៀត ជាប់ទាក់ទងនឹងចីវរ ។
អរិយវង្សខទី ៤៖ ភាវនារាមោ ( មានការភាវនា ជាទីត្រេកអរ )
ព្រះធម្មសេនាបតីសារីបុត្តត្ថេរ ដ៏មានអាយុ ពោលអរិយវង្សត្រង់ការសន្ដោសដោយចីវរជាខទី ១ ដូចការពង្រីកផ្ទៃប្រឹថពីធំ ដូចការធ្វើផ្ទៃសមុទ្រ ឱ្យពេញដោយទឹក និងដូចពង្រីកអាកាសឱ្យធំទូលាយ ពោលអរិយវង្សត្រង់ការសន្ដោសដោយបិណ្ឌបាតខទី ២ ដូចជាការធ្វើឱ្យដួងចន្ទរះ និងដូចការធ្វើព្រះអាទិត្យឱ្យរះឡើងមក ពោលអរិយវង្សត្រង់ការសន្ដោសក្នុងសេនាសនៈខទី ៣ ដូចការធ្វើភ្នំសិនេរុឡើងមក ឥឡូវនេះដើម្បីនឹងពោលអរិយវង្ស ពោលដោយការត្រេកអរក្នុងភាវនាខទី ៤ ដែលប្រកបដោយន័យមួយពាន់ ទើបផ្ដើមទេសនាថា “បុន ចបរំ អាវុសោ ភិក្ខុ បហានារាមោ ហោតិ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ភិក្ខុជាអ្នកមានការលះកិលេសទាំងពួង ជាទីត្រេកអរ” ។
ក្នុងពាក្យនោះ សេចក្ដីត្រេកអរ ឈ្មោះថា អារាម អធិប្បាយថា សេចក្ដីត្រេកអរដ៏ក្រៃលែង ។ ភិក្ខុឈ្មោះថា មានការលះ ជាទីត្រេកអរ ( បហានារាមោ ) ព្រោះអត្ថថា មានសេចក្ដីត្រេកអរក្នុងការលះ ៥ ប្រការ ។ ភិក្ខុឈ្មោះថា ជាអ្នកត្រេកអរហើយក្នុងការលះ ( បហានរតោ ) ព្រោះអត្ថថា ត្រេកអរហើយក្នុងការលះយ៉ាងនេះថា កាលលះបង់សេចក្ដីត្រេកអរក្នុងកាមបាន រមែងត្រេកអរ កាលចម្រើននេក្ខម្មៈរមែងត្រេកអរ កាលលះបង់ព្យាបាទបាន រមែងត្រេកអរ ។ល។ កាលលះបង់កិលេសទាំងអស់បាន រមែងត្រេកអរ កាលចម្រើនអរហត្តមគ្គ រមែងត្រេកអរ ។ ភិក្ខុឈ្មោះថា មានភាវនាជាទីត្រេកអរ ( ភាវនារាមោ ) ព្រោះអត្ថថា មានសេចក្ដីត្រេកអរក្នុងភាវនា តាមន័យដែលពោលនុ៎ះឯង ។ ឈ្មោះថា ត្រេកអរហើយក្នុងភាវនា ( ភាវនារតោ ) ព្រោះអត្ថថា ជាអ្នកត្រេកអរហើយក្នុងភាវនា ។
ក្នុងបណ្ដាអរិយវង្សទាំង ៤ នេះ អរិយវង្សខាងដើម ៣ ជាការដែលលោកពោលដល់វិនយបិដកទាំងអស់ ដោយអំណាចធុតង្គ ១៣ និងការសន្ដោសក្នុងបច្ច័យ ៤ ។ ដោយអរិយវង្សត្រង់សេចក្ដីត្រេកអរក្នុងភាវនា លោកពោលដល់បិដក ២ ទៀតដែលនៅសល់ ។ ក៏ភិក្ខុកាលពោលដល់អវិយវង្សត្រង់សេចក្ដីត្រេកអរក្នុងភាវនានេះ គប្បីពោលតាមបាលីនៃនេក្ខម្មក្នុងបដិសម្ភិទាមគ្គ គប្បីពោលដោយបរិយាយនៃទសុត្តរសូត្រក្នុងទីឃនិកាយ គប្បីពោលដោយបរិយាយនៃសតិបដ្ឋានសូត្រ ក្នុងមជ្ឈិមនិកាយ ( និង ) គប្បីពោលដោយបរិយាយនៃនិទ្ទេសក្នុងអភិធម្មចុះ ។
ក្នុងពាក្យទាំងនោះ ពាក្យថា តាមបាលីនៃនៃនេក្ខម្មក្នុងបដិសម្ភិទាមគ្គ សេចក្ដីថា ភិក្ខុគប្បីពោលតាមបាលីនៃនេក្ខម្ម ក្នុងបដិសម្ភិទាមគ្គ យ៉ាងនេះថា “ភិក្ខុនោះកាលចម្រើននេក្ខម្ម រមែងត្រេកអរ កាលលះកាមច្ឆន្ទបាន រមែងត្រេកអរ កាលចម្រើនការមិនព្យាបាទ រមែងត្រេកអរ កាលលះព្យាបាទបាន រមែងត្រេកអរ កាលចម្រើនអាលោកសញ្ញា រមែងត្រេកអរ កាលលះថីនមិទ្ធបាន រមែងត្រេកអរ កាលចម្រើនសេចក្ដីស្ងប់ រមែងត្រេកអរ កាលលះឧទ្ធច្ចបាន រមែងត្រេកអរ កាលចម្រើនការកំណត់ធម៌ រមែងត្រេកអរ កាលលះវិចិកិច្ឆាបាន រមែងត្រេកអរ កាលចម្រើនញាណ ( បញ្ញា ) រមែងត្រេកអរ កាលលះអវិជ្ជាបាន រមែងត្រេកអរ កាលចម្រើនប្រាមោទ្យ រមែងត្រេកអរ កាលលះសេចក្ដីមិនត្រេកអរបាន រមែងត្រេកអរ កាលចម្រើនបឋមជ្ឈាន រមែងត្រេកអរ កាលលះនីវរណៈ ៥ បាន រមែងត្រេកអរ កាលចម្រើនទុតិយជ្ឈាន រមែងត្រេកអរ កាលលះវិតក្កវិចារបាន រមែងត្រេកអរ កាលចម្រើនតតិយជ្ឈាន រមែងត្រេកអរ កាលលះបីតិបាន រមែងត្រេកអរ កាលចម្រើនចតុត្ថជ្ឈាន រមែងត្រេកអរ កាលលះសុខនិងទុក្ខបាន រមែងត្រេកអរ កាលចម្រើនអាកាសានញ្ចាយតនសមាបត្តិ រមែងត្រេកអរ កាលលះរូបសញ្ញា បដិឃសញ្ញា នានត្តសញ្ញា រមែងត្រេកអរ កាលចម្រើនវិញ្ញាណញ្ចាយតនសមាបត្តិ ។ល។ នេវសញ្ញានាសញ្ញាយតនសមាបត្តិ រមែងត្រេកអរ កាលលះអាកិញ្ចញ្ញាយតនសមាបត្តិបាន រមែងត្រេកអរ កាលចម្រើនអនិច្ចានុបស្សនា រមែងត្រេកអរ កាលលះនិច្ចសញ្ញាបាន រមែងត្រេកអរ កាលចម្រើនទុក្ខានុបស្សនា រមែងត្រេកអរ កាលលះសុខសញ្ញាបាន រមែងត្រេកអរ កាលចម្រើនអនត្តានុបស្សនា រមែងត្រេកអរ កាលលះអត្តសញ្ញាបាន រមែងត្រេកអរ កាលចម្រើននិព្វិទានុបស្សនា រមែងត្រេកអរ កាលលះសេចក្ដីពេញចិត្ត រមែងត្រេកអរ កាលចម្រើនវិរាគានុបស្សនា រមែងត្រេកអរ កាលលះរាគៈបាន រមែងត្រេកអរ កាលចម្រើនបដិនិស្សគ្គានុបស្សនា រមែងត្រេកអរ កាលលះសេចក្ដីប្រកាន់មាំបាន រមែងត្រេកអរ កាលចម្រើនខយានុបស្សនា រមែងត្រេកអរ កាលលះឃនសញ្ញាបាន រមែងត្រេកអរ កាលចម្រើនវយានុបស្សនា រមែងត្រេកអរ កាលលះអាយូហនៈ ( ការប្រមូលទុក ) បាន រមែងត្រេកអរ កាលចម្រើនវិបរិណាមានុបស្សនា រមែងត្រេកអរ កាលលះធុវសញ្ញា ( សេចក្ដីសម្គាល់ថា ឋិតថេរ ) បាន រមែងត្រេកអរ កាលចម្រើនអនិមិត្តានុបស្សនា រមែងត្រេកអរ កាលលះនិមិត្តបាន រមែងត្រេកអរ កាលចម្រើនអប្បណិហិតានុបស្សនា រមែងត្រេកអរ កាលលះបណិធិ រមែងត្រេកអរ កាលចម្រើនសុញ្ញតានុបស្សនា រមែងត្រេកអរ កាលលះអភិនិវេសបាន រមែងត្រេកអរ កាលចម្រើនអធិបញ្ញាធម្មវិបស្សនា រមែងត្រេកអរ កាលលះសារាទានាភិនិវេសបាន រមែងត្រេកអរ កាលចម្រើនយថាភូតញ្ញាណទស្សនៈ រមែងត្រេកអរ កាលលះសម្មោហាភិនិវេសបាន រមែងត្រេកអរ កាលចម្រើនអាទីនវានុបស្សនា រមែងត្រេកអរ កាលលះអាលយាភិនិវេស រមែងត្រេកអរ កាលចម្រើនបដិសង្ខារាភិនិវេស រមែងត្រេកអរ កាលលះអប្បដិសង្ខបាន រមែងត្រេកអរ កាលចម្រើនវិវដ្ដានុបស្សនា រមែងត្រេកអរ កាលលះសំយោគាភិនិវេសបាន រមែងត្រេកអរ កាលចម្រើនសោតាបត្តិមគ្គ រមែងត្រេកអរ កាលលះកិលេសមានទីតាំងជាមួយនឹងទិដ្ឋិបាន រមែងត្រេកអរ កាលចម្រើនសកទាគាមិមគ្គ រមែងត្រេកអរ កាលលះកិលេសគ្រោតគ្រាតបាន រមែងត្រេកអរ កាលចម្រើនអនាគាមិមគ្គ រមែងត្រេកអរ កាលលះកិលេសដ៏ល្អិតបាន រមែងត្រេកអរ កាលចម្រើនអរហត្តមគ្គ រមែងត្រេកអរ កាលលះកិលេសទាំងអស់បាន រមែងត្រេកអរ ។
ពាក្យថា គប្បីពោលដោយបរិយាយនៃទសុត្តរសូត្រក្នុងទីឃនិកាយ សេចក្ដីថា គប្បីពោលដោយបរិយាយនៃទសុត្តរសូត្រ ក្នុងទីឃនិកាយ យ៉ាងនេះថា “ភិក្ខុកាលចម្រើនធម៌មួយរមែងត្រេកអរ កាលលះធម៌មួយរមែងត្រេកអរ ។ល។ កាលចម្រើនធម៌ ១០ រមែងត្រេកអរ កាលលះធម៌ ១០ បាន រមែងត្រេកអរ ភិក្ខុកាលចម្រើនធម៌មួយ រមែងត្រេកអរ តើដូចម្ដេច? គឺកាលចម្រើនកាយគតាសតិ ដែលជាធម៌សហគតដោយសេចក្ដីត្រេកអរ រមែងត្រេកអរ ភិក្ខុកាលចម្រើនធម៌មួយនេះ រមែងត្រេកអរ ភិក្ខុកាលលះធម៌មួយរមែងត្រេកអរ តើដូចម្ដេច? គឺកាលលះអស្មិមានះបាន រមែងត្រេកអរ ភិក្ខុកាលលះធម៌មួយនេះបាន រមែងត្រេកអរ កាលចម្រើនធម៌ ២ យ៉ាង រមែងត្រេកអរ តើដូចម្ដេច? ។ល។ កាលចម្រើនធម៌ ១០ រមែងត្រេកអរ តើដូចម្ដេច? គឺកាលចម្រើនកសិណ ១០ រមែងត្រេកអរ កាលចម្រើនធម៌ទាំងនេះ រមែងត្រេកអរ កាលលះធម៌ពួក ១០ បាន រមែងត្រេកអរ តើដូចម្ដេច? គឺកាលលះមិច្ឆត្ត ១០ បាន រមែងត្រេកអរ កាលលះធម៌ទាំង ១០ នេះបាន រមែងត្រេកអរ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកត្រេកអរក្នុងភាវនា យ៉ាងនេះឯង” ។
ពាក្យថា គប្បីពោលដោយបរិយាយនៃសតិបដ្ឋានសូត្រក្នុងមជ្ឈិមនិកាយ សេចក្ដីថា គប្បីពោលដោយបរិយាយនៃសតិបដ្ឋានសូត្រ ក្នុងមជ្ឈិមនិកាយ យ៉ាងនេះថា “ម្នាលភិក្ខុទាំងឡាយ ផ្លូវនេះជាផ្លូវប្រព្រឹត្តទៅដើម្បីសេចក្ដីបរិសុទ្ធនៃសត្វទាំងឡាយ ជាផ្លូវមូលតែមួយ ។ល។ ត្រឹមតែដើម្បីត្រាស់ដឹង ត្រឹមតែដើម្បីជាទីអាស្រ័យរលឹក អ្នកមិនជាប់ជំពាក់ និងមិនប្រកាន់អ្វីក្នុងលោកនេះ ម្នាលភិក្ខុទាំងឡាយ សូម្បីយ៉ាងនេះ ភិក្ខុរមែងជាអ្នកត្រេកអរក្នុងភាវនា ជាអ្នកត្រេកអរហើយក្នុងភាវនា ជាអ្នកត្រេកអរក្នុងការលះ ជាអ្នកត្រេកអរហើយក្នុងការលះ ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃនៅមានទៀត ភិក្ខុកាលកំពុងដើរ ក៏ដឹងច្បាស់ថា អញកំពុងដើរ ។ល។ ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃនៅមានទៀត ភិក្ខុគប្បីដូចអ្នកឃើញរាងាកាយដែលចោលក្នុងព្រៃខ្មោច ។ល។ ជារបស់ស្អុយ ពុកផុយ អ្នករមែងប្រៀបធៀបនឹងកាយនេះឯងថា រាងកាយនេះ ក៏មានធម្មតាយ៉ាងនេះ មានភាពយ៉ាងនេះ មិនកន្លងផុតភាពយ៉ាងនេះបាន អ្នករមែងឃើញកាយក្នុងកាយដែលជាខាងក្នុង ដោយប្រការដូច្នេះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកត្រេកអរក្នុងភាវនាយ៉ាងនេះឯង” ។
ពាក្យថា ដោយបរិយាយនៃនិទ្ទេសក្នុងអភិធម្ម សេចក្ដីថា គប្បីពោលដោយបរិយាយនៃនិទ្ទេសក្នុងអភិធម្មយ៉ាងនេះថា “ភិក្ខុកាលឃើញសង្ខតធម៌ទាំងពួង ដោយភាពជារបស់មិនទៀង ជាទុក្ខ ជារោគ ជាបូស ដំបៅ ។ល។ ជាធម៌មានសេចក្ដីសៅហ្មង រមែងត្រេកអរ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះឯង រមែងជាអ្នកត្រេកអរក្នុងភាវនា” ។
ពាក្យថា នេវ អត្តានុក្កំសេតិ ( មិនលើកតម្កើងខ្លួនឯង ) សេចក្ដីថា ភិក្ខុមិនធ្វើការលើកតម្កើងខ្លួនយ៉ាងនេះថា “កាលអញធ្វើការចម្រើនក្នុងវិបស្សនាថា មិនទៀង ជាទុក្ខ ជាអនត្តា អស់ ៦០ ឆ្នាំ ឬ ៧០ ឆ្នាំ ដល់ថ្ងៃនេះមាននរណាដូចយើង” ។ ពាក្យថា ន បរំ វម្ភេតិ ( មិនបង្អាប់អ្នកដទៃ ) សេចក្ដីថា រមែងមិនធ្វើការបង្អាប់អ្នកដទៃយ៉ាងនេះថា “សូម្បីត្រឹមវិបស្សនាថា មិនទៀង ជាទុក្ខ ជាអនត្តា ក៏មិនមាន ( ដល់ភិក្ខុទាំងនេះ ) ហេតុអ្វី ភិក្ខុទាំងនេះ ទើបបោះបង់ចោលកម្មដ្ឋានចោលអស់ហើយ” ។ ពាក្យដែលនៅសល់ មានន័យដូចដែលពោលហើយនុ៎ះឯង ៕