អនុត្តរិយៈ គឺធម្មជាតដ៏ប្រសើរ ឬធម្មជាតប្រសើរបំផុត នេះ មាន ៦ យ៉ាង គឺ៖
១. ទស្សនានុត្តរិយំ ទស្សនានុត្តរិយៈ ប្រសើរបំផុតដោយការឃើញ
២. សវនានុត្តរិយំ សវនានុត្តរិយៈ ប្រសើរបំផុតដោយការស្ដាប់
៣. លាភានុត្តរិយំ លាភានុត្តរិយៈ ប្រសើរបំផុតដោយការបាន
៤. សិក្ខានុត្តរិយំ សិក្ខានុត្តរិយៈ ប្រសើរបំផុតដោយការសិក្សា
៥. បារិចរិយានុត្តរិយំ បារិចរិយានុត្តរិយៈ ប្រសើរបំផុតខាងការបម្រើ
៦. អនុស្សតានុត្តរិយំ អនុស្សតានុត្តរិយៈ ប្រសើរបំផុតដោយការរលឹករឿយៗ
( អនុត្តរិយសូត្រ បិដកលេខ ៤៦ ទំព័រ ១០ និងសង្គីតិសូត្រ បិដកលេខ ១៩ ទំព័រ ២០៧ )
គប្បីជ្រាបសេចក្ដីអធិប្បាយក្នុងអនុត្តរិយៈទាំងនេះ ដូចតទៅនេះ៖បទថា អនុត្តរិយានិ សេចក្ដីថា ( ការឃើញជាដើម ) ដែលវៀរចាកវត្ថុដទៃក្រៃលែងជាង ឈ្មោះថា អនុត្តរិយ ។ បទថា ទស្សនានុត្តរិយំ សេចក្ដីថា ( ការឃើញព្រះពុទ្ធជាដើម ) ជាការឃើញដ៏ប្រសើរ ក្នុងការឃើញរូបទាំងឡាយក្នុងបទទាំងពួង ក៏មានន័យដូចគ្នា ។ អធិប្បាយថា ការឃើញដំរីកែវជាដើម មិនឈ្មោះថា ជាទស្សនានុត្តរិយៈ ចំណែកការឃើញព្រះទសពលក្ដី ព្រះភិក្ខុសង្ឃក្ដី ដោយអំណាចសេចក្ដីស្រឡាញ់ដ៏មាំ ការឃើញនិមិត្តណានីមួយ មានកសិណ និងអសុភនិមិត្តជាដើមក្ដី របស់អ្នកមានសទ្ធាតាំងមាំហើយ ឈ្មោះថា ទស្សនានុត្តរិយៈ ។
ការស្ដាប់គុណកថារបស់ក្សត្រជាដើម មិនឈ្មោះថា ជាសវនានុត្តរិយៈ ចំណែកការស្ដាប់គុណកថារបស់ព្រះរតនត្រ័យ ដោយអំណាចនៃសេចក្ដីស្រឡាញ់ដ៏មាំក្ដី ការស្ដាប់ព្រះពុទ្ធវចនៈ គឺព្រះត្រៃបិដកក្ដី របស់អ្នកមានសទ្ធាតាំងមាំហើយ ឈ្មោះថា សវនានុត្តរិយៈ ។
ការបានកែវមណីជាដើម មិនមែនជាលាភានុត្តរិយៈ ចំណែកការបានអរិយទ្រព្យ ៧ ឈ្មោះថា លាភានុត្តរិយៈ ។
ការសិក្សាសិល្បៈទាក់ទងនឹងដំរីជាដើម មិនឈ្មោះថា ជាសិក្ខានុត្តរិយៈ ចំណែកការបំពេញត្រៃសិក្ខា ឈ្មោះថា សិក្ខានុត្តរិយៈ ។
ការបម្រើក្សត្រជាដើម មិនឈ្មោះថា ជាបារិចរិយានុត្តរិយៈ ចំណែកការបម្រើព្រះរតនត្រ័យ ឈ្មោះថា បារិចរិយានុត្តរិយៈ ។
ការរលឹកដល់គុណក្សត្រជាដើម មិនឈ្មោះថា ជាអនុស្សតានុត្តរិយៈ ចំណែកការរលឹកដល់គុណព្រះរតនត្រ័យ ឈ្មោះថា អនុស្សតានុត្តរិយៈ ។
អនុត្តរិយៈទាំង ៦ នេះ ព្រះមានព្រះភាគត្រាស់ទុក ទាំងលោកិយ ទាំងលោកុត្តរ ដោយប្រការដូចពណ៌នាមកនេះ ។