សីលវិសុទ្ធិ សេចក្តីបរិសុទ្ធនៃសីល
ទិដ្ឋិវិសុទ្ធិ សេចក្តីបរិសុទ្ធនៃទិដ្ឋិ
អធិប្បាយ
ពាក្យថា សីលវិសុទ្ធិ គឺសីលដែលអាចនឹងឲ្យដល់សេចក្តីបរិសុទ្ធបាន ។ ចំណែកក្នុងព្រះអភិធម្ម លោកចែកសីលវិសុទ្ធិទុកយ៉ាងនេះថា “តត្ថ កតមា សីលវិសុទ្ធិ? កាយិកោ អវីតិក្កមោ វាចសិកោ អវីតិក្កមោ កាយិកវាចសិកោ អវីតិក្កមោ, អយំ វុច្ចតិ សីលវិសុទ្ធិ បណ្តាធម៌ទាំងនោះ សីលវិសុទ្ធិ តើដូចម្តេច? គឺ ការមិនប្រព្រឹត្តកន្លងល្មើសតាមផ្លូវកាយ ការមិនប្រព្រឹត្តកន្លងល្មើសតាមផ្លូវវាចា ការមិនប្រព្រឹត្តកន្លងល្មើសតាមផ្លូវកាយ និងតាមផ្លូវវាចា នេះហៅថា សីលវិសុទ្ធិ” ។
ពាក្យថា ទិដ្ឋិវិសុទ្ធិ គឺទស្សនៈដែលអាចនឹងឲ្យដល់សេចក្តីបរិសុទ្ធបាន ក្នុងព្រះអភិធម្ម លោកពោលដល់ទិដ្ឋិវិសុទ្ធិទុកយ៉ាងនេះថា “តត្ថ កតមា ទិដ្ឋិវិសុទ្ធិ? កម្មស្សកតញាណំ សច្ចានុលោមិកញាណំ មគ្គសមង្គិស្សញាណំ ផលសមង្គិស្សញាណំ បណ្តាធម៌ទាំងនោះ ទិដ្ឋិវិសុទ្ធិ តើដូចម្តេច? គឺ កម្មស្សកតញ្ញាណ សច្ចានុលោមិកញ្ញាណ មគ្គសមង្គីញាណ ផលសមង្គីញាណ” ។ ក្នុងបណ្តាញាណទាំងឡាយនេះ ការដឹងយ៉ាងនេះថា “ទុច្ចរិត ៣ ដែលខ្លួនក្តី អ្នកដទៃក្តី ធ្វើហើយ មិនឈ្មោះថាជាកម្មរបស់ខ្លួន ព្រោះទម្លាយបង់នូវប្រយោជន៍ សុចរិត ៣ ឈ្មោះថា ជាកម្មរបស់ខ្លួន ព្រោះនាំមកនូវប្រយោជន៍” ដូច្នេះ ឈ្មោះថា កម្មស្សកតញ្ញាណ ។ អ្នកដែលតាំងនៅក្នុងញាណហើយ ខ្វល់ខ្វាយ ( ធ្វើ ) កម្មដែលប្រព្រឹត្តទៅក្នុងវដ្តៈជាច្រើន និងសម្រេចអរហត្តដោយងាយស្រួល មានចំនួនរាប់មិនអស់ ។ ចំណែកវិបស្សនាញាណ លោកហៅថា សច្ចានុលោមិកញ្ញាណ ព្រោះអនុលោមវចីសច្ចៈ និងមិនអនុលោមនឹងបរមត្ថសច្ចៈ ។
( សង្គីតិសុត្តវណ្ណនា )
បទថា កម្មស្សកតញ្ញាណំ ( ការដឹងច្បាស់កម្មជារបស់ខ្លួន ) បានដល់ បញ្ញាជាគ្រឿងដឹងថា នេះជាកម្មរបស់ខ្លួន នេះមិនមែនជាកម្មរបស់ខ្លួន បណ្តាកម្មទាំង ២ នោះ កម្មដែលខ្លួនធ្វើហើយ ឬអ្នកដទៃធ្វើហើយ ចូរលើកទុកសិនចុះ អកុសលកម្មសូម្បីទាំងអស់ មិនមែនជារបស់ខ្លួន តើព្រោះហេតុអ្វី? ព្រោះទម្លាយបង់នូវប្រយោជន៍ និងព្រោះនាំមកនូវវត្ថុដែលគ្មានប្រយោជន៍ ចំណែកកុសលកម្ម ឈ្មោះថា ជាកម្មរបស់ខ្លួន ព្រោះទម្លាយបង់នូវវត្ថុមិនមែនជាប្រយោជន៍ និងព្រោះនាំមកនូវប្រយោជន៍ ក្នុងសេចក្តីនោះ ដូចបុរសមានទ្រព្យ មានភោគៈ ដើរផ្លូវឆ្ងាយ ក្នុងចន្លោះផ្លូវ កាលគេប្រកាសការលេងនក្ខត្តឫក្សក្នុងស្រុក និងនិគមជាដើម ក៏មិនបានគិតថា អញជាអាគន្តុកៈ ( ភ្ញៀវ ) គប្បីអាស្រ័យនរណាហ្ន៎ លេងបុណ្យនក្ខត្តឫក្ស កាលលេងនក្ខត្តឫក្សតាមទំនងដែលខ្លួនត្រូវការ រមែងឆ្លងផ្លូវកន្តារដោយសប្បាយ យ៉ាងណា សត្វទាំងនេះតាំងនៅក្នុងកម្មស្សកតញ្ញាណនេះ ក៏យ៉ាងនោះដូចគ្នា ធ្វើកម្មដែលជាវដ្តគាមិនីច្រើន សោយសេចក្តីសុខដោយសេចក្តីសុខ សម្រេចព្រះអរហត្តហើយហួសគណនា ។
បទថា សច្ចានុលោមិកញ្ញាណំ ( ការដឹងច្បាស់អនុលោមតាមសច្ចៈ ៤ ) បានដល់ វិបស្សនាញាណដែលស្របតាមសច្ចៈ ៤ ។
បទថា មគ្គសមង្គិស្ស ញាណំ ផលសមង្គិស្ស ញាណំ ( ការដឹងច្បាស់របស់បុគ្គលអ្នកព្រមព្រៀងដោយមគ្គ ការដឹងច្បាស់របស់បុគ្គលអ្នកព្រមព្រៀងដោយផល ) បានដល់ មគ្គញាណ និងផលញាណនុ៎ះឯង ។
***និទ្ទេសនៃសីលវិបត្តិ គប្បីជ្រាបដោយន័យផ្ទុយនឹងសោរច្ចនិទ្ទេស និទ្ទេសនៃទិដ្ឋិវិបត្តិ គប្បីជ្រាបដោយន័យផ្ទុយគ្នានឹងទិដ្ឋិសម្បទា និងនិទ្ទេសនៃទិដ្ឋិសម្បទា គប្បីជ្រាបដោយន័យផ្ទុយគ្នានឹងនិទ្ទេសនៃទិដ្ឋិបាទាន ។ និទ្ទេសនៃសីលវិសុទ្ធិ ដូចនឹងនិទ្ទេសនៃសីលសម្បទាក៏ពិតមែន ទោះបីយ៉ាងនោះ ក្នុងនិទ្ទេសនៃសីលសម្បទានោះ ព្រះអង្គត្រាស់បាតិមោក្ខសំវរសីលដែលឲ្យដល់វិសុទ្ធិ ចំណែកក្នុងនិទ្ទេសនៃសីលវិសុទ្ធិនេះ ត្រាស់សីលដែលដល់វិសុទ្ធិ ។