សច្ឆិករណីយធម៌ ធម៌ដែលបុគ្គលត្រូវធ្វើឱ្យជាក់ច្បាស់ មាន ៤ គឺ
១. បុព្វេនិវាសោ សតិយា សច្ឆិករណីយោ បុព្វេនិវាស ( ដែលខ្លួនអាស្រ័យនៅក្នុងកាលមុន ) ត្រូវធ្វើឱ្យជាក់ច្បាស់ដោយសតិ
២. សត្តានំ ចុតូបបាតោ ចក្ខុនា សច្ឆិករណីយោ ចុតូបបាត ( ចុតិ និងបដិសន្ធិ ) របស់សត្វទាំងឡាយ ត្រូវធ្វើឱ្យជាក់ច្បាស់ដោយទិព្វចក្ខុ
៣. អដ្ឋវិមោក្ខោ កាយេន សច្ឆិករណីយោ វិមោក្ខ ៨ ប្រការ ត្រូវធ្វើឱ្យជាក់ច្បាស់ដោយនាមកាយ
៤. អាសវានំ ខយោ បញ្ញាយ សច្ឆិករណីយោ ធម៌ជាគ្រឿងអស់ទៅនៃអាសវៈទាំងឡាយ ត្រូវធ្វើឱ្យជាក់ច្បាស់ដោយអរហត្តផលបញ្ញា
( បិដកលេខ ១៩ ទំព័រ ១៦៦ )
អធិប្បាយ
ពាក្យថា សច្ឆិករណីយធម៌ សេចក្ដីថា គប្បីធ្វើឱ្យជាក់ច្បាស់ ដោយធ្វើឱ្យប្រចក្ស និងដោយការបានចំពោះ ។ ពាក្យថា ចក្ខុនា បានដល់
ទិព្វចក្ខុ ។ ពាក្យថា កាយេន បានដល់ សហជាតនាមកាយ ។ ពាក្យថា បញ្ញាយ បានដល់ ញាណក្នុងអរហត្តផល ៕