បុគ្គលដែលប្រកបដោយធម៌ ៤ ប្រការ រមែងញ៉ាំងសង្ឃឱ្យរុងរឿង
ម្នាលភិក្ខុទាំងឡាយ បុគ្គលឆ្លៀវឆ្លាស វាងវៃ ក្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រតិបត្តិធម៌ ដ៏សមគួរដល់ឋានៈនៃបុគ្គល ៤ ពួកនេះ រមែងញ៉ាំងសង្ឃឱ្យរុងរឿង ។ បុគ្គល ៤ ពួក តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឆ្លៀវឆ្លាស វាងវៃ ក្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ រមែងញ៉ាំងសង្ឃឱ្យរុងរឿង ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី ។ល។ ម្នាលភិក្ខុទាំងឡាយ ឧបាសក ។ល។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកា ឆ្លៀវឆ្លាស វាងវៃ ក្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ រមែងញ៉ាំងសង្ឃឱ្យរុងរឿង ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឆ្លៀវឆ្លាស វាងវៃ ក្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ ទាំង ៤ ពួកនេះឯង រមែងញ៉ាំងសង្ឃឱ្យរុងរឿង ។
យោ ហោតិ ព្យត្តោ ច វិសារទោ ច
ពហុស្សុតោ ធម្មធរោ ច ហោតិ
ធម្មស្ស ហោតិ អនុធម្មចារី
ស តាទិសោ វុច្ចតិ សង្ឃសោភនោ ។
បុគ្គលណា ឆ្លៀវឆ្លាស ក្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ជាអ្នកប្រព្រឹត្តធម៌ ដ៏សមគួរដល់ធម៌ បុគ្គលប្រាកដដូច្នោះនោះ ឈ្មោះថា ញ៉ាំងសង្ឃឱ្យរុងរឿង ។
ភិក្ខុ ច សីលសម្បន្នោ ភិក្ខុនី ច ពហុស្សុតា
ឧបាសកោ ច យោ សទ្ធោ យា ច សទ្ធា ឧបាសិកា
ឯតេ ខោ សង្ឃំ សោភេន្តិ ឯតេ ហិ សង្ឃសោភនោ ។
គឺភិក្ខុបរិបូណ៌ ដោយសីល ១ ភិក្ខុនីមានសេចក្ដីចេះដឹងច្រើន ១ ឧបាសកមានសទ្ធា ១ ឧបាសិកាមានសទ្ធា ១ បុគ្គលទាំងអម្បាលនេះឯង រមែងញ៉ាំងសង្ឃឱ្យរុងរឿង ព្រោះថា បុគ្គលទាំងនេះ ជាអ្នកធ្វើសង្ឃឱ្យរុងរឿង ។
( បិដកលេខ ៤២ ទំព័រ ១៧-១៩ )
អដ្ឋកថាសង្ឃសោភណសូត្រ
បទថា វិយត្តា បានដល់ បុគ្គលដែលប្រកបដោយបញ្ញាវិយត្ត ( មានបញ្ញាឆ្លៀវឆ្លាស ) ។ បទថា វិនីតា សេចក្ដីថា អ្នកចូលដល់វិន័យដែលលោកណែនាំល្អ ។ បទថា វិសារទា សេចក្ដីថា អ្នកប្រកបដោយសេចក្ដីក្លៀវក្លា គឺញាណសហគតដោយសោមនស្ស ។ បទថា ធម្មធរា គឺ ទ្រទ្រង់ធម៌ដែលបានស្ដាប់មកហើយទុកបាន ។ បទថា ភិក្ខុ ច សីលសម្បន្នោ សេចក្ដីថា ក្នុងគាថាត្រាស់គុណតែម្យ៉ាងៗ ក្នុងបុគ្គលនីមួយៗ ក៏ពិតមែន តែថា គុណធម៌ទាំងពួង ក៏រមែងគួរដល់លោកទាំងអស់នោះ ។