ពោលអំពីយោគៈ ៤
ម្នាលភិក្ខុទាំងឡាយ យោគៈ ( កិលេសជាគ្រឿងប្រកបសត្វទុកក្នុងវដ្ដៈ ) នេះ មាន ៤ យ៉ាង ។
យោគៈ ៤ យ៉ាង តើដូចម្ដេច?
គឺកាមយោគៈ ១ ភវយោគៈ ១ ទិដ្ឋិយោគៈ ១ អវិជ្ជាយោគៈ ១ ។
ម្នាលភិក្ខុទាំងឡាយ កាមយោគៈ តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិតនូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ កាលបើបុគ្គលនោះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ ក៏កើតមានតម្រេកក្នុងកាម សេចក្ដីរីករាយក្នុងកាម សេចក្ដីស្នេហាក្នុងកាម សេចក្ដីងប់នៅក្នុងកាម សេចក្ដីស្រេកឃ្លានក្នុងកាម សេចក្ដីអន្ទះអន្ទែងព្រោះកាម សេចក្ដីជ្រុលជ្រប់ក្នុងកាម សេចក្ដីប្រាថ្នាក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កាមយោគៈ ។ កាមយោគៈដូច្នេះឯង ។
ភវយោគៈ តើដូចម្ដេច?
ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវភពទាំងឡាយ កាលបើបុគ្គលនោះ មិនដឹងច្បាស់តាមពិតនូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ផង នូវភពទាំងឡាយ ក៏កើតមានតម្រេកក្នុងភព សេចក្ដីរីករាយក្នុងភព សេចក្ដីស្នេហាក្នុងភព សេចក្ដីងប់នៅក្នុងភព សេចក្ដីស្រេកឃ្លានក្នុងភព សេចក្ដីអន្ទះអន្ទែងព្រោះភព សេចក្ដីជ្រុលជ្រប់ក្នុងភព សេចក្ដីប្រាថ្នាក្នុងភព ក្នុងភពទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភវយោគៈ ។ កាមយោគៈ និងភវយោគៈ ដូច្នេះឯង ។
ទិដ្ឋិយោគៈ តើដូចម្ដេច?
ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ កាលបើបុគ្គលនោះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ ក៏កើតមានតម្រេកក្នុងទិដ្ឋិ សេចក្ដីរីករាយក្នុងទិដ្ឋិ សេចក្ដីស្នេហាក្នុងទិដ្ឋិ សេចក្ដីងប់នៅក្នុងទិដ្ឋិ សេចក្ដីស្រេកឃ្លានក្នុងទិដ្ឋិ សេចក្ដីអន្ទះអន្ទែងព្រោះទិដ្ឋិ សេចក្ដីជ្រុលជ្រប់ក្នុងទិដ្ឋិ សេចក្ដីប្រាថ្នាក្នុងទិដ្ឋិ ក្នុងទិដ្ឋិទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទិដ្ឋិយោគៈ ។ កាមយោគៈ ភវយោគៈ និងទិដ្ឋិយោគៈ ដូច្នេះឯង ។
អវិជ្ជាយោគៈ តើដូចម្ដេច?
ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈទាំង ៦ កាលបើបុគ្គលនោះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈទាំង ៦ ក៏កើតមានសេចក្ដីល្ងង់ មិនដឹងក្នុងផស្សាយតនៈទាំង ៦ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អវិជ្ជាយោគៈ ។ កាមយោគៈ ភវយោគៈ ទិដ្ឋិយោគៈ និងអវិជ្ជាយោគៈ ដូច្នេះឯង ។
បុគ្គលប្រកបដោយអកុសលធម៌ដ៏លាមក ជាគ្រឿងសៅហ្មង ជាគ្រឿងនាំឱ្យកើត ក្នុងភពថ្មីទៀត ប្រកបដោយសេចក្ដីក្រវល់ក្រវាយ មានទុក្ខជាវិបាក ជាគ្រឿងនាំឱ្យកើតជាតិ ជរា មរណៈតទៅ ព្រោះហេតុនោះ ( បុគ្គលនោះ ) ហៅថា ជាអ្នកមិនមានសេចក្ដីក្សេមចាកយោគៈទេ ។ ម្នាលភិក្ខុទាំងឡាយ យោគៈមាន ៤ យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ការមិនប្រកបដោយយោគៈនេះមាន ៤យ៉ាង ។ ៤ យ៉ាង តើដូចម្ដេចខ្លះ? គឺការមិនប្រកបដោយកាមយោគៈ ១ ការមិនប្រកបដោយភវយោគៈ ១ ការមិនប្រកបដោយទិដ្ឋិយោគៈ ១ ការមិនប្រកបដោយអវិជ្ជាយោគៈ ១ ។
ម្នាលភិក្ខុទាំងឡាយ ចុះការមិនប្រកបដោយកាមយោគៈ តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ កាលបើបុគ្គលនោះដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ ក៏មិនកើតមានតម្រេកក្នុងកាម សេចក្ដីស្រេកឃ្លានក្នុងកាម សេចក្ដីអន្ទះអន្ទែងព្រោះកាម សេចក្ដីជ្រុលជ្រប់ក្នុងកាម សេចក្ដីប្រាថ្នាក្នុងកាម ក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយកាមយោគៈ ។ ការមិនប្រកបដោយកាមយោគៈដូច្នេះឯង ។
ចុះការមិនប្រកបដោយភវយោគៈ តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតនូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវភពទាំងឡាយ កាលបើបុគ្គលនោះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវភពទាំងឡាយ ក៏មិនកើតមានតម្រេកក្នុងភព សេចក្ដីរីករាយក្នុងភព សេចក្ដីស្នេហាក្នុងភព សេចក្ដីងប់នៅក្នុងភព សេចក្ដីស្រេកឃ្លានក្នុងភព សេចក្ដីអន្ទះអន្ទែងព្រោះភព សេចក្ដីជ្រុលជ្រប់ក្នុងភព សេចក្ដីប្រាថ្នាក្នុងភព ក្នុងភពទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយភវយោគៈ ។ ការមិនប្រកបដោយកាមយោគៈ និងការមិនប្រកបដោយភវយោគៈដូច្នេះឯង ។
ចុះការមិនប្រកបដោយទិដ្ឋិយោគៈ តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតនូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ កាលបើបុគ្គលនោះដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ ក៏មិនកើតមានតម្រេកក្នុងទិដ្ឋិ សេចក្ដីរីករាយក្នុងទិដ្ឋិ សេចក្ដីស្នេហាក្នុងទិដ្ឋិ សេចក្ដីងប់នៅក្នុងទិដ្ឋិ សេចក្ដីស្រេកឃ្លានក្នុងទិដ្ឋិ សេចក្ដីអន្ទះអន្ទែងព្រោះទិដ្ឋិ សេចក្ដីជ្រុលជ្រប់ក្នុងទិដ្ឋិ សេចក្ដីប្រាថ្នាក្នុងទិដ្ឋិ ក្នុងទិដ្ឋិទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយទិដ្ឋិយោគៈ ។ ការមិនប្រកបដោយកាមយោគៈ ការមិនប្រកបដោយភវយោគៈ និងការមិនប្រកបដោយទិដ្ឋិយោគៈដូច្នេះឯង ។
ចុះការមិនប្រកបដោយអវិជ្ជាយោគៈ តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតនូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈទាំង ៦ កាលបើបុគ្គលនោះ ដឹងច្បាស់តាមពិតនូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈទាំង ៦ ក៏មិនមានសេចក្ដីល្ងង់ សេចក្ដីមិនដឹងក្នុងផស្សាយតនៈទាំង ៦ ឡើយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយអវិជ្ជាយោគៈ ។ ការមិនប្រកបដោយកាមយោគៈ ការមិនប្រកបដោយភវយោគៈ ការមិនប្រកបដោយទិដ្ឋិយោគៈ និងការមិនប្រកបដោយអវិជ្ជាយោគៈដូច្នេះឯង ។
បុគ្គលប្រាសចាកអកុសលធម៌ដ៏លាមក ជាគ្រឿងសៅហ្មង ជាហេតុនាំឱ្យកើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្ដីក្រវល់ក្រវាយ មានទុក្ខជាវិបាក ជាហេតុនាំឱ្យកើតជាតិ ជរា មរណៈតទៅ ព្រោះហេតុនោះ ( បុគ្គលនោះ ) ទើបហៅថា ជាអ្នកមានសេចក្ដីក្សេមចាកយោគៈ ។ ម្នាលភិក្ខុទាំងឡាយ ការមិនប្រកបដោយយោគៈមាន ៤ យ៉ាងប៉ុណ្ណេះ ។
កាមយោគេន សំយុត្តា ភវយោគេន ចូភយំ
ទិដ្ឋិយោគេន សំយុត្តា អវិជ្ជាយ បុរក្ខតា
សត្តា គច្ឆន្តិ សំសារំ ជាតិមរណគាមិនោ ។
យេ ច កាមេ បរិញ្ញាយ ភវយោគញ្ច សព្វសោ
ទិដ្ឋិយោគំ សមូហច្ច អវិជ្ជញ្ច វិរាជយំ
សព្វយោគវិសំយុត្តា តេ វេ យោគាតិគា មុនិ ។
ពួកសត្វប្រកបដោយកាមយោគៈ និងភវយោគៈទាំង ២ ប្រកបដោយទិដ្ឋិយោគៈ ត្រូវអវិជ្ជាយោគៈចោមរោម ជាអ្នកមានដំណើរទៅកាន់ជាតិ ( ជរា ) និងមរណៈជាប្រក្រតី រមែងអន្ទោលទៅរកសង្សារ ។
ចំណែកពួកជនណា បានកំណត់ដឹងនូវកាមយោគៈផង ភវយោគៈដោយអាការៈទាំងពួងផង ដកឡើងនូវទិដ្ឋិយោគៈផង លះបង់នូវអវិជ្ជាយោគៈផង ជាអ្នកប្រាសចាកយោគៈទាំងពួង ជនទាំងនោះ ឈ្មោះថាជាអ្នកប្រាជ្ញកន្លងផុតនូវយោគៈ ។
អដ្ឋកថាយោគសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងយោគសូត្រទី ១០ ដូចតទៅនេះ៖
កិលេស ឈ្មោះថា យោគៈ ព្រោះចងសត្វទុកក្នងវដ្ដៈ ។ ក្នុងបទថា កាមយោគោ ជាដើម តម្រេកប្រកបដោយកាមគុណ ៥ ឈ្មោះថា កាមយោគៈ ។ តម្រេកដោយអំណាចសេចក្ដីពេញចិត្តក្នុងរូបភព និងអរូបភព ឈ្មោះថា ភវយោគៈ ។ ចិត្តដែលជាប់ជំពាក់ក្នុងឈាន ក៏មានន័យដូចគ្នា ។ រាគៈប្រកបដោយសស្សតទិដ្ឋិ និងទិដ្ឋិ ៦២ ឈ្មោះថា ទិដ្ឋិយោគៈ ។ ការមិនដឹងក្នុងសច្ចៈ ៤ ឈ្មោះថា អវិជ្ជាយោគៈ ម្យ៉ាងទៀត ឈ្មោះថា កាមយោគៈ ព្រោះប្រកបសត្វទុកក្នុងកាម, ឈ្មោះថា ភវយោគៈ ព្រោះប្រកបសត្វទុកក្នុងភព ។ ឈ្មោះថា ទិដ្ឋិយោគៈ ព្រោះប្រកបសត្វទុកក្នុងទិដ្ឋិ ។ ឈ្មោះថា អវិជ្ជាយោគៈ ព្រោះប្រកបសត្វទុកក្នុងអវិជ្ជា ពាក្យដែលពោលមកទាំងនេះ ជាឈ្មោះនៃធម៌ដែលពោលរួចហើយខាងក្រោយ ។ ឥឡូវនេះ កាលទ្រង់សម្ដែងអធិប្បាយធម៌ទាំងនោះឱ្យពិស្ដារ ទើបត្រាស់ថា កតមោ ច ភិក្ខវេ ជាដើម ។ បណ្ដាបទទាំងអស់នោះ បទថា សមុទយំ គឺការកើត ។ បទថា អត្ថង្គមំ គឺការរលត់ ។ បទថា អស្សាទំ គឺសេចក្ដីត្រេកអរ ។ បទថា អាទីនវំ គឺទោសមិនមែនជាសេចក្ដីត្រេកអរ ។ បទថា និស្សរណំ គឺការរលាស់ចេញ ។
បទថា កាមេសុ គឺ ក្នុងវត្ថុកាម ។ បទថា កាមរាគោ គឺរាគៈកើតឡើងព្រោះប្រារព្ធកាម ។ សូម្បីក្នុងបទដ៏សេស ក៏មានន័យនេះដូចគ្នា ។ បទថា អនុសេតិ គឺ កើតឡើង ។ គប្បីជ្រាបសេចក្ដីគ្រប់បទយ៉ាងនេះថា បទថា អយំ វុច្ចតិ ភិក្ខវេ កាមយោគោ សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ នេះហៅថា ហេតុនៃការប្រកបគ្រឿងចងសត្វទុកក្នុងកាម ។ បទថា ផស្សាយតនានំ បានដល់ ហេតុមានចក្ខុសម្ផស្សជាដើម សម្រាប់អាយតនៈទាំងឡាយមានចក្ខុជាដើម ។ បទថា អវិជ្ជា អញ្ញាណំ សេចក្ដីថា អវិជ្ជាគឺការមិនដឹង ព្រោះជាបដិបក្ខចំពោះការដឹង ឥតិស័ព្ទក្នុងបទនេះថា ឥតិកាមយោគោ គប្បីប្រកបជាមួយយោគៈទាំង ៤ ថា កាមយោគៈ ដូច្នេះ ភវយោគៈ ដូច្នេះជាដើម ។
បទថា សម្បយុតត្តោ បានដល់ អ្នកចោមរោមហើយ ។ បទថា បាបកេហិ បានដល់ ដ៏លាមក ។ បទថា អកុសលេហិ បានដល់ កើតពីការមិនឈ្លាស ។ បទថា សង្កិលេសិកេហិ គឺមានសេចក្ដីសៅហ្មង អធិប្បាយថា ប្រទូសរ៉ាយភាពផូរផង់នៃចិត្តដែលផូរផង់ហើយ ។ បទថា បោនោព្ភវិកេហិ បានដល់ ជាហេតុឱ្យកើតក្នុងភពថ្មី ។ បទថា សទរេហិ បានដល់ មានសេចក្ដីក្ដៅក្រហាយ ។ បទថា ទុក្ខវិបាកេហិ បានដល់ ឱ្យទុក្ខកើតឡើងក្នុងវេលាឱ្យផល ។ បទថា អាយតឹជាតិជរាមរណិកេហិ បានដល់ ឱ្យកើតជាតិ ជរា មរណៈក្នុងអនាគតរឿយៗ ។ បទថា តស្មា អយោគក្ខេមីតិ វុច្ចតិ សេចក្ដីថា ក៏ព្រោះហេតុដែលបុគ្គលលះយោគៈមិនទាន់បាន រមែងជាអ្នកប្រកបដោយធម៌ទាំងនោះ ហេតុនោះ តថាគតទើបហៅថា អយោគក្ខេមី មិនក្សេមចាកយោគៈ ព្រោះគេនៅមិនទាន់ដល់ព្រះនិព្វានដែលក្សេមចាកយោគៈទាំង ៤ នោះ ។
បទថា វិសំ យោគា គឺហេតុនៃដកយោគៈ កិលេសជាគ្រឿងចង ។ បទថា កាមយោគវិសំ យោគោ គឺហេតុនៃការដកកាមយោគៈ ។ សូម្បីក្នុងបទដ៏សេស ក៏មានន័យនេះដូចគ្នា ។ បណ្ដាបទទាំងនោះ ការសម្លឹងអសុភកម្មដ្ឋាន ជាការដកកាមយោគៈ អនាគាមិមគ្គ ធ្វើអសុភជ្ឈាននោះឱ្យជាបាទហើយសម្រេច ឈ្មោះថា ដកកាមយោគៈ ដោយចំណែកមួយ ។ អរហត្តមគ្គ ឈ្មោះថា ដកភវយោគៈ សោតាបត្តិមគ្គ ឈ្មោះថា ដកទិដ្ឋិយោគៈ អរហត្តមគ្គ ឈ្មោះថា ដកអវិជ្ជាយោគៈ ។ ឥឡុវនេះ កាលទ្រង់សម្ដែងអធិប្បាយវិសំយោគធម៌ទាំងនោះឱ្យពិស្ដារ ទើបត្រាស់ថា កតមោ ច ភិក្ខវេ ជាដើម ។ សេចក្ដីនៃព្រះតម្រាស់នោះ គប្បីជ្រាបដោយន័យដែលពោលហើយ ។ បទថា ភវយោគេន ចូភយំ សេចក្ដីថា ចងដោយភវយោគៈ និងចងដោយភវយោគៈ ទិដ្ឋិយោគៈ សូម្បីទាំងពីរ ក្រៃលែងឡើងទៀត គឺប្រកបដោយយោគៈយ៉ាងណានីមួយ ។ បទថា បុរក្ខតា បានដល់ ត្រូវនាំទៅខាងមុខ ឬត្រូវឡោមព័ទ្ធ ។ បទថា កាមេ បរិញ្ញាយ បានដល់ កំណត់ដឹងកាមទាំងពីរយ៉ាង ។ បទថា ភវយោគញ្ច សព្វសោ បានដល់ កំណត់ដឹងភវយោគៈទាំងអស់នុ៎ះឯង ។ បទថា សមូហច្ច បានដល់ ដកអស់ហើយ ។ បទថា វិរាជយំ បានដល់ កំពុងដក ឬដកហើយ ។ ក៏កាលពោលថា វិរាជេន្តោ ក៏ជាការដែលពោលដល់មគ្គ កាលពោលថា វិរាជេត្វា ក៏ជាការពោលដល់ហើយ ។ បទថា មុនិ បានដល់ ព្រះមុនី គឺព្រះខីណាស្រព ។ ហេតុនោះ ក្នុងសូត្រនេះក្ដី ក្នុងគាថាក្ដី ទើបត្រាស់ទាំងវដ្ដៈទាំងវិវដ្ដៈ ( លោកិយ និងលោកុត្តរ ) ៕