អរិយធន អរិយទ្រព្យមាន ៧ យ៉ាង គឺ៖
១. សទ្ធាធនំ ទ្រព្យគឺសទ្ធា
២. សីលធនំ ទ្រព្យគឺសីល
៣. ហិរិធនំ ទ្រព្យគឺហិរិ
៤. ឱត្តប្បធនំ ទ្រព្យគឺឱត្តប្បៈ
៥. សុតធនំ ទ្រព្យគឺសុតៈ
៦. ចាគធនំ ទ្រព្យគឺចាគៈ
៧. បញ្ញាធនំ ទ្រព្យគឺបញ្ញា
( បិដកលេខ ១៩ ទំព័រ ២១០ )
សទ្ធាធនំ សីលធនំ ហិរី ឱត្តប្បិយំ ធនំ
សុតធនញ្ច ចាគោ ច បញ្ញា វេ សត្តមំ ធនំ ។
យស្ស ឯតា ធនា អត្ថិ ឥត្ថិយា បុរិសស្ស វា
អទឡិទ្ទោតិ តំ អាហុ អមោឃំ តស្ស ជីវិតំ ។
តស្មា សទ្ធញ្ច សីលញ្ច បសាទំ ធម្មទស្សនំ
អនុយុញ្ជេថ មេធាវី សរំ ពុទ្ធាន សាសនំ ។
ទ្រព្យគឺសទ្ធា ទ្រព្យគឺសីល ទ្រព្យគឺហិរិ ទ្រព្យគឺឱត្តប្បៈ ទ្រព្យគឺសុតៈ ទ្រព្យគឺចាគៈ ទ្រព្យគឺបញ្ញា ជាគម្រប់ ៧ ។ បុគ្គលណា ទោះស្ត្រីក្ដី បុរសក្ដី មានទ្រព្យទាំងនេះ អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះថាជាអ្នកមិនទ័លក្រឡើយ ការរស់នៅរបស់បុគ្គលនោះ មិនសោះសូន្យឡើយ ។ ហេតុនោះ អ្នកប្រាជ្ញ កាលរលឹកនូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គប្បីប្រកបរឿយៗ នូវសទ្ធា សីល សេចក្ដីជ្រះថ្លា និងការឃើញនូវធម៌ ។
( បិដកលេខ ៤៧ ទំព័រ ៧ )
បណ្ដាបទទាំងនោះ ទ្រព្យគឺសទ្ធា ឈ្មោះថា សទ្ធាធនំ ដោយអត្ថថា បានចំពោះនូវសម្បត្តិ ។ ក្នុងបទទាំងពួង ក៏មានន័យដូចគ្នា ។ ក៏បណ្ដាអរិយទ្រព្យទាំងនេះ ទ្រព្យគឺបញ្ញាប្រសើរជាងទ្រព្យទាំងពួង ។ ព្រោះថា សត្វទាំងឡាយតាំងនៅក្នុងបញ្ញាហើយ បំពេញសុចរិត ៣ សីល ៥ សីល ១០ ឱ្យបរិបូណ៌ រមែងចូលដល់សួគ៌ គឺ រមែងចាក់ធ្លុះ នូវសាវកបារមីញាណ បច្ចេកពោធិញ្ញាណ និងសព្វញ្ញុតញ្ញាណបាន ។ បញ្ញា លោកហៅថា ទ្រព្យគឺបញ្ញា ព្រោះជាហេតុនៃការបានចំពោះនូវសម្បត្តិទាំងអស់នេះ ។ ក៏អរិយទ្រព្យទាំង ៧ ប្រការនេះ លោកពោលលាយគ្នាទាំងលោកិយ ទាំងលោកុត្តរដោយប្រការដូច្នេះ ។
0 មតិ:
Post a Comment