តិស្សោ ទុក្ខតា សេចក្តីលំបាក ៣ យ៉ាង គឺ៖
១. ទុក្ខទុក្ខតា លំបាកព្រោះសេចក្តីទុក្ខ១
២. សង្ខារទុក្ខតា លំបាកព្រោះសង្ខារ២
៣. វិបរិណាមទុក្ខតា លំបាកព្រោះសេចក្តីប្រែប្រួល៣
( បិដកលេខ ១៩ ទំព័រ ១៣៨ )
អធិប្បាយ
ពាក្យថា ទុក្ខទុក្ខតា សំដៅយក ទុក្ខព្រោះជាទុក្ខ ។ ពាក្យនេះជាឈ្មោះរបស់ទុក្ខវេទនា ។ ពាក្យថា សង្ខារទុក្ខតា សំដៅយក ទុក្ខព្រោះភាពជាសង្ខារ ។ ពាក្យនេះជាឈ្មោះរបស់អទុក្ខមសុខវេទនា ។ ភាពជាទុក្ខព្រោះសង្ខារនោះ មានការកើតឡើង និងវិនាសទៅ ត្រូវសេចក្តីរលត់ បែកធ្លាយកៀបសង្កត់ ព្រោះជាសភាវៈដែលត្រូវបច្ច័យតាក់តែង ព្រោះហេតុនោះ លោកទើបពោលភាពជាទុក្ខព្រោះសង្ខារ ដោយវៀរចាកសភាវៈនៃទុក្ខដទៃ ។ ពាក្យថា វិបរិណាមទុក្ខតា សំដៅយក ទុក្ខព្រោះប្រែប្រួល ។ ពាក្យនេះជាឈ្មោះរបស់សុខវេទនា ។ តាមពិត ព្រោះសុខប្រែប្រួលទៅ ទុក្ខទើបកើតឡើង ព្រោះហេតុនោះ លោកទើបហៅសុខថា “ទុក្ខព្រោះប្រែប្រួល” ។ ប្រការមួយទៀត ធម៌ទាំងពួងដែលប្រព្រឹត្តទៅក្នុងភូមិ ៣ វៀរទុក្ខវេទនា និងសុខវេទនា គប្បីជ្រាបថា “ទុក្ខព្រោះសង្ខារ” ដោយព្រះបាលីថា “សង្ខារទាំងពួងជាទុក្ខ” ។