បុគ្គលមាន ៤ ពួកដទៃទៀត គឺ
១. តមោ តមបរាយនោ បុគ្គលងងឹត មានងងឹតប្រព្រឹត្តទៅខាងមុខទៀត
២. តមោ ជោតិបរាយនោ បុគ្គលងងឹត តែមានពន្លឺប្រព្រឹត្តទៅខាងមុខ
៣. ជោតិ តមបរាយនោ បុគ្គលមានពន្លឺ តែមានងងឹតប្រព្រឹត្តទៅខាងមុខ
៤. ជោតិ ជោតិបរាយនោ បុគ្គលមានពន្លឺ មានពន្លឺប្រព្រឹត្តទៅខាងមុខទៀត
( បិដកលេខ ១៩ ទំព័រ ១៧២ )
អធិប្បាយ
ពាក្យថា តមោ បានដល់ បុគ្គលដែលងងឹតស្លុប ។ ពាក្យថា តមបរាយនោ សេចក្ដីថា បុគ្គលដែលឈ្មោះថា មានងងឹតប្រព្រឹត្តទៅខាងមុខ ព្រោះអត្ថថា មានងងឹតនោះឯងជាទីប្រព្រឹត្តទៅ គឺទៅខាងមុខ ក្នុងគ្រប់ ៗ បទ គប្បីជ្រាបសេចក្ដីដូចគ្នានេះ ។ ក៏ក្នុងបុគ្គលទាំង ៤ ពួកនេះ បុគ្គលពួកទី ១ កើតក្នុងអត្តភាពដ៏ថោកទាប មានការរស់នៅយ៉ាងត្រដាបត្រដួស មានត្រកូលចណ្ឌាល ជាដើម ដែលជាត្រកូលទាប នៅប្រព្រឹត្តទុច្ចរិត ៣ ទៀត ។ ពួកទី ២ កើតមកក្នុងត្រកូលដូចគ្នា តែបំពេញសុចរិត ៣ ឱ្យបរិបូណ៌ ។ ពួកទី ៣ កើតក្នុងអត្តភាពដ៏បរិបូណ៌ មានបាយ និងទឹកច្រើន ដូចជា ត្រកូលក្សត្រ ជាដើម ដែលជាត្រកូលខ្ពង់ខ្ពស់ តែត្រឡប់ជាប្រព្រឹត្តទុច្ចរិត ៣ ឱ្យបរិបូណ៌ ។ ពួកទី ៤ ក៏កើតមកយ៉ាងនោះដូចគ្នា តែបំពេញសុចរិត ៣ ឱ្យបរិបូណ៌ ៕