សមាធិភាវនា [ ការធ្វើសមាធិឲ្យដុះដាលឡើង ] មាន ៤ យ៉ាង គឺ៖
១. អត្ថាវុសោ សមាធិភាវនា ភាវិតា ពហុលីកតា ទិដ្ឋធម្មសុខវិហារាយ សំវត្តតិ ម្នាលអាវុសោទាំងឡាយ មានសមាធិភាវនាដែលបុគ្គលចម្រើន ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនៅជាសុខក្នុងបច្ចុប្បន្ន
២. អត្ថាវុសោ សមាធិភាវនា ភាវិតា ពហុលីកតា ញាណទស្សនប្បដិលាភាយ សំវត្តតិ ម្នាលអាវុសោទាំងឡាយ មានសមាធិភាវនាដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ [ បានដល់មគ្គញ្ញាណ ផលញ្ញាណ សព្វញ្ញុតញ្ញាណ បច្ចវេក្ខណញ្ញាណ និងវិបស្សនាញាណ ]
៣. អត្ថាវុសោ សមាធិភាវនា ភាវិតា ពហុលីកតា សតិសម្បជញ្ញាយ សំវត្តតិ ម្នាលអាវុសោទាំងឡាយ មានសមាធិភាវនាដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីសតិ និងសម្បជញ្ញៈ
៤. អត្ថាវុសោ សមាធិភាវនា ភាវិតា ពហុលីកតា អាសវានំ ខយាយ សំវត្តតិ ម្នាលអាវុសោទាំងឡាយ មានសមាធិភាវនាដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ
ម្នាលអាវុសោទាំងឡាយ ចុះសមាធិភាវនា ដូចម្តេច ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីជាសុខក្នុងបច្ចុប្បន្ន ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងលាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់នូវបឋម-ជ្ឈាន ប្រកបដោយវិតក្ក ប្រកបដោយវិចារ ។ល។ បានដល់នូវចតុត្ថជ្ឈាន ម្នាលអាវុសោទាំងឡាយ នេះជាសមាធិភាវនាដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅដើម្បីនៅជាសុខក្នុងបច្ចុប្បន្ន ។
ម្នាលអាវុសោទាំងឡាយ ចុះសមាធិភាវនាដូចម្តេច ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើទុកក្នុងចិត្តនូវអាលោកសញ្ញា [ សេចក្តីសម្គាល់ក្នុងពន្លឺ ] អធិដ្ឋាននូវទិវាសញ្ញា [ សេចក្តីសម្គាល់ថាថ្ងៃ ] ថា ថ្ងៃយ៉ាងណា យប់យ៉ាងនោះ យប់យ៉ាងណា ថ្ងៃយ៉ាងនោះ មានចិត្តបើកចេញស្រឡះ ឥតមានអ្វីរួបរឹតបិទបាំង ចម្រើនចិត្តដែលប្រកបដោយពន្លឺ ម្នាលអាវុសោទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ ។
ម្នាលអាវុសោទាំងឡាយ ចុះសមាធិភាវនាដូចម្តេច ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីសតិ និងសម្បជញ្ញៈ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ វេទនាកើតឡើងក៏ដឹង តាំងនៅក៏ដឹង អស់ទៅក៏ដឹង សញ្ញាកើតឡើងក៏ដឹង តាំងនៅក៏ដឹង អស់ទៅក៏ដឹង វិតក្កកើតឡើងក៏ដឹង តាំងនៅក៏ដឹង អស់ទៅក៏ដឹង ម្នាលអាវុសោទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីសតិ និងសម្បជញ្ញៈ ។
ម្នាលអាវុសោទាំងឡាយ ចុះសមាធិភាវនាដូចម្តេច ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណារឿយៗ នូវសេចក្តីកើតឡើង និងសូន្យទៅក្នុងឧបាទានក្ខន្ធទាំង ៥ ថា រូបដូច្នេះ ការកើតឡើងនៃរូបដូច្នេះ ការរលត់ទៅនៃរូបដូច្នេះ ។ វេទនាដូច្នេះ ។ សញ្ញាដូច្នេះ ។ សង្ខារដូច្នេះ ។ វិញ្ញាណដូច្នេះ ការកើតឡើងនៃវិញ្ញាណដូច្នេះ ការរលត់ទៅនៃវិញ្ញាណដូច្នេះ ម្នាលអាវុសោទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ ។
( បិដកលេខ ១៩ ទំព័រ ១៤៩-១៥១ )
អធិប្បាយ
ពាក្យថា ទិដ្ឋធម្មសុខវិហារាយ សេចក្តីថា ដើម្បីប្រយោជន៍ដល់ការនៅជាសុខក្នុងអត្តភាពនេះ ។ ផលសមាបត្តិ ឈាន ព្រមទាំងឈានដែលព្រះខីណាស្រពឲ្យកើតឡើងហើយ ក្នុងវេលាតមក លោកពោលទុកក្នុងទីនេះ ។ ពាក្យថា អាលោកសញ្ញំ មនសិករោតិ ( ធ្វើទុកក្នុងចិត្តនូវអាលោកសញ្ញា ) សេចក្តីថា ធ្វើទុកក្នុងចិត្តនូវពន្លឺ មានពន្លឺនៃព្រះអាទិត្យ ព្រះចន្ទ និងកែវមណីជាដើម ទាំងវេលាថ្ងៃ ទាំងវេលាយប់ថា អាលោកោ ( ពន្លឺ ) ដូច្នេះ ។ ពាក្យថា ទិវាសញ្ញំ អធិដ្ឋាតិ ( អធិដ្ឋាននូវទិវាសញ្ញា ) សេចក្តីថា កាលធ្វើទុកក្នុងចិត្តយ៉ាងនេះហើយ ក៏តាំងសញ្ញាទុកថា វេលាថ្ងៃ ដូច្នេះ ។ ពាក្យថា យថា ទិវា តថា រត្តឹ ( ថ្ងៃយ៉ាងណា យប់យ៉ាងនោះ ) សេចក្តីថា ឃើញពន្លឺក្នុងវេលាថ្ងៃយ៉ាងណា ក្នុងវេលាយប់ក៏គប្បីធ្វើទុកក្នុងចិត្តដូចគ្នាយ៉ាងនោះ ។ ពាក្យថា យថា រត្តឹ តថា ទិវា ( យប់យ៉ាងណា ថ្ងៃយ៉ាងនោះ ) សេចក្តីថា ឃើញពន្លឺក្នុងវេលាយប់យ៉ាងណា ក្នុងវេលាថ្ងៃក៏គប្បីធ្វើទុកក្នុងចិត្តយ៉ាងនោះដូចគ្នា ។ ពាក្យថា ឥតិ វិវដេន ចេតសា ( មានចិត្តបើកចេញស្រឡះ ) សេចក្តីថា មានចិត្តដែលបើកហើយយ៉ាងនេះ ។ ពាក្យថា អបរិយោនទ្ធេន ( ឥតមានអ្វីរួបរឹតបិទបាំង ) សេចក្តីថា មិនត្រូវរួបរឹតដោយជុំវិញ ។ ពាក្យថា សប្បភាសំ ( ចម្រើនចិត្តដែលប្រកបដោយពន្លឺ ) សេចក្តីថា ប្រព្រឹត្តទៅជាមួយនឹងពន្លឺ ។ ពាក្យថា ញាណទស្សនប្បដិលាភាយ ( ដើម្បីបាននូវញាណទស្សនៈ ) សេចក្តីថា ដើម្បីប្រយោជន៍ដល់ការបាននូវញាណទស្សនៈ ។ លោកពោលអ្វីទុកដោយពាក្យនេះ ។ លោកពោលដល់ពន្លឺដែលជាគ្រឿងបន្ទោបង់ថីនមិទ្ធៈ ឬពន្លឺក្នុងការបរិកម្ម ។ សូម្បីដោយពាក្យនេះជាការដែលលោកពោលដល់អ្វី? ជាការដែលលោកពោលដល់ទិព្វចក្ខុញាណ របស់ព្រះខីណាស្រព ។ កាលទិព្វចក្ខុញាណនោះ មកហើយក៏ដោយ នៅមិនទាន់មកក៏ដោយ លោកពោលសំដៅដល់សមាបត្តិដែលមានឈានជាបាទនុ៎ះឯង ទើបពោលពាក្យថា សប្បភាសំ ចិត្តំ ភាវេតិ ( ចម្រើនចិត្តដែលប្រកបដោយពន្លឺ ) ។
ពាក្យថា សតិសម្បជញ្ញាយ ( ដើម្បីសតិ និងសម្បជញ្ញៈ ) សេចក្តីថា ដើម្បីប្រយោជន៍ដល់សតិ និងសម្បជញ្ញៈដែលមានសត្វជាទីតាំង ។ ក្នុងពាក្យថា វិទិតា វេទនា ឧប្បជ្ជន្តិ ( វេទនាដែលកើតឡើងក៏ដឹង ) ជាដើម សេចក្តីថា វត្ថុដែលព្រះខីណាស្រពដឹងហើយ អារម្មណ៍ក៏ជាការដឹងហើយ វេទនាទាំងឡាយរមែងកើតឡើងយ៉ាងនេះ រមែងតាំងនៅយ៉ាងនេះ រមែងរលត់ទៅយ៉ាងនេះ ព្រោះដឹងទាំងវត្ថុ ទាំងអារម្មណ៍ ។ មិនចំពោះតែវេទនាតែម្យ៉ាងប៉ុណ្ណោះទេ លោកពោលទុកក្នុងទីនេះ សូម្បីសញ្ញាជាដើមក៏ជាការដែលដឹងច្បាស់ហើយ រមែងកើតឡើង រមែងតាំងនៅ រមែងរលត់ទៅ ។ ម្យ៉ាងទៀត ការកើតឡើងនៃវេទនាក៏ជាការដែលលោកដឹងហើយ ការតាំងនៅក៏ជាការដែលលោកដឹងហើយ ។ ភិក្ខុសូម្បីឃើញលក្ខណៈនៃការកើតឡើងថា ព្រោះអវិជ្ជាកើត វេទនាទើបកើត ព្រោះតណ្ហាកើត ព្រោះកម្មកើត ព្រោះផស្សៈកើត ទើបកើតវេទនា ឈ្មោះថា រមែងឃើញការកើតឡើងនៃវេទនាខន្ធ ។ ការកើតឡើងនៃវេទនា រមែងជាការដែលលោកដឹងហើយយ៉ាងនេះ ។ លោកដឹងនូវការតាំងនៅនៃវេទនាយ៉ាងដូចម្តេច ។ កាលលោកមនសិការដោយភាពជារបស់មិនទៀង ក៏រមែងជាការដែលលោកដឹងដល់ការតាំងនៅដោយការអស់ទៅ ។ កាលមនសិការដោយភាពជាទុក្ខ រមែងជាការដែលលោកដឹងដល់ការតាំងនៅដោយភាពជារបស់គួរខ្លាច ។ កាលមនសិការដោយភាពជាអនត្តា ក៏រមែងដឹងដល់ការតាំងនៅដោយភាពជារបស់សូន្យ ។ ការតាំងនៅនៃវេទនាជាការដែលលោកដឹងហើយយ៉ាងនេះ ។ លោករមែងដឹងដោយភាពជារបស់អស់ទៅ ដោយភាពជារបស់គួរខ្លាច ដោយភាពជារបស់សូន្យ ។ ការតាំងនៅមិនបាននៃវេទនា ជាការដែលលោកដឹងហើយដូចម្តេច? ការតាំងនៅមិនបាននៃវេទនា រមែងមានយ៉ាងនេះគឺ ព្រោះអវិជ្ជារលត់ វេទនាទើបរលត់ ។ល។ ដូច្នេះ ។ ក្នុងពាក្យនេះ បណ្ឌិតគប្បីជ្រាបសេចក្តីតាមន័យដូចគ្នានេះ ។
ពាក្យថា រូបំ ជាដើម មានន័យដូចពោលមកហើយនោះឯង ដោយប្រការដូច្នេះ ។ ពាក្យថា អយំ អាវុសោ សមាធិភាវនា ( ម្នាលអាវុសោទាំងឡាយ នេះជាសមាធិភាវនា ) សេចក្តីថា សមាធិភាវនាដែលមានឈានជាបាទនេះ រមែងមានដល់ញាណជាគ្រឿងដឹងដល់ការអស់ទៅនៃអាសវៈ ។