ឈានមាន ៤ យ៉ាង គឺ៖
១. ឥធាវុសោ ភិក្ខុ វិវិច្ចេវ កាមេហិ វិវិច្ច អកុសលេហិ ធម្មេហិ សវិតក្កំ សវិចារំ វិវេកជំ បីតិសុខំ បឋមជ្ឈានំ ឧបសម្បជ្ជ វិហរតិ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្ក ប្រកបដោយវិចារ មានបីតិ និងសុខដែលកើតអំពីសេចក្តីស្ងប់ស្ងាត់នោះ
២. វិតក្កវិចារានំ វូបសមា អជ្ឈត្តំ សម្បសាទនំ ចេតសា ឯកោទិភាវំ អវិតក្កំ អវិចារំ សមាធិជំ បីតិសុខំ ទុតិយជ្ឈានំ ឧបសម្បជ្ជ វិហរតិ ភិក្ខុព្រោះស្ងប់ស្ងាត់ចាកវិតក្កវិចារ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺ សទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្ក មិនមានវិចារ មានតែបីតិ និងសុខៈដែលកើតអំពីសមាធិ គឺបឋមជ្ឈាន
៣. បីតិយា ច វិរាគា ឧបេក្ខកោ ច វិហរតិ សតោ ច សម្បជានោ សុខញ្ច កាយេន បដិសំវេទេតិ យន្តំ អរិយា អាចិក្ខន្តិ ឧបេក្ខកោ សតិមា សុខវិហារីតិ តតិយជ្ឈានំ ឧបសម្បជ្ជ វិហរតិ ភិក្ខុព្រោះនឿយណាយចាកបីតិផង ប្រកបដោយឧបេក្ខាផង មានស្មារតីដឹងខ្លួនដោយប្រពៃផង ទទួលនូវសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយតែងសរសើរនូវបុគ្គលដែលបាននូវតតិយជ្ឈាននោះថា បុគ្គលនោះប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាននោះ
៤. សុខស្ស ច បហានា ទុក្ខស្ស ច បហានា បុព្វេ វ សោមនស្ស-ទោមនស្សានំ អត្ថង្គមា អទុក្ខមសុខំ ឧបេក្ខាសតិបារិសុទ្ធឹ ចតុត្ថ-ជ្ឈានំ ឧបសម្បជ្ជ វិហរតិ ភិក្ខុព្រោះលះបង់នូវសុខផង ព្រោះលះបង់នូវទុក្ខផង ព្រោះអស់ទៅនៃសោមនស្ស និងទោមនស្សក្នុងកាលមុន ក៏បានដល់នូវចតុត្ថជ្ឈាន មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានសតិដ៏បរិសុទ្ធដោយឧបេក្ខា
[ ពាក្យថា ឈាន មានអត្ថន័យ ២ ប្រការ គឺ៖
១. សភាវៈចូលទៅសម្លឹងអារម្មណ៍ ( អារម្មណំ ឧបនិជ្ឈាយតីតិ ឈានំ ) ឬ សភាវៈចូលទៅសម្លឹងត្រៃលក្ខណ៍ ( លក្ខណំ ឧបនិជ្ឈាយតីតិ ឈានំ ) ។
២. សភាវៈដុតកម្តៅនូវធម៌ដែលជាបដិបក្ខ ( បច្ចនីកធម្មេ ឈាបេតីតិ ឈានំ ) ។ ]
ពាក្យពោលដ៏ពិស្តារ លោកសម្តែងទុកក្នុងវិសុទ្ធិមគ្គ ។