ពោលអំពីវេសារជ្ជញាណរបស់ព្រះតថាគត
ម្នាលភិក្ខុទាំងឡាយ តថាគតប្រកបដោយវេសារជ្ជញ្ញាណ ( ប្រាជ្ញាក្លៀវក្លា ) បែបណា តែងប្ដេជ្ញានូវទីដ៏ប្រសើរ បន្លឺនូវសីហនាទក្នុងពួកបរិសទ្យ ញ៉ាំងព្រហ្មចក្រ ( ចក្រគឺធម៌ដ៏ប្រសើរ ) ឱ្យប្រព្រឹត្តទៅបាន វេសារជ្ជញ្ញាណ ៤ យ៉ាង តើដូចម្ដេច ? ម្នាលភិក្ខុទាំងឡាយ តថាគតមិនឃើញនូវនិមិត្ត គឺធម៌ ឬបុគ្គលនុ៎ះថា សមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី បុគ្គលណាមួយ ក្នុងលោកក្ដី នឹងចោទតថាគត ដោយពាក្យប្រកបដោយធម៌ ក្នុងហេតុនោះថា លោកប្ដេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹងឯងដោយប្រពៃ ប៉ុន្តែធម៌ទាំងអម្បាលនេះ លោកមិនបានត្រាស់ដឹងទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគត មិនឃើញនូវនិមិត្តនុ៎ះឯង ទើបដល់នូវសេចក្ដីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់នូវភាពជាអ្នកក្លៀវក្លា ១ ។
ម្នាលភិក្ខុទាំងឡាយ តថាគតមិនឃើញនូវនិមិត្ត គឺធម៌ ឬ បុគ្គលនុ៎ះថា សមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី បុគ្គលណាមួយក្នុងលោកក្ដី នឹងចោទតថាគត ដោយពាក្យប្រកបដោយធម៌ ក្នុងហេតុនោះថា លោកប្ដេជ្ញាខ្លួនថា ជាអ្នកអស់អាសវៈហើយ ប៉ុន្តែអាសវៈទាំងអម្បាលនេះមិនទាន់អស់ទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគតមិនឃើញនូវនិមិត្តនុ៎ះឯង ទើបដល់នូវសេចក្ដីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់នូវភាពជាអ្នកក្លៀវក្លា ១ ។
ម្នាលភិក្ខុទាំងឡាយ តថាគតមិនឃើញនូវនិមិត្ត គឺធម៌ ឬ បុគ្គលនុ៎ះថា សមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី បុគ្គលណាមួយ ក្នុងលោកក្ដី នឹងចោទតថាគត ដោយពាក្យប្រកបដោយធម៌ ក្នុងហេតុនោះថា ធម៌ទាំងឡាយណា ដែលលោកពោលថា ធម៌ជាគ្រឿងធ្វើនូវអន្តរាយ ធម៌ទាំងអម្បាលនោះ មិនអាចធ្វើអន្តរាយ ដល់បុគ្គលអ្នកសេពបានទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគតមិនឃើញនូវនិមិត្តនុ៎ះឯង ទើបដល់នូវសេចក្ដីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់នូវភាពជាអ្នកក្លៀវក្លា ១ ។
ម្នាលភិក្ខុទាំងឡាយ តថាគតមិនឃើញនូវនិមិត្ត គឺធម៌ ឬបុគ្គលនុ៎ះថា សមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី បុគ្គលណាមួយក្នុងលោកក្ដី នឹងចោទតថាគត ដោយពាក្យប្រកបដោយធម៌ ក្នុងហេតុនោះថា ធម៌ដែលលោកសម្ដែងហើយ ដើម្បីប្រយោជន៍ដល់គុណវិសេសណា គុណវិសេសនោះ មិនអាចស្រោចស្រង់ ដើម្បីឱ្យអស់ទៅនៃទុក្ខដោយប្រពៃដល់អ្នកធ្វើតាមនូវធម៌នោះទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគតឃើញនូវនិមិត្តនុ៎ះឯង ទើបដល់នូវសេចក្ដីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់នូវភាពជាអ្នកក្លៀវក្លា ១ ។
ម្នាលភិក្ខុទាំងឡាយ តថាគតប្រកបដោយវេសារជ្ជញ្ញាណណា តែងប្ដេជ្ញានូវទីដ៏ប្រសើរ បន្លឺនូវសីហនាទ ក្នុងពួកបរិសទ្យ ញ៉ាំងព្រហ្មចក្រឱ្យប្រព្រឹត្តទៅបានក្រ វេសារជ្ជញ្ញាណនោះរបស់តថាគត មាន ៤ យ៉ាងនេះឯង ។
យេ កេចិមេ វាទបថា បុថុស្សិតា
យន្និស្សិតា សមណព្រាហ្មណា ច
តថាគតំ បត្វាន តេ ភវន្តិ
វិសារទំ វាទបថាតិវត្តំ
យោ ធម្មចក្កំ អភិភុយ្យ កេវលំ
បវត្តយី សព្វភូតានុកម្បី
តំ តាទិសំ ទេវមនុស្សសេដ្ឋំ
សត្តា នមស្សន្តិ ភវស្ស បារគុំ ។
គន្លងនៃពាក្យណានីមួយដ៏ច្រើន ដែលគេរៀបរៀងទុកហើយក្ដី ពួកសមណព្រាហ្មណ៍ដែលអាស្រ័យនូវគន្លងនៃពាក្យណាក្ដី គន្លងពាក្យទាំងនោះលុះមកដល់ព្រះតថាគតដែលជាអ្នកមានសេចក្ដីក្លៀវក្លា គ្របសង្កត់នូវគន្លងនៃពាក្យ ហើយក៏រមែងវិនាសសាបសូន្យទៅ ព្រះតថាគតណា គ្របសង្កត់នូវធម៌ទាំងអស់ មានសេចក្ដីអនុគ្រោះដល់សត្វទាំងអស់ ហើយញ៉ាំងធម្មចក្រឱ្យប្រព្រឹត្តទៅ ពួកសត្វតែងថ្វាយបង្គំនូវព្រះតថាគតប្រាកដដូច្នោះនោះ ព្រះអង្គប្រសើរជាងទេវតា និង មនុស្ស ទ្រង់ឆ្លងដល់ត្រើយនៃភព ។
អដ្ឋកថាវេសារជ្ជសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងវេសារជ្ចជសូត្រទី ៨ ដូចតទៅនេះ៖
ក្នុងបទថា វេសារជ្ជានិ នេះ ធម៌ដែលជាបដិបក្ខចំពោះសេចក្ដីភ័យខ្លាច ឈ្មោះថា វេសារជ្ជៈ ញាណជាហេតុធ្វើឱ្យក្លាហាន ។ វេសារជ្ជៈនេះ ជាឈ្មោះរបស់សោមនស្សញាណដែលកើតឡើងដល់ព្រះតថាគត ទ្រង់ពិចារណាឃើញការមិនមាននៃសេចក្ដីភ័យខ្លាចក្នុងឋានៈ ៤ ។ បទថា អាសភណ្ឋានំ សេចក្ដីថា ឋានៈដ៏ប្រសើរ គឺឋានៈដ៏ខ្ពង់ខ្ពស់ ។ ឬព្រះពុទ្ធក្នុងអតីតទាំងឡាយទ្រង់អង់អាច ឋានៈរបស់ព្រះពុទ្ធទាំងឡាយព្រះអង្គនោះ ។ ន័យម្យ៉ាងទៀត គោជាមេហ្វូងរបស់គោមួយរយក្បាល ឈ្មោះថា ឧសភ គោជាមេហ្វូងរបស់គោមួយពាន់ក្បាល ឈ្មោះថា វសភ ឬជាមេហ្វូងគោមួយរយក្រោល គោវសភ ជាមេហ្វូងគោមួយពាន់ក្រោល គោនិសភ ប្រសើរជាងគោទាំងអស់នោះ អត់ធន់ចំពោះអន្តរាយគ្រប់យ៉ាង ស គួរជាទីស្រឡាញ់ នាំភារៈបានច្រើន ទាំងមិនញាប់ញ័រដោយសំឡេងរន្ទះមួយរយដង មួយពាន់ដង គោនិសភនោះ លោកប្រាថ្នាយក គោឧសភក្នុងទីនេះ នេះជាពាក្យហៅគោឧសភនោះ ដោយបរិយាយ ។ ដែលឈ្មោះថា អាសភ ព្រោះឋានៈនេះជារបស់គោឧសភ ។ បទថា ឋានំ បានដល់ ការយកជើងទាំង ៤ កាយផែនដីឈរក្រាញនៅ ។ ក៏ឋានៈនេះ ឈ្មោះថា អាសភ ព្រោះដូចការឈរក្រាញរបស់គោឧសភ ។ គោឧសភដែលរាប់ថា គោនិសភ យកជើងទាំង ៤ កាយផែនដីហើយ ឈរក្រាញដោយឈរមិនញាប់ញ័រ យ៉ាងណា តថាគតក៏កាយផែនដីគឺបរិស័ទ ៨ ដោយព្រះបាទគឺវេសារជ្ជញាណ ៤ មិនញាប់ញ័រដោយសត្រូវបច្ចាមិត្តណានីមួយ ក្នុងលោក ព្រមទាំងទេវលោក ឈរក្រាញដោយឈរមិនញាប់ញ័រ ក៏យ៉ាងដូច្នោះដែរ ។ តថាគតកាលឈរក្រាញនៅយ៉ាងនេះ ទើបប្ដេជ្ញាឋានៈរបស់អ្នកអង់អាច ចូលដល់ មិនត្រឡប់ក្រោយ លើកឡើងទុកក្នុងព្រះអង្គ ដោយហេតុនោះ ទើបត្រាស់ថា អាសភណ្ឋានំ បដិជានាតិ ដូច្នេះ ។
បទថា បរិសាសុ បានដល់ ក្នុងបរិស័ទទាំង ៨ ។ បទថា សីហនាទំ នទតិ សេចក្ដីថា បន្លឺសំឡេងសម្ដែងអំណាចដ៏ប្រសើរបំផុត សំឡេងសម្ដែងអំណាចរបស់រាជសីហ៍ ឬបន្លឺសំឡេងសម្ដែងអំណាចដូចការគ្រហឹមរបស់រាជសីហ៍ ។ សេចក្ដីនេះគប្បីសម្ដែងដោយសីហនាទសូត្រ ។ រាជសីហ៍ ហៅថា សីហ ព្រោះអត់ធន់ និងព្រោះប្រមាញ់ចំណី មានឧបមាយ៉ាងណា ព្រះតថាគតក៏មានឧបមេយ្យយ៉ាងនោះដែរ ហៅថា សីហ ព្រោះទ្រង់អត់ធន់ចំពោះលោកធម៌ទាំងឡាយ និងព្រោះទ្រង់កម្ចាត់លទ្ធិដទៃ ។ ការបន្លឺរបស់សីហដែលលោកពោលយ៉ាងនេះ ហៅថា សីហនាទ ។ ក្នុងសីហនាទនោះ រាជសីហ៍ប្រកបដោយកម្លាំងរបស់រាជសីហ៍ក្លាហានក្នុងទីទាំងពួង ប្រាសចាកការព្រឺរោម បន្លឺសីហនាទ យ៉ាងណា សីហ គឺ ព្រះតថាគត ក៏យ៉ាងនោះដែរ ប្រកបដោយកម្លាំងរបស់តថាគត ទ្រង់ក្លាហានក្នុងបរិស័ទទាំង ៨ ប្រាសចាកការព្រឹរោម រមែងបន្លឺសីហនាទ ដែលប្រកបដោយភាពស្រស់ស្អាតនៃទេសនាផ្សេងៗ ដោយន័យជាដើមថា យ៉ាងនេះ រូប ។ ដោយហេតុនោះ ទើបត្រាស់ថា បរិសាសុ សីហនាទំ នទតិ ដូច្នេះ ។
បទថា ព្រហ្មំ ក្នុងបទថា ព្រហ្មចក្កំ បវត្តេតិ នេះ បានដល់ ចក្រដ៏ប្រសើរខ្ពង់ខ្ពស់បំផុត បរិសុទ្ធ ។ ក៏ចក្កស័ព្ទនេះ
រមែងចុះក្នុងអត្ថថា សម្បត្តិ លក្ខណៈ ចំណែកនៃរថ ឥរិយាបថ ទាន រតនចក្រ ធម្មចក្រ និងឧរចក្រជាដើម ក្នុងទីនេះ ចុះក្នុងអត្ថថា ធម្មចក្រ គប្បីធ្វើធម្មចក្រឱ្យជាក់ច្បាស់ ចែកជា ២ ប្រការ ។
ពិតមែន ចក្កស័ព្ទនេះរមែងចុះក្នុងអត្ថថា សម្បត្តិ បានក្នុងបាលីជាដើមថា ចត្តារិមានិ ភិក្ខវេ ចក្កានិ យេហិ សមន្នាគតានំ ទេវមនុស្សានំ “ម្នាលភិក្ខុទាំងឡាយ សម្បត្តិ ៤ ដែលទេវតា និងមនុស្សទាំងឡាយប្រកបព្រមហើយ” ។ ចុះក្នុងអត្ថថា លក្ខណៈ បានក្នុងបាលីនេះថា បាទតលេសុ ចក្កានិ ជាតានិ “លក្ខណៈកើតត្រង់ផ្ទៃព្រះបាទ” ។ ចុះក្នុងអត្ថថា ឥរិយាបថ បានក្នុងបាលីនេះថា ចតុចក្កំ នវទ្វារំ “មានឥរិយាបថ ៤ មានទ្វារ ៩” ។ ចុះក្នុងអត្ថថា ទាន បានក្នុងបាលីនេះថា ទទ ភុញ្ជ ច មា ច បមាទោ ចក្កំ វត្តយ សព្វបាណីនំ “អ្នកចូរឱ្យ ចូរបរិភោគ ចូរជាអ្នកមិនប្រមាទ ចូរញ៉ាំងទានឱ្យប្រព្រឹត្តទៅដល់សព្វសត្វ” ។ ចុះក្នុងអត្ថថា រតនចក្រ បានក្នុងបាលីនេះថា ទិព្វំ រតនចក្កំ បាតុរហោសិ “ចក្ករតន៍ដ៏ជាទិព្វបានកើតប្រាកដហើយ” ។ ចុះក្នុងអត្ថថា ធម្មចក្រ បានក្នុងបាលីនេះថា មយា បវត្តិតំ ចក្កំ “ចក្កធម៌ដែលតថាគតឱ្យប្រព្រឹត្តទៅហើយ” ។ ចុះក្នុងអត្ថថា ឧរចក្រ បានក្នុងបាលីនេះថា “កងចក្ររមែងវិលនៅលើអំបែងក្បាលរបស់ជនដែលត្រូវចំណង់គ្របសង្កត់” ។ ចុះក្នុងអត្ថថា បហរណចក្រ គ្រឿងប្រហារបានក្នុងបាលីនេះថា ខុរបរិយន្តេន ចេបិ ចក្កេន “បើប្រហារដោយចក្រមានមុខមុតៗ” ។ ចុះក្នុងអត្ថថា អសនិមណ្ឌល គឺរង្វង់មូលនៃកាំរន្ទះ បានក្នុងបាលីនេះថា អសនិចក្កំ “រង្វង់មូលនៃរន្ទះ” ។ តែចក្កស័ព្ទនេះ ក្នុងទីនេះចុះក្នុងអត្ថថា ធម្មចក្រ ។
ក៏ធម្មចក្រនេះ មាន ២ យ៉ាង គឺ បដិវេធញាណ ១ ទេសនាញាណ ១ ។ បណ្ដាធម្មចក្រទាំង ២ យ៉ាងនោះ ញាណដែលបញ្ញាអប់រំ នាំអរិយផលមកឱ្យខ្លួនឯង ឈ្មោះថា បដិវេធញាណ ។ ញាណដែលករុណាអប់រំ នាំអរិយផលមកឱ្យសាវកទាំងឡាយ ឈ្មោះថា ទេសនាញាណ ។ បណ្ដាញាណទាំង ២ យ៉ាងនោះ បដិវេធញាណមាន ២ គឺ ដែលកំពុងកើតឡើង ១ ដែលកើតឡើងហើយ ១ ។ ក៏បដិវេធញាណនោះ ឈ្មោះថា កំពុងកើតឡើងចាប់តាំងពីទ្រង់ចេញបួសរហូតដល់សម្រេចអរហត្តមគ្គ ឈ្មោះថា កើតឡើងហើយក្នុងខណៈនៃអរហត្តផល ។ ម្យ៉ាងវិញទៀត ឈ្មោះថា កំពុងកើតឡើងចាប់តាំងពីឋានតុសិត រហូតដល់អរហត្តមគ្គ ទៀបគល់មហាពោធិបល្ល័ង្ក ឈ្មោះថា កើតឡើងហើយក្នុងខណៈនៃអរហត្តផល ។ ម្យ៉ាងទៀត ឈ្មោះថា កំពុងកើតឡើង ចាប់តាំងពីព្រះពុទ្ធទីបង្ករ រហូតដល់អរហត្តមគ្គ នាពោធិបល្ល័ង្ក ឈ្មោះថា កើតឡើងហើយក្នុងខណៈនៃអរហត្តផល ។ ទេសនាញាណក៏មាន ២ យ៉ាង គឺញាណដែលកំពុងប្រព្រឹត្តទៅ ១ ញាណដែលប្រព្រឹត្តទៅហើយ ១ ។ ក៏ទេសនាញាណនោះ ឈ្មោះថា កំពុងប្រព្រឹត្តទៅរហូតដល់សោតាបត្តិមគ្គរបស់ព្រះអញ្ញាកោណ្ឌញ្ញៈ ឈ្មោះថា ប្រព្រឹត្តទៅហើយក្នុងខណៈនៃសោតាបត្តិផល ។ បណ្ដាញាណទាំង ២ យ៉ាងនោះ បដិវេធញាណ ជាលោកុត្តរ ទេសនាញាណជាលោកិយ ។ ក៏ញាណទាំង ២ យ៉ាងនោះ មិនទូទៅដល់សាវកដទៃជាឱរសញ្ញាណ ញាណធ្វើឱ្យកើតឱរស គឺសាវក សម្រាប់តែព្រះពុទ្ធទាំងឡាយប៉ុណ្ណោះ ។
បទថា សម្មាសម្ពុទ្ធស្ស តេ បដិជានតោ សេចក្ដីថា ព្រះអង្គប្ដេជ្ញាយ៉ាងនេះថា តថាគតជាអ្នកត្រាស់ដឹងដោយខ្លួនឯងដោយប្រពៃ ធម៌ទាំងឡាយទាំងពួង តថាគតបានត្រាស់ដឹងហើយ ។ បទថា អនភិសម្ពុទ្ធា សេចក្ដីថា ធម៌ទាំងឡាយ ឈ្មោះនេះ តថាគតនៅមិនទាន់ត្រាស់ដឹង ។ បទថា តត្រ វត គឺក្នុងធម៌ដែលលោកសម្ដែងទាំងឡាយនោះយ៉ាងនេះថា អនភិសម្ពុទ្ធា ។ បទថា សហធម្មេន បានដល់ សម្ដីប្រកបព្រមដោយហេតុផល ។ បុគ្គលក្ដី ធម៌ក្ដី លោកប្រាថ្នាយកក្នុងពាក្យថា និមិត្ត ក្នុងបទថា និមិត្តមេតំ នេះ ។ ក្នុងពាក្យនេះមានសេចក្ដីថា បុគ្គលណានឹងពោលទាស់ជាមួយតថាគត តថាគតនៅមិនទាន់ឃើញបុគ្គលនោះ បុគ្គលសម្ដែងធម៌ណាហើយ នឹងពោលទាស់ជាមួយតថាគតថា ធម៌ឈ្មោះនេះ ព្រះអង្គនៅមិនទាន់ត្រាស់ដឹង ដូច្នេះ តថាគតនៅមិនទាន់ឃើញធម៌នោះ ។ បទថា ខេមប្បត្តោ បានដល់ ដល់នូវសេចក្ដីក្សេម ។ ពីរបទទៀតដ៏សេស ក៏ជាវេវចននៃបទនេះនោះឯង ។ ពាក្យទាំងអស់នោះត្រាស់សំដៅដល់វេសារជ្ជញាណតែម្យ៉ាង ។ ព្រោះថា ព្រះទសពលកាលទ្រង់មិនឃើញបុគ្គលដែលពោលទាស់ ឬធម៌ដែលនៅមិនទាន់ត្រាស់ដឹង ដែលជាហេតុពោលទាស់ថា ធម៌ឈ្មោះនេះ ព្រះអង្គនៅមិនទាន់ត្រាស់ដឹង ដូច្នេះ ពិចារណាឃើញថា តថាគតត្រាស់ដឹងតាមសេចក្ដីពិតហើយ ទើបពោលថា តថាគតជាព្រះពុទ្ធ ដូច្នេះ ទើបកើតសោមនស្សដ៏មានកម្លាំង ញាណដែលប្រកបដោយសោមនស្សនោះ ឈ្មោះថា វេសារជ្ជ ។ ទ្រង់សំដៅដល់វេសារជ្ជញាណនោះ ទើបត្រាស់ពាក្យជាដើមថា ខេមប្បត្តោ ដូច្នេះ ។ ក្នុងបទគ្រប់បទ គប្បីជ្រាបសេចក្ដីយ៉ាងនេះ ។
ក្នុងបទថា អន្តរាយិកា ធម្មា នេះ ឈ្មោះថា អន្តរាយិកធម៌ ព្រោះជាធម៌ដែលធ្វើអន្តរាយ ។ អន្តរាយិកធម៌ទាំងឡាយនោះ ដោយអត្ថក៏បានដល់ អាបត្តិ ៧ កង ដែលកន្លងល្មើសដោយចេតនា ។ ការពិត ទោសដែលកន្លងល្មើសដោយចេតនា ដោយហោចទៅ សូម្បីតែអាបត្តិទុក្កដ និងទុព្ភាសិត ក៏រមែងធ្វើអន្តរាយដល់មគ្គ និងផលបាន ។ តែក្នុងទីនេះ ប្រាថ្នាយកមេថុនធម្ម ព្រោះថា កាលភិក្ខុណាមួយ សេពមេថុនធម្ម រមែងជាអន្តរាយចំពោះមគ្គ និងផលដោយពិត ។ បទថា យស្ស ខោ បន តេ អត្ថាយ សេចក្ដីថា ដើម្បីប្រយោជន៍ដល់ធម៌ណា ក្នុងបណ្ដាធម៌ជាទីអស់ទៅនៃរាគៈជាដើម ។ បទថា ធម្មោ ទេសិតោ សេចក្ដីថា អ្នកពោលធម៌មានអសុភភាវនាជាដើម ។ បទថា តត្រ វត មំ គឺក្នុងធម៌ដែលមិននាំសត្វចេញចាកទុក្ខនោះ ។ បទដ៏សេស គប្បីជ្រាបដោយន័យដែលពោលទុកក្នុងវិន័យ ។
បទថា វាទបថា គឺ វាទៈទាំងឡាយនុ៎ះឯង ។ បទថា បុថុ ប្រែថា ច្រើន ។ បទថា សិតា គឺដែលចងជាបញ្ហាឡើង ។ ម្យ៉ាងទៀត បទថា បុថុស្សិតា បានដល់ វាទៈដែលត្រៀមទុកគឺគិតទុកច្រើន ។ ម្យ៉ាងវិញទៀត ឈ្មោះថា បុថុស្សិតា ព្រោះសមណព្រាហ្មណ៍ជាច្រើនចងទុក ។ បទថា យំ និស្សិតា សេចក្ដីថា សូម្បីក្នុងកាលឥឡូវនេះ សមណព្រាហ្មណ៍អាស្រ័យគន្លងវាទៈណា ។ បទថា ន តេ ភវន្តិ សេចក្ដីថា គន្លងវាទៈទាំងនោះរមែងមិនមាន គឺវិនាសទៅ ។ បទថា ធម្មចក្កំ នោះ ជាឈ្មោះរបស់ទេសនាញាណក៏មាន បដិវេធញាណក៏មាន ។ បណ្ដាញាណទាំង ២ យ៉ាងនោះ ទេសនាញាណជាលោកិយ បដិវេធញាណជាលោកុត្តរ ។ បទថា កេវលី បានដល់ ទ្រង់ដល់ព្រមដោយលោកុត្តរយ៉ាងគ្រប់គ្រាន់ ។ បទថា តាទិស គឺជាអ្នកប្រាកដយ៉ាងនោះ ៕