ឥទ្ធិបាទ [ ធម៌ជាជើងនៃឫទ្ធិ ឬថា ជាទីតាំងនៃឫទ្ធិ ] មាន ៤ យ៉ាង គឺ៖
១. ឥធាវុសោ ភិក្ខុ ឆន្ទសមាធិបធានសង្ខារសមន្នាគតំ ឥទ្ធិបាទំ ភាវេតិ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនឥទ្ធិបាទដែលប្រកបដោយឆន្ទសមាធិ [ សមាធិមានឆន្ទៈជាហេតុ ឬថា សមាធិអាស្រ័យនូវឆន្ទៈ ] និងបធានសង្ខារ
២. វីរិយសមាធិបធានសង្ខារសមន្នាគតំ ឥទ្ធិបាទំ ភាវេតិ ចម្រើនឥទ្ធិបាទដែលប្រកបដោយវីរិយសមាធិ និងបធានសង្ខារ
៣. ចិត្តសមាធិបធានសង្ខារសមន្នាគតំ ឥទ្ធិបាទំ ភាវេតិ ចម្រើនឥទ្ធិបាទដែលប្រកបដោយចិត្តសមាធិ និងបធានសង្ខារ
៤. វីមំសាសមាធិបធានសង្ខារសមន្នាគតំ ឥទ្ធិបាទំ ភាវេតិ ចម្រើនឥទ្ធិបាទដែលប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ
អធិប្បាយ
ក្នុងឥទ្ធិបាទទាំងឡាយ គប្បីជ្រាបអធិប្បាយដូចតទៅនេះ៖
សមាធិដែលអាស្រ័យឆន្ទៈប្រព្រឹត្តទៅ ឈ្មោះថា ឆន្ទសមាធិ ។ សង្ខារទាំងឡាយដែលជាប្រធាន ឈ្មោះថា បធានសង្ខារ ។ ពាក្យថា សមន្នាគតំ សេចក្តីថា ចូលដល់ហើយដោយធម៌ទាំងនេះ ។ បាទនៃឫទ្ធិ ឬផ្លូវដែលជាគ្រឿងដល់នូវសេចក្តីសម្រេច ព្រោះហេតុនោះ ទើបឈ្មោះថា ឥទ្ធិបាទ ( ឥទ្ធិយា បាទំ, ឥទ្ធិភូតំ វា បាទន្តិ ឥទ្ធិបាទំ ) ។ សូម្បីក្នុងឥទ្ធិបាទក្រៅពីនេះ ក៏មានន័យនេះដូចគ្នា ។
នេះជាសេចក្តីសង្ខេបក្នុងទីនេះ, ចំណែកសេចក្តីពិស្តារ មានសម្តែងក្នុងឥទ្ធិបាទវិភង្គ ។