Search

Loading

Content

21 February 2012

ជីវិត​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ

   ជីវិត​មនុស្ស​ មាន​ការ​ទាក់​ទង​នឹង​សម្បត្តិ​ទ្រព្យ​ជាប់​ជា​និច្ច​ ជា​ពិសេស​អ្នក​គ្រប់​គ្រង​ផ្ទះ​ ដូច្នេះ​ ទើប​ត្រូវ​សិក្សា​គោល​ធម៌​ក្នុង​ព្រះ​ពុទ្ធសាសនា​ ដើម្បី​ឲ្យ​ចេះ​ស្វែក​រក​ ចេះ​ចាយ​ ចេះ​ប្រើ​ប្រាស់​ និង​ចេះ​ចាត់​ចែង​ គឺ​ជា​អ្នក​ជំនាញ​ខាង​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ​ និង​ជំនាញ​ខាង​ការ​ប្រើ​ប្រាស់​ ចាត់​ចែង​ឲ្យ​ទ្រព្យ​សម្បត្តិ​ប្រព្រឹត្ត​ទៅ​ជា​ប្រយោជន៍​ មាន​គោលធម៌​បដិបត្តិ​ដូច​តទៅ​ ៖

   ក.​ ការ​ស្វែង​រក​និង​ការ​រក្សា​ទ្រព្យ​ ត្រូវ​បដិបត្តិ​តាម​គោលធម៌​ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ មាន​ ៤​ យ៉ាង​គឺ៖

១. ឧដ្ឋានសម្បទា​ ដល់​ព្រម​ដោយ​ការ​ប្រឹង​ប្រែង​ព្យាយាម​ គឺ​ការ​ក្រោក​ឈរ​ដោយ​ស្មារតី​តស៊ូ​ មិន​ខ្លាច​ការ​ហត់​នឿយ​ក្នុង​មុខ​របរ​ស្វែង​រក​ទ្រព្យ​ ដែល​ជា​មុខ​របរ​សុចរិត​ ( មុខ​របរ​សុចរិត​ ជា​មុខ​របរ​ថ្លៃ​ថ្នូរ )​ ហ្វឹក​ហាត់​ឲ្យ​មាន​ការ​ជំនាញ​ក្នុងវិជ្ជាជីវៈ​ និង​ចេះ​ចាត់​ចែង​ការ​ងារ​ឲ្យ​ស្រប​តាម​កាលៈ​ទេសៈ​បច្ចុប្បន្ន ។

   ២. អារក្ខសម្បទា​ ដល់​ព្រម​ដោយ​ការ​រក្សា​ គឺ​ចេះ​គ្រប់​គ្រង​ថែ​ទាំ​សន្សំ​សំចៃ​ មិន​ខ្ជះ​ខ្ជាយ​នូវ​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​ខំ​ប្រឹង​ប្រែង​ប្រមូល​មក​ដោយ​ការងារ​សុចរិត​ មិន​ឲ្យ​រាត់​រាយ​បាត់​បង់​ ព្រោះ​ហេតុ​មិន​រក្សា​នោះ​ឡើយ ។

   ៣. កល្យាណមិត្តតា​ គប់​រក​មនុស្ស​ល្អ​ជា​មិត្ត​ គឺ​ចេះ​សេព​គប់​មនុស្ស​ មិន​គប់​មិន​ប្រព្រឹត្ត​តាម​ចំពោះ​បុគ្គល​ណា​ដែល​ដើរ​ក្នុង​ផ្លូវ​នៃ​អបាយមុខ​ ជ្រើស​រក​មនុស្ស​ណា​ដែល​ចេះ​ដឹង​ ទ្រទ្រង់​នូវ​គុណធម៌​ ជា​បុគ្គល​គួរ​គោរព​រាប់​អាន​ ជា​អ្នក​ណែ​នាំ​ក្នុង​ផ្លូវ​ល្អ​ ផ្លូវ​ចម្រើន​មក​ជា​មិត្ត​ ដើម្បី​ចម្រើន​ក្នុង​ការ​ងារ​ទាំង​ពួង ។

    ៤. សមជីវិតា​ ចិញ្ចឹម​ជីវិត​មាន​តុល្យភាព​ គឺ​ចេះ​កំណត់​ដឹង​នូវ​ចំណូល​ និង​ចំណាយ​ រស់​នៅ​ឲ្យ​ល្មម​នឹង​ទ្រព្យ​ដែល​ជា​ចំណូល​ មិន​ចេះ​តែ​ចង់​ហ៊ឺ​ហា​ ហើយ​ទូលាយ​ដោយ​ការ​ចាយ​វាយ​នោះ​ឡើយ​ ប៉ុន្តែ​ក៏​មិន​ត្រូវ​កំណាញ់​ដែរ។

( គោល​ធម៌​ស្រង់​ចាក​ ទីឃជាណុសូត្រ​ អង្គុត្តរនិកាយ​ អដ្ឋកនិបាត )

  ខ.​ ការ​បែង​ចែក​ទ្រព្យ​ កាល​ស្វែង​រក​ទ្រព្យ​បាន​មក​ហើយ​ គប្បី​ចេះ​បែង​ចែក​ទ្រព្យ​នោះ​ជា​ ៤​ ចំណែក​ ហៅ​ថា​ ភោគវិភាគ​ គឺ៖

    -ឯកេន​ ភោគេ​ ភុញ្ជេយ្យ​ បរិភោគ​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង​ ចិញ្ចឹម​ជីវិត​អ្នក​ដទៃ​ដែល​គួរ​ចិញ្ចឹម​ និង​ប្រើ​ប្រាស់​ជា​ប្រយោជន៍​ផ្សេងៗ​ ទៀត​តាម​សម​គួរ​ មួយ​ចំណែក ។

   -ទ្វីហិ​ កម្មំ​ បយោជយេ​ ប្រើ​ជា​ដើម​ទុន​ប្រកប​មុខ​របរ​ ពីរ​ចំណែក ។

   -ចតុត្ថស្ស​ និធាបេយ្យ​ អាបទាសុ​ ភវិស្សតីតិ​ តម្កល់​ទុក​​នូវ​ចំណែក​ទី​ ៤​ ដោយ​ក្រែង​មាន​អន្តរាយ​ទាំង​ឡាយ​ឯណា​នី​មួយ​ នឹង​មាន​ទ្រព្យ​នៅ​សល់​មួយ​ចំណែក​ដែរ ។

( ស្រង់​ចាក​ សិង្គាលកសូត្រ )

   គ. ការ​បរិភោគ​ប្រើ​ប្រាស់​ចាយ​វាយ​នូវ​ទ្រព្យ​ គប្បី​រំពឹង​គិត​ឲ្យ​បាន​យល់​ច្បាស់​ថា​ ការ​ដែល​បាន​ស្វែង​រក​ និង​គ្រប់​គ្រង​រក្សា​នូវ​ទ្រព្យ​ ក៏​ដើម្បី​នឹង​ប្រើ​ប្រាស់​ឲ្យ​បាន​ជា​ប្រយោជន៍​ដល់​ខ្លួន​ឯង​និង​អ្នក​ដទៃ​ បើ​មិន​បាន​ប្រើ​ប្រាស់​ឲ្យ​កើត​ជា​គុណ​ប្រយោជន៍​ហើយ​ ការ​ស្វែង​រក​ និង​ការ​មាន​បាន​នូវ​សម្បត្តិទ្រព្យ​ ក៏​រមែង​ប្រាស​ចាក​នូវ​គុណតម្លៃ​ គ្មាន​ន័យ​ខ្លឹម​សារ​អ្វី​ឡើយ​ ដូច្នេះ​ ការ​ស្វែង​រក​នូវ​ទ្រព្យសម្បត្តិ​មាន​បាន​ច្រើន​ហើយ​​ គប្បី​បដិបត្តិ​ចំពោះ​ទ្រព្យ​មួយ​ចំណែក​ក្នុង​ចំណុច​ “”​ គឺ​ ឯកេន​ ភោគេ​ ភុញ្ជេយ្យ​ ឲ្យ​ទៅ​ជា​​ ចំណែក​តាម​ព្រះ​ពុទ្ធដីកា​​ ដូច​ត​ទៅ៖

   អរិយសាវ័ក​ក្នុង​ធម្មវិន័យ​នេះ​ មាន​នូវ​ភោគៈ​ទាំង​ឡាយ​ ដែល​ខ្លួន​បាន​មក​ដោយ​សេចក្តី​ខ្នះ​ខ្នែង​ ព្យាយាម​ដែល​ខ្លួន​សន្សំ​ដោយ​កម្លាំង​ដៃ​ មាន​ញើស​ហូរ​ចេញ​ ប្រកប​ដោយ​ធម៌​ហើយ​ រមែង​ប្រើ​ប្រាស់​ដូច​នេះ៖

  ១.​ ញ៉ាំង​ខ្លួន​ឲ្យ​សុខ​ ឲ្យ​ឆ្អែត​ រក្សា​សេចក្តី​សុខ​ដោយ​ប្រពៃ​ ញ៉ាំង​មាតា​បិតា​ ឲ្យ​សុខ​ ឲ្យ​ឆ្អែត​ រក្សា​សេចក្តី​សុខ​ដោយ​ប្រពៃ​ ញ៉ាំង​បុត្រ​ ភរិយា​ ទាសកម្មករ​ និង​មនុស្ស​ទាំង​ឡាយ​ទៀត​ ឲ្យ​សុខ​ ឲ្យ​ឆ្អែត​ រក្សា​សេចក្តី​សុខ​ដោយ​ប្រពៃ ។

  ២. ញ៉ាំង​មិត្ត​អាមាត្យ​ ឲ្យ​សុខ​ ឲ្យ​ឆ្អែត​ រក្សា​សេចក្តី​សុខ​ ដោយ​ប្រពៃ ។

  ៣.​ ប្រើ​ប្រាស់​ការ​ពារ​នូវ​សេចក្តី​អន្តរាយ​ ដែល​កើត​អំពី​ភ្លើង​ អំពី​ទឹក​ អំពី​ចោរ​ជា​ដើម​ ហើយ​ធ្វើ​ខ្លួន​ឲ្យ​ដល់​នូវ​សួស្តី​ ព្រោះ​ភោគៈ​ទាំង​ឡាយ​នោះ ។

  ៤.​ ជា​អ្នក​ធ្វើ​នូវ​ពលី​ ៥​ ប្រការ​ គឺ៖

    ១-​ ញាតិពលី សង្គ្រោះ​ញាតិ ។

     ២-​ អតិថិពលី​ ទទួល​ភ្ញៀវ ។

     ៣-​ បុព្វបេតពលី​ ធ្វើ​ទាន​ ឧទ្ទិស​កុសល​ឲ្យ​ដល់​អ្នក​ចែក​ឋាន​ទៅ​ហើយ ។

     ៤- រាជពលី​ ជួយ​ប្រទេស​ជាតិ​ ទំនុក​បម្រុង​រាជការ​ដោយ​ការ​បង់​ពន្ធ​ជា​ដើម ។

     ៥-​ ទេវតាពលី ធ្វើ​បុណ្យ​ឧទ្ទិស​ឲ្យ​ដល់​ទេវតា​ ( ទេវតា​​ ក៏​ត្រូវ​ការ​អនុមោទនា​នូវ​បុណ្យ​ដែរ ) ។

  ៥.​ តម្កល់​នូវ​ទក្ខិណាទាន​ដ៏​ខ្ពង់​ខ្ពស់​​ ជា​ធម្មជាតិ​អំណោយ​ផល​ដ៏​ល្អ​ មាន​វិបាក​ជា​សុខ​ ប្រព្រឹត្ត​ទៅ​ដើម្បី​ស្ថាន​សួគ៌​ដល់​សមណព្រាហ្មណ៍​ដែល​ប្រាស​ចាក​សេចក្តី​ប្រមាទ​ មិន​ជា​បុគ្គល​ស្រវឹង​ តាំង​នៅ​ក្នុង​ខន្តិសោរច្ចៈ​ ជា​អ្នក​អប់​រំ​ទូន្មាន​ខ្លួន ។

   ***កាល​ណា​បើ​ប្រើ​ប្រាស់​នូវ​ទ្រព្យ​សម្បត្តិ​ សម្រេច​បាន​ជា​ប្រយោជន៍​យ៉ាង​នេះ​ហើយ​ ទ្រព្យ​សម្បត្តិ​អស់​ទៅ​ក៏​សប្បាយ​ចិត្ត​ ឈ្មោះ​ថា​អស់​ដោយ​ល្អ​ ព្រោះ​បាន​គិត​ឃើញ​ថា​ អាត្មា​អញ​បាន​ប្រើ​ប្រាស់​ភោគៈ​នោះ​ឲ្យ​ជា​ប្រយោជន៍​ត្រឹម​ត្រូវ​តាម​ហេតុ​ផល បើ​ទ្រព្យ​សម្បត្តិ​មាន​ការ​ចម្រើន​ ក៏​សប្បាយ​ចិត្ត​ ព្រោះ​បាន​មក​ដោយ​ការងារ​សុចរិត​ ពោល​គឺ​ មិន​មាន​សេចក្តី​ក្តៅ​ក្រហាយ​ចិត្ត​ ទាំង​ត្រូវ​អស់​ ទាំង​ត្រូវ​បាន ។

( ស្រង់​ចាក​ អាទិយសូត្រ​ មុណ្ឌរាជវគ្គ​ អង្គុត្តរនិកាយ​ បញ្ចកនិបាត )

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ