ពោលអំពីការកើតឡើងនៃតណ្ហា មាន ៤ យ៉ាង
ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើងព្រោះបច្ច័យណា បច្ច័យនោះ ឈ្មោះថា ជាទីកើតឡើងនៃតណ្ហា មាន ៤ យ៉ាងនេះ ។
បច្ច័យជាទីកើតឡើងនៃតណ្ហា ៤ យ៉ាង តើដូចម្ដេច?
ម្នាលភិក្ខុទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះហេតុចីវរ ១ ម្នាលភិក្ខុទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ រមែងកើតឡើងព្រោះហេតុបិណ្ឌបាត ១ ម្នាលភិក្ខុទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះហេតុសេនាសនៈ ១ ម្នាលភិក្ខុទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះភេសជ្ជៈឧត្តម និងថ្លៃថ្លា ដូច្នេះៗ ១ ។
ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើងព្រោះបច្ច័យណា បច្ច័យនោះ ឈ្មោះថា ជាទីកើតឡើងនៃតណ្ហា មាន ៤ យ៉ាងប៉ុណ្ណេះ ។
តណ្ហាទុតិយោ បុរិសោ ទីឃមទ្ធានសំសរំ
ឥត្ថភាវញ្ញថាភាវំ សំសារំ នាតិវត្តតិ ។
ឯតមាទីនវំ ញត្វា តណ្ហំ ទុក្ខស្ស សម្ភវំ
វីតតណ្ហោ អនាទានោ សតោ ភិក្ខុ បរិព្វជេ ។
បុរសមានតណ្ហាជាគម្រប់ពីរ អន្ទោលទៅ ( ក្នុងសង្សារវដ្ដ ) អស់កាលដ៏វែង រមែងមិនប្រព្រឹត្តកន្លងនូវសង្សារគឺខន្ធ ធាតុ អាយតនៈ ដែលមានក្នុងអត្តភាពនេះ និងខាងមុខ ។ លុះភិក្ខុដឹងច្បាស់នូវតណ្ហានេះថាជាទោស ជាដែនកើតព្រមនៃទុក្ខ ហើយជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្ដីប្រកាន់មាំ មានស្មារតីនៅគ្រប់ឥរិយាបថ ។
អដ្ឋកថាតណ្ហាសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងតណ្ហាសូត្រទី ៩ ដូចតទៅនេះ៖
ឈ្មោះថា ឧប្បាទ ព្រោះជាទីកើតឡើងនៃតណ្ហាទាំងនោះ ។
សួរថា អ្វីកើត?
ឆ្លើយថា តណ្ហា ។ ការកើតឡើងនៃតណ្ហា ឈ្មោះថា តណ្ហុប្បាទ អធិប្បាយថា វត្ថុនៃតណ្ហា ហេតុនៃតណ្ហា ។
បទថា ចីវរហេតុ សេចក្ដីថា តណ្ហារមែងកើតព្រោះមានចីវរជាហេតុ ថា អញនឹងបានចីវរជាទីពេញចិត្ត ពីទីណា? ស័ព្ទថា ឥតិ ក្នុងបទថា ឥតិភវាភវហេតុ នេះ ជានិបាតចុះក្នុងអត្ថនិទស្សនៈ អធិប្បាយថា តណ្ហារមែងកើតឡើង ព្រោះមានតិច និងមានច្រើនជាហេតុ ដូចដែលកើតឡើង ព្រោះមានចីវរជាដើម ជាហេតុ ចំណែកក្នុងបទថា ភវាភវោ នេះ ប្រាថ្នាយកទឹកដោះថ្លា និងទឹកដោះខាប់ជាដើម ដែលប្រណីត និងប្រណីតក្រៃលែង ។ អាចារ្យពួកខ្លះពោលថា ភពដែលប្រណីតក្រៃលែង និងប្រណីតបំផុតក្នុងសម្បត្តិភព ដូច្នេះ ក៏មាន ។
បទថា តណ្ហាទុតិយោ សេចក្ដីថា ក៏សត្វនេះត្រាច់ទៅក្នុងសំសារវដ្ដ ដែលមិនដឹងខាងដើមនិងខាងចុង មិនមែនត្រាច់ទៅតែម្នាក់ឯងប៉ុណ្ណោះ នៅមានតណ្ហាជាគម្រប់ពីរត្រាច់ទៅផង ដោយហេតុនោះ ទើបត្រាស់ថា តណ្ហាទុតិយោ ដូច្នេះ ។ ក្នុងបទថា ឥត្ថភាវញ្ញថាភាវំ នេះ បានដល់ អត្តភាពនេះ ឈ្មោះថា ឥត្ថភាវៈជាយ៉ាងនេះ អត្តភាពក្នុងអនាគត ឈ្មោះថា អញ្ញថាភាវៈជាយ៉ាងដទៃ ម្យ៉ាងទៀត អត្តភាពសូម្បីដទៃដែលជាយ៉ាងនេះ ឈ្មោះថា ឥត្ថភាវៈជាយ៉ាងនេះ ដែលមិនមែនជាយ៉ាងនេះ ឈ្មោះថា អញ្ញថាភាវៈ ជាយ៉ាងដទៃ ។ ដែលជាយ៉ាងនេះ និងយ៉ាងដទៃ ។ បទថា សំសារំ បានដល់ លំដាប់ខន្ធ ធាតុ អាយតនៈ ។ បទថា នាតិវត្តតិ ប្រែថា មិនកន្លងផុត ។ បទថា ឯតមាទីនវំ ញត្វា សេចក្ដីថា ភិក្ខុដឹងទោស ក្នុងខន្ធដែលជាអតីត អនាគត បច្ចុប្បន្នយ៉ាងនេះហើយ ។ បទថា តណ្ហំ ទុក្ខស្ស សម្ភវំ សេចក្ដីថា ដឹងដល់តណ្ហាយ៉ាងនេះថា តណ្ហានេះ ជាហេតុកើត ជាដែនកើត ជាហេតុនៃវដ្ដទុក្ខ ។ ការដែលភិក្ខុនេះ ចម្រើនវិបស្សនាហើយ សម្រេចព្រះអរហត្ត ទ្រង់សម្ដែងដោយហេតុមានប្រមាណប៉ុណ្ណេះ ។ ឥឡូវនេះ កាលទ្រង់លើកសរសើរភិក្ខុខីណាស្រពនោះ ទើបត្រាស់ថា វីតតណ្ហោ ជាដើម ។ បណ្ដាបទទាំងនោះ បទថា អនាទានោ បានដល់ មិនប្រកាន់មាំ ។ បទថា សតោ ភិក្ខុ បរិព្វជេ សេចក្ដីថា ភិក្ខុជាព្រះខីណាស្រពដល់នូវការបរិបូណ៌ដោយសតិសម្បជញ្ញ គប្បីមានសតិសម្បជញ្ញត្រាច់ទៅ ។ ហេតុនោះ ក្នុងសូត្រត្រាស់ដល់វដ្ដៈ ក្នុងគាថា ត្រាស់ទាំងវដ្ដៈ ទាំងវិវដ្ដៈ ( លោកិយ និងលោកុត្តរ ) ដោយប្រការដូច្នេះ ៕