ភោគ ឬទ្រព្យត្រូវបានគេស្គាល់ជាទូទៅ ហើយដើម្បីបាននូវទ្រព្យ គេត្រូវព្យាយាម ស្វះស្វែងរកដោយកម្លាំងកាយ និងចិត្ត ទាំងយប់និងទាំងថ្ងៃ ។ ព្រោះហេតុដូចម្ដេច? ព្រោះតែគុណតម្លៃ និងគុណសម្បត្តិរបស់វា ។ ព្រោះតែគុណតម្លៃ និងគុណសម្បត្តិរបស់វានេះឯង អាចជាអាវុធមុខពីរដែល មនុស្សយើងគួរតែពិចារណា ព្រោះវាអាចនឹងផ្ដល់ ទាំងគុណសម្បត្តិ និងគុណវិបត្តិ ។
គុណវិបត្តិ
ដើម្បីបាននូវទ្រព្យសម្បត្ដិ ឬមាសប្រាក់ ឧបករណ៍ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ គេត្រូវធ្វើការនឿយហត់ទាំងយប់ថ្ងៃដោយច្រើនអន្លើ តែពេលដែលបានមកហើយ បែរជាមិនស្គាល់តម្លៃរបស់វា ។ គេចាយប្រើប្រាស់ខុសវិធី គោលបំណង ឬមិនស្គាល់ប្រមាណក្នុងការចាយប្រើប្រាស់រហូតក្លាយជាបរិភោគនិយមដ៏ជំនាញ ក្នុងយុគលោកាភិវឌ្ឍន៍នេះ ជួនកាល ក្លាយជាអ្នកស្រវឹងផង ជាអ្នកប្រមាទផង ដល់នូវសេចក្ដីប្រាថ្នាក្នុងកាមផង ហើយក៏ប្រព្រឹត្តមិនគប្បីចំពោះមនុស្សសត្វផងដែរ ។ មួយចំនួនបានទ្រព្យមកហើយ យកទៅប្រើប្រាស់ក្នុងអំពើអបាយមុខទាំងឡាយ មិនតែប៉ុណ្ណោះសោត ភ្លេចតួនាទីរបស់ខ្លួន ជាអ្នកទទួលការខុសត្រូវគ្រួសារទាំងមូល ។ សាងអំពើមិនជាទីស្រឡាញ់ដល់ខ្លួនផង និងសង្គមផង ។ ទង្វើបែបនេះ ហៅថា គុណវិបត្តិនៃការប្រើប្រាស់ទ្រព្យសម្បត្តិ ដែលមនុស្សភាគច្រើននិយមធ្វើ ។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់សំដែងថា “អ្នកដែលជាប់ជំពាក់ក្នុងការបរិភោគមានចំនួនច្រើនក្នុងលោកនេះ” ។
“មានទ្រព្យមិនស្គាល់តម្លៃ គង់មានថ្ងៃទុក្ខមកនៅ
បរិភោគច្រើនពេកទៅ ទុក្ខមកនៅមិនរសាយ ។
គុណសម្បត្តិ
ទ្រព្យសម្បត្តិដែលរកបានមក ត្រូវចេះ និងស្គាល់វិធីប្រើប្រាស់ដើម្បីជាប្រយោជន៍ដល់ខ្លួន និងសង្គមផង ទើបនៅជាសុខ ។
វិធីប្រើប្រាស់ទ្រព្យសម្បត្ដិ
១. ចិញ្ចឹមខ្លួន និងមាតាបិតា បុត្តភរិយា ញាតិមិត្តឲ្យជាសុខ
២. ចិញ្ចឹមមិត្តសម្លាញ់ឲ្យជាសុខ
៣. បំបាត់អន្ដរាយដែលកើតអំពីហេតុផ្សេងៗ
៤. និងធ្វើការពលី ៥ យ៉ាង គឺចេះសង្គ្រោះញាតិ, ទទួលរាក់ទាក់ភ្ញៀវ, ធ្វើបុណ្យឧទ្ទិសដល់អ្នកដែលចែកឋានទៅហើយ, បង់ពន្ឋដារឲ្យរដ្ឋ, ផ្សព្វផ្សាយមេត្តាចិត្តដល់ពួកទេវតា និងជួយសង្គ្រោះដល់អ្នកក្រខ្សត់ ព្រមដោយធ្វើបុណ្យ ឲ្យទានតាមជំនឿសាសនាដែលខ្លួនគោរពរាប់អាន និងបដិបត្តិតាម ។ក្រៅពីនេះទៀត វៀរចាកការនាំយកទ្រព្យសម្បត្តិយកទៅប្រព្រឹត្ដអំពើអបាយមុខទាំងឡាយណា ដែលជាហេតុនាំមកនូវសេចក្ដីវិនាស ។ ទន្ទឹមនឹងនេះ ក៏មានវិធីប្រើប្រាស់ផ្សេងទៀត ដូចជា
១. មួយចំណែកដើម្បីចិញ្ចឹមបីបាច់ថែរក្សាគ្រួសារ ទំនុកបម្រុងមាតាបិតា ពពួកញាតិឲ្យនៅជាសុខ
២. ពីរចំណែកដើម្បីយកមកធ្វើវិនិយោគទុន ឬដើម្បីជាដើមទុនក្នុងការប្រកបការងាររកស៊ី
៣. មួយចំណែកបម្រុង ឬសន្សំសំចៃដើម្បីការពារហេតុនឹងកើតមានឡើងដល់សុខភាព ឬសន្សំសំចៃដើម្បីប្រើប្រាស់ក្នុងថ្ងៃតទៅខាងមុខ
៤. ចំណែកចុងក្រោយ គឺដើម្បីជាដើមទុន ឬជាស្បៀងតទៅជាតិខាងមុខ គឺសាងកុសលល្អដោយបរិច្ចាគទ្រព្យសម្បត្ដិដែលខ្លួនរកបានតាមផ្លូវសុចរិត ។
“បុគ្គលណាមួយដែលមានទ្រព្យសម្បត្តិហើយមិនស្រវឹងផង មិនប្រមាទផង មិនគ្របដណ្ដប់ដោយសេចក្ដីប្រាថ្នាក្នុងកាមផង មិនប្រព្រឹត្តអំពើអបាយមុខផង បុគ្គលប្រភេទនេះ ព្រះសម្មាសម្ពុទ្ធត្រាស់សំដែងថា មានចំនួនតិចណាស់ក្នុងលោកនេះ ។
ពួកសត្វ មានសេចក្ដីត្រេកអរខ្លាំង ក្នុងកាមនិងភោគៈទាំងឡាយ ប្រាថ្នាជ្រុលជ្រប់ក្នុងកាមទាំងឡាយ មិនដឹងនូវទោសដែលប្រព្រឹត្តល្មើស ដូចជាពួកម្រឹគមិនដឹងនូវអន្ទាក់ ដែលគេដាក់ ពួកសត្វនោះរមែងមានសេចក្ដីក្ដៅក្រហាយ ក្នុងកាលជាខាងក្រោយ ព្រោះថា ផលនៃកម្មនោះជាផលលាមក” ។
“សារត្ដា កាមភោគេសុ គិទ្ធា កាមេសុ មិច្ឆិតា
អតិសារំ ន ពុជ្ឈន្ដិ មិគា កូជំវ ឱឌ្ឌិតំ
បច្ឆាសំ កដុកំ ហោតិ វិបាកោ ហិស្ស បាបកោតិ” ។
( ស.សំ. ស.អប្បសូត្រទី ៦.ទំព័រ ២១២ )
មានទ្រព្យ ស្គាល់ទ្រព្យគាប់ប្រពៃ
បែងចែក ចាយវាយស្គាល់ហេតុផល
ការពារមុខក្រោយ កោយយកផល
ទោសមិនកើតដល់ព្រោះស្គាល់ទ្រព្យ ។
ដកស្រង់ពី សាសនា និងអក្សរសិល្ប៍ខ្មែរ