Search

Loading

Content

21 February 2012

ទិដ្ឋធម្មិកធម៌ ធម៌​ដែល​នាំ​ឲ្យ​កើត​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ៤​ ​យ៉ាង

ទិដ្ឋធម្មិកធម៌ គឺហេតុឲ្យកើតផលប្រយោជន៍ក្នុងពិភពលោកនេះ​ មាន ៤ គឺ៖

១. ការប្រឹងប្រែងធ្វើការងារ មិនខ្ជិលច្រអូសជានិច្ច ឈ្មោះថា ឧដ្ឋានសម្បទា

២. ការថែរក្សាដោយយកចិត្តទុកដាក់ជានិច្ច ឈ្មោះថា អារក្ខសម្បទា

៣. ភាពជាអ្នកគប់មិត្តល្អ ឈ្មោះថា កល្យាណមិត្តតា

៤. ភាពនៃការចិញ្ចឹមជីវិតតាមលទ្ធភាព ឈ្មោះថា សមជីវីតា

  ធម៌ទាំងនេះឯង ជាប្រភព និងជាគ្រឹះយ៉ាងមាំ​ សម្រាប់បណ្ដុះបណ្ដាល និង​ ​ទ្រទ្រង់​​នូវ​អង្គការ​ពិភព​លោក អង្គការរដ្ឋ និងអង្គការគ្រួសារមួយៗ​ ឲ្យ​បាន​ប្រកប​ដោយ​វឌ្ឍនធម៌ ចម្រើនរុងរឿង ។ បើ​ខ្វះ​ធម៌ណាមួយ អង្គការនោះៗ​ ត្រូវ​មាន​វិបត្តិ​មិនខាន ។ ក្នុងរដ្ឋមួយៗ​ មានអង្គការ​ជាច្រើន​ ដូចជា សេដ្ឋកិច្ច សង្គមកិច្ច និង​នយោបាយ ជាដើម ។

       ផ្នែកសេដ្ឋកិច្ច ដូចខាងឧស្សាហកម្ម និងពាណិជ្ជកម្ម បើ​អ្នក​កាន់​ការ​ទាំង​ឡាយ​​ ក្នុងពិភព​លោក ខ្វះ​ធម៌ទី​ ១​ គឺ ឧដ្ឋានសម្បទា កម្ជិល​មិន​ប្រឹង​ប្រែង​ចំពោះ​ករណីយកិច្ច រវល់តែប្រចាំគ្នា ច្រណែនគ្នា អំពី​ប្រយោជន៍ផ្ទាល់ខ្លួន មិន​ខំ​រវៃ​ឧស្សាហកម្ម និងពាណិជ្ជកម្មឲ្យដើរទាន់សម័យទេ សេដ្ឋកិច្ច​មិន​ត្រូវ​អមតៈ​បាន​ឡើយ ព្រោះនៅមានការកុហកបោកប្រាស នៅមានអំពើពុករលួយ លួច​ប្លន់​កេងកិប សូក​ស៊ី​សំណូក ច្របូកច្របល់ក្នុងដំណើរជីវិត ត្រូវសិក្សាបង្កើត​ថ្នាក់​ឲ្យ​​ដល់​កម្រិត​សីលសិក្ខា​ បាន​ដល់​ការ​សិក្សា​តាមមគ្គសច្ចវិទ្យា ត្រង់ទី​ ៣ ទី​ ៤ និង​ទី​ ៥ គឺ សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ ជា​ច្រើន​ឆ្នាំ​ទៀត​ដរាបដល់​អប់រំ​ចរិយា​មារយាទឲ្យបានថ្លៃថ្នូរ ស្អាតបរិសុទ្ធ​ ដែលហៅថា អរិយចរិយា

       បើមានឧដ្ឋានសម្បទា​ ហើយខ្វះអារក្ខសម្បទា មានការខ្ជះខ្ជាយ មិន​ត្រួត​ពិនិត្យ​ឲ្យដល់ទីកន្លែង ចេះ​តែប្រចាំ បណ្ដាក់គ្នា ម្នាក់អាងលើម្នាក់ នៅ​តែ​ក្នុង​ការិយាល័យ រំពឹងតែលើក្រដាស លើបញ្ជីនោះ ផល​នៃឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ត្រូវខូចខាត សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។

      បើមានធម៌ទាំងពីរនេះហើយ ប៉ុន្តែខ្វះធម៌ទី​ ៣ គឺកល្យាណមិត្តតា មាន​ការ​ទាក់​ទងជាមួយអ្នក​លក់ អ្នក​ទិញ ជាមនុស្សទុច្ចរិត មានការគៃបន្លំ និង​នាំ​គៃ​បន្លំ​ដោយ​ហេតុណាមួយ ឬ​ក៏​មាន​សហការី​របស់​ខ្លួន​ ជាមនុស្សពុករលួយ ត្រូវ​ជើង​នឹង​អ្នកទិញ ឬអ្នកលក់ ធ្វើឲ្យខូចខាតផលឧស្សាហកម្ម ពាណិជ្ជកម្ម​នោះ សេដ្ឋកិច្ច​ត្រូវធ្លាក់ចុះ ។

      បើមានធម៌ទី​ ១ ទី​ ២ ទី​ ៣ នេះគ្រប់គ្រាន់ហើយ នៅខ្វះធម៌ទី​ ៤​ គឺ សមជីវិតា​ មាន​ការចំណាយ​ច្រើន​ជាងចំណូល ដោយការខ្ជះខ្ជាយ ឬ​ដោយ​ប្រើ​បុគ្គលិក​ច្រើន​ហួសដែលបណ្ដាលមកពីមិនចេះ​ប្រើ គឺអំពើដែលគេធ្វើតែម្នាក់កើត យើង​ធ្វើ​​ ៤ ឬ​ ៥​ នាក់ទើបកើត ហើយមិនល្អទៀត ឬទិញ​របស់​មួយ​មុខៗ​ ចូល​ច្រើន​ហួស​ ដើម្បីបានភាគរយអំពីអ្នកលក់ ឯរបស់ដទៃទៀតគ្មានលុយទិញគ្រប់​គ្រាន់​ ដែល​នាំ​ឲ្យ​រអាក់រអួលដំណើរឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ ។

     កាលបើសេដ្ឋកិច្ចធ្លាក់ចុះ​ ព្រោះខ្លួនខ្វះសមត្ថភាព ឬព្រោះខ្លួនទុច្ចរិតហើយ ខំ​តម្លើងតម្លៃទំនិញ​ដើម្បី​​ទប់ទល់នោះ រឹតតែនាំឲ្យចង្រៃធំដល់សង្គមជាតិ​ អ្នក​ប្រើ​ប្រាស់ថែមទៀត ។

    ទិដ្ឋធម្មិកធម៌នេះ មាន​ន័យ​ធំ​ទូលាយ​គ្រប់​ករណីយកិច្ច​ទាំង​អស់​របស់​អ្នក​ពិភព​លោក ដូច​បាន​នាំ​កូន​ចំណុច​តូចមួយខាងលើនេះជានិទស្សនៈស្រាប់ ។

ដកស្រង់ពី វត្តបិដកត្យារាម ក្នុងស្រុក

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ